×

ផ្លែ​ឪឡឹក​ ​ផ្លែឈើ​ដ៏​ពេញ​និយម​បំផុត​ក្នុង​រដូវក្តៅ​

TRAVEL & LIVING 3 years ago
 
 

           ​ឈាន​ចូល​ដល់​រដូវក្តៅ​ឪឡឹក​បាន​ក្លាយ​ជា​ផ្លែឈើ​ដ៏​ពេញ​និយម​បំផុត​ ​ដោយហេតុថា​វា​សម្បូរទៅដោយ​ជាតិទឹក​យ៉ាង​ច្រើនលើស​លុប​រួម​ជាមួយ​សាច់​ស្រួយ​យ៉ាង​ឆ្ងាញ់​ពិសា​។​ ​ឪឡឹក​មួយ​ផ្លែ​ផ្ទុក​នូវ​ជាតិទឹក​ដល់ទៅ​​​ជាង​៩​០​ភាគរយ​ ​កត្តា​ដែល​សំខាន់​ឪឡឹក​ទាំងមូល​មិនថា​ ​សាច់​ ​សម្បក​ ​ឬ​គ្រាប់​ ​យើង​អាច​​​យកមក​បរិភោគ​ជា​អាហារ​ច្រើន​បែប​ ​ឧទាហរណ៍​ជាក់​ស្តែង​ដូចជា​ ​ជ្រក់​សម្បក​ឪឡឹក​ ​គ្រាប់​ឪឡឹក​លីង​ ​និង​សាច់​ឪឡឹក​ញុំា​ស្រស់​ឬ​យក​ធ្វើជា​ភេសជ្ជៈ​បង្កើន​អារម្មណ៍​ស្រស់​ស្រាយ​​ក៏ដូចជា​ស្រា​ក្រឡុក​ជាដើម​។​ ​ជាមួយនឹង​សាច់​ស្រួយ​រសជាតិ​ផ្អែម​ឆ្ងាញ់​ ​ឪឡឹក​គឺជា​អាហារ​ធម្មជាតិ​បរិភោគ​មិន​ចេះ​ជិនណាយ​គ្រប់​រដូវ​កាលដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​។​ ​តួយ៉ាង​ ​វី​តា​មី​ C ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​យ៉ាង​ច្រើន​នៅ​ក្នុង​ផ្លែ​ឪឡឹក​នឹង​ជួយការ​ពារ​ពី​ការ​ប្រឈម​ជំងឺ​ហឺត​ ​និង​ជំងឺ​មហារីក​ផ្សេងៗ​ ​ដែល​សំខាន់​វីតាមីន​ ​A​ ​និង​ ​វីតាមីន​ C ​មាន​តួនាទី​ជួយ​បង្កើត​ខូ​ឡេ​ជិន​ ​និង​រក្សា​តុល្យភាព​ខូ​ឡេ​ជិន​ ​ធ្វើឲ្យ​ស្បែក​ ​និង​សក់​មាន​សុខភាព​ល្អ​។​ ​ជាតិ​សរសៃ​នៃ​សាច់​ឪឡឹក​នឹង​ជួយ​សម្រួល​បញ្ហា​ទល់លាមក​ក៏ដូចជា​សម្រួល​ប្រព័ន្ធ​រំលាយអាហារ​ដើរ​បាន​ល្អ​ផង​ដែរ​ ​ខណៈ​ដែល​ជាតិ​លី​កូ​ពី​ន​ (​L​y​cope​n​e​) ​ជួយ​ប្រឆាំង​នឹង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​រួម​ទំា​ង​ជំងឺបេះដូង​។​

          ដោយឡែក​សារធាតុ​ចិញ្ចឹម​ C​h​o​line​ ​ជួយ​​ឲ្យ​គេងលក់​ស្រួល​ ​សម្រួល​ចលនា​សាច់ដុំ​ ​បង្កើន​ការ​ចងចាំ​ ​ជាពិសេស​មានមុខ​ងារ​ថែរក្សា​ភ្នាស​កោសិកា​ ​និង​ការ​ចម្លង​​សរសៃ​ប្រសាទ​ ​ដែល​អាច​ជួយ​កាត់បន្ថយ​ដល់​ការ​រលាក​រុំា​រ៉ៃ​ផង​ដែរ​។​ ​ដូច​បាន​ជម្រាប​នៅ​ខាងលើ​ឪឡឹក​ផ្ទុក​នូវ​ជាតិ​ទឹក​ស្ទើរតែ​ទាំងស្រុង​នៃ​ផ្លែ​ទាំងមូល​ ​ហេតុ​ដូចនេះ​ហើយ​វា​គឺជា​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ទទួលទាន​នៅ​រដូវក្តៅ​ដើម្បី​ការពារ​រាងកាយ​ពី​កង្វះ​ជាតិទឹក​។​ ​យ៉ាងណាមិញ​ ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ ​ចុះ​តើ​បរិមាណ​ឪឡឹក​ប៉ុន្មាន​ដែល​យើង​គួរ​បរិភោគ​ប្រចាំថ្ងៃ​?​។​ ​តាម​ការ​សិក្សាស្រាវជ្រាវ​ឪឡឹក​ ​១​០​០​ក្រាម​មាន​ផ្ទុក​កាឡូ​រី​ចំនួន​៣​០​ ​ដូច្នេះ​បរិមាណ​​ទទួលទាន​សមរម្យ​បំផុត​គឺ​ចាប់ពី​ ​១​០​០​ក្រាម​ ​ដល់​ ​១​៥​០​ ​ក្រាម​ដើម្បី​បូករួម​ជាតិ​ស្ករ​មកពី​អាហារ​ផ្សេងទៀត​ដែល​បង្គ្រប់​សម្រាប់​តម្រូវ​ការ​រាងកាយ​ប្រចាំថ្ងៃ​។​ ​ជា​រួម​មក​ ​ក្រៅពី​ឪឡឹក​ជា​ផ្លែឈើ​ធម្មជាតិ​មានឱជារស​ឆ្ងាញ់​ពិសា​ ​និង​អាច​​​យក​មក​ច្នៃ​ធ្វើជា​មុខម្ហូប​ក៏ដូចជា​ភេសជ្ជៈ​ច្រើន​ប្រភេទ​ហើយ​នោះ​ ​ក្នុង​នោះ​ទៀតសោត​ឪឡឹក​ក៏​ប្រៀប​បីដូច​ជា​គ្រូពេទ្យ​ដែល​តាម​ថែរក្សា​សុខភាព​ប្រចាំ​កាយ​យើង​ផង​ដែរ​៕  

Article​ ​by​ ​Hem​ ​So​kk​him


SUGGESTIONS