ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាឥស្សរជនឆ្នើមមួយរូបនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នដែលត្រូវបានមហាជនទូទៅស្គាល់ថាជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្តល់សេវាអប់រំឯកជនមួយឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តើឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រវត្តិតស៊ូយ៉ាងដូចម្តេចខ្លះទម្រាំឈានទៅរកភាពជោគជ័យយ៉ាងត្រចះត្រ ចង់ដូចសព្វថ្ងៃ? តើលោកមានសារអ្វីខ្លះដើម្បីចែករំលែកដល់យុវជនយុវតីដែលជាទំពាំងស្នងប្ញស្សីកម្ពុជា?
លោកឧកញ៉ាបានផ្តល់បទសម្ភាសន៍រំព្ញកអំពីជីវប្រវត្តិរបស់លោកថា លោកកើតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៦៩ នៅទីរួមខេត្តបាត់ដំបង។ លោកបានឆ្លងកាត់ការលំបាកជាច្រើនកាលពីកុមារភាពដោយសារនៅពេលឈានចូលវ័យទើបតែ៦ឆ្នាំ ស្រុកទេសត្រូវធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ ដែលធ្វើឲ្យរូបលោកក៏ដូចជាកុមារដទៃទៀតក្លាយជាទាសករនៃពលកម្មតាមទីជនបទ។ នៅពេលរបបខ្មែរក្រហមដួលរលំ លោកនិងក្រុមគ្រួសារបានរត់ភៀសខ្លួនកាត់ព្រៃឆ្លងដែនទៅកាន់ជំរំណងចាន់ ប្រទេសថៃ។ ជាអកុសល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៧៩ ក្រុមគ្រួសារលោក រួមទាំងជនភៀសខ្លួនរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបានទាហានប៉ារ៉ាថៃដឹកយកទៅទម្លាក់ចោលក្នុងជ្រលងជ្រោះនៃជួរភ្នំដងរែកដែលពោរពេញដោយគ្រាប់មីននៅខាងក្រោម។ លោកត្រូវឆ្លងកាត់ភាពអត់ឃ្លាន និង ដើរឆ្លងកាត់សាកសពជនរងគ្រោះដែលស្លាប់ចុះពីភ្នំយ៉ាងប្រផិតប្រផើយទម្រាំបានវិលត្រឡប់មកកាន់ទឹកដីកំណើតក្រុងបាត់ដំបងវិញ។ លោកនិងក្រុមគ្រួសារបានបន្តកសាងជីវភាពយ៉ាងលំបាកតាមរយៈរបរធ្វើនំលក់នៅទីនោះរហូតដល់ឆ្នាំ១៩៨២។ ដោយសារកត្តាអសន្តិសុខ គ្រួសារលោកត្រូវបង្ខំចិត្តភៀសខ្លួនផ្សងព្រេងម្តងទៀតទៅកាន់ជំរំខាវអ៊ីដាង ប្រទេសថៃ ក្នុងគោលបំណងស្វែងរកគោលដៅជីវិតក្នុងប្រទេសទីបី ប៉ុន្តែជីវិតជាជនភៀសខ្លួនខ្មែរនៅទីនោះក៏ជួបប្រទះនូវការយាយីធ្វើទុក្ខបុកម្នេញជាច្រើនលើកច្រើនសាទម្រាំត្រូវបានគេបញ្ជូនចេញទៅប្រទេសហ្វីលីពីនដែលជាឋានសួគ៌នៃការអប់រំ ថែទាំ និង ព្យាបាលសម្រាប់រូបលោក និង ប្រជាជនខ្មែរដទៃទៀតក្រោយហែលឆ្លងនរកនៃជីវិតដែលគ្មាននរណាម្នាក់ប្រាថ្នាចង់ជួប។
ក្រោយមក លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ឺខេលី (University of California, Berkeley) នៅទីក្រុងប៊ឺខេលី សហរដ្ឋអាមេរិក ដែលជាកន្លែងលោកឧកញ៉ាបានបញ្ចប់ការសិក្សាជំនាញបុរេវេជ្ជសាស្រ្ត (Pre-Med Studies) នៅឆ្នាំ ១៩៩១។ លោកឧកញ៉ាក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលស្ប៉ាតាន (Spartan Health Sciences) នៃរដ្ឋញូវម៉ិកស៊ីកូ ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រផ្នែកវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្ត្រទូទៅ។ ក្នុងឆ្នាំ ២០០៧ លោកឧកញ៉ាបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យម៉ាសាឈូសេត អ៊ែមហើសត៍ (Massachusetts Amherst) រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ លោកឧកញ៉ាថែមទាំងធ្លាប់បានទទួលការបណ្តុះបណ្តាលហាត់ការរយៈពេល២ឆ្នាំនៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យអ៊ីលីណយស៍ (University of Illinois Hospital) និង បំពេញការងារជាសាស្រ្តាចារ្យវិទ្យាសាស្រ្តបង្រៀននៅដេប៉ាតឺម៉ង់វិទ្យាសាស្ត្ររូបរាងកាយនិងជីវិត នៃមហាវិទ្យាល័យឯកទេសឆ្អឹងគ្លីវលែន (Cleveland Chiropractic College) មុនពេលវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ ២០០២ ក្នុងតួនាទីជាពេទ្យស្ម័គ្រចិត្តមានតួនាទីជាអ្នកប្រឹក្សាយោបល់នៃគម្រោង “Integrated Management of Childhood Illness” (IMCI) និងសុខភាពសាធារណៈរបស់អង្គការដៃគូដើម្បីអភិវឌ្ឍន៍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋម៉ារីលែន (Maryland) ។
បន្ទាប់មកទៀតលោកឧកញ៉ាបានកាន់តំណែងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសុខាភិបាលនៃមហាវិទ្យាល័យគណិតសាស្រ្ត វិទ្យាសាស្រ្ត និង វិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និងត្រូវបានតែងតាំងជាស្ថាបនិកព្រឹទ្ធបុរសអនុប្រធានគណៈកម្មការអប់រំ និងជាសាស្រ្តាចារ្យផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈនៃសាកលវិទ្យាល័យកម្ពុជា (UC) មុនពេលបង្កើតក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ( Mengly J. Quach Education) ជាផ្លូវការក្នុងអំឡុងដើមឆ្នាំ២០០៥។ គិតមកដល់សព្វថ្ងៃនេះ ស្ថាប័នអប់រំខាងលើមានការរីកចម្រើនឥតឈប់ឈរតាំងពីត្រឹមតែជាអគារមួយទីតាំងរហូតដល់ ១៥ អគារ ស្មើនឹង ៦ សាខា។ លើសពីនេះទៅទៀត លោកឧកញ៉ាបានបង្កើតគ្លីនិករហូតដល់៩ទីតាំងដើម្បីជួយលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។
ជោគជ័យសំខាន់ៗបំផុតដែលក្រុមហ៊ុនរបស់លោកឧកញ៉ាសម្រេចបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រួមមាន ទីមួយ កំណែទម្រង់ក្រុមហ៊ុនស្តង់ដារទៅជាក្រុមហ៊ុនសាជីវកម្ម (Corporate Company) ទីពីរ ការពង្រីកទីតាំងអគារ ទីបី សវនកម្មមូលនិធិម៉េងលី ជេ.គួច (MJQ Foundation) ទីបូន ការចូលរួមសាងសង់សមិទ្ធផលសង្គមនានា (សាលារៀន បណ្ណាល័យ គ្លីនិកចល័ត អណ្តូងទឹក ស្ពាន…) ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា និងទីប្រាំ បណ្តុះបណ្តាលធនធនមនុស្សរាប់ម៉ឺននាក់។ សម្រាប់ថ្ងៃអនាគត ក្រុមហ៊ុនរបស់លោកឧកញ៉ាមានចក្ខុវិស័យឆ្ពោះទៅកាន់ការពង្រឹងវិស័យអប់រំតាមរយៈការផ្តល់ឱកាសអប់រំប្រកបដោយគុណភាពនិងវិន័យគ្របដណ្តប់២៥ខេត្ត-រាជធានីនិង ការស្ថាបនាមន្ទីរពេទ្យជំនាញឯកទេសចំនួនបីផ្សេងៗគ្នានៅរាជធានីភ្នំពេញគឺ ឯកទេសកុមារ ឯកទេសស្រ្តី និង ឯកទេសជំងឺទឹកនោមផ្អែម ដែលបង្កទំនុកចិត្តខ្ពស់ដល់ប្រជាជនក្នុងស្រុកដោយមិនចាំបាច់ចំណាយពេលទៅព្យាបាលនៅក្រៅប្រទេស។
ឆ្លងកាត់បទពិសោធន៍ក្នុងវិស័យអប់រំអស់រយៈពេលជាច្រើនទសវត្សរ៍ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសង្កេតឃើញថា បញ្ហាប្រឈមដែលជាឧបសគ្គចំបងនៃការរីកចម្រើនវិស័យអប់រំជាតិបច្ចុប្បន្ននោះគឺ កត្តាអ្នកបំពុលបរិយាកាសដោយចេតនា និង កត្តាអ្នកបំពុលបរិយាកាសដោយអចេតនា។ ត្រង់ចំណុចនេះលោកបានពន្យល់ថា កត្តាអចេតនា សំដៅទៅលើ សង្គមមិនសូវឲ្យតម្លៃអ្នកចេះដឹងពិតប្រាកដ ព្រោះអ្នកចេះដឹងជំនាញឯកទេសពិតប្រាកដទាមទារប្រាក់បៀវត្សរ៍ខ្ពស់នៅក្នុងវិស័យការងារ។ ដូចនេះ គេច្រើនធ្វើការតាមបក្សពួកនិយម ដែលបណ្តាលឲ្យមនុស្សបាក់ទឹកចិត្ត ឪពុកម្តាយមិនសូវចង់ឲ្យកូនរៀនខ្ពស់ ខ្លាចពិបាករកការងារធ្វើ។ រីឯកត្តាចេតនា សំដៅលើទឹកចិត្តយុវជនដែលចង់ដើរផ្លូវកាត់រកស៊ីខុសក្បួនដើម្បីស្វែងរកភាពជោគជ័យឆាប់រហ័សជាងប្រក្រតី ដែលលោកឧកញ៉ាប្រៀបប្រដូចគំនិតនេះថាមិនខុសអ្វីពី “បេះស្វាយខ្ចីមកបន្ទុំ” នោះឡើយ។
ជាចុងក្រោយ លោកឧកញ៉ាបានផ្តល់ទស្សនទានថា ប្រសិនបើយុវជនចង់ក្លាយជាទំពាំងស្នងប្ញស្សីពិតប្រាកដមែននោះត្រូវកសាងខ្លួនឲ្យក្លាយជាបុគ្គលជោគជ័យតាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ និង មានសមត្ថភាពធ្វើការជំនាញអ្វីមួយឲ្យពិតប្រាកដ និង ផ្តោតការយកចិត្តទុកដាក់លើអ្វីដែលយើងកំពុងធ្វើតែមួយមុខប្រសើរជាងការចូលរួមសិក្ខាសាលាឆ្ពោះទៅកាន់ភាពជោគជ័យដែលគ្មានការត្រួតពិនិត្យឯកភាពត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ក្រសួងពាក់ព័ន្ធគប្បីបង្កើតសាលាបណ្តុះបណ្តាលជំនាញបច្ចេក ទេសវិជ្ជាជីវៈឲ្យបានច្រើននៅក្នុងប្រទេសព្រោះយុវជនមិនអាចរំពឹងតែលើសញ្ញាបត្របរិញ្ញាបត្រ (Bachelor) មួយមុខដូចសព្វថ្ងៃនោះទេ។ ម្យ៉ាងវិញទៀត ក្រសួងក៏គួរកាត់បន្ថយអត្រាសិស្សធ្លាក់ដើម្បីឲ្យពួកគេមានលទ្ធភាពបន្តការសិក្សា ហើយទទួលបានប្រាក់ខែទៅតាមនិទ្ទេសជាក់ស្តែងដែលពួកគេទទួលបាន។ ផ្ទុយទៅវិញ ប្រសិនបើសិស្សប្រឡងធ្លាក់ច្រើន នោះពួកគេនឹងក្លាយជាពលករធ្វើចំណាកស្រុកកាន់តែច្រើនជាក់ជាមិនខាន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងត្រូវបន្តពង្រឹងគុណភាពអប់រំនៅតាមគ្រឹះស្ថានអប់រំក្នុងស្រុកឲ្យកាន់ តែមានប្រសិទ្ធភាព “ Master ឲ្យចំ Master PhD ឲ្យចំ PhD ” ៕