×

គោលដៅ​ទេសចរណ៍​បោះជំរំ​៦​កន្លែង​ ​ដែល​អ្នក​អាច​ពិចារណា​!

TRAVEL & LIVING 3 years ago
 
 

            ការ​ដើរ​ព្រៃ​ផ្សងព្រេង​បោះជំរំ​បាន​ក្លាយ​ជា​ដំណើរ​ក​ម្សាន្ត​ដ៏​ពេញ​និយម​មួយ​សម្រាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​។​ អាច​ទេ​ផ្តល់​ពេលវេលា​ឲ្យ​ខ្លួនឯង​ពីរបី​ថ្ងៃ​? ​អាច​ទេ​ចាកចេញ​ពី​ឧបករណ៍​អេ​ឡិច​ត្រូនិ​ច​ទាំងឡាយ​? អាច​ទេ​​ធ្វើដំណើរ​ផ្សងព្រេង​បោះជំរំ​ក្នុង​ព្រៃ​គេង​ស្តាប់​តន្ត្រី​ធម្មជាតិ​ម្តង​នឹងគេ​?​។​ប្រសិនបើ​អាច​ជឿជាក់​ថា​អ្នក​នឹង​ទទួល​បាន​បទពិសោធន៍​យ៉ាង​ច្រើន​សម្រាប់​ជីវិត​។​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​កន្លែង​ធម្មជាតិ​ស្រស់​ស្អាត​ឆ្ងាយ​ភ្នែក​ជាច្រើន​ដែល​កំពុងតែ​លាក់កំបាំង​កាយ​នៅ​តាម​តំបន់​នានា​ហើយ​កន្លែង​មួយ​ចំនួន​កំពុង​ត្រូវ​បាន​រុករក​ឃើញ​បណ្តើរៗ​ដោយ​យុវវ័យ​ដែល​ចូលចិត្ត​ដើរ​ព្រៃ​ផ្សងព្រេង​នេះឯង​។​ ​ហេតុដូច្នេះ​ ​សូវ​រី​ន​ ​សូម​បង្ហាញ​កន្លែង​ធម្មជាតិ​ស្រស់​ស្អាត​អស្ចារ្យ​ទាំង​ ​៦​ ​ដែល​ប្រិយ​មិត្ត​គួរតែ​ធ្វើដំណើរ​ផ្សងព្រេង​ទៅ​បោះជំរំ​ឲ្យបាន​ម្តង​នឹងគេ​។

            1. ​ថ្ម​លយ​
​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុងភ្នំពេញ​ថ្ម​លយ​គឺ​ជាគោល​ដៅ​ទេសចរណ៍​ថ្មី​ដែល​ចំទើត​ខ្លួន​ពួន​នៅ​លើ​ភ្នំ​គិរីរម្យ​ស្ថិត​ក្នុងស្រុក​ភ្នំ​ស្រួច​ខេត្ត​កំពង់ស្ពឺ​។​ ​ជាទូទៅ​អ្នក​ទៅ​ក​ម្សាន្ត​ភ្នំ​គិរីរម្យ​វិល​ល្ងាច​រមែងតែ​ង​តម្រង់​គោ​ដៅ​ទៅ​តំបន់​ទឹកធ្លាក់​ ​សាលា​ដូង​ ​និង​សួន​ក​ម្សាន្ត​ផ្សេងៗ​។​ ​ដោយឡែក​ ​ថ្ម​លយ​ ​ជា​កន្លែង​ដោយឡែក​មួយ​ដែល​មិនសូវ​មាន​ទេសចរ​ចាប់អារម្មណ៍​ឬ​ធ្វើដំណើរ​ទៅ​ក​ម្សាន្ត​ប៉ុន្មាន​ឡើយ​។​ ​ដូច​ទៅ​នឹង​ឈ្មោះ​ថ្ម​លយ​ជា​កន្លែង​មាន​ថ្ម​មួយ​ដុំ​រាង​លយ​ចេញទៅ​មាត់​ជ្រោះ​ដែល​អនុញ្ញាត​ឲ្យ​យើង​ឈ​ទស្សនា​និង​ផ្តិត​យក​រូបភាព​ជាមួយ​ទេសភាព​ជួរ​ភ្នំក្រវាញ​ប្រដេញ​គ្នា​ញ​ក្រាល​គ្រប​ទៅ​ដោយ​ព្រៃឈើ​ធម្មជាតិ​ប្រៀប​បាន​នឹង​រលក​សាគរ​។​ ​ថ្ម​លយ​ស្ថិតនៅ​លើ​កំពូលភ្នំ​ ​អាកាសធាតុ​អាច​មាន​ភាព​ត្រជាក់​ ​និង​ខ្យល់ខ្លាំង​ ​ពិសេស​នៅ​ពេល​ជិត​យប់​និង​ទាប​ភ្លឺ​ ​ពេលខ្លះ​មាន​ពពក​ផង​ដែរ​ ​ដូច្នេះ​សម្រាប់​អ្នក​ចង់​បោះតង់​គួរ​យក​ភួយ​ក្រាស់​ៗ​ទៅ​ជាមួយ​។​ ​យើង​អាច​ធ្វើដំណើរ​ទៅ​ថ្ម​លយ​តាមរយៈ​យានជំនិះ​ដោយ​ត្រូវ​ចេញពី​រង្វង់​មូល​នាគព័ន្ធ​ជិះ​តាមផ្លូវ​លំ​ឆ្លងកាត់​ព្រៃ​ស្រល់​ជាច្រើន​ហិច​តា​ក្នុង​ចម្ងាយ​៧​គីឡូម៉ែត្រ​ដោយ​ចំណាយ​ពេល​ប្រមាណ​២​០​នាទី​ប៉ុណ្ណោះ​។​

Image Courtesy:​ CHENG SAMBATH​

            2. ​ខ្នង​ផ្សារ​
​ខ្នង​ផ្សារ​គ្រប់គ្នា​ប្រាកដជា​ធ្លាប់​បានឃើញ​តាមរយៈ​ការ​បង្ហោះ​រូបភាព​នានា​នៅ​លើ​បណ្តាញ​សង្គម​ ​ហើយ​ជឿជាក់​ថា​អ្នកខ្លះ​ក៏​ធ្លាប់​បាន​ទៅដល់​ផង​ដែរ​។​ ​តំបន់​ខ្នង​ផ្សារ​គឺជា​ឋានសួគ៌​ធម្មជាតិ​មួយ​ដែល​ក្រាល​គ្រប​ទៅ​ដោយ​ព្រៃឈើ​ក្រាស់​ៗ​ ​វាលស្មៅ​ខៀវ​ខ្ចី​ ​ជ្រលងភ្នំ​ខ្ពស់​ៗ​ ​និង​សម្បូរទៅដោយ​សត្វព្រៃ​ក​ម្រ​ជាច្រើន​ប្រភេទ​។​ ​ឋានសួគ៌​ធម្មជាតិ​លាក់​កាយ​ឆ្ងាយ​ភ្នែក​នេះ​ស្ថិតនៅ​ក្នុង​ភូមិ​តាំង​បំ​ពុង​ ​តំបន់​រលាក់​កង​ជើង​ ​ឃុំ​តា​សាល​ ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ​។​ ​ខ្នង​ផ្សារ​ជា​ទីតាំង​ប្រសព្វ​មុំ​បី​ដែល​ផ្សារភ្ជាប់​ខេត្ត​ចំនួន​បី​គឺ​ ​កោះ​កុង​ ​កំពង់ស្ពឺ​ ​និង​ពោធិ៍សាត់​។​ ​បោះតង់​នៅ​ទីនេះ​ពេល​ព្រឹកព្រហាម​យើង​ធ្វើដំណើរ​ទៅកាន់​ពយ​ខ្នង​ផ្សារ​ដើម្បី​មើល​ទេសភាព​ស្រស់​ស្អាត​នៃ​រស្មី​ព្រះអាទិត្យ​រះ​ ​អម​ដោយ​អាកាសធាតុ​ត្រជាក់​ ​និង​ស្បៃ​ពពក​ហោះ​អ​ណ្តែ​ត​យ៉ាង​ខ្មួរ​ខ្មាញ់​។​ ​រសៀល​ជ្រាល​ជ្រេ​យើង​អាច​ទស្សនា​សូ​រិ​យា​ទាប​ទេ​អស្តង្គត​ពីលើ​ខ្នងភ្នំ​ផង​ដែរ​។​ ​មកដល់​ភ្នំ្ន​ខ្នង​ផ្សារ​យើង​ក៏​អាច​ដើរ​ក​ម្សាន្ត​តាម​ភ្នំ​ផ្សេងៗ​ដូចជា​ ​ខ្នង​សំពៅ​ ​ខ្នង​ស្រូវ​ ​និង​ខ្នង​កាំភ្លើង​ដែល​នៅ​ជិត​ៗ​នោះ​។​ ​ជា​ឋានសួគ៌​លាក់ខ្លួន​នៅ​ព្រៃ​ក្រាស់​ប្រាកដ​ណាស់​ដែល​មិនមែន​ជា​រឿង​ងាយ​ឡើយ​ក្នុង​ការធ្វើដំណើរ​ទៅដល់​ ​ដ្បិតអី​ទម្រាំ​ឡើង​ដល់​កំពូលភ្នំ​ត្រូវធ្វើ​ដំណើរ​ថ្មើរជើង​វែងឆ្ងាយ​ឆ្លងកាត់​ទី​ទួល​ខ្ពស់​ៗ​រយៈពេល​ពី​៥​ទៅ​៧​ម៉ោង​ឯណោះ​ទើប​ទៅដល់​។​

Image Courtesy: UN HOUR

            3. ​ស្ទឹង​ពពក​
ស្ថិតនៅ​ក្នុង​ភូមិ​ក្រាំង​ចេក​ ​ឃុំ​ដង​ព្រែក​ ​ស្រុកស្រែ​អំពិល​ ​ខេត្ត​កោះ​កុង​ ​ស្ទឹង​ពពក​គឺ​ជាគោល​ដៅ​ទេសចរណ៍​លើ​ភ្នំ​មួយទៀត​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​អស្ចារ្យ​មិនចាញ់​តំបន់​ធម្មជាតិ​ណា​ណា​ឡើយ​។​ ​នៅ​រដូវរងា​និង​ដើម​រដូវវស្សា​ព្រលឹមស្រាង​ៗ​ទីនេះ​នឹង​មាន​អាប់​ពពក​សក្បុស​ចុះ​ដណ្តប់​ព្រៃ​ប្រឹក្សា​ ​បង្កើត​បានជា​ផ្ទាំង​ជលសា​ល្វឹងល្វើយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​។​ ​ដល់​ថ្ងៃរះ​ពពក​ផាត់​រសាត់​ឆ្ងាយ​ ​ទេសភាព​ដង​ព្រែក​ ​និង​ព្រៃ​ភ្នំ​ទាំងឡាយ​ចាប់ផ្តើម​បង្ហាញខ្លួន​បង្អួត​សម្រស់​យ៉ាង​ស្រស់​ត្រកាល​មួយ​បែប​ទៀត​។​ ​ដោយសារ​ទីតាំង​ស្ទឹង​ពពក​បែរមុខ​ទៅ​ទិសខាងលិច​ទីនេះ​អំណោយផល​ផង​ដែរ​សម្រាប់​ការ​គយគន់​ទិដ្ឋភាព​ថ្ងៃ​រៀប​លិច​។​ ​ដើម្បី​ទៅដល់​ ​«​ស្ទឹង​ពពក​»​ ​យើង​ត្រូវធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៤​៨​ ​ឆ្លងកាត់​ស្ពាន​ស្រែអំបិល​រួច​ធ្វើដំណើរ​ប្រមាណ​ ​១​៥​០​ម៉ែត្រ​ ​បត់ស្ដាំ​តាមផ្លូវ​ដី​ក្រហម​ ​ឆ្ពោះទៅ​ស្ថានីយ​វា​រី​អគ្គិសនី​គី​រី​រម្យ​៣​ ​ហើយ​ត្រូវ​បន្ត​ដំណើរ​ហួស​វា​រី​អគ្គិសនី​ប្រមាណ​ ​១​៥​០​ម៉ែត្រ​ ​នោះ​យើង​នឹង​ទៅដល់​ផ្ទះ​ប្រជា​សហគមន៍​ស្ទឹង​ពពក​។​ ​ការ​ឡើងភ្នំ​យើង​ត្រូវ​ជិះ​ម៉ូតូ​ដែល​ដឹក​ដោយ​ប្រជា​សហគមន៍​ឆ្ពោះទៅ​ស្ទឹង​ពពក​ដែល​មាន​ចម្ងាយ​ប្រមាណ​ ​៣​,​៥​០​០​ម៉ែត្រ​។​ ​ចំពោះ​ការ​បោះតង់​យើង​អាច​​​យកទៅ​ខ្លួនឯង​ក៏បាន​ឬ​ឲ្យ​ខាង​សហគមន៍​ជា​អ្នក​រៀបចំ​ក៏បាន​។​

Image Courtesy: S​T​U​E​N​G​ ​P​OR​P​OK

            4. កោះ​សាមសិប​
កោះ​សាមសិប​គឺជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ស្រស់​ត្រកាល​មួយ​ស្ថិតនៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ជាប់​ព្រំប្រទល់​ខេត្ត​ក្រចេះ​ ​និង​ស្ទឹង​ត្រែង​ដែល​ស្ថិត​ក្នុង​ភូមិ​កោះ​ខ្ញែរ​ ​ឃុំ​អូរ​គ្រៀ​ង​ ​ស្រុក​សំបូរ​ ​ខេត្ត​ក្រចេះ​ ​ចម្ងាយ​ប្រមាណ​៩​៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​។​ ​ទីនេះ​ជា​តំបន់​អាង​ទឹក​ដ៏​ធំ​សម្បូរទៅដោយ​កោះ​តូច​ធំ​ជាច្រើន​គ្របដណ្តប់​ដោយ​ធនធាន​ព្រៃឈើ​ពណ៌បៃតង​ស្រងាត់​ ​ឆ្នេរខ្សាច់​សក្បុស​ ​និង​ជី​វ​ចម្រុះ​ដ៏​សម្បូរ​បែប​ ​មាន​ដូចជា​ព្រៃលិចទឹក​ ​ត្រី​មេ​ពូជ​ក​ម្រ​ជិត​ផុតពូជ​ ​និង​ប្រភេទ​សត្វស្លាប​ជិត​ផុតពូជ​ជាច្រើន​ ​អម​ដោយ​សម្រស់​ទន្លេមេគង្គ​ដ៏​ល្អឯក​ដែល​អាចឲ្យ​ទេសចរ​ទាំងឡាយ​មក​ទស្សនា​បាន​គ្រប់​រដូវ​កាល ​(​មិន​លិចទឹក​ទាំង​រដូវប្រាំង​និង​រដូវវស្សា​)​។​ ​ដូច្នេះ​បើ​មក​ទីនេះ​កុំ​ភ្លេច​ត្រៀម​កែវយឹត​សម្រាប់​មើល​សត្វស្លាប​ក​ម្រ ​ជិះទូក​គយគន់​ព្រៃលិចទឹក​ ​និង​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ស្អាត​ ​ការ​នេសាទ​ត្រី​ ​និង​ការ​ងូតទឹក​លេង​ក​ម្សាន្ត​ជាដើម​។​

Image Courtesy: NOB VANNARITH

            5. ទឹកធ្លាក់​ថ្ម​ចាំង​
​ហាក់ដូចជា​ដាច់​ឆ្ងាយ​តែឯង​ពី​គេ​ ​ទឹកធ្លាក់​ថ្ម​ចាំង​មិនសូវ​ជា​មាន​អ្នកណា​ស្គាល់​ឬ​ធ្លាប់​បានឮ​ឡើយ​។​ ​ទឹកធ្លាក់​នេះ​ស្ថិតនៅ​ក្នុង​ភូមិ​ក្រពើ​ពីរ​លើ​ ​ឃុំ​ក្រពើ​ពីរ​ ​ស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់​។​ ​បើ​តាម​ការ​ឲ្យដឹង​ពី​ប្អូនប្រុស​ ​ចេង​ ​សម្បត្តិ​ដែល​ធ្លាប់ទៅ​ដល់​ទីនោះ​ញឹកញយ​ ​ទឹកធ្លាក់​ថ្ម​ចាំង​ក្នុង​មួយ​ឆ្នាំ​មាន​ភ្ញៀវ​ទៅលេង​មិនដល់​៣​០​នាក់​ផង​។​ ​ទឹកធ្លាក់​ទីនេះ​មាន​ក​ម្ពស់​ខ្ពស់​ ​ហូរ​ធ្លាក់​ជា​សរសៃ​ៗ​ពី​កំពូលភ្នំ​បៀ​ប​បាន​សរសៃ​សូត្រ​ភ្លឺ​រលោង​ចែង​ចាំង​ដែល​ធ្វើឲ្យ​អ្នក​បាន​ទស្សនា​តាមដាន​មិន​ជិនណាយ​ ​ពិសេស​ទឹក​ត្រជាក់ស្រេង​កាន់តែ​ចង់​ប្រឡែង​កាយ​មិនទៅ​ណា​ឆ្ងាយ​សូម្បី​១​វិនាទី​។​ ​ទឹកធ្លាក់​ភ្នំ​ថ្ម​ចាំង​មាន​ចម្ងាយ​ប្រមាណ​ ​៤​០​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​វាល​វែង​ ​បើ​ចេញពី​ទី​រួម​ស្រុក​យើង​បន្ត​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១​០​ចម្ងាយ​ប្រមាណ​៣​០​គីឡូម៉ែត្រ​នឹង​មកដល់​ឃុំ​ក្រពើ​ពីរ​ ​រួច​បន្ត​ដំណើរ​តាមផ្លូវ​តូច​តាម​ជើងភ្នំ​១​០​គីឡូម៉ែត្រ​ទៀត​ឆ្លង​ទឹក​ផង​ទួល​ផង​ទើប​ទៅដល់​ទឹកធ្លាក់​ទី​១​។​ ​យើង​អាច​ក​ម្សាន្ត​នៅ​ទឹកធ្លាក់​នេះ​ក៏បាន​តែ​បើ​ចង់​ទៅដល់​ទឹកធ្លាក់​ខ្ពស់​បំផុត​ត្រូវ​ថ្មើរជើង​ប្រមាណ​៣​០​នាទី​ទៀត​។​ ​បើ​ចង់​បោះជំរំ​នៅ​ទីនេះ​គប្បី​មិន​អាច​ខ្វះ​បាន​ឡើយ​នូវ​អ្នកនាំផ្លូវ​។​

Image Courtesy:​ CHENG SAMBATH​

            6. ដាក់​ដាំ​
​ក្រឡេក​ទៅ​ទឹកដី​ភូមិភាគ​ខាងកើត​ប្រទេស​កម្ពុជា​ ​មណ្ឌលគិរី​គឺជា​ខេត្ត​មួយ​ដែល​មានផ្ទៃ​ដី​ធំ​ជាងគេ​ ​តែ​មាន​ប្រជាជន​តិច​ជាងគេ​ ​និង​សម្បូរទៅដោយ​តំបន់​ទេសចរណ៍​ធម្មជាតិ​ជាច្រើន​។​ ​ដាក់​ដាំ​ជា​ឃុំ​មួយ​ស្ថិតនៅ​ក្នុងស្រុក​អូរ​រាំង​ ​ខេត្ត​មណ្ឌលគិរី​មាន​ចម្ងាយ​ប្រមាណ​១​៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រុង​សែន​មនោ​រម្យ​។​ ​ជា​ឃុំ​តូច​មែនពិត​តែ​ទីនេះ​ជា​តំបន់​ភ្នំ​ដែល​មានផ្ទៃ​ដី​គ្របដណ្តប់​ទៅ​ដោយ​ព្រៃឈើ​ធម្មជាតិ​បៃតង​ខ្ចី​យ៉ាង​ស្រស់​ត្រកាល​ ​យើង​អាច​មានឱកាស​បាន​ស្វែងយល់​ពី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ពូន​ង​ ​បាន​ភ្លក់​រសជាតិ​អាហារ​ប្រពៃណី​ ​ក៏​ដូ​ជា​បន្លែ​ផ្លែឈើ​ដាំ​ដុះ​ប្រចាំ​តំបន់​ផង​ដែរ​។​ ​មក​បោះ​ជំ​រុំ​នៅ​ទីនេះ​កុំ​ភ្លេច​ទៅលេង​ទឹកធ្លាក់​មួយ​កន្លែង​ដែល​នៅ​ជិត​សហគមន៍​មានឈ្មោះ​ថា​ ​ទឹកធ្លាក់​ដាក់​ដាំ​ ​ឬ​ទឹកធ្លាក់​ជ្រៃ​ធំ​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM​

Image Courtesy: UN HOUR


SUGGESTIONS