×

អត្ថន័យ​ដ៏​សំខាន់​នៃ​ហ្វេ​ហ្សិ​ន​ដែល​ផ្តល់​នូវ​និរន្តរភាព​បរិស្ថាន​

FASHION & BEAUTY 3 years ago
 
 

           ពាក្យ​ថា​ ​Sustain​able​ ​Fashion​ ​ជា​ភាសា​បច្ចេកទេស​ដ៏​សំខាន់​មួយ​ដែល​អ្នកធ្វើការ​នៅ​ក្នុង​វិ​ស័​យ​ហ្វេ​ហ្សិ​ន​ ​ឬ​ វិ​ស័​យ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ភាគច្រើន​បាន​ស្គាល់​រួចមក​ហើយ​ ​ពីព្រោះ​ពាក្យ​នេះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​គេហទំព័រ​ជាច្រើន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​រ​ណេ​ត​ក្នុង​ពេល​បច្ចុប្បន្ននេះ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​ក៏​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធសឹងតែ​បាន​យល់ច្បាស់​នូវ​អត្ថន័យ​នៃ​ពាក្យ​នេះ​ ​ព្រមទាំង​គុណសម្បត្តិ​របស់​វា​ទាំងអស់​នៅឡើយ​ទេ​។​

          ​​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​បរទេស​ឈ្មោះ​ ​Conscious​ ​Life​ & ​Style​ ​ហ្វេ​ហ្សិ​ន​ដែល​ផ្តល់​នូវ​និរន្តរភាព​បរិស្ថាន​ (​Sustain​able​ ​Fashion​) ​សំដៅ​ទៅលើ​ ​វាយនភណ្ឌ​ ​ឬ​ ​គ្រឿង​តុបតែង​កាយ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ឆ្លងកាត់​បច្ចេកទេស​ឬ​វិធី​សា​ស្រ្ត​ដែល​មាន​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម​និង​ប្រព័ន្ធ​ជីវៈ​ចម្រុះ​(​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី)​។​ ​ការប្រើប្រាស់​ហ្វេ​ហ្សិ​ន​ខាងលើ​នេះ​មិន​សំដៅ​ត្រឹមតែ​ការ​ផលិត​ ​ឬ​ ​ទិញ​ផលិតផល​ថ្មីៗ​ ​នោះ​ទេ​ ​ដែល​ខុសប្លែក​ពី​អ្វី​ដែល​អ្នកជំនាញ​ម៉ា​ឃី​ត​ធីង​សព្វថ្ងៃ​ធ្វើ​យុទ្ធនាការ​អូសទាញ​យើង​ឲ្យ​ទិញ​ផលិតផល​ណាមួយ​ដែលគេ​អះអាង​ថា​ជា​ប្រភេទ​ ​Sustain​able​ ​Fashion​។​ ​តាមពិត​ទៅ​ ​យើង​អាច​ដើរ​ទិញ​អី​វាន់​តាមរបៀប​ដែល​អាច​ជួយ​ដល់​និរន្តរភាព​បរិស្ថាន​បាន​ ​ប៉ុន្តែ​មិន​ចាំបាច់​ទិញ​របស់​ថ្មី​គ្រប់បែបយ៉ាង​ទើបបាន​ហៅថា​ “​ហ្វេ​ហ្សិ​ន​ដែល​ផ្តល់​នូវ​និរន្តរភាព​បរិស្ថាន​” ​នោះ​ទេ​។​ ​ជាក់ស្តែង​ ​យើង​អាច​ពាក់​អ្វី​ដែល​យើង​មានស្រាប់​ ​ទិញ​ផលិតផល​ស​ម្លៀ​ក​បំពាក់​ជជុះ​ ​និង​ ​ខ្ចី​ស​ម្លៀ​ក​បំពាក់​ពី​មិត្តភក្តិ​ ​ដែល​ទាំងនេះ​ក៏​ជា​សកម្មភាព​ផ្សេងទៀត​ដែល​គាំទ្រ​ដល់​ចលនា​ហ្វេ​ហ្សិ​ន​ជួយ​ដល់​និរន្តរភាព​បរិស្ថាន​។​

          ​ហេតុអ្វីបានជា​គេ​ចាត់ទុកថា​ហ្វេ​ហ្សិ​ន​ប្រភេទ​នេះ​មាន​សារៈសំខាន់​? វិ​ស័យ​ហ្វេ​ហ្សិ​ន​បាន​និង​កំពុង​បង្ក​ផលវិបាក​ប៉ះពាល់​ដល់​សង្គម​ ​និង​ ​បរិស្ថាន​ ​អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ​។​ ​ខណៈ​ដែល​ឧស្សាហកម្ម​ស​ម្លៀ​ក​បំពាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​រួមចំណែក​ប្រមាណ​ ​៨​-​១​០​% ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កា​បូ​និ​ច​នៅ​លើ​ពិភពលោក​ ​ការស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​កែ​លម្អ​ហ្វេ​ហ្សិ​ន​មានលទ្ធភាព​អាច​ជួយ​ផ្លាស់ប្តូរ​លុបបំបាត់​ការ​បញ្ចេញ​សារធាតុ​កា​បូ​ន​ទៅ​ក្នុង​បរិយាកាស​និង​ឈាន​ទៅ​សម្រេច​គោលដៅ​ជួយការ​ពារ​អាកាសធាតុ​ពិភពលោក​ដែល​មនុស្ស​ទូទាំង​ពិភពលោក​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​។​ ​ជាទូទៅ​ ​គេ​តែងតែ​សួរ​ថា​ ​ហេតុអ្វីបានជា​ផលិតផល​ប្រភេទ​ ​Sustain​able​ ​Fashion​ ​មាន​តម្លៃ​ថ្លៃ​ម្ល៉េះ​? ​ប៉ុន្តែ​តាមការពិត​ ​ផ្ទុយទៅវិញ​ ​វា​អាច​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​បាន​ថែមទៀត​ផង​ ​ពីព្រោះ​ ​ទ្រឹស្តី​បាន​កំណត់​ថា​ ​ជម្រើស​ណា​ដែល​ធូរ​ថ្លៃ​ជាងគេ​ ​ជម្រើស​នោះ​ជា​ជម្រើស​ដែល​មាន​និរន្តរភាព​ជាងគេ​។​ ​តាមរយៈ​នេះ​ ​យើង​អាច​សន្សំសំចៃ​ដោយ​ប្រើប្រាស់​ឡើងវិញ​នូវ​ធនធាន​ដែល​យើង​មានស្រាប់​ ​ជាពិសេស​ខោអាវ​ចាស់ៗ​នៅ​ក្នុង​ទូរ​របស់​លោកអ្នក​។​ ​គេហទំព័រ​ដដែល​ក៏បាន​បង្ហាញ​ឲ្យដឹង​ថា​ ​លោកអ្នក​អាច​ជួយ​បរិស្ថាន​តាមរយៈ​ការខ្ចី​ ​ឬ​ ​ផ្លាស់ប្តូរ​ស​ម្លៀ​ក​បំពាក់​រវាង​គ្នា​ទៅវិញទៅមក​ក្នុង​ករណី​ចាំបាច់​ម្តងម្កាល​ណាមួយ​ ​ឬ​ ​ស្វែងរក​ស​ម្លៀ​ក​បំពាក់​នៅ​ហាង​ជជុះ​ ​ឬ​ ​ពី​វេ​ប​សាយ​លក់​ផលិតផល​ជជុះ​ ​ឬ​ ​ពិចារណា​ទៅលើ​វិធី​សា​ស្រ្ត​ផ្សេងទៀត​ ​តួយ៉ាង​ ​កា​រជួល​ស​ម្លៀ​ក​បំពាក់​ទៅ​ចូលរួម​កម្មវិធី​ ​ជាដើម​ (​ប៉ុន្តែ​វា​អាច​មិនមែន​ជា​ជម្រើស​ដែល​ពេញ​និយម​បំផុត​នោះ​ទេ​ ​ដោយសារតែ​វា​ផ្តល់​នូវ​ផល​ប៉ះពាល់​ពី​ការ​​​ដឹកជញ្ជូន​ ​និង​ ​ការ​បោក​គក់​ស​ម្អា​ត​។​ល​។​) ​។​

