×

ហេតុអ្វី​ខ្មែរយើង​និយម​ហៅ​ខេត្ត​ព្រះ​សី​ហ​នុ​ថា​កំពង់សោម​ដល់​សព្វថ្ងៃ​?

TRAVEL & LIVING 3 years ago
 
 

          ទោះបីជា​មាន​កំណែ​ទម្រង់​ឈ្មោះ​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ​ដែល​ជា​ខេត្ត​ភូមិភាគ​និរតី​មួយ​ក្នុងចំណោម​ខេត្ត​ទាំងបួន​នៃ​តំបន់​មាត់សមុទ្រ​ប្រទេស​កម្ពុជា​ជាច្រើន​ដង​មក​ហើយក៏​ដោយ​ ​ក៏​ខេត្ត​នេះ​នៅតែ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី​ទូទាំង​ប្រទេស​និយម​ហៅ​ទូទៅ​ថា​ “​កំពង់សោម​” ​ជាប់​ជាដរាប​តរៀងមក​ឥត​ប្រែប្រួល​ឡើយ​។​ ​ហេតុអ្វីបានជា​យើង​នាំគ្នា​ហៅ​ខេត្ត​មួយ​នេះ​ថា​ “​កំពង់សោម​” ​រហូតមក​? ​ហើយ​ពាក្យ​ថា​ “​កំពង់សោម​” ​មាន​អត្ថន័យ​ខ្លឹមសារ​យ៉ាងដូចម្តេច​?

          ​តាមរយៈ​ឈ្មោះថា​ “​កំពង់សោម​” ​យើង​ដឹង​ថា​វា​ជានា​ម​ផ្សំ​រវាង​ពាក្យចំ​នួន​ពីរ​គឺ​ “​កំពង់​” ​និង​ “​សោម​” ​។​ ​យោង​តាម​វចនានុក្រម​ខ្មែរ​ ​សម្តេច​ព្រះសង្ឃ​រាជ​ ​ជួនណា​ត​ ​បោះពុម្ពផ្សាយ​លើក​ទី​៥​ ​ដោយ​វិទ្យាស្ថាន​ពុទ្ធ​សា​ ​សន​បណ្ឌិត្យ​ ​គ​.​ស​. ​១​៩​៦​៧​ ​ពាក្យ​ថា​ “​កំពង់​” ​មានន័យ​ថា​ ​ទីកន្លែង​នៅ​មាត់ទឹក​ដែល​ជនានុជន​ចុះឡើង​ ​ឬ​ច​តទូក​ជាដើម​។​ ​ឧទាហរណ៍​៖​ ​កំពង់​ទូក​, ​កំពង់កប៉ាល់​, ​កំពង់ទឹក​។​ ​ល​។​ ​រីឯ​ពាក្យ​ថា​ “​សោម​” ​សំដៅ​លើ​ ​ឈ្មោះ​ផ្តៅ​មួយ​ប្រភេទ​ដើម​ធំ​វែង​ច្រើន​ដុះ​នៅ​ព្រៃ​ភ្នំ​, ​គេ​កាត់​យក​ចុង​មក​សក​ប្រើ​ជា​បន្លែ​ឬ​ស្រុស​ធ្វើ​របោយ​ : ​ផ្តៅ​សោម​, ​សម្លចុងសោម​ ​។​

          ​យោង​តាម​ប្រសាសន៍​របស់​លោក​ ​សាន​ សុ​មែន​ ​អតីត​គ្រូ​ពុទ្ធិ​បឋមសិក្សា​វត្ត​ឥន្ទ​ញាណ​ ​ហៅ​វត្ត​ក្រោម​ ​ក្រុង​ព្រះ​សី​ហ​នុ (​ខេត្ត​ព្រះ​សី​ហ​នុ) ​ដែល​ធ្លាប់​បាន​សាកសួរ​លោកតា​អាចារ្យ​ ម៉ុ​ល​ ​សុខ​ ​ចាស់​ព្រឹទ្ធាចារ្យ​មួយ​រូប​ធ្លាប់​រស់នៅ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ហើយ​ចេះចាំ​អំពី​ប្រវត្តិ​តំណាល​ត​ៗ​គ្នា​ពី​ចាស់ៗ​ជំនាន់​មុន​មក​ ​ចំពោះ​មូលហេតុ​ដែល​បណ្តាលឲ្យ​គេ​ចេះតែ​នាំគ្នា​ហៅ​តំបន់​នេះ​ថា​ “​កំពង់សោម​” ​នោះ​ ​គឺ​ដោយសារតែ​ ​កាលពីដើម​ឡើយ​ ​កំពង់សោម​ ​មាន​ពីរ​ ​គឺ​ ​កំពង់សោម​លើ​ ​ស្ថិត​ក្នុង​ភូមិ​ចំប៉ា​ ​ស្រុក​កំពង់​សី​លា​ (​សព្វថ្ងៃ​ជា​ស្រុក​មួយ​នៃ​ខេត្ត​ព្រះ​សី​ហ​នុ) ​និង​ ​កំពង់សោម​ក្រោម​ ​ស្ថិត​ក្នុងស្រុក​ស្រែអំបិល​ (​សព្វថ្ងៃ​ជា​ស្រុក​មួយ​ក្នុង​ខេត្ត​កោះ​កុង​)​។​

          ​កាលពី​ជំនាន់​មុន​ ​ស្រុកស្រែ​អំបិល​ ​មាន​ឈូងសមុទ្រ​មួយ​លាតសន្ធឹង​ពី​ស្រុកស្រែ​អំបិល​រហូតមកដល់​ក្រុង​ព្រះ​សី​ហ​នុ​បច្ចុប្បន្ន​ ​ដែល​ទីនោះ​គ្របដណ្តប់​ដោយ​ព្រៃ​កោងកាង​ ​និង​ ​ព្រៃឈើ​គ្រប់​ប្រភេទ​ ​ហើយ​សម្បូរទៅដោយ​ផ្តៅ​សោម​ ​ព្រមទាំង​សត្វ​ម្រឹគ​កាច​សាហាវ​យ៉ាង​ច្រើន​ដូចជា​ ​សត្វ​ខ្លា​ ​ដំរី​ ​ជាដើម​។​ ​រីឯ​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ជំនាន់​នោះ​មាន​ចំនួន​តិចតួច​ណាស់​ដោយ​ប្រកបរបរចិញ្ចឹមជីវិត​ពឹងផ្អែក​លើ​ការ​ឡើងភ្នំ​រក​អនុផល​ព្រៃឈើ​ ​និង​ ​ចុះ​សមុទ្រ​នេសាទ​។​ ​ក្រៅពី​របរ​នេសាទ​ជលផល​ ​ប្រជា​នេសាទ​ក៏បាន​ទៅ​កាប់​ផ្តៅ​សោម​អូស​បណ្តែត​ទឹក​ហើយ​ឡើង​នៅ​កំពង់ផែ​ត្រពាំង​ (​ឃុំ​ស្រែអំបិល​បច្ចុប្បន្ន​) ​។​

          ​តាម​ប្រសាសន៍​របស់​លោកតា​អាចារ្យ​ដដែល​បានឲ្យ​ដឹង​ទៀត​ថា​ ​ទីនោះ​សម្បូរ​ផ្តៅ​សោម​ណាស់​ ​ទើប​គេ​នាំគ្នា​ទៅ​កាប់​យក​ស្លឹក​វា​មក​ប្រក់​ផ្ទះសម្បែង​ប​ស់​ពួកគេ​។​ ​ឯកា​រ​អូស​ផ្តៅ​សោម​មក​ចត​នៅ​មាត់កំពង់​នេះ​ជា​រៀងរាល់​ពេល​ទៅ​ ​ទើប​គេ​ហៅ​ទីនេះ​ថា​ ​កំពង់​ផ្តៅ​សោម​។​ ​ទាំង​អ្នកនេសាទ​ ​និង​ ​អ្នក​ដែល​ទៅ​កាប់​ផ្តៅ​នៅ​ទីនោះ​ ​គេ​តែងតែ​ហៅ​តំបន់​នេះ​ថា​ “​កំពង់​ផ្តៅ​សោម​” ​ហើយ​ក្រោយមក​ ​ហៅ​កាត់​ក្លាយ​មក​​​ថា​ “​កំពង់សោម​” ​ជាប់​តរៀងមក​។​ ​ចំណែក​អ្នក​នៅ​ស្រុក​ខាងកើត​នោះ​ ​ដូចជា​ ​ខាង​ខេត្ត​កំពង់ស្ពឺ​ ​ជាដើម​ ​ពីដើម​បើកាលណា​ចង់​មក​ស្រុក​ខាងលិច​ ​គេ​តែង​និយាយ​ថា​ “​យើង​នាំគ្នា​ទៅ​កំពង់សោម​ៗ​ (​ក្នុងស្រុក​ស្រែអំបិល​នេះឯង​)”​។​

