ហាងកាហ្វេ៤ទីតាំងដែលផ្តោតលើបរិស្ថានដ៏ស្រស់បំព្រងគួរជាទីមនោរម្យ
TRAVEL & LIVING 3 years agoឡឺទួលកាហ្វេ (Le Tuol Cafe): ជាហាងកាហ្វេមួយដែលកំពុងពេញនិយមខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ វាជាទីតាំងដ៏ពិសិដ្ឋប្រៀបបីដូចជារមណីយដ្ឋានលក្ខណៈគ្រួសារមួយកន្លែងដែលរះឡើងនៅជាយក្រុងភ្នំពេញ។ ហាងកាហ្វេនេះមានអាសយដ្ឋានស្ថិតនៅលើផ្លូវលេខ៤២ ភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ម្ចាស់ហាងមានគំនិតបង្កើតវាឡើងផ្តើមចេញពីការស្រឡាញ់ចូលចិត្តទទួលទានកាហ្វេ និង ស្រឡាញ់បរិស្ថានធម្មជាតិ គួបផ្សំនឹងគំនិត រៀបចំផែនការអាជីវកម្មលក្ខណៈគ្រួសារស្រាប់ផងនោះ។ ទីនេះមានបរិយាកាសស្រស់ស្រាយនៅលើផ្ទៃដីរាងជាអក្សរ L ទំហំ៣០០០ម៉ែត្រការ៉េ ហ៊ុមព័ទ្ធដោយរុក្ខជាតិដំណាំបែកមែកសាខាចោលម្លប់ត្រជាក់ និងមានខ្យល់អាកាសបរិសុទ្ធ។ ចំណុចពិសេសបំផុត គឺ ហាងនេះសង់ជារចនាបថផ្ទះឈើបុរាណខ្មែរដែលជាបង្គុំរវាងគ្រឿងទព្វសម្ភារ (គ្រឿងសំណង់)ចាស់ប្រមែប្រមូលយកពីតាមបណ្តាខេត្តនានា និងជញ្ជាំងធ្វើពីបង្អួចស្លាបព្រិលសុទ្ធសាធ ហៅថា«ផ្ទះបង្អួច១០០»។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវគ្រប់រូបមានឱកាសថតរូបកម្សាន្តជាមួយសម្ភារប្រើប្រាស់ពីអតីតកាល តួយ៉ាង ម៉ូតូស៊េរីចាស់ៗ ហិបបុរាណ ត្បាល់ក្តឿង ត្បាល់កិនស្រូវ និង អង្គុលីលេខ ជាដើម។ ក្រៅពីនេះ លោកអាចក៏អាចកុម្ម៉ង់ម្ហូបបែបខ្មែរ-អឺរ៉ុបរៀបចំតុបតែងកែច្នៃបែបខ្មែរ ជាច្រើនមុខ សមស្របនឹងបរិយាកាសបែបផ្ទះចម្ការនេះណាស់!