          ​​ចុះបើ​ករណី​យើង​ចង់​ទិញ​ស​ម្លៀ​ក​បំពាក់​ថ្មីៗ​? ​ជាទូទៅ​ ​នៅ​លើស​ម្លៀ​ក​បំពាក់​ ​អ្នក​នឹង​ឃើញ​មាន​ស្លាក​សម្គាល់​ថា​ “​Conscious​”, “​E​co​” ​ឬ​ “ ​Sustain​able​” ​ដែល​សំដៅ​ដល់​ ​អត្ថប្រយោជន៍​របស់​វា​ចំពោះ​ផ្នែក​បរិស្ថាន​។​ ​ប៉ុន្តែ​សូម​ចងចាំ​ថា​ ​ពាក្យ​ទាំងនោះ​អាច​នឹង​ក្លែងក្លាយ​ ​ដោយ​មូលហេតុ​ថា​ ​វា​មិន​ត្រូវ​បាន​កំណត់​ចេញពី​ភាគី​ទីបី​ណាមួយ​ឡើយ​ ​ពោល​គឺ​ ​អ្នក​ផលិត​ជា​អ្នក​សរសេរ​ដោយខ្លួនឯង​ទៅលើ​ផលិតផល​របស់​ខ្លួន​។​ ​ដូចនេះ​ ​ស្លាក​សញ្ញា​សម្គាល់​តែមួយមុខ​មិន​គ្រប់គ្រាន់​សម្រាប់​ការកំណត់​អត្តសញ្ញាណ​ផលិតផល​ប្រភេទ​ខាងលើ​នេះ​ទេ​។​ ​លោកអ្នក​ត្រូវ​ពិនិត្យ​ទៅលើ​ចំណុច​ជាច្រើន​ទៀត​ ​ក្នុង​នោះ​រួម​មាន​ ​ការ​ស្គាល់​អត្តសញ្ញាណ​វត្ថុធាតុដើម​ (​ឧ​ទា​: ​កប្បាស​បែប​សរីរាង្គ​, ​ក្រណាត់​ ​Linen​ ​ឬ​ ​Hemp​, ​ក្រណាត់​កែច្នៃ​ពី​សំណល់​ប្លាស្ទិក​) ​ការប្រើប្រាស់​ល័ក្ត​ធម្មជាតិ​ ​ឬ​ ​ប្រភេទ​ល័ក្ត​ ​Fiber​-r​e​active​ ​ដែល​បង្ក​ផល​ប៉ះពាល់​តិចតួច​ ​ការប្រើប្រាស់​ធនធាន​ប្រកបដោយ​ទំនួល​ខុសត្រូវ​ (​ឧ​ទា​: ​រោងចក្រ​ដែល​ប្រើ​ថាមពល​អាច​ប្រើប្រាស់​ឡើងវិញ​បាន​ ​ដូចជា​ ​ថាមពល​ខ្យល់​ ​ឬ​ ​វា​រី​អគ្គិសនី​) ​ស្តង់​ដារ​ពលកម្ម​ប្រកបដោយ​ក្រម​សីលធម៌​ (​គិតគូរ​ពី​ធនធាន​ពលកម្ម​) ​និង​ ​ការកំណត់​គុណ​តម្លៃ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ (​ឧ​ទា​: ​គាំទ្រ​យីហោ​ដែល​ជួយ​បរិច្ចាគ​ដល់​សកម្មភាព​អភិ​រក្ស​បរិស្ថាន​)​។​

          ​ទន្ទឹម​នឹង​នេះ​ ​លោកអ្នក​គប្បី​ជ្រើសរើស​ផលិតផល​ណា​ដែល​ត្រូវគ្នា​នឹង​គុណ​តម្លៃ​ណាមួយ​ដែល​លោកអ្នក​ចង់បាន​បំផុត​ ​ដូចជា​ថា​តើ​វា​ជា​ផលិតផល​ធ្វើ​ក្នុងស្រុក​ពិតមែន​ឬទេ​? ​ប្រើ​វត្ថុធាតុដើម​កែច្នៃ​ឡើងវិញ​មែនឬទេ​? ​សង្វាក់​ផលិតកម្ម​មិន​ប្រើ​ជាតិគីមី​បំពុល​បរិស្ថាន​មែនឬទេ​? ​ជាពិសេស​ ​សូម​កុំ​រំពឹង​ទុក​នូវ​ភាព​ល្អឥតខ្ចោះ​ពី​ផលិតផល​បែប​និរន្តរភាព​បរិស្ថាន​! ​ផលិតផល​បែប​នេះ​អាច​ជា​ផលិតផល​សហគមន៍​ធ្វើ​ដោយដៃ​ដែល​អាច​មិន​ល្អឥតខ្ចោះ​ដូច​បោះពុម្ព​នៅ​ក្នុង​រោងចក្រ​ឧស្សាហកម្ម​ធំ​ៗ​នោះ​ទេ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS