ការគាំទ្រផលិតផលធ្វើដោយដៃកាន់តែមានទីផ្សារពីមួយថ្ងៃទៅមួយថ្ងៃដែលនេះជាកត្តាមួយបង្ហាញថាប្រជាជនខ្មែរងាកមកចាប់ផ្តើមផ្តល់តម្លៃទៅលើផលិតផលក្នុងស្រុកជាបន្តបន្ទាប់ បើទោះបីជាផលិតផលនោះមានតម្លៃខ្ពស់ក៏ដោយ។ ជាក់ស្តែង ផលិតផលថែរក្សាសុខភាពសម្រស់ ប្រភេទតែធម្មជាតិ ឬទៀនក្រអូប សុទ្ធតែជាប្រភេទដែលប្រជាជនខ្មែរនិយមប្រើប្រាស់ និងរៀបចំវេចខ្ចប់ធ្វើជាកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាតថែមទៀត។ ដោយឡែក តាមរយៈគណនីទំព័របណ្តាញសង្គមមួយឈ្មោះថា «ហត្ថានារី» ត្រូវបានគេសង្កេតឃើញថាមានការផ្សព្វផ្សាយយ៉ាងសកម្មពីអត្ថប្រយោជន៍ ក៏ដូចជាការគាំទ្រផលិតផលធម្មជាតិដែលជាសមិទ្ធផលប្រមួលបានពីកសិករក្នុងស្រុកស្ថិតនៅតាមតំបន់ដាច់ស្រយាល ឬតាមទីជនបទនានាជាដើម។
ជំនួបជាមួយនឹង កញ្ញា ភាព សុថុន នាមក្រៅ វ៉ាន់ចាន់ ជាអ្នកមានស្រុកកំណើតនៅក្នុងខេត្ត បន្ទាយមានជ័យ បានបញ្ចប់ការសិក្សាផ្នែកគីមីចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ជាស្ថាបនិកា «ហត្ថានារី» បានបង្ហើបពីគោលគំនិតចម្បងរបស់ខ្លួនក្នុងការបង្កើតអាជីវកម្មអនឡាញនេះ ក៏ព្រោះតែមានទំនាក់ទំនងនឹងបទពិសោធន៍នៃជីវិតដែលកញ្ញាត្រូវប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនឥតឈប់ឈរតាំងពីកុមារភាពមកម្ល៉េះ។ «ហត្ថានារី» ត្រូវបានបង្កើតនៅក្នុងខែមករា ឆ្នាំ២០១៩ និងបើកដំណើរការជាផ្លូវការនៅក្នុងខែមិថុនាដែលមានចក្ខុវិស័យ ក៏ដូចជាបេសសកម្មមួយចំនួនផ្តោតលើការគាំទ្រដំណាំរបស់អ្នកភូមិអាចរកប្រាក់កម្រៃមួយចំនួនតាមរយៈការបញ្ជារទិញរបស់ហត្ថានារីផ្ទាល់តែម្តង។ កញ្ញា វ៉ាន់ចាន់ បានបង្ហាញ សូវរីន យ៉ាងដូច្នេះថា «បច្ចុប្បន្នហត្ថានារីផ្តោតសំខាន់លើប្រភេទតែធម្មជាតិចំនួន៩ប្រភេទដូចជា៖ តែស្លឹកគ្រៃ តែស្លឹកគ្រៃលាយរំដេងស្លឹកក្រូច តែល្មៀត តែខ្ញី តែផ្កាអមតៈ តែផ្កាឡេវអាវ តែផ្កាម្ជូរព្រឹក តែព្នៅ និងតែស្លឹកតើយ មួយវិញទៀត ពួកយើងកំពុងសិក្សាលើប្រភេទតែចំនួន២០ប្រភេទបន្ថែមទៀតដែលអាចនឹងក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ»។ ជាការពិតណាស់ ការទទួលទាន «តែ» ពិតជាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព តួយ៉ាង ដូចជាប្រភេទតែស្លឹកគ្រៃលាយរំដេងស្លឹកក្រូច តែផ្កាអមតៈ តែខ្ញី និងតែម្ជូរព្រឹក ដែលមានមុខងារកាត់បន្ថយសម្ពាធឈាម បង្ការការកើតជំងឺទឹកនោមផ្អែម ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ និងផ្តល់វីតាមីន C ជួយល់ការរំលាយអាហារ កាត់បន្ថយបញ្ហារលាកសន្លាក់ បង្កើនប្រព័ន្ធភាពសុំា ក៏ដូចជាជួយចរន្តឈាមឲ្យរត់ស្រួល និងបង្ការពីជំងឺមហារីកមួយចំនួនថែមទៀត។ ថ្វីដ្បិតតែ ហត្ថានារី ផ្តោតសំខាន់ទៅលើប្រភេទតែធម្មជាតិក៏ពិតមែន ប៉ុន្តែនៅទីនេះក៏មានផលិតផលផ្សេងៗទៀតដូចជា៖ ក្រែមជំនួយដំណេក ទឹកឃ្មុំធម្មជាតិ ប្រភេទទៀនក្រអូប ឬសម្ភារប្រើប្រាស់សម្រាប់ធ្វើការវេចខ្ចប់ដែលពុំប៉ះពាល់ដល់បរិស្ថានផងដែរ។
ស្ថាបនិកា ហត្ថានារី កញ្ញា ភាព សុថុន នាមក្រៅ វ៉ាន់ចាន់ ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ហត្ថានារី នៅតែបន្តលើកទឹកចិត្តប្រជាជនខ្មែរគាំទ្រផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើន មួយវិញទៀត ហត្ថានារី ក៏សង្ឃឹមថាពួកយើងទាំងអស់គ្នានៅតែបន្តចូលរួមកាត់បន្ថយនៃការប្រើប្រាស់ប្លាស្ទិកឲ្យបានច្រើនជាងនេះបន្ថែមទៀតដែលវាជាចំណែកមួយធ្វើឲ្យបរិស្ថានកាន់តែមានសោភ័ណភាព និងមានភាពស្រស់បំព្រងផងដែរ»៕
Article by Pan Sivly
Image Courtesy: ភាព សុថុន