ខាប់ អ៊ែន ខាត កាហ្វេ (Cup & Cart Coffee): ជាហាងកាហ្វេថ្មីមួយកណ្តាលប្លុកបឹងកេងកង (BKK) ដែលមានទីតាំងតូចបន្តិច តែខ្លឹម! ហាងនេះមានអាសយដ្ឋានផ្ទះលេខ ២០ ផ្លូវលេខ ៣៣៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ជាប់សាលាមត្តេយ្យបឹងកេងកង។ នេះទំនងជាអាជីវកម្មហាងកាហ្វេតែមួយគត់ប្រចាំតំបន់ដែលមានគំនិតឌីហ្សាញបញ្ចូលគ្នារវាងរចនាបថរទេះកាហ្វេនិងហាងបែបក្លាសស៊ិកដែលមានបរិយាកាសល្អសម្រាប់ការថតរូបរបស់យុវវ័យទាន់សម័យ មិនមែនជាហាងបិទកញ្ចក់ជិតទាំងស្រុងនោះទេ។ ផ្នែកខាងក្នុងនៃហាងប៉ែកខាងក្រោយត្រូវបានតុបតែងលម្អដោយពណ៌បែបទឹកក្រូចៗ (Warm Colors) ចែងចាំង និង មានបំពាក់គ្រឿងតុបតែងបែបសិល្បៈពីជំនាន់មុន (Antique) ដូចជា ម៉ាស៊ីនចាក់ថាសចម្រៀង នាឡិកា និងទូរសព្ទលើតុ -ល- ដែលធ្វើឲ្យយើងមានអារម្មណ៍ដូចកំពុងអង្គុយផឹកកាហ្វេនៅក្នុងស្ទូឌីយ៉ូថតកុនសម័យ មុន។ បរិយាកាសបែបនេះស័ក្តិសមសម្រាប់ការថតរូប អង្គុយធ្វើការស្ងាត់ៗ និង អានសៀវភៅកម្សាន្ត។ អាហារដែលគួរសាកល្បងនៅទីនោះមានដូចជា សាឡាដសុខភាព ប្រភេទសាំងវិច និង នំប៉័ងក្រូសង់។ រីឯភេសជ្ជៈប្លែកប្រចាំហាងមាន កាហ្វេទឹកឃ្មុំទឹកកក Cup & Cart , គ្រីម&នំឃុកឃីក្រឡុកទឹកកក, តែក្រូចឆ្មារជប៉ុន (ក្តៅ), និង ភេសជ្ជៈកូនកាត់បីសាសន៍ (Tri-Hybrid Mojito)។ សម្រាប់អន្តរកាលកូវីដនេះ ហាងបើកពីម៉ោង ៧:៤០ នាទីព្រឹកដល់ម៉ោង ៦ ល្ងាច។
អ៊េនធីកកាហ្វេ (Antique Cafe): ជាហាងកាហ្វេតួចមួយដែលស្ថិតចំបេះដូងនៃរាជធានីភ្នំពេញតែម្តង ! ទីតាំងនេះជាទីតាំងដែលងាយស្រួលរកជាទីបំផុតដែលនរណាៗក៏ស្គាល់។ ហាង អ៊េនធីកកាហ្វេ នេះត្រូវបានបង្កើតឡើងដោយយុវតីខ្មែរឈ្មោះ វិន លីហ្សាបូរ៉ាមី ជាអតីតនិស្សិតបញ្ចប់ការសិក្សាពីប្រទេសអូស្រ្តាលី ដែលមានគំនិតជឿនលឿន សហការជាមួយមិត្តភក្តិដែលជាអ្នកឌីហ្សាញ បង្កើតទីកន្លែងមួយដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងឡាយអាចអង្គុយឈប់សម្រាកទទួលទានភេសជ្ជៈក្រោយពីនឿយហត់នឹងការដើរទស្សនាជុំវិញតំបន់វត្តភ្នំនេះដូចនៅឧទ្យានឯបរទេស។ ដូចនេះហើយ គំនិតនៃការរចនាម៉ូដហាងគឺផ្សារភ្ជាប់នឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្ត វត្តភ្នំ ជាក់ស្តែងតែ ម្តង។ លោកអ្នកអាចអង្គុយលម្ហែក្នុងពិភពធម្មជាតិដែលមានដើមឈើធំៗដូចបានសម្រាកទទួលទានអាហារពិកនិក កណ្តាលព្រៃភ្នំដូច្នោះដែរ។ វាស័ក្តិសមជាទីបំផុតសម្រាប់ក្រុមសិស្សនិស្សិតមកអង្គុយជជែកពិភាក្សាពីមេរៀន ឬ ជួបជុំគ្នាថ្ងៃចុងសប្តាហ៍នៅពេលមិនបានចេញទៅកម្សាន្តនៅតាមខេត្តឆ្ងាយៗ។ ម្ចាស់ហាងបានបង្ហើបថានៅពេលខាងមុខ ហាងមានគម្រោងពង្រីកកន្លែងអង្គុយខាងក្នុងបន្ថែមលើកន្លែងអង្គុយខាងក្រៅ១២តុ ដែលមានសព្វថ្ងៃ ដើម្បីជាជម្រើសមួយបែបទៀតសម្រាប់ភ្ញៀវ។ ភ្ញៀវដែលមកទីនេះច្បាស់ជាចង់ភ្លក់រសជាតិភេសជ្ជៈប្រចាំត្រកូលនៃហាងនេះ រួមមាន តែក្រូចឆ្មារទឹកឃ្មុំក្រឡុក, ភេសជ្ជៈតែ Dirty Chai (កាហ្វេលាយតែ) , វ៉ាយម៉ូកា (White Mocha), សូកូឡាស (White Chocolate) និង ម៉ូកាដែលផ្សំពីសូកូឡាលាយនឹងគ្រាប់ Hazelnut ពិសេសម្យ៉ាងមានប្រភពដើមពីប្រទេសអ៊ីតាលី (Mocha Nutella)។ ទឹកផ្លែឈើស្រស់ក៏ជាជម្រើសដ៏ប្រសើរសម្រាប់អ្នកមិនចេះពិសាកាហ្វេដែរ។
ប្លុក ១៧៨ (Block 178): ជាហាងកាហ្វេថ្មីសន្លាងទើបនឹងបើកមិនទាន់មានអ្នកស្គាល់ច្រើនប៉ុន្មាននៅឡើយទេ ប៉ុន្តែមានការរចនាហាងល្អមួយបែបដែលគួរឲ្យចង់ណែនាំទៅកាន់មិត្តភក្តិ ឬ ក្រុមគ្រួសារសម្រាប់ដំណើរកម្សាន្តជាយក្រុងលើកក្រោយ។ ហាងកាហ្វេនេះមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវខាងក្រោយផ្សារកៀនស្វាយផ្លាហ្សា កៀកនឹងរមណីយដ្ឋានកៀនស្វាយក្រៅ។ វាជាហាងកាហ្វេទំនើបមួយដែលស័ក្តិសមសម្រាប់លោកអ្នកពិចារណានៅពេលឆ្លងកាត់តំបន់នោះ។ ចំណុចដែលគួរជាទីទាក់ទាញសម្រាប់អតិថិជននោះគឺ បរិស្ថាន តែម្តង! ហាងនេះមានការរៀបចំឌីហ្សាញជាកន្លែងអង្គុយទាំងខាងក្នុង និង ខាងក្រៅ។ ផ្នែកខាងក្រៅ មានកន្លែងអង្គុយអមដោយរុក្ខជាតិពណ៌បៃតងមួយចំនួនដែលទើបនឹងដាំ មានកន្លែងអង្គុយដាច់ៗពីគ្នា គ្របដោយម្លប់វល្លិយ៉ាងស្រស់ស្អាតទាក់ភ្នែក ហើយជាពិសេសនោះគឺភ្ញៀវដែលធ្លាប់មកបានសរសើរថា ជាហាងកាហ្វេដែលមានអនាម័យខ្ពស់ (គ្មានសំរាមនៅលើដី)។ Wifi ក៏ជាចំណុចពិសេសទាក់ទាញក្រុមយុវវ័យឲ្យមកអង្គុយលេង ទទួលទានអាហារនិងភេសជ្ជៈ និង ថតរូបបង្ហោះលើបណ្តាញសង្គម ព្រោះមានប្លង់ដែលពួកគេអាចដើរថតរូបបាន។ ភេសជ្ជៈប្រចាំហាងគឺ កែច្នៃរសជាតិកាហ្វេទឹកដោះគោបែបខ្មែរទៅជារសជាតិអត្តសញ្ញាណកាហ្វេថ្មីមួយបែបតាមរយៈការលាយបញ្ចូលរវាងប្រភេទទឹកដោះគោផ្សេងជាមួយនឹងកាហ្វេ Espresso និងគ្រាប់កាហ្វេលីងរូបមន្តផ្ទាល់ខ្លួនមួយមុខទៀត។ រីឯអាហារដែលភ្ញៀវជាច្រើននិយមកុម្ម៉ង់គឺ មីឆាបែបហុងកុង (Hong Kong Style Chow-Mien)៕
Article by SRINSOKMEAN