ឈុតកាបូបខ្មែរបស់សិប្បកម្មកីមាសជាប់ចំណាត់ថ្នាក់នាំចេញទៅលក់នៅប្រទេសអាឡឺម៉ង់
NEWS 2 years agoផលិតផលកម្ពុជាដែលមានគុណភាពត្រូវបាននាំចេញទៅលក់នៅលើទីផ្សារបរទេសជាបន្តបន្ទាប់ ដូចជាផលិតផលអង្ករ ដំណាំស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ម្រេច និងផលិតផលវាយនភណ្ឌកាត់ដេរ ជាដើម។ ជុំវិញបញ្ហានេះ ថ្មីៗនេះ ជាមោទកភាពជាតិមួយទៀតដែលនារីខ្មែរយើងមួយរូបបានសម្រេចជោគជ័យក្នុងការរចនាម៉ូដកាបូបមានស្តង់ដាររហូតមជ្ឈដ្ឋានបរទេសទទួលស្គាល់អាចនាំចេញទៅលក់នៅលើទីផ្សារប្រទេសអាឡឺម៉ង់បាន។ ពិតជារឿងមិនធម្មតានោះទេ!
ជួបជាមួយអ្នយកព័ត៌មានទស្សនាវដ្តីសូវរីន លោកស្រី តិច ស៊ីមហ៊ាង ស្ថាបនិកសិប្បកម្មលក់ហូលផាមួង «កីមាស» (KeiMeas Handicrafts) បានបញ្ជាក់ប្រាប់អំពីជោគជ័យដ៏ត្រចេះត្រចង់ដែលក្រុមការងារលោកស្រីទើបទទួលបាននេះថា ស្នាដៃរចនាម៉ូដរបស់លោកស្រីបានជាប់ជ័យលាភី «Top Designer of the Year 2020» (កំពូលអ្នកឌីហ្សាញប្រចាំឆ្នាំ ២0២០) នៅក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលរៀបចំឡើងដោយមជ្ឈមណ្ឌល MEDC (Modern Ethnic Design Center) ។
ដោយសារតែស្នាដៃរបស់លោកស្រីមានភាពលេចធ្លោពោរពេញដោយគុណភាពសម្រិតសម្រាំងនិងភាពច្នៃប្រតិដ្ឋខ្ពស់ ទើបគណៈកម្មការកម្មវិធីបានជ្រើសរើសផលិតផលនេះដើម្បីដាក់លក់នៅក្នុងទីផ្សារពិព័រណ៍ផលិតផលដ៏ធំមួយនៅក្នុងប្រទេសអាល្លឺម៉ង់ដែលមានឈ្មោះថា Bazaar Berlin ដែលត្រូវបានរៀបចំឡើងនៅចន្លោះថ្ងៃទី ០២ ដល់ ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ Bazaar Berlin គឺជាឈ្មោះពិព័រណ៍អន្តរជាតិដ៏ធំជាងគេរបស់ប្រទេសអាល្លឺម៉ង់សម្រាប់ផលិតផលសិប្បកម្ម ឌីហ្សាញ ផលិតផលធម្មជាតិ និង ផលិតផលពាណិជ្ជកម្មចម្រុះច្រើនមុខ។ អ្នកផលិតនិងចែកចាយផលិតផលប្រមាណ៥០០នាក់មកពីជាង៦០ប្រទេសជុំវិញពិភពលោកតែងតែមកដាក់តាំងលក់ផលិតផលរបស់ខ្លួននៅខែវិច្ឆិកាជារៀងរាល់ឆ្នាំ។
