×

ហ្គ្រីន​ឡេ​ឌី​នៅតែ​បន្ត​លើកទឹកចិត្ត​ស្ត្រី​គ្រប់រូប​ក្លាហាន​ពិភាក្សា​ពី​ជំងឺ​ស្ត្រី​

NEWS 3 years ago
 
 

​          ​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រាកដជា​បាន​ឈ្វេងយល់​ព័ត៌មាន​សំខាន់​ៗ​ជាច្រើន​បាន​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ហ្គ្រី​ន​ឡេ​ឌី​ដែល​ផលិត​ក្រណាត់​ស្ត្រី​សម្រាប់​ជំនួស​នៃ​ការប្រើប្រាស់​សំឡី​អនាម័យ​ប្លាស្ទិក​នៅ​ពេល​មិត្ត​ៗ​ស្ត្រី​គ្រប់រូប​ចាប់ផ្តើម​មាន​វដ្ត​រដូវ​ជា​រៀងរាល់​ជាដើម​។​ ​ជាក់ស្តែង​ ​ស្ត្រី​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី​តែង​និយម​ប្រើប្រាស់​សំឡី​អនាម័យ​ប្លាស្ទិក​ច្រើន​​ជាង​​ការ​ប្រើ​ប្រាស់​​ប្រភេទ​​ថេ​ម​ផុន​ (​Tamp​on) ​ឬ​ពែង​រដូវ​ ​ហើយ​ស្ត្រី​ភាគតិច​បំផុត​ដែល​ស្គាល់​ពី​អត្ថប្រយោជន៍​របស់​ថេ​ម​ផុន​ ​ពែង​រដូវ​ ​ឬ​ក្រណាត់​ស្ត្រី​ដែល​មាន​ការប្រើប្រាស់​ងាយស្រួល​ជាង​ការប្រើប្រាស់​សំឡី​អនាម័យ​ប្លាស្ទិក​ផង​ដែរ​។​

​          ​ជំនួប​ជាមួយនឹង​ស្ថាបនិកា​នៃ​ស្លាកយីហោ​ហ្គ្រី​ន​ឡេ​ឌី​ ​កញ្ញា​ ហុ​ក​ ​សុវណ្ណ​វ​ត្តី ​បាន​ចែករំលែក​បទពិសោធន៍​ជា​ច្រើន​​ដែល​ទាក់ទង​នឹង​វដ្ត​រដូវ​ស្ត្រី​ ​ក៏ដូចជា​ចំណេះ​ដឹង​សំខាន់​ៗ​នៃ​ជំងឺ​ស្ត្រី​ផង​ដែរ​។​ ​ប្រសិនបើ​តាម​ការ​លើកឡើង​របស់​កញ្ញា​បានឲ្យ​ដឹង​ថា​ ​សព្វថ្ងៃនេះ​ការប្រើប្រាស់​សំឡី​អនាម័យ​ប្លាស្ទិក​ជា​ទម្លាប់​ធម្មតា​របស់​ស្ត្រី​គ្រប់រូប​ទៅ​ហើយ​ ​ប៉ុន្តែ​ពួក​គេ​ពុំទាន់​ដឹង​ថា​វា​បាន​ផ្តល់​នូវ​ផល​សំខាន់​អ្វីខ្លះ​ដល់​ស្ត្រី​នៅ​ថ្ងៃក្រោយ​នោះ​ទេ​ ​ជាពិសេស​ ​ស្ត្រី​ដែល​និយម​ប្រើប្រាស់​សំឡី​អនាម័យ​ប្លាស្ទិក​មាន​ក្លិន​ប្រហើរ​ ​ឬ​ត្រជាក់​តែម្តង​ដែល​នៅ​ក្នុង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​វា​មាន​សារធាតុ​ជាច្រើន​អាច​នឹង​ផ្តល់​ផល​ប៉ះពាល់​នានា​ដល់​ស្ត្រី​ ​ហើយ​ម៉្យាងវិញទៀត​ ​សំឡី​អនាម័យ​ទាំងនោះ​អាច​ប្រើ​បាន​ត្រឹមតែ​៣​ម៉ោង​តែ​ប៉ុណ្ណោះ​​។​ ​ទន្ទឹម​នឹង​នេះ​ ​កញ្ញា​ ​វ​ត្តី​ក៏បាន​បង្ហាញ​ថា​ ​យើង​បាន​ដឹង​ថា​ស្ត្រី​ភាគច្រើន​មាន​ភាព​ខ្មាសអៀន​ក្នុង​ការពិភាក្សា​សុខ​ភាពស្ត្រី​ ​ហើយ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២​០​១​៦​ ​ជំងឺ​មហារីក​ស្បូន​ជាប់​លំដាប់​ថ្នាក់​លេខ​២​ ​ក្នុង​តំបន់​អាស៊ី​ ​បន្ទាប់មក​ក្រុម​អ្នកជំនាញ​ស្វែងរក​ដំណោះស្រាយ​ ​និង​ការ​ព្យាបាល​ជាច្រើន​វិធិ​សាស្ត្រ​ ​តួយ៉ាង​ ​ដូចជា​ការ​ផ្សព្វផ្សាយ​បើក​ជំ​ហ​ទាក់ទង​នឹង​បញ្ហា​នេះ​ ​ដើម្បីឲ្យ​ស្ត្រី​មាន​ភាព​បង្ការ​ ​ឬ​បង្កើន​អនាម័យ​ផង​ដែរ​។​ ​កញ្ញា​បាន​លើកឡើង​ថា​ ​«​សុខភាព​ផ្លូវ​ភេទ​ ​និង​បន្ត​ពូជ​ក្នុង​ប្រទេស​​យើង​នៅ​មាន​ក​ម្រិ​ត​នៅឡើយ​ដូចជា​បណ្តាសា​លា​រៀន​មួយ​ចំនួន​អាច​នឹង​ពន្យល់​សិស្ស​របស់​គាត់​ក្បោះ​ក្បាយ​ឬក៏​អត់​នោះ​ទេ​ ​ហើយ​ចំណុច​នេះ​ដែរ​ពិតជា​សំខាន់​សម្រាប់​ស្ត្រី​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​ផង​ដែរ​»​។​

