បានីយដ្ឋានដែលមានឈ្មោះថា Just Lounge & Hidden Bar (ចាស់ត៍ឡោញ អ៊េន ហ៊ិដឌិនបារ) ជាបារសម្រាប់ភ្ញៀវទទួលទានអាហារនិងភេសជ្ជៈ ដ៏តូចច្រឡឹងពោរពេញដោយបរិយាកាសរ៉ូមេនទិកមួយកន្លែងបង្កប់ខ្លួនកណ្តាលក្រុងភ្នំពេញ នៅម្តុំប្លុកទួលទំពូង។ បានីយដ្ឋាន ឬឡោញ នេះមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៨០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជិតសាលាភាសាអង់គ្លេស ACE សាខាទួលទំពូង។ ហាងនេះទើបនឹងត្រូវបានបើកសាកល្បងកាលពីខែកក្កដា កន្លងទៅថ្មីៗនេះទេ ប៉ុន្តែទទួលបាននូវការចាប់អារម្មណ៍ជាបន្តបន្ទាប់ពីសំណាក់ភ្ញៀវថ្មីៗជាពិសេសមិត្តយុវវ័យដែលចង់ស្វែងរកអ្វីដែលថ្មីប្លែក ឬរសនិយមបែបបរទេស។
និយាយឲ្យចំទៅ បានីយដ្ឋាននេះស្ថិតក្នុងប្រភេទ Hidden Bar ឬ Speakeasy Bar ដែលមានឥទ្ធិពលពីបរទេសហើយបារប្រភេទនេះគឺមានប្រវត្តិតាំងពីទសវត្សរ៍ឆ្នាំ១៩២០ម្ល៉េះនៅសហរដ្ឋអាមេរិក។ សព្វថ្ងៃ Hidden Bar ដ៏ល្បីបែបបរទេសនេះបានបង្ហាញវត្តមានក្នុងរូបរាង និងបរិបទបែបថ្មីដោយស្នាដៃច្នៃប្រតិដ្ឋរបស់កូនខ្មែរមួយក្រុម ពោលគឺលាយបញ្ចូលគ្នារវាងបរិបទបីសាសន៍ ប្រភេទបារបែបបស្ចិមប្រទេស តុបតែងលម្អស្ថាបត្យកម្មបែបជនជាតិចិន ប៉ុន្តែកែសម្រួលឲ្យត្រូវតាមបរិបទកូវីដ១៩នៃសង្គមខ្មែរយើងបច្ចុប្បន្ន ពោលគឺ ជាបារប៉ុន្តែមិនទាន់មានបម្រើជូនភ្ញៀវនួវគ្រឿងសុរានោះទេ។ ផ្ទុយទៅវិញ នៅពេលនេះ ភ្ញៀវអាចមកទីនេះដើម្បីរំសាយអារម្មណ៍ ទទួលទានអាហាររសជាតិបែបចិន និងស្តាប់តូរ្យតន្រ្តីស្រាលស្រទន់ ក្នុងបរិយាកាសបែបលន្លង់លន្លោច ស្ងប់ស្ងាត់ ជំនួយសុខភាពផ្លូវចិត្តឲ្យកាន់តែល្អប្រសើរឡើងវិញ។
«ពួកយើងនាំមកនូវបរិយាកាសជាបន្សំរវាងប្រវត្តិសាស្រ្តចិនលាយបញ្ចូលគ្នាឲ្យក្លាយជាទស្សនទាននៃការបង្កើតហាងនៅទីនេះ ក្នុងនោះរួមមានជាអាទិ៍ រចនាបថយុគទំនើបរបស់ចិន (Modern Time) បែប Old Shanghai» ម្ចាស់ហាងបានពន្យល់។ ម្ចាស់ហាងបានឲ្យដឹងទៀតថា ចំពោះផ្នែកម្ហូបអាហារនិងភេសជ្ជៈ នៅទីនេះ ភេសជ្ជៈប្រចាំត្រកូលគឺ «ស្រាឪទិន» ដែលត្រូវបានបែងចែកជាបីប្រភេទរសជាតិ គឺ ស្រា Peach Wine (កម្រិតស្រីស្អាត) ស្រា Green Plum wine (កម្រិតប្រុសស្មោះ) និង ស្រា Mulberry wine (កម្រិតបាត់ស្រមោល)។ «អាហារហាងយើងមានលក្ខណៈសាមញ្ញ ប៉ុន្តែយើងផ្តោតទៅលើរសជាតិពិសេសប្លែកដែលពិបាករកនៅតាមបណ្តាហាងផ្សេងៗទៀត» លោកបានបញ្ជាក់។
ពាក្យស្លោកបញ្ជាក់លក្ខណៈពិសេសរបស់ហាង Just Lounge & Hidden Bar នេះ គឺ «Hidden bar, Private feeling and Unique experience» មានន័យថា «បារលាក់ខ្លួន អារម្មណ៍បែបឯកជន និងបទពិសោធន៍ប្លែកពីគេ»។ សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន ហាងខាងលើបើកលក់ម្ហូបធម្មតា ដោយគ្មានគ្រឿងស្រវឹង ចាប់បើកពីម៉ោង ៦ ល្ងាច រហូតដល់ម៉ោង ១២ រំលងអធ្រាត្រ។ ពេលលោកអ្នកអញ្ជើញទៅដល់ សូមមេត្តាកុំភ្លេចពាក់ម៉ាស វាស់កម្តៅ និងរក្សាគម្លាតផ្ទាល់ខ្លួនផងណា! ញ៉ាំបណ្តើរ ស្តាប់ភ្លេងបណ្តើរ អង្គុយរកនឹកតែងកំណាព្យបណ្តើរ មួយជីវិតមានប៉ុន្មានដង?
Article by SRIN SOKMEAN
3