×

ឈុត​កាបូប​ខ្មែរ​ប​ស់​សិប្បកម្ម​កី​មាស​ជាប់​ចំណាត់ថ្នាក់​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​អា​ឡឺម៉ង់

NEWS 2 years ago
 
 

             ផលិតផល​កម្ពុជា​ដែល​មានគុណ​ភាព​ត្រូវ​បាន​នាំចេញ​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​បរទេស​ជាបន្តបន្ទាប់​ ​ដូចជា​ផលិតផល​អង្ករ​ ​ដំណាំ​ស្វាយ​ ​ដំឡូងមី​ ​គ្រាប់ស្វាយ​ចន្ទី​ ​ម្រេច​ ​និង​ផលិតផល​វាយនភណ្ឌ​កាត់​ដេរ​ ​ជាដើម​។​ ​ជុំវិញ​បញ្ហា​នេះ​ ​ថ្មីៗ​នេះ​ ​ជា​មោទកភាព​ជាតិ​មួយទៀត​ដែល​នារី​ខ្មែរយើង​មួយ​រូប​បាន​សម្រេច​ជោគជ័យ​ក្នុង​ការរចនា​ម៉ូដ​កាបូប​មាន​ស្តង់​ដារ​រហូត​មជ្ឈដ្ឋាន​បរទេស​ទទួលស្គាល់​អាច​នាំចេញ​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​ប្រទេស​អា​ឡឺម៉ង់​បាន​។​ ​ពិតជា​រឿង​មិនធម្មតា​នោះ​ទេ​!

            ​ជួប​ជាមួយ​អ្ន​យក​ព័ត៌មាន​ទស្សនាវដ្តី​សូវ​រី​ន​ ​លោកស្រី​ ​តិច​ ​ស៊ីម​ហ៊ា​ង​ ​ស្ថាបនិក​សិប្បកម្ម​លក់​ហូល​ផាមួង​ ​«​កី​មាស​»​ (K​e​i​Me​as​ ​Handicraft​s) ​បាន​បញ្ជាក់​ប្រាប់​អំពី​ជោគជ័យ​ដ៏​ត្រ​ចេះ​ត្រចង់​ដែល​ក្រុម​ការងារ​លោកស្រី​ទើប​ទទួល​បាន​នេះ​ថា​ ​ស្នាដៃ​រចនា​ម៉ូដ​របស់​លោកស្រី​បានជា​ប់​ជ័យ​លា​ភី​ ​«​Top​ ​Designer​ o​f​ ​t​h​e​ ​Year​ 2020​»​ (​កំពូល​អ្នក​ឌី​ហ្សា​ញ​ប្រចាំ​ឆ្នាំ​ ​២​0​២​០​) ​នៅ​ក្នុង​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ ​ME​D​C (​Modern​ ​Ethnic​ ​Design​ ​Center​) ​។​

            ​ដោយសារតែ​ស្នាដៃ​របស់​លោកស្រី​មាន​ភាព​លេចធ្លោ​ពោរពេញ​ដោយ​គុណភាព​សម្រិតសម្រាំង​និង​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ ​ទើប​គណៈកម្មការ​កម្មវិធី​បាន​ជ្រើសរើស​ផលិតផល​នេះ​ដើម្បី​ដាក់​លក់​នៅ​ក្នុង​ទី​ផ្សារ​ពិព័រណ៍​ផលិតផល​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដែល​មានឈ្មោះ​ថា​ B​a​z​a​ar​ ​Berlin​ ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅចន្លោះ​ថ្ងៃ​ទី​ ​០​២​ ​ដល់​ ​០​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​កន្លងទៅ​នេះ​។​ B​a​z​a​ar​ ​Berlin​ ​គឺជា​ឈ្មោះ​ពិព័រណ៍អន្តរជាតិ​ដ៏​ធំ​ជាងគេ​របស់​ប្រទេស​អាល្លឺម៉ង់​សម្រាប់​ផលិតផល​សិប្បកម្ម​ ​ឌី​ហ្សា​ញ​ ​ផលិតផល​ធម្មជាតិ​ ​និង​ ​ផលិតផល​ពាណិជ្ជកម្ម​ចម្រុះ​ច្រើនមុខ​។​ ​អ្នក​ផលិត​និង​ចែកចាយ​ផលិតផល​ប្រមាណ​៥​០​០​នាក់​មកពី​ជាង​៦​០​ប្រទេស​ជុំវិញ​ពិភពលោក​តែងតែ​មក​ដាក់​តាំង​លក់​ផលិតផល​របស់​ខ្លួន​នៅ​ខែវិច្ឆិកា​ជា​រៀងរាល់​ឆ្នាំ​។

            ចំពោះ​លក្ខណៈ​ពិសេស​របស់​ផលិតផល​នេះ​ ​លោកស្រី​បាន​ពន្យល់​ថា​ ​ឈុត​កាបូប​នេះ​ត្រូវ​បាន​ដាក់ឈ្មោះ​ជា​ផ្លូវការ​ថា​ ​«​Loving​ ​House​»​ (​ផ្ទះ​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​) ​ដោយសារ​ឈុត​ថ្មី​នេះ​ទទួល​ឥទ្ធិពល​ពី​ក្តី​ស្រឡាញ់​របស់​ស្រ្តី​មេផ្ទះ​ ​ឬ​ ​អ្នកម្តាយ​នៅ​ក្នុង​គ្រួសារ​កម្ពុជា​ ​មិន​ខុស​អ្វី​ពី​ការ​យកចិត្តទុកដាក់​អស់ពី​បេះដូង​របស់​ស្រ្តី​ខ្មែរ​ក្នុង​សង្វាក់​ផលិតកម្ម​កាបូប​ដ៏​ស្រស់​ស្អាត​មួយ​ឈុត​នេះ​ដើម្បី​ធានា​បាន​នូវ​គុណភាព​និង​សោភ័ណ​ភាព​សម្រាប់​អ្នកប្រើប្រាស់​ទាំងឡាយ​នោះ​ទេ​។​ ​«​ ​វា​ជា​ការ​រំ​ព្ញ​ក​ដល់​អ្នកប្រើ​ឲ្យ​ចងចាំ​នូវ​គុណ​របស់​អ្នកម្តាយ​ដែល​បាន​ផ្តល់​កំណើត​ ​ផ្តល់​ក្តី​ស្រលាញ់​មិន​ប្រួល​ប្រែ​ ​ផ្តល់​ភាព​ស្មោះត្រង់​ ​និង​ការ​យកចិត្តទុកដាក់​ក្នុង​ការ​បំពេញ​ភារកិច្ច​ជា​ម្តាយ​ ​ជា​ភរិយា​ល្អ​ក្នុង​គ្រួសារ​និង​ជា​គំរូ​ល្អ​ដល់​កូនចៅ​ ​ដោយ​ម្តាយ​មានគុណ​ធ្ងន់ជាង​ភ្នំ​ ​និង​តំ​លៃ​ថ្លៃ​ជាងមាស​ពេជ្រ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​»​ ​អ្នក​រចនា​ម៉ូដ​បាន​លើកឡើង​។​

            ឈុត​កាបូប​ខាងលើ​ ​រួមបញ្ចូល​ ​កាបូប​លុយ​តូច​ ​កាបូបយួរ​ដៃ​ ​កាបូប​ស្រ្តី​ធំ​ ​កាបូប​កីឡា​ ​និង​ ​កាបូប​ដាក់​កុំព្យូទ័រ​យួរ​ដៃ​ (​lap​top​)​។​ ​កាបូប​នីមួយៗ​មាន​ហោប៉ៅ​សម្រាប់​ដាក់​របស់របរ​ ​និង​ ​រូបថត​គ្រួសារ​ជា​ទីស្រឡាញ់​។​ ​វត្ថុធាតុដើម​គឺជា​ក្រណាត់​តម្បាញ​ដោយដៃ​របស់​សិប្បករ​រស់នៅ​ស្រុក​ភ្នំ​ស្រុក​ ​ខេត្ត​បន្ទាយ​មានជ័យ​។​ ​រីឯ​ក្រឡា​ម៉ូដ​នៃ​កាបូប​យកលំនាំតាម​ដំបូល​ផ្ទះ​ប្រពៃណី​ខ្មែរ​ដែល​មាន​ទម្រង់​រាង​ត្រីកោណ​។​ ​ចំណែក​ពណ៌​ដែល​ប្រើ​សម្រាប់​ឌី​ហ្សា​ញ​ ​គឺ​ ​ពណ៌​ស​ ​និង​ ​ខ្មៅ​។​ ​ពណ៌​