×

ម្ចាស់​ជ័យ​លា​ភី​វ័យក្មេង​ជាងគេ​នៃ​មហោស្រព​ចាប៉ី​ដង​វែង​ទូទាំង​ប្រទេស​ឆ្នាំនេះ​

NEWS 2 years ago
 
 

            កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​ថ្មីៗ​កន្លងទៅ​នេះ​ ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ទើប​តែ​ប្រកាស​ឈ្មោះ​បេក្ខជន​ជ័យ​លា​ភី​មហោស្រព​ចាប៉ី​ដង​វែង​ទូទាំង​ប្រទេស​ ​ក្រោម​ប្រធាន​បទ​ ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​។​ ​តាមរយៈ​លទ្ធផល​នេះ​ ​យើង​រក​ឃើញ​ថា​ ​បេក្ខជន​ជ័យ​លា​ភី​លេខ​១​ ​បាន​ទៅលើ​ ​លោក​ ​មូល​ សុ​ដា​ ​មកពី​ខេត្ត​បន្ទាយ​មានជ័យ​ ​បេក្ខជន​ជ័យ​លា​ភី​លេខ​២​ ​បាន​ទៅលើ​លោក​ ​សារី​ ​សិលា​ ​មកពី​ខេត្ត​ព្រៃវែង​ ​និង​បេក្ខជន​ជ័យ​លា​ភី​លេខ​៣​ ​លោក​ អ៊ួ​ង​ ​សឿន​ ​មកពី​ខេត្ត​ពោធិ៍សាត់​។​ ​ក្នុងចំណោម​នោះ​ ​មានតែ​បេក្ខជន​ ​សារី​ ​សិលា​ ​ម្នាក់​គត់​ដែល​ស្ថិត​ក្នុង​វ័យ​យុវជន​ ​ហើយ​មាន​អាយុ​ក្មេង​ជាងគេ​ ​ត្រឹមតែ​២​១​ឆ្នាំ​ប៉ុណ្ណោះ​។​ ​តើ​ ​សារី​ ​សិលា​ ​ជា​នរណា​? ​មកពីណា?​ ​ហើយ​មាន​គោលបំណង​អ្វីខ្លះ​?

            យុវជន​ ​សារី​ ​សិលា​ ​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៤​ ​ឯកទេស​ទស្សនវិជ្ជា​ ​នៃ​មហាវិទ្យាល័យ​មនុស្ស​សា​ស្រ្ត-​សង្គម​សា​ស្រ្ត ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​សូវ​រី​ន​ថា​ ​លោក​​​មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ង៉ក ​ឃុំ​រំចេក​ ​ស្រុក​ព្រះ​ស្តេច​ ​ខេត្ត​ព្រៃវែង​។​ ​ប៉ុន្តែ​បច្ចុប្បន្ន​ ​លោក​កំពុង​រស់នៅ​ភូមិ​តា​ម៉ៅ​ ​ឃុំ​រា​ធ​រ​ ​ស្រុក​ព្រះ​ស្តេច​ ​ខេត្ត​ព្រៃវែង​។​ ​លោក​បាន​បញ្ចប់​ការសិក្សា​មកពី​វិទ្យាល័យ​មិត្តភាព​ខ្មែរ​-​ជប៉ុន​ ​ដែល​ស្ថិតនៅ​ឯ​ស្រុកកំណើត​ ​មុននឹង​ផ្លាស់មក​បន្ត​ការសិក្សា​នៅ​ក្រុងភ្នំពេញ​។​ ​លោក​បាន​រំ​ព្ញ​ក​ពី​ប្រវត្តិ​អនុ​ស្សា​វ​រី​យ៍​ពាក់ព័ន្ធ​នឹង​សិល្បៈ​ចាប៉ី​ដង​វែង​នេះ​ថា​ ​កាលដើមឡើយ​ ​លោក​ចាប់អារម្មណ៍​លើ​សិល្បៈ​បែប​សម័យ​ទេ​ ​ប៉ុន្តែ​លុះដល់​ពេល​កំពុង​រៀន​ថ្នាក់ទី១​១​លោក​បាន​ស្តាប់​ចម្រៀង​ចាប៉ី​របស់​សិល្បករ​ចាស់ៗ​តាម​បណ្តាញ​សង្គម​នានា​ ​លោក​ក៏មាន​ចំណាប់អារម្មណ៍​លើ​ទម្រង់​សិល្បៈ​បុរាណ​មួយ​នេះ​ចាប់តាំង​ពី​ពេល​នោះ​រហូតមក​។​