          ​លោក​ សុ​ន​ សុ​មែន​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នកស្រុក​នេះ​ពី​ជំនាន់​មុន​បានឲ្យ​ដឹង​ថា​ ​ទីនេះ​ (​កំពង់សោម​) ​ពីមុន​ ​គេ​ហៅថា​ ​តំបន់​ភ្នំ​ថ្ម​រាប​ ​ឬ​ ​តំបន់​កោះ​ពស់​។​ ​សម័យ​ដែលគេ​ហៅថា​ ​តំបន់​ភ្នំ​ថ្ម​រាប​ ​ឬ​ ​កោះ​ពស់​ ​នេះ​ ​គឺជា​សម័យ​ដែល​ទឹកដី​ខេត្ត​កោះ​កុង​ ​និង​ ​កំពង់សោម​ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខេត្ត​កំពត​។​ ​ដោយឡែក​ ​បើ​យោង​តាម​ឯកសារ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ន​លើកឡើង​នូវ​អំណះអំណាង​ផ្សេង​ថា​ការ​ដាក់ឈ្មោះ​តំបន់​នេះ​បែប​នេះ​គឺ​យកឈ្មោះ​តាម​ “​ឆកសមុទ្រ​កំពង់សោម​” ​តែម្តង​។​

          ​នៅ​ក្នុង​សម័យ​អាណានិគម​បារាំង​ ​ឆ្នាំ​១​៩​២​៣​ ​កំពង់សោម​ ​ត្រូវ​បាន​ប្រែក្លាយ​ជា​ឈ្មោះ​ខណ្ឌ​មួយ​ក្នុងស្រុក​កំពត​ ​ខេត្ត​កំពត​ ​។​ ​លុះដល់​ឆ្នាំ​១​៩​៣​៥​ ​នៅ​ពេល​គេ​លុបបំបាត់​ខណ្ឌ​ចេញ​ ​កំពង់សោម​បាន​ក្លាយ​ជា​ស្រុក​កំពង់សោម​ ​ខេត្ត​កំពត​ ​ហើយ​ផ្នែក​ខ្លះ​នៃ​កំពង់សោម​សព្វថ្ងៃ​ (​រាម​ ​វាល​រេញ​ ​ជាដើម​) ​ស្ថិត​ក្នុង​ដែនដី​រដ្ឋបាល​ស្រុក​កំពត​ ​ខេត្ត​កំពត​។​ ​ក្រុង​កំពង់សោម​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​ក្នុង​ឆ្នាំ​១​៩​៥​៧​ ​ដោយ​ព្រះករុណា​ព្រះបាទនរោត្តម​សុរា​ម្រិ​ត​ ​ក្រោយ​ការ​ចាប់ផ្តើម​ស្ថាបនា​កំពង់ផែ​សមុទ្រ​នៅ​តំបន់​កោះ​ពស់​ (​អតីត​ឃុំ​រាម​ ​ខណ្ឌ​ព្រៃ​នប់​ ​ស្រុក​កំពត​ ​ខេត្ត​កំពត​) ​ឆ្នាំ​១​៩​៥​៦​។​ ​ក្រោយមក​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​មករា​ ​ឆ្នាំ​១​៩​៥​៩​ ​មានការ​បង្កើត​ទី​ក្រុមមឿង​ហៅថា​ “​ក្រុង​ព្រះ​សី​ហ​នុ” ​នៅ​ឃុំ​រាម​ ​ក្នុង​តំបន់​ផែ​កំពង់សោម​ ​ដោយ​ក្រុង​កំពង់សោម​ត្រូវ​ប្តូរ​ឈ្មោះ​ទៅជា​ “​ក្រុង​ព្រះ​សី​ហ​នុ” ​វិញ​។​ ​ប៉ុន្តែ​ក្រោយមក​ទៀត​ ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​ ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​សម័យ​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​ ​រហូតមកដល់​សម័យ​រដ្ឋកម្ពុជា​ ​ក្រុង​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ដើម​ទៅជា​ “​កំពង់សោម​” ​ដដែល​វិញ​៕​

Article by SRIN SOKMEAN


SUGGESTIONS