​          ​មិត្ត​ៗ​ស្ត្រី​មួយ​ចំនួន​ប្រាកដជា​មានការ​អា​លែក​ហ្ស៊ី​នឹង​សំឡី​អនាម័យ​ដែល​មាន​សញ្ញា​ដូចជា​៖​ ​ឡើង​កន្ទួល​ ​រមាស់​ ​ឬ​មាន​អា​កា​រៈ​ផ្សេងទៀត​ដែល​ធ្វើឲ្យ​មានការ​ឈឺ​ចុកចាប់​ ​អ្នក​គួរតែ​រៀន​ទម្លាប់​ផ្លាស់ប្តូរ​នៃ​ការប្រើប្រាស់​ពី​សំឡី​មកកាន់​ការប្រើប្រាស់​ក្រណាត់​ស្ត្រី​ ​ឬ​ពែង​រដូវ​ទើប​ប្រសើរ​។​ ​ជាក់ស្តែង​ ​ក្រណាត់​ស្ត្រី​ដែល​ជា​ផលិតផល​របស់​ហ្គ្រី​ន​ឡេ​ឌី​ផលិត​ពី​កប្បាស​ធម្មជាតិ​ដែល​សុទ្ធសឹងតែ​ប្រើប្រាស់​ធនធាន​ ​និង​សម្ភារ​ក្នុងស្រុក​ថែមទៀត​ ​តួយ៉ាង​ ​សង្វាក់​នៃ​ការ​ផលិត​ទាំង​អស់​ជា​កិច្ចការ​ខិតខំ​ប្រឹងប្រែង​ពី​ប្រជាជន​ខ្មែរ​នៅ​តាម​ទី​ជនបទ​ ​តាមរយៈ​ពេល​ពួកគេ​មិន​ត្រឹមតែ​អាច​​​រក​ប្រាក់​ក​ម្រៃ​តែ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​ថែមទាំង​អាច​ស្វែងយល់​បន្ថែម​ពី​ក្រណាត់​ស្ត្រី​ ​ពែង​រដូវ​ ​ឬ​ចំណេះ​ដឹង​ផ្សេងៗ​ទាក់ទង​នឹង​សុខភាព​​ផ្លូវ​ភេទ​ ​និង​បន្ត​ពូជ​ផង​ដែរ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ស្ថាបនិកា​វ័យក្មេង​ក៏​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​ក្រណាត់​ស្ត្រី​អាច​​​រក្សា​ ​និង​មានគុណ​ភាព​រហូត​ទៅដល់​៣​ឆ្នាំ​ឯណោះ​ ​រីឯ​ការប្រើប្រាស់​វិញ​បន្ទាប់ពី​ប្រើប្រាស់​រួច​យើង​គ្រាន់តែ​ធ្វើការ​បោក​ស​ម្អា​ត​ថ្នមៗ​ ​និង​ហាល​ក្រោម​ពន្លឺព្រះអាទិត្យ​ល្អ​ជាការស្រេច​ដែល​វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ស្ត្រី​កំពុង​មានការ​អា​លែក​ហ្ស៊ី​ជាមួយនឹង​សំឡី​អនាម័យ​ ​ហើយក៏​ជា​ផ្នែក​មួយ​ដែល​បាន​ចូលរួម​ក្នុង​ការ​កាត់បន្ថយ​ប្រើប្រាស់​ប្លាស្ទិក​ថែម​ទៀត។

​          ​ជាចុងក្រោយ​ ​ស្ថាបនិកា​ហ្គ្រី​ន​ឡេ​ឌី​ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​ ​សុខ​ភាពស្ត្រី​ពិតជា​សំខាន់​ដូច្នេះ​ស្ត្រី​គ្រប់រូប​គួរតែ​មាន​ភាព​រឹង​មាំ​ក្នុង​ការពិភាក្សា​បើក​ជំ​ហ​ ​ដើម្បី​រក្សា​សុវត្ថិភាព​របស់​ខ្លួន​ទាន់ពេល​វេលា​ ​និង​ចែក​រំលែក​ចំណេះ​ដឹង​ដែល​ខ្លួន​បាន​ដឹង​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​ ​ដើម្បី​ជា​ឪ​កាស​សម្រាប់​គួរ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ៗ​ជា​បន្ត​​បន្ទាប់​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS