×

​សហ​អ្នកនិពន្ធ​សៀវភៅ​ “​អារាម​ខ្មែរ​” ​១​១​ឆ្នាំ​ក្នុង​បេសកកម្ម​ស្រាវជ្រាវ​វត្ត​ខ្មែរ​ទូទាំង​ប្រទេស

NEWS 2 weeks ago

          វណ្ណកម្មសៀវភៅ The Khmer Pagoda ឬ បកប្រែជាខេមរភាសាថា “អារាមខ្មែរ” ប្រសូតឡើងតាមរយៈ បេសកកម្មស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍បស់គូស្វាមីភរិយាជនជាតិបារាំងពីររូបគឺ លោកបណ្ឌិត ដូមីនិក ព្យែរហ្គីរ៉េ និង លោកស្រីសាស្រ្តាចារ្យបណ្ឌិត ដានីញ៉ែល ហ្គីរ៉េ នៅតាមទីវត្តអារាមនានាគ្រប់២៥ខេត្ត-រាជធានី ទូទាំងប្រទេសកម្ពុជា។ នៅលើក្របមុខ សៀវភៅនេះត្រូវបានពណ៌នាដោយអ្នកនិពន្ធផ្ទាល់ថា ជាសៀវភៅដែល បង្ហាញអំពីវត្តអារាមកម្ពុជាចំណាស់ៗរាប់រយវត្ត ផ្សារភ្ជាប់ជាមួយឧទាហរណ៍ដ៏គួរឲ្យកត់សម្គាល់ផ្សេងៗមួយចំនួន ទៀតផង។ របកគំហើញនៃការស្រាវជ្រាវនេះត្រូវបានពួកគាត់ប្រើជាឯកសារសម្រាប់ការការពារនិក្ខេបបទថ្នាក់បណ្ឌិត ចំនួនពីរនៃមហាវិទ្យាល័យ Sorbonne ទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានប្រារព្ធឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៥ ហើយក្រោយមក វាទើបតែត្រូវបានបោះពុម្ពផ្សាយជាសាធារណៈនៅខែធ្នូ ឆ្នាំ២០១៧ ថ្មីៗកន្លងទៅនេះ។ 

          ស្នាដៃសៀវភៅកម្រាស់ជិត២០០ទំព័រមួយក្បាលនេះត្រូវបានបែងចែកជាបួនជំពូកធំៗ ក្នុងនោះរួមមាន អំពីវត្ត ស្ថាបត្យកម្មព្រះវិហារ គំនូរតុបតែងលម្អនៅតាមវត្ត និង ការពណ៌នាអំពីវត្តបុរាណនៅតាមតំបន់សំខាន់ៗ។ វាបានលាត ត្រដាងអំពីទីអារាមពិសេសៗចំនួន២៤២វត្តក្នុងចំណោមវត្តសរុបចំនួនជាង៣០០០វត្តដែលអ្នកនិពន្ធទាំងពីររូបបានចុះទៅសិក្សាស្រាវជ្រាវដល់ទីតាំងជាក់ស្តែងចន្លោះពីឆ្នាំ២០០៤រហូតដល់ឆ្នាំ២០១១។ អ្នកនិពន្ធបានបញ្ជាក់ថា ពួកគាត់ បានថតរូបភាពឯកសារបានប្រមាណ២០០០វត្ត និងបានជ្រើសរើសវត្តចំនួន៥៦០ ដែលត្រូវបានកសាងចន្លោះចុង សតវត្សរ៍ទី១៩និង គ.ស ១៩៧៣ ហើយមួយចំនួនមានការតុបតែងលម្អដោយផ្ទាំងគំនូរដែលបន្សល់ទុកពីសម័យ សង្រ្គាមស៊ីវិលនិងរបបខ្មែរក្រហម។ ពួកគាត់បានបែងចែកទីតាំងវត្តអារាមចាស់ៗទាំងអស់នោះជា១៣ តំបន់ធំៗ តួយ៉ាង ដូចជា រាជធានីភ្នំពេញ និង តំបន់ជុំវិញ តំបន់មាត់ទន្លេបាសាក់និងប៉ែកនិរតី តំបន់ឆ្នេរ តំបន់ទន្លេតូចនិងប៉ែក អាគ្នេយ៍ តំបន់ទន្លេមេគង្គលើ ក្រោម និង កណ្តាល តំបន់ទន្លេសាបនិងបឹងទន្លេសាប ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ។ 

          លោកសាស្រ្តាចារ្យបណ្ឌិត ដូមីនិក អាយុ៧២ឆ្នាំ ឯកទេសប្រវត្តិសិល្បៈនៃសកលវិទ្យាល័យSorbonneបានមានប្រសាសសន៍ថា  “ពួកយើងចាប់អារម្មណ៍ចំពោះវត្តខ្មែរនិងគំនូរតាមវត្តតាំងពីឆ្នាំ១៩៩៥ម្ល៉េះ ប៉ុន្តែយើងបាន ចាប់ផ្តើមស្រាវជ្រាវពីវត្តនៅចុងឆ្នាំ២០០៤ ក្រោយពីយើងបានរកឃើញថាវត្តចាស់ៗជាច្រើនត្រូវបានបំផ្លាញជាញឹកញាប់ដើម្បីសង់វត្តថ្មីជំនួស។ ឧទាហរណ៍ដំបូងដែលយើងបានឃើញគឺព្រះវិហារវត្តតានី (ខេត្តកំពត) សង់អំឡុង ទ.វទី២០ និងមានការតុបតែងគំនូរលម្អចុះកាលបរិច្ឆេទឆ្នាំ១៩៤១-១៩៤២ ប៉ុន្តែត្រូវបានវាយកម្ទេចចោលក្នុងឆ្នាំ ២០០៤ នោះឯង។”

