ផលិតផលធ្វើពីទ្រាំង អត្តសញ្ញាណសិប្បកម្មថ្មីរបស់អតីតដែនដីខេត្តម្លូព្រៃ
TRAVEL & LIVING 3 years agoស្រុកឆែប ជាស្រុកមួយដែលបច្ចុប្បន្នស្ថិតក្នុងភូមិសាស្រ្តរដ្ឋបាលរបស់ខេត្តព្រះវិហារដែលទឹកដីនេះ ពីដើមឡើយត្រូវបានអ្នកសិក្សាប្រវត្តិសាស្រ្តស្គាល់ថាជាស្ថានីយ៍បុរេប្រវត្តិម្លូព្រៃ ឬអតីតខេត្តម្លូព្រៃក្នុងសម័យអាណានិគម បារាំង។ ទឹកដីនេះត្រូវបានប្រវត្តិវិទូជាតិនិងអន្តរជាតិរកឃើញថាជាកន្លែងផលិតដែកខ្មែរបុរាណ ប៉ុន្តែសព្វថ្ងៃនេះប្រជាជនសហគមន៍ក្នុងឃុំសង្កែមួយ និងឃុំសង្កែពីរ នៃស្រុកឆែបនេះបានបង្កើតប្រវត្តិសាស្រ្តថ្មីគឺ ផលិតផលកែច្នៃពីរុក្ខជាតិទ្រាំងក្នុងទ្រង់ទ្រាយជាសិប្បកម្មបែបសហគមន៍ដែលមិនធ្លាប់មានសោះពីមុនមក។
លោក ម៉េន សុខហេង បុគ្គលិកអង្គការ NTFP-EP (Non-Timber Forest Products - Exchange Programme) ដែលជាអង្គការអន្តរជាតិចុះមកបណ្តុះបណ្តាលសហគមន៍ឆែប បានផ្តល់បទសម្ភាសន៍តាមទូរសព្ទប្រាប់សូវរីនថា អង្គការនេះមានទីស្នាក់ការធំនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយពួកគេបានចុះមកសិក្សាពីសក្តានុពលដើមទ្រាំងនៅក្នុងខេត្តព្រះវិហារនេះកាលពីឆ្នាំ២០១៧ ហើយបានចាប់ផ្តើមអនុវត្តគម្រោងផលិតចង្កឹះទ្រាំងក្នុងឆ្នាំ២០១៨ ដោយ សារតំបន់នេះសម្បូររុក្ខជាតិទ្រាំងដុះតាមតំបន់ព្រៃភ្នំ ហើយប្រជាជនក៏មានប្រពៃណីបិតចង្កឹះទ្រាំងប្រើជាលក្ខណៈគ្រួសារតពីដូនតាយ៉ាងប៉ិនប្រសប់រហូតមកដល់សព្វថ្ងៃ។ ដោយសារសម្លឹងឃើញសក្តានុពលអភិវឌ្ឍន៍បែបនេះ ហើយទើបអង្គការបានប្រមែប្រមូលប្រជាសហគមន៍ឲ្យមកទទួលការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមដើម្បីកែច្នៃឲ្យផលិត ផលឲ្យកាន់តែសម្បូរបែបនិងមានលក្ខណៈគុណភាពស្តង់ដារបម្រើតម្រូវការទីផ្សារបច្ចុប្បន្ន និងក្នុងគោលបំណងដើម្បីទប់ស្កាត់សកម្មភាពកាប់ធាងទ្រាំងបែបអនាធិបតេយ្យយកទៅលក់ឲ្យប្រទេសជិតខាង។
គិតមកដល់សព្វថ្ងៃ ក្រុមកែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែបមានសមាជិកផលិតរហូតដល់ ៤៥នាក់ ដែលមកពីភូមិចំនួនប្រាំនៃស្រុកឆែប រួមមាន ភូមិសង្កែ និង ភូមិស្រអែម នៃឃុំសង្កែមួយ និង ភូមិឆែបលិច ភូមិឆែបកើត និង ភូមិក្រសាំងនៃឃុំសង្កែពីរ។ ផលិតផលស្នូលគឺចង្កឹះទ្រាំង ដែលពួកគាត់អាចផលិតបានចំនួន៥០ដុំក្នុងមួយក្រុមក្នុង រយៈពេលមួយសប្តាហ៍ (អ្នកផលិតទាំងអស់មាន១០ក្រុម ហើយមន្រ្តីសហគមន៍ម្នាក់គ្រប់គ្រងសាមជិក៥ក្រុម)។ តាមការអះអាងរបស់មន្រ្តីជំនាញ ចង្កឹះទ្រាំងមានលក្ខណៈពិសេសខុសពីចង្កឹះធ្វើពីរុក្ខជាតិដទៃត្រង់ថា វាមិនជ្រាបទឹក គុណភាពល្អមាំប្រើបានយូរមិនឆាប់ពុកផុយ មានពណ៌ស្រស់ស្អាត និង បិតដោយស្នាដៃប្រជាសហគមន៍ផ្ទាល់ពិតៗ។ ក្រៅពីផលិតផលចង្កឹះដែលជាផលិតផលប្រពៃណីស្ថិតក្នុងស្តង់ដារគុណភាពថ្មីរបស់អង្គការខាងលើ សហគមន៍នេះក៏មានផលិតផលិតផលផ្សេងៗទៀតរួមមាន វែកឆា វែកបាយ វែកកូរបាយ សម ស្លាបព្រា ឈើច្រត់ និង ដាវ ដែលសុទ្ធសឹងតែកែច្នៃចេញពីទ្រាំងសុទ្ធសាធ។
ចំពោះទីផ្សារលក់ សព្វថ្ងៃក្រុមសហគមន៍មានស្តង់តាំងលក់ផលិតផលមួយកន្លែង ស្ថិតក្នុងភូមិសង្កែ ឃុំសង្កែមួយ តាមបណ្តោយផ្លូវជាតិលេខ៦៤ (ផ្លូវព្រះវិហារ-ស្ទឹងត្រែង) ចន្លោះក្រុងត្បែងមានជ័យ (ទីរួមខេត្ត) និង ទីរួមស្រុក ឆែប និងមានតំណាងចែកចាយលក់នៅរាជធានីភ្នំពេញ នៅហាង Nature Wild ម្តុំផ្សារដើមថ្កូវ។ កន្លងមក ផលិតផលទាំងនេះធ្លាប់មានអ្នកបញ្ជាទិញទៅដល់ភ្នំពេញ សៀមរាប ក្រចេះ និង ខេត្តព្រះសីហនុ ក្នុងតម្លៃបោះដុំ ៦៥០០រៀល/ មួយដុំ (ចាប់ពី២០ដុំឡើងទៅ) និងតម្លៃលក់រាយ ១០០០០រៀល/ មួយដុំ (១ដុំមានចង្កឹះ១០គូ)។ គួរសម្គាល់ថា ចង្កឹះទ្រាំងមានពីរប្រភេទសម្រាប់ជ្រើសរើស គឺ ចង្កឹះមូល និង ចង្កឹះជ្រុង ដែលមានខ្នាតស្តង់ដារ ២៦ សង់ទីម៉ែត្រដូចគ្នា។
សិប្បកម្មផលិតផលិតផលទ្រាំងទ្រង់ទ្រាយសហគមន៍នេះពិតជាផ្តល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់ ប្រជាជនក្នុងតំបន់នេះបើតាមការពន្យល់របស់មន្រ្តីសហគមន៍ ពីព្រោះបើធៀបនឹងរបរធ្វើស្រែចំការ ការកែច្នៃផលិត ផលទ្រាំងផ្តល់ប្រាក់ចំណូលបានច្រើនជាង និងមានភាពងាយស្រួលជាង។ ជាក់ស្តែង ប្រជាជនធ្វើស្រែបានតែមួយ រដូវទេក្នុងមួយឆ្នាំនៅក្នុងតំបន់សហគមន៍នេះដែលអាចផ្តល់ប្រាក់ចំណូលបានប្រមាណ២-៤លានរៀល ប៉ុន្តែពួកគាត់អាចរកចំណូលបាន២-៣លានរៀលក្នុងមួយខែពីការកែច្នៃទ្រាំង។ ទោះបីជាយ៉ាងណា មានប្រជាជនខ្លះចាត់ទុកការងារនេះជាការងារបន្ទាប់បន្សំនៅពេលទំនេរ ហើយក៏មានប្រជាជនខ្លះចាត់ទុកវាជារបរស្នូលរបស់ពួកគាត់ដែរ។
លោក ម៉េន សុខហេង បានសង្កត់ធ្ងន់ថា សព្វថ្ងៃ ការប្រមូលផលទ្រាំងក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមធំមួយផងដែរ គឺបណ្តាលមកពីសកម្មភាពកាប់រានដីធ្លីដែលធ្វើឲ្យដើមទ្រាំងបាត់បង់ និងការដើរប្រមូលទិញបណ្តូលទ្រាំងពីសំណាក់ឈ្មួញយកទៅលក់នៅខាងក្រៅដោយមិនគិតពីនិរន្តរភាពនៃធនធានទ្រាំង។ ដោយឡែក ការប្រមូលផលទ្រាំងរបស់សហគមន៍ដែលទទួលការបណ្តុះបណ្តាលពីអង្គការ NTFP-EP ជាការប្រមូលផលតែចំពោះទ្រាំងគ្រប់អាយុ តាមរយៈបច្ចេកទេសដកហូតប្រកបដោយនិរន្តរភាពត្រឹមត្រូវ។ សម្រាប់ទៅថ្ងៃអនាគត អង្គការមានគម្រោងពង្រឹងការអភិរក្សធនធានទ្រាំងក្នុងតំបន់ ជជែកពិភាក្សាជាមួយសហគមន៍និងមន្រ្តីអជ្ញាធរពាក់ព័ន្ធ ដាំកូនទ្រាំងឡើងវិញ ស្វែងរកបច្ចេកវិទ្យាថ្មីសម្រួលដល់សង្វាក់ផលិតកម្ម និង ពង្រីកទីផ្សារឲ្យបានទូទាំងប្រទេសនិងទៅក្រៅប្រទេស។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់គាំទ្រជាវផលិតផលខាងលើ សូមទាក់ទងទៅកាន់ លោក មាស ហឿ ប្រធានក្រុមកែច្នៃទ្រាំងនៅភូមិសង្កែ តាមរយៈលេខទូរសព្ទ ០៩៧ ២៧ ៩៧ ២៩៣៕
Article by SRIN SOKMEAN
Image Courtesy: NTFP-EP