ចំពោះលក្ខណៈពិសេសរបស់ផលិតផលនេះ លោកស្រីបានពន្យល់ថា ឈុតកាបូបនេះត្រូវបានដាក់ឈ្មោះជាផ្លូវការថា «Loving House» (ផ្ទះពោរពេញដោយក្តីស្រឡាញ់) ដោយសារឈុតថ្មីនេះទទួលឥទ្ធិពលពីក្តីស្រឡាញ់របស់ស្រ្តីមេផ្ទះ ឬ អ្នកម្តាយនៅក្នុងគ្រួសារកម្ពុជា មិនខុសអ្វីពីការយកចិត្តទុកដាក់អស់ពីបេះដូងរបស់ស្រ្តីខ្មែរក្នុងសង្វាក់ផលិតកម្មកាបូបដ៏ស្រស់ស្អាតមួយឈុតនេះដើម្បីធានាបាននូវគុណភាពនិងសោភ័ណភាពសម្រាប់អ្នកប្រើប្រាស់ទាំងឡាយនោះទេ។ « វាជាការរំព្ញកដល់អ្នកប្រើឲ្យចងចាំនូវគុណរបស់អ្នកម្តាយដែលបានផ្តល់កំណើត ផ្តល់ក្តីស្រលាញ់មិនប្រួលប្រែ ផ្តល់ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចជាម្តាយ ជាភរិយាល្អក្នុងគ្រួសារនិងជាគំរូល្អដល់កូនចៅ ដោយម្តាយមានគុណធ្ងន់ជាងភ្នំ និងតំលៃថ្លៃជាងមាសពេជ្រដែលមិនអាចកាត់ថ្លៃបាន» អ្នករចនាម៉ូដបានលើកឡើង។
ឈុតកាបូបខាងលើ រួមបញ្ចូល កាបូបលុយតូច កាបូបយួរដៃ កាបូបស្រ្តីធំ កាបូបកីឡា និង កាបូបដាក់កុំព្យូទ័រយួរដៃ (laptop)។ កាបូបនីមួយៗមានហោប៉ៅសម្រាប់ដាក់របស់របរ និង រូបថតគ្រួសារជាទីស្រឡាញ់។ វត្ថុធាតុដើមគឺជាក្រណាត់តម្បាញដោយដៃរបស់សិប្បកររស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ រីឯក្រឡាម៉ូដនៃកាបូបយកលំនាំតាមដំបូលផ្ទះប្រពៃណីខ្មែរដែលមានទម្រង់រាងត្រីកោណ។ ចំណែកពណ៌ដែលប្រើសម្រាប់ឌីហ្សាញ គឺ ពណ៌ស និង ខ្មៅ។ ពណ៌ខ្មៅតំណាងភាពដិតដាមខ្លាំងនៃក្តីស្រឡាញ់ អមតៈអស់មួយជីវិតរបស់អ្នកម្តាយ។ ពណ៌សតំណាងបេះដូងបរិសុទ្ធស្មោះសរបស់ស្រ្តីមេផ្ទះចំពោះសមាជិកគ្រួសារទាំងអស់។
គុណតម្លៃរបស់អតិថិជនដែលបានប្រើប្រាស់កាបូបរបស់សិប្បកម្មកីមាសគឺបានចូលរួមចំណែក ជួយផ្តល់ប្រាក់ចំណូលដល់ស្ត្រីតម្បាញតាមជនបទឲ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែរក្សានិងផ្គត់ផ្គង់កូនចៅនិងក្រុមគ្រួសារ ជាពិសេសកូនៗអាចមានថវិកាអាចទៅរៀនដើម្បីជួយផ្តល់ឱកាសឲ្យក្មេងៗទទួលបានចំណេះដឹងសម្រាប់អភិវឌ្ឍន៍ជីវិតពួកគាត់ឲ្យរួចផុតពីភាពក្រីក្រនិងកង្វះចំណេះដឹង។ ទន្ទឹមនឹងនេះ វាជួយផ្តល់ការងារដល់ជនពិការដែលជាជាងដេរនៅតាមផ្ទះអោយមានប្រាក់ចំណូលផ្គត់ផ្គង់ក្រុមគ្រួសារនិងការរស់នៅរបស់ពួកគាត់ផងដែរ ព្រមទាំងជួយលើកស្ទួយផលិតផលជាតិនិងចូលរួមអភិរក្សវប្បធម៌តម្បាញខ្មែរឲ្យគង់វង្ស និងជួយដល់សេដ្ឋកិច្ចជាតិឲ្យបានកាន់តែរីកចម្រើន៕
Article by SRINSOKMEAN