          លោកបានបន្ថែមទៀតថា “ពួកយើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះករណីនេះ ពីព្រោះព្រះវិហារ នោះអាចជួសជុលបានយ៉ាងងាយស្រួល! ដូច្នេះ យើងបានសម្រេចចិត្តធ្វើសម្រង់ស្ថិតិអំពីវត្តសំខាន់ៗ ហើយបាន ពង្រីកការស្រាវជ្រាវនេះទៅដល់គ្រប់ខេត្តទាំងអស់។ ដោយឡែកចំពោះវិធីសាស្រ្តក្នុងការស្រាវជ្រាវវិញ លោកបានពន្យល់ថា ពួកគាត់បានចុះទៅគ្រប់ឃុំស្រុក ទាំងអស់ដែលមានប្រជាជនរស់នៅមុនឆ្នាំ១៩៧៥ ហើយបានជួបពិភាក្សាជាមួយអ្នកភូមិ អាចារ្យ ចៅអធិការ និង ព្រះសង្ឃដែលបានចែករំលែកព័ត៌មានយ៉ាងលម្អិត  ដោយសារតែពួកគេស្គាល់ច្បាស់អំពីវត្តដែលនៅក្នុងភូមិរបស់ ពួកគេ។ “ពួកគេប្រាប់យើងថាតើវិហារមួយណាបុរាណនិងមានគំនូរបុរាណ ហើយវិហារមួយណាដែលមានគំនូរគូរថ្មី ឬ ត្រូវបានសង់ថ្មីឡើងវិញ។ ដូចនេះ យើងមិនបាច់ចំណាយពេលចុះទស្សនកិច្ចវត្តដែលទើបសង់ថ្មីនោះទេ! ប៉ុន្តែវាប្រើ ពេលយូរដែរ ព្រោះយើងមានតែរថយន្តមួយគ្រឿង និង ជំនួយការបើកបរម្នាក់ ហើយពេលខ្លះក៏មានសាស្រ្តាចារ្យ ឬ និស្សិតម្នាក់ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទៅដែរ” លោកបានរៀបរាប់។ 

          លោកបានសង្កត់ធ្ងន់ថា “សៀវភៅរបស់ពួកយើងមិនមែនជាមគ្គុទ្ទេសក៏នោះទេ ព្រោះវាមិនអាចពន្យល់ឲ្យបានជាក់លាក់ពីផ្លូវទៅកាន់វត្តនីមួយៗនៅតាមទីជនបទបានទេ ដោយហេតុថា ផ្លូវទាំងនោះតែងតែមានការប្រែប្រួល ប៉ុន្តែសៀវភៅរបស់ពួកយើងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ស្រុកឬឃុំមួយដើម្បីសួររកទីតាំងវត្តដែលត្រឹមត្រូវ។” ចំពោះគម្រោងបន្ទាប់  លោកទាំងពីរមានបំណង់ចង់ឲ្យសៀវភៅមានការបកប្រែជាភាសាខ្មែរ និង ចង់បោះពុម្ពផ្សាយសៀវភៅមួយក្បាលទៀតដែលមានចំណងជើងជាភាសាបារាំងថា “un beau livre” ឆ្លុះបញ្ចាំងអំពី រូបគំនូរដ៏ស្រស់ស្អាតបំផុតដែលពួកគាត់បានប្រទះឃើញចន្លោះពីឆ្នាំ២០០៥ដល់២០១១។ ប៉ុន្តែនេះគ្រាន់តែជាគំនិត គិតរំពឹងទុកសិនតែប៉ុណ្ណោះ។ 

          ជាកិច្ចបញ្ចប់ អ្នកនិពន្ធទាំងពីររូបសង្ឃឹមថាប្រជាជនកម្ពុជាជាច្រើននឹងទៅទស្សនាទីតាំងវត្តអារាមបុរាណ ទាំងនោះ ព្រមទាំងគប្បីស្នើសុំការអភិរក្សការពារបេតិកភ័ណ្ឌទាំងនោះជាជាងការជំនួសដោយសំណង់អាគារថ្មី “វត្តអារាមទាំងនេះជាសាក្ខីភាពនៃប្រទេសកម្ពុជាក្នុងសតវត្សរ៍ទី២០ ដូចប្រាង្គប្រាសាទដែលជានិមិត្តរូបតំណាង សម័យអង្គរដូច្នោះដែរ។ វាដល់ពេលហើយក្នុងការថែរក្សាវត្តទាំងនោះ!” ។ 


SUGGESTIONS