លទ្ធផលជាផ្លូវការនៃកម្មវិធីប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្លីក្រោមប្រធានបទសេរី ឆ្នាំ២០២០ ដែលបានចេញផ្សាយនិងមានការរៀបចំពិធីប្រគល់ពានរង្វាន់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីដើមឆ្នាំ២០២១កន្លងទៅថ្មីៗនេះ បានរំលេចឈ្មោះបេក្ខជន កែវ សេងរដ្ឋា ម្ចាស់ស្នាដៃអក្សរសិល្ប៍រឿង “ឧត្តមគតិ” ដែលជាប់ចំណាត់ថ្នាក់លេខ១។ តើបេក្ខជនជ័យលាភីលេខ១រូបនេះមានជីវប្រវត្តិនិងស្នាដៃបែបណាខ្លះមុននឹងឈានមកសម្រេចជោគជ័យផ្នែកអក្សរសិល្ប៍ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ?
យុវជន កែវ សេងរដ្ឋា អាយុ ៣០ឆ្នាំ បានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិមកពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០០៩ ។ បន្ទាប់មក លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រក្នុងឆ្នាំ ២០១៥ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅនិងប្រព័ន្ធរំលាយអាហារពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ន លោកមានពហុអាជីពជាវេជ្ជបណ្ឌិត គ្រូបង្រៀន និងជាអ្នកនិពន្ធ។ មុននឹងឈានមកដល់ការប្រឡងពានរង្វាន់មួយនេះ លោកបានឆ្លងកាត់បទពិសោធន៍ជាសមាជិកមួយរូបនៃសមាគមអ្នកនិពន្ធខ្មែរ។ ក្រៅពីនេះ លោកក៏ជាសមាជិកនៃក្លឹបអ្នកនិពន្ធខ្មែរប៉ាកកាមាសរបស់អ្នកគ្រូ ពាន់ ភួងបុប្ផា ដែលជាអ្នកនិពន្ធនិងផលិតករភាពយន្តជើងចាស់មួយរូបនៃប្រទេសកម្ពុជា និងជាអ្នកនិពន្ធសៀវភៅលើកទឹកចិត្ត រឿងខ្លី និងកំណាព្យផងដែរ។ បទពិសោធន៍ក្នុងការសរសេររបស់លោកនិងការដែលធ្លាប់ចូលរួមប្រកួតកន្លងមកអាចធ្វើឲ្យលោកដឹងថា លោកគួរយកសាច់រឿងបែបណាទៅដាក់ប្រកួតហើយគួរតែប្រើសិល្ប៍វិធីរបៀបណាក្នុងការសរសេរស្នាដៃនោះឲ្យមានវិសេសភាព។ តាមពិតទៅ រយៈពេលការសរសេរស្នាដៃប្រកួតមិនជាយូរប៉ុន្មានទេ ប៉ុន្តែបេក្ខជនរូបនេះបានចំណាយពេលជាងបីខែក្នុងការគិតពីគំនិតរឿងដែលត្រូវសរសេរនិងដំឡើងឆ្អឹងរឿង “ខ្ញុំចូលរួមប្រឡងពានរង្វាន់នេះ ព្រោះខ្ញុំចង់សាកល្បងសមត្ថភាពតែងនិពន្ធរបស់ខ្លួនឯង ចង់ដឹងថា សមត្ថភាពនិពន្ធរបស់ខ្ញុំស្ថិតនៅកម្រិតណា ហើយការប្រកួតប្រជែងនេះក៏ជាកត្តាជំរុញចិត្តយើងឱ្យខិតខំប្រឹងប្រែងសម្រិតសម្រាំងស្នាដៃឱ្យកាន់តែបានល្អជាងមុនបន្ថែមទៀតដែរ” លោកបានលើកឡើង។
តើលោកយល់ថាអ្វីខ្លះជាចំណុចខ្លាំងរបស់លោកដែលអាចឈានយកឈ្នះដៃគូប្រកួតប្រជែងក្នុងកម្មវិធីនេះប្រកបដោយជោគជ័យ? ឆ្លើយតបនឹងសំនួរខាងលើនេះ ម្ចាស់ពានរង្វាន់បានបកស្រាយថា “ខ្ញុំគិតថា បេក្ខជនម្នាក់ៗមានចំណុចខ្លាំងរៀងៗខ្លួន ប៉ុន្តែខ្ញុំអាចទទួលបានជ័យលាភីលេខមួយផ្នែកប្រលោមលោកពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ ២០២០ ប្រហែលដោយសារតែគំនិតរឿងរបស់ខ្ញុំមានទម្ងន់ បង្កប់ន័យអប់រំជាសកល មានភាពប្រាកដនិយម ឆ្លុះបញ្ចាំងពីបញ្ហាសង្គម និងមានវិសេសភាពដាច់ដោយឡែក” ។ នៅពេលទទួលជ័យលាភី លោកមានអារម្មណ៍រំភើបសប្បាយចិត្តណាស់ហើយមិននឹកស្មានថានឹងបានទទួលជ័យ លាភីនេះទេ។ អ្វីដែលលោកចង់និយាយទៅកាន់មនុស្សជុំវិញនៅពេលនេះគឺអរគុណទៅកាន់មនុស្សគ្រប់គ្នាដែលតែងតែគាំទ្រស្នាដៃរបស់លោកនាពេលកន្លងមក ដែលជាកត្តាជំរុញទឹកចិត្តរបស់លោកមិនឲ្យបោះបង់ការសរសេររហូតមកដល់ពេលនេះ ជាពិសេសគឺប៉ាម៉ាក់របស់លោកដែលពេញចិត្តនូវអ្វីដែលលោកកំពុងតែធ្វើក្នុងវិស័យតែងនិពន្ធនេះ។ ងាកមកស្នាដៃជ័យលាភីដែលលោកនិពន្ធវិញ វណ្ណកម្មប្រលោមលោករឿង“ឧត្តមគតិ” ជាប្រលោម លោកដែលនិយាយអំពីគូស្វាមីភរិយាមួយគូដែលមានស្មារតីស្រឡាញ់ការងារ មានមនសិការក្នុងវិជ្ជាជីវៈ ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ពួកគេបានជួបគ្នានៅឯជំរំជាយដែនខេត្តព្រះវិហារកាលពីឆ្នាំ ២០០៨ ដែលជម្លោះព្រំដែនខ្មែរថៃនៅតំបន់ជុំវិញប្រាសាទព្រះវិហារមានការផ្ទុះឡើង ដែលកាលនោះបុរសជាប្ដីជាទាហានការពារព្រំដែនទប់ទល់នឹងទាហានថៃហើយស្ត្រីជាភរិយាជាគ្រូពេទ្យស្ម័គ្រចិត្ត។ តម្លៃអប់រំរបស់រឿង គឺពលរដ្ឋគ្រប់រូបត្រូវមានមនសិការលើវិជ្ជាជីវៈរបស់ខ្លួន ធ្វើការបម្រើប្រជាជន មិនមែនបម្រើប្រយោជន៍បុគ្គលនោះទេ។
ក្រោយពីជាប់ជ័យលាភីនេះហើយ លោកមានបំណងនៅតែបន្តកិច្ចការតែងនិពន្ធនេះ បង្កើតស្នាដៃនិពន្ធថ្មីៗបន្ថែមទៀត ដើម្បីចូលរួមចំណែកអភិរក្សនិងអភិវឌ្ឍអក្សរសាស្ត្រនិងអក្សរសិល្ប៍ខ្មែរឲ្យបានគង់វង្ស និងរីកចម្រើនទៅមុខបន្តទៀត។ ដើម្បីជាសារចែករំលែកដល់សិក្ខាកាមជនជំនាន់ថ្មី លោកបានផ្តល់ដំបូន្មានថា ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងពានរង្វាន់អក្សរសិល្ប៍នានា ត្រូវពិនិត្យមើលលើលក្ខខណ្ឌនៃការប្រកួតរបស់កម្មវិធីនីមួយៗឲ្យបានច្បាស់។ បើគេតម្រូវឱ្យសរសេរតាមប្រធានបទដែលបានកំណត់ ត្រូវសរសេរដោយផ្ដោតលើប្រធានបទឲ្យចំ ហើយបើប្រធានបទសេរីវិញ គប្បីយកបញ្ហាថ្មីៗដែលបានកើតឡើងក្នុងសង្គមបច្ចុប្បន្ន។ ន័យអប់រំត្រូវតែសកលសម្រាប់មហាជនជាជាងសម្រាប់តែបុគ្គលមួយក្រុម។សាច់រឿងទៀតសោតត្រូវតែមានទម្ងន់ ហើយបទនិពន្ធត្រូវមានវិសេសភាពដែលអាចកំណត់បានភាពលេចធ្លោរបស់អ្នក និពន្ធ។ បន្ថែមពីនេះ ត្រូវពិនិត្យអក្ខរាវិរុទ្ធឲ្យបានដិតដល់ជាទីបំផុត ធ្វើយ៉ាងណាឲ្យមានកំហុសតិចតួចបំផុត ព្រោះបើក្នុងករណីស្នាដៃប្រកួតមានច្រើន ពិន្ទុអាចប្រកិតគ្នាខ្លាំង។ ដូច្នេះបើយើងមានកំហុសច្រើនជាងគេ យើងអាចប្រឈមនឹងបរាជ័យ។ ជាចុងក្រោយ លោកសូមជូនពរឲ្យបេក្ខជនប្រកួតទាំងអស់ទទួលបានជោគជ័យលើការប្រឡងពានរង្វាន់អក្សរសិល្ប៍នានា “បើលើកនេះ ជ័យលាភីមិនបានមកយើង យើងត្រូវប្រឹងសម្រាប់ឱកាសក្រោយទៀត” ។
Article by SRINSOKMEAN