ក្រុមយុវជន Color Wheel សហការផលិតគំនូរជីវចលខ្មែររហូតជាប់ជ័យលាភីថ្នាក់ជាតិ
NEWS 3 years agoបើនិយាយដល់គំនូរជីវចល ឬ ភាពយន្តតុក្កតាដែលបញ្ចាំងនៅស្រុកខ្មែរកន្លងមកភាគច្រើនជាស្នាដៃផលិតរបស់បរទេស ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាបានរៀបចំ ផលិតកម្មវិធីប្រឡងប្រជែងស្នាដៃគំនូរជីវចលនិងវីដេអូខ្នាតខ្លីថ្នាក់ជាតិដើម្បីឈានទៅប្រកួតប្រជែងដណ្តើមជ័យលាភីថ្នាក់អាស៊ីក្នុងកម្មវិធីធំឈ្មោះថា DigiCon6 ASIA របស់ប្រទេសជប៉ុន។ សម្រាប់ឆ្នាំ២០២០កន្លងទៅនេះ ស្នាដៃរបស់សហផលិតករខ្មែរបីរូប ក្រោមចំណងជើងថា «ថ្ងៃនេះសម្រាប់ថ្ងៃស្អែក» ត្រូវបានប្រកាសជាគំនូរជីវចលជ័យលាភីថ្នាក់ជាតិ ដែលបានប្រគល់ពានរង្វាន់ និង ប្រកាសនីយបត្រក្រោមអធិបតីភាពរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកជំទាវ គួរជាទីមោទកភាព។
ក្រុមដែលទទួលបានជ័យលាភីនេះមានឈ្មោះថា ក្រុម Color Wheel ដែលមានសមាជិកសរុបចំនួនបីរូប គឺ លោក ភេទ ចា មានតួនាទីជាវិចិត្រករ លោក អ៊ុំ សិលាវិចិត្រ ជាផលិតករគំនូរជីវចល និង លោក ម៉ិច សត្យា ជាអ្នកកាត់តសំឡេង។ យោងតាមការផ្តល់បទសម្ភាសន៍របស់លោក ភេទ ចា វ័យ៣០ ឆ្នាំ មកពីខេត្តត្បូងឃ្មុំ តំណាងក្រុម Color Wheel ក្រុមលោកបានចំណាយពេលប្រមាណពីរខែ ផលិតវីដេអូមួយនេះឡើងដើម្បីចូលរួមប្រកួតកម្មវិធីខាងលើនេះ។ លោកផ្ទាល់ជាអ្នកផ្តួចផ្តើមគំនិតផលិតវីដេអូដើម្បីចូលរួម ព្រោះលោកបានដឹងពីកម្មវិធីនេះតាំងពីឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែត្រូវខកខានមិនបានចូលរួម ហើយត្រូវរង់ចាំអស់ រយៈពេលមួយឆ្នាំ ទើបមានឱកាសបានចូលរួម។
មូលហេតុដែលជំរុញចិត្តលោកឲ្យបង្កើតជាក្រុមចូលរួមប្រកួតគឺដោយសារការគូរជាជំនាញដែលលោកស្រឡាញ់ ទោះបីជាលោកមិនបានឆ្លងកាត់ការបណ្តុះបណ្តាលជាផ្លូវការពីវាក៏ដោយ។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា លោកជាអតីតនិស្សិតបរិញ្ញាបត្ររងមកពីវិទ្យាស្ថានស៊ីតិក (SETEC) ឯកទេសស្ថាបត្យកម្ម ។ លុះដល់ពេលលោកធ្វើការ លោកក៏បានទាក់ទងមិត្តរួមការងារពីរនាក់ទៀតដែលមានសមត្ថភាពផ្សេងៗគ្នាមកសហការគ្នាបង្កើតវីដេអូ «ថ្ងៃនេះសម្រាប់ថ្ងៃស្អែក» នេះតែម្តង តាមរយៈការរំលែកម៉ោងការងារខ្លះ និងការប្រជុំតាមអនឡាញ ទាំងមិនបានជួបគ្នាប្រជុំខាងក្រៅផ្ទាល់សូម្បីតែម្តងទាល់តែសោះ។ ទោះបីជាយ៉ាងណា ក្នុងមួយថ្ងៃលោកត្រូវចំណាយពេលបួនម៉ោងក្នុងការគូរ។ «ថ្ងៃនេះសម្រាប់ថ្ងៃស្អែក» ត្រូវបានធ្វើឡើងដោយសារតែក្រុមលោកមានទឹកចិត្តស្រឡាញ់ធម្មជាតិ ហើយចង់ផ្សព្វផ្សាយពីបញ្ហានេះទៅកាន់មហាជន។ សាច់រឿងនិយាយអំពីក្មេងស្រីជនបទម្នាក់ឈ្មោះ ភារី ដែលបានទៅមើលគោ ហើយទទួលរងឥទ្ធិពលអាកាសធាតុក្តៅហួតហែង។ នាងបានព្យាយាមដាំកូនឈើម្តងហើយម្តងទៀត ទោះបីមិនបានជោគជ័យលើកដំបូងក៏ដោយ។ នៅពេលមេឃភ្លៀង កូនឈើដែលនាងដាំបានរស់លូតលាស់ឡើង។ នាងថែមទាំងបានជួយណែនាំក្មេងៗក្នុងភូមិឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃដើមឈើនិងចូលរួមដាំទាងអស់គ្នា។ ជាលទ្ធផល ពួកគេទទួលបានភូមិដែលពោរពេញដោយបរិយាកាសធម្មជាតិគួរឲ្យចង់រស់នៅ។
គួរបញ្ជាក់ថា លក្ខន្តិកៈនៃការចូលរួមប្រកួតគំនូរជីវចលក្នុងកម្មវិធី Cambodia DigiCon6 ឆ្នាំ២០២០ នេះ គឺ វីដេអូត្រូវមានរយៈពេលមិនលើសពី៥នាទី ផលិតដោយក្រុមដែលមានសមាជិកវ័យក្រោម ៣០ឆ្នាំ មិនលើសពី៣នាក់ ហើយត្រូវបង្កប់សារអប់រំសង្គម។ គំនូរជីវចលចូលរួមត្រូវបានបែងចែកជា៣ប្រភេទ ក្នុងនោះរួមមាន ប្រភេទ 2D, 3D និង Stop Animation។ ដោយឡែក រឿងខាងលើស្ថិតក្នុងប្រភេទគំនូរជីវចល 2D។ រីឯគណៈកម្មការដាក់ពិន្ទុមានចំនួន៤រូប ដែលក្នុងនោះមានមួយរូបជាអ្នកជំនាញជនជាតិជប៉ុន។ លក្ខណៈពិសេសដែលជនជាតិជប៉ុនបានស្ញើចសរសើរចំពោះស្នាដៃក្រុមនេះ គឺ មានលក្ខណៈអត្តសញ្ញាណខ្មែរ និង គំនូរមានភាពទាក់ទាញនិងពណ៌ស្រស់ស្អាត។ “សម្រាប់ការទទួលបានជ័យលាភីមួយនេះ គឺខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងហើយក៏មិននឹកស្មានថាខ្ញុំអាចទទួលជ័យលាភីនេះនោះទេ។ ហើយក៏សូមផ្តាំផ្ញើដល់ប្អូនៗជំនាន់ក្រោយ បើស្រឡាញ់ផ្នែកនេះ សូមព្យាយាមរៀន មិនថានៅសាលា ឬរៀនដោយខ្លួនឯងនោះ ព្រោះខ្លួនខ្ញុំផ្ទាល់គឺរៀនតាមវីដេអូលើបណ្តាញInternet និង Youtube ដែរទេ ហើយជាពិសេសត្រូវតាមដាន Facebook Page Cambodia Digicon6 ដើម្បីទទួលពត៌មានផ្សេងអំពីគំនូរជីវចល ឬ ការប្រកួតនេះផងដែរ អរគុណច្រើន ជូនពរសំណាងល្អគ្រប់ៗគ្នា” លោក អ៊ុំ សិលាវិចិត្រ សហផលិតករបានលើកឡើង។
ក្រុមជ័យលាភីទទួលបានពានរង្វាន់ ប្រកាសនីយបត្រជ័យលាភី ប្រាក់រង្វាន់ចំនួន១លាន២សែនរៀល ប្រាក់ឧបត្ថម្ភចំនួន ៤០០,០០០រៀល ពីឯកឧត្តមរដ្ឋមន្រ្តី និង ប្រាក់ឧបត្ថម្ភចំនួន ៤០០,០០០រៀលទៀត ពីលោកជំទាវ។ ក្រៅពីក្រុមជ័យលាភីលេខ១ថ្នាក់ជាតិ ក៏នៅមានក្រុមជ័យលាភីកិត្តិយសផ្សេងទៀត គឺ ជ័យលាភីកិត្តិយសរូបភាព បានទៅលើក្រុមទេពរុក្ខៈ ជ័យលាភីកិត្តិយសផ្នែកគំនិត បានទៅលើក្រុម Manga Khmer ជ័យលាភីកិត្តិយសផ្នែកសាច់រឿង បានទៅលើក្រុម Long Kimheng និង ជ័យលាភីកិត្តិយសផ្នែកប្រជាប្រិយភាព បានទៅលើក្រុម KIDOZA៕
Article by SRINSOKMEAN