            ក្រោយមក​ទៀត​ ​ពេល​លោក​ផ្លាស់មក​ភ្នំពេញ​ ​រៀន​ថ្នាក់​មហាវិទ្យាល័យ​ឆ្នាំ​ទី​១​ ​លោក​​​មានឱកាស​បាន​ចូលរួម​កម្មវិធី​សម្តែង​ចាប៉ី​ដង​វែង​មួយ​របស់​ខាង​សិល្បៈ​ខ្មែរ​អម​តៈ​នៅ​មជ្ឈមណ្ឌល​ CJCC ​ហើយ​បាន​ជួប​ជាមួយ​ព្រឹទ្ធ​សិល្បករ​ចាប៉ី​ជាច្រើន​រូប​ ​និង​បាន​កាន់​ឧបករណ៍​ចាប៉ី​សាក​ច្រៀង​លេង​ជាលើកដំបូង​ក្នុង​ឆាក​ជីវិត​ដោយ​ក្តី​រំភើប​។​ ​បណ្តា​គ្រូ​ចាប៉ី​ចាស់ៗ​បាន​ណែនាំ​លោក​ឲ្យ​រៀន​ចាប៉ី​ពី​គ្រូ​ចាប៉ី​ម្នាក់​ឈ្មោះ​ ​សុវណ្ណ​ពាង​ពីរ​ ​ដោយ​ពួកគាត់​យល់ថា​រូបលោក​​​មាន​ទឹកដម​សំឡេង​ច្រៀង​បាន​ល្អ​ដែល​អាច​ឈោង​ចាប់​ឯកទេស​ចាប៉ី​នេះ​បន្ត​ពី​សិល្បករ​ជំនាញ​បាន​។​ ​លោក​ចំណាយ​ពេលរៀន​ចាប៉ី​៥​ខែ​ជាមួយ​លោកគ្រូ​ចាប៉ី​ ​សុវណ្ណ​ពាង​ពីរ​ ​រហូត​អាច​សម្តែង​បាន​ ​នៅ​ពេល​លោក​ចូល​ដល់​មហាវិទ្យាល័យ​ឆ្នាំ​ទី​៣​។​ ​ចំពោះ​ឱកាស​សម្តែង​ ​លោក​ចាប់ផ្តើម​តាមរយៈ​ការ​លេង​ចាប៉ី​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម​រហូតដល់​មានការ​ទទួលស្គាល់​ជាច្រើន​ពី​មហាជន​ជាពិសេស​ផ្ទុះ​ល្បី​ខ្លាំង​នៅ​ពេល​លោក​ចាប់ដៃ​គូ​លេង​ជាមួយ​សិល្បករ​កំពុង​មាន​ប្រជាប្រិយភាព​ម្នាក់ទៀត​ឈ្មោះ​ ​ពូ​ណ​ម​ ​បង្ហោះ​ដាក់​ ​T​i​k ​To​k ​រហូត​មាន​អ្នក​ចូល​ទស្សនា​ដល់​ជាង​១​០​ម៉ឺន​គណនី​ ​និង​ ​កម្មវិធី​វិទ្យុ​-​ទូរទស្សន៍​មួយ​ចំនួន​ទៀត​។​

            ដោយសារ​មានបំណង​វាស់​ស្ទង់​ក​ម្រិ​ត​សមត្ថភាព​ផ្ទាល់ខ្លួន​គួបផ្សំ​នឹង​ការ​ជំរុញ​ទឹកចិត្ត​ពី​លោកគ្រូ​ផង​នោះ​ ​យុវជន​ ​សារី​ ​សិលា​ ​បាន​សម្រេច​ចិត្ត​ដាក់ពាក្យ​ប្រឡង​មហោស្រព​ចាប៉ី​ដង​វែង​ឆ្នាំនេះ​ ​ទោះបីជា​ដឹង​ថា​ខ្លួន​មាន​វ័យក្មេង​ជាងគេ​ហើយ​បទពិសោធន៍​ខាង​ចាប៉ី​ដង​វែង​ក៏​តិច​ជាងគេ​ដែរ​ ​បើ​ធៀប​នឹង​បេក្ខជន​ដទៃទៀត​។​ ​សិលា​បាន​ប្រាប់​ថា​ ​គេ​ត្រូវ​ចំណាយ​ពេល​ស្រាវជ្រាវ​តាមរយៈ​ ​Y​ou​tube​ ​និង​សៀវភៅ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​ ​ដែល​កម្មវិធី​តម្រូវ​ឲ្យ​ចៀ​ង​ ​បន្ថែម​លើ​បទពិសោធន៍​ពី​ការ​ប្រឡង​កម្មវិធី​ ​«​វង់​ត​ន្រ្តី​ខ្មែរ​»​ ​មុននេះ​បន្តិច​ ​ព្រមទាំង​មានការ​ជួយ​ផ្តល់​យោបល់​បន្ថែម​ពី​លោកគ្រូ​របស់​គេ​ផង​ដែរ​ទម្រាំ​អាច​ជាប់​តំណែង​ជា​ជ័យ​លា​ភី​បាន​យ៉ាង​ដូច្នេះ​។​ ​នៅ​ពេល​ជាប់​ចំណាត់ថ្នាក់​ជ័យ​លា​ភី​លេខ​២​ ​សិលា​ទទួល​បាន​ពានរង្វាន់​ចាប៉ី​ដង​វែង​ប្រាក់​ ​១​ ​គ្រឿង​ ​រង្វាន់​ទឹកប្រាក់​ចំនួន​៤​លាន​រៀល​ ​និង​ប​ណ្ណ​ជ័យ​លា​ភី​ ​១​ ​សន្លឹក​។​

            សិលា​មាន​មោទកភាព​ខ្លាំង​ណាស់​ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​លើក​នេះ​ ​ប៉ុន្តែ​ដោយសារ​កំពុង​ជាប់រវល់​នឹង​ការសិក្សា​ ​សិលា​ពុំទាន់​គិតថា​នឹង​ត្រូវធ្វើ​អ្វី​បន្ទាប់ពីនេះ​នៅឡើយ​ទេ​។​ ​ទោះបីជា​យ៉ាងណា​ ​សិលា​បាន​អះអាង​ថា​ ​លោក​សប្បាយរីករាយ​នឹង​ចែករំលែក​ចំណេះ​ដឹង​ចាប៉ី​ដង​វែង​នេះ​ដល់​យុវជន​ខ្មែរ​ដែល​មាន​ចំណាប់អារម្មណ៍​ ​ដោយ​មិន​គិតថ្លៃ​ ​និង​ចង់​បន្ត​ការសិក្សា​ជំនាញ​បុរាណ​មួយ​នេះ​នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​ ​ទន្ទឹម​នឹង​នេះ​ ​ម្ចាស់​ជ័យ​លា​ភី​រូប​នេះ​ក៏​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការចាប់អារម្មណ៍​លើ​សិល្បៈ​បុរាណ​តែមួយ​ឆាវ​ៗ​របស់​យុវជន​សព្វថ្ងៃ​ ​«​ […] ​អ្នកខ្លះ​គេ​មិន​ឲ្យ​តម្លៃ​ទេ​វប្បធម៌​សិល្បៈ​បុរាណ​ ​អ៊ីចឹង​វា​អាច​នឹង​បាត់បង់​នៅ​ថ្ងៃណាមួយ​។​ ​ឥឡូវ​ឃើញ​ថា​យុវជន​យុវតី​ចាប់អារម្មណ៍​ច្រើន​ ​ប៉ុន្តែ​ចាប់អារម្មណ៍​តែ​មួយភ្លែត​ៗ​ទេ​។​ ​គ្មាន​អ្នកណា​ស្រឡាញ់​លក្ខណៈ​យល់​ដឹង​ពី​វប្បធម៌​ច្បាស់លាស់​អ៊ីចឹង​ណា​…​»​។​ ​ដូចនេះ​ ​លោក​សូម​ធ្វើសំណូមពរ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​មេត្តា​ពិនិត្យ​ពី​បញ្ហា​នេះ​និង​លើក​តម្កើង​សិល្បៈ​បុរាណ​ឲ្យបាន​ជាប្រចាំ​ ​ដើម្បី​បង្កើន​ឱកាស​ការងារ​ ​លើកស្ទួយជីវភាព​សិល្បករ​បុរាណ​ ​កុំឲ្យ​ពួកគាត់​បោះបង់​អាជីព​នេះ​។​

            គួរ​បញ្ជាក់​ដែរ​ថា​ ​ជា​ប្រវត្តិ​សា​ស្រ្ត​នៃ​អង្គ​មហោស្រព​សិល្បៈ​ចាប៉ី​ដង​វែង​ចាប់​ពីក្រោយ​ទសវត្សរ៍​ឆ្នាំ​១​៩​៩​០​រហូតមកដល់​បច្ចុប្បន្ននេះ​ ​នេះ​ជា​លើកទីមួយ​ហើយដែល​អង្គ​មហោស្រព​សិល្បៈ​ចាប៉ី​ដង​វែង​ប្រារព្ធ​ធ្វើឡើង​តែឯង​ ​ហើយក៏​ជាលើកដំបូង​ដែរ​ដែល​មហោស្រព​នេះ​ធ្វើឡើង​តាម​ទម្រង់​អន​ឡា​ញ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS