ស្ត្រីជនជាតិស៊ុយអែតម្នាក់សម្រេចក្តីស្រមៃលើកស្ទួយសូត្រខ្មែរទៅកាន់ទីផ្សារអន្តរជាតិ
TRAVEL & LIVING 3 years agoសូត្របានដើរតួយ៉ាងសំខាន់នៅក្នុងវាយភណ្ឌជាតិរួមមាន សំពត់ហូល សំពត់ផាមួង។ បើនិយាយអំពីឧស្សាហកម្មតម្បាញសូត្រខ្មែរពីដើម គឺបានចាប់កំណើតឡើងតាំងពីកំឡុងសតវត្សរ៍ទី១៣នាសម័យអាណាចក្រខ្មែរ។ តម្បាញសូត្រមានភាពរីកចម្រើនខ្លាំងចាប់ពីសតវត្សរ៍ទី១៩ រហូតដល់ទសវត្សរ៍ទី៧០ តែត្រូវបានធ្លាក់ចុះស្ទើរតែបាត់បង់ទាំងស្រុងនៅក្រោយសម័យខ្មែរក្រហម។ យ៉ាងណាមិញ ដោយមានការជួយអន្តរាគមន៍ពីអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល តម្បាញសូត្របានចាប់ផ្តើមរស់រានឡើងវិញតាំងពីឆ្នាំ ២០០០មក។ ដើម្បីជាចំណែកមួយលើកស្ទួយតម្បាញសូត្រនៅកម្ពុជា ស្ត្រីជាជនជាតិស៊ុយអែតម្នាក់បានសហការជាមួយអ្នកតម្បាញក្នុងស្រុក ដោយធ្វើការផលិតផលិតផលពីក្រណាត់សូត្រដោយប្រើបច្ចេកទេសតាមប្រពៃណីដើម រួមបញ្ចូលជាមួយគំនិតច្នៃម៉ូដបែបទំនើបទាន់សម័យ។
4Hearts គឺជាឈ្មោះម៉ាកផលិតផលប្រណីតមួយបង្កើតឡើងដោយស្ត្រីអ្នកច្នៃម៉ូដជនជាតិស៊ុយអែតគឺអ្នកស្រី Sigrid Horn af Aminne។ អ្នកស្រីបានផ្លាស់មករស់នៅប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៣ ដែលអំឡុងនេះក៏ជាពេលដែលអាជីវកម្មម៉ាកផលិតផល 4Hearts បានចាប់កំណើតឡើងតាមក្តីស្រមៃដែលអ្នកស្រីធ្លាប់តែប៉ងប្រាថ្នាផងដែរ។ ដោយមានចិត្តប្រតិព័ទ្ធទៅលើសូត្រខ្មែរជាអនេក និងចង់រួមជាចំណែកមួយលើកស្ទួយទីផ្សារសូត្រខ្មែរទៅកាន់អន្តរជាតិ អ្នកស្រីបានសហការរួមដៃគ្នាជាមួយគ្រួសារតម្បាញនៅឯខេត្តតាកែវ និងសិល្បករក្នុងស្រុកបង្កើតជាផលិតផលធ្វើពីសូត្រដោយប្រកាន់ខ្ជាប់បច្ចេកទេសតាមប្រពៃណីបុរាណ ពោលធ្វើដោយដៃ និងធ្វើការជ្រលក់ពណ៌បែបធម្មជាតិសុទ្ធសាធ។
ឈ្មោះថា 4Hearts សម្តៅទៅលើក្តីស្រឡាញ់ទាំង៤ គឺក្តីស្រឡាញ់នៃប្រណីតភាព ក្តីស្រឡាញ់នៃភាពស្រស់ស្អាត ក្តីស្រឡាញ់នៃប្រពៃណី និងក្តីស្រឡាញ់នៃមនុស្ស។ ជាក់ស្តែង រាល់ផលិតផលរបស់ 4Hearts រាប់តាំងពីជំហានចាប់ផ្តើមធ្វើរហូតដល់សមិទ្ធផលសម្រេចសុទ្ធសឹងកើតចេញពីក្តីស្រឡាញ់ទាំងអស់។ ផលិតផលធ្វើពីសូត្ររបស់ 4Hearts មានដូចជា កន្សែងបង់ក អាវ កាបូបដៃ និងកាបូបស្ពាយស្មាជាដើម។ ក្រណាត់ពណ៌ចម្រុះឆ្លុះស្អាតប្រៀបបានក្រណាត់បោះពុម្ព បង្កើតបានជាភាពប្រណីតគ្មានពីរសម្រាប់ផលិតផលនីមួយៗ។ តាមការបរិយាយរបស់អ្នកស្រី Sigrid ការជ្រលក់ពណ៌ក្រណាត់ត្រូវបានធ្វើឡើងតាមប្រពៃណីបុរាណមួយហៅថា ស៊ីប៊ូរី (Shibouri) ដែលជាបច្ចេកទេសជ្រលក់ពណ៌របស់ជប៉ុនមានតាំងពីសតវត្សរ៍ទី៨។
“នៅពេលចាប់ផ្តើមស្វែងយល់ពីបច្ចេកទេសជ្រលក់ពណ៌ Shibouri យើងមានភាពដក់ចិត្តយ៉ាងខ្លាំងចំពោះបច្ចេកទេសនេះដែលវាជាចំណែកដ៏អស្ចារ្យមួយនៃប្រវត្តិសាស្ត្រ និងភាពស្រស់ស្អាត។ មានវិធីច្រើនយ៉ាងក្នុងការប្រើបច្ចេកទេសជ្រលក់ពណ៌បែប Shibouri ដូចជា មូរ ចង បត់ សង្កត់ ដើម្បីបានក្រឡាពណ៌លាតលើក្រណាត់បង្កើតម៉ូដប្លែកៗពីគ្នា។ អាចនិយាយបានថាម៉ូដពណ៌លើក្រណាត់ទាំងអស់គឺមានភាព Unique ឬម៉ូដតែមួយគ្មានពីរ។” អ្នកស្រី Sigrid លើកឡើង។
ខូឡិកហ្សិនក្រណាត់ពណ៌ត្រូវបានសម្រិតសម្រាំងជ្រលក់ពណ៌ដោយដៃយ៉ាងយកចិត្តទុកដាក់បំផុតទៅតាមគំរូពណ៌ដែល 4Hearts បានកំណត់។ ដើម្បីទទួលបានផលិតផលមួយអាចចំណាយពេលយ៉ាងហោចណាស់ ៤-៥ម៉ោង ដោយឆ្លងកាត់ទាំងការជ្រលក់ពណ៌ ទាំងការកាត់ដេរ ក្រោមថ្វីដៃលម្អិតល្អិតល្អន់របស់អ្នកជំនាញដើម្បីបង្កើតសមិទ្ធផលមួយដែលពិសេសបំផុត។ “ពួកយើងមានកន្សែងបង់កធ្វើពីសូត្រពណ៌ចម្រុះជាច្រើនដែលជ្រលក់ពណ៌ដោយដៃ និងធ្វើឡើងដោយក្តីស្រឡាញ់។ នៅ 4Hearts យើងធ្វើការដោយដៃជាមួយអ្នកតម្បាញដែលប្រកាន់ខ្ជាប់របៀបធ្វើតាមប្រពៃណីដើម ប្រើកីឈើ មិនប្រើអគ្គិសនី និងជាបច្ចេកទេសដែលមិនប៉ះពាល់ដល់បរិស្ថាន។” ជាក្រណាត់ធ្វើឡើងពីសូត្រខ្មែរគុណភាពខ្ពស់១០០ភាគរយ រាល់កន្សែងបង់ករបស់ 4Hearts មានច្រើនទំហំជាមួយស្ទាយ៌ត្រួតពីរជាន់ផ្តល់នូវផាសុកភាពក្នុងការដណ្តប់លើរាងកាយ ហើយក៏បង្កើនជាស្ទាយ៌លេងខ្លួនកាន់តែស៊ីវិល័យផងដែរ។
4Hearts មិនមែនមានតែផលិតផលក្រណាត់សូត្រប៉ុណ្ណោះទេ ជាមួយគ្នានេះក៏មានផលិតផលគ្រឿងអលង្ការផងដែរ។ ក្រវិល ចិញ្ចៀន ខ្សែដៃ ម៉ូដទំនើប សាមញ្ញនិយម លាយឡំភាពអេឡេហ្គិនទាំងប៉ុន្មាន ត្រូវបានផុសគំនិតឡើងចេញពីការធ្វើដំណើរកម្សាន្តជួបមនុស្សនានាផង និងការទទួលបានការចែករំលែកពីវប្បធម៌ផងរបស់អ្នកស្រី Sigrid។ អ្នកស្រីបានដាក់ទាំងចិត្តទាំងកាយក្នុងការបង្កើតគ្រឿងតាក់តែងកាយពោរពេញដោយភាពស្រស់ស្អាត។ “គ្រឿងអលង្ការរបស់ 4Hearts គឺជាការច្របាច់បញ្ចូលគ្នារវាង ភាពស្អាត សិល្បៈបែបទំនើប ជាមួយហត្ថកម្មប្រពៃណី និងភាពទាក់ទាញលម្អិត។” ភាពប្រណីតនៃគ្រឿងអលង្ការរបស់ 4Hearts ត្រូវបានធ្វើឡើងពីមាស និងប្រាក់ដែលមានគុណភាពខ្ពស់ ព្រមជាមួយត្បូងធម្មជាតិនិងរ៉ែថ្មដូចជា ត្បូងទទឹម ត្បូងកណ្តៀង ត្បូងមរកត ត្បូងម៉ូរាខៀវ ត្បូងជីលិនឈូក និងត្បូង prehnite ដែលមាននៅក្នុងប្រទេសកម្ពុជា។ “យើងសម្រាំងជ្រើសរើសត្បូងដែលមានគុណភាពខ្ពស់ និងទឹកល្អ ហើយធ្វើការច្នៃម៉ូដដែលអាចពាក់តជំនាន់បាន។ សិប្បករនៅទីក្រុងភ្នំពេញរបស់យើងស្រឡាញ់ការធ្វើក្រវិល និងខ្សែដៃដោយដៃណាស់។”
និយាយរួមមក ការងារទាំងប៉ុន្មានអ្នកស្រី Sigrid បានបញ្ចូលប្រពៃណីធ្វើដែលមានជាយូរលង់ជាមួយនឹងការច្នៃម៉ូដបែបទំនើបរបស់ខ្លួន។ ការធ្វើការជាសហគ្រាសខ្នាតតូចលក្ខណៈគ្រួសារនៅកម្ពុជា បានធ្វើឲ្យក្តីស្រមៃរបស់អ្នកស្រីក្លាយជាការពិត។ អ្នកស្រីបានធ្វើការយ៉ាងជិតស្និទ្ធជាមួយបុគ្គលិកទាំងអស់ដើម្បីប្រាកដថា ស្ថានភាពការងារមានភាពយុត្តិធម៌ ហើយអាជីវកម្មបង្កផលវិជ្ជមានចំពោះបរិស្ថានក៏ដូចជាភពផែនដី។
អ្នកស្រី Sigrid Horn af Aminne
លើសពីអាជីកម្ម 4Hearts បានសហការជាមួយអង្គការ School2School និងអង្គការ World Assistance for Cambodia ដែលអង្គការមិនស្វែងរកប្រាក់ចំណេញទាំងពីរនេះបានផ្តល់ការអប់រំទៅកាន់ក្មេងៗ និងបង្កើតឱកាសដល់យុវជនវ័យក្មេង ក៏ដូចជាសិស្សក្រីក្រនៅតាមទីជនបទផងដែរ។ ដូច្នេះ សម្រាប់ការជាវផលិតផលខ្សែដៃពី 4Hearts អ្នកនឹងបានបរិច្ចាគទៅកាន់អង្គការទាំងពីរខាងលើ។ ដើម្បីជាវផលិតផល 4Hearts លោកអ្នកអាចចូលទៅកាន់វេបសាយ www.4-hearts.com៕
Article by HEM SOKKHIM
Image Courtesy: 4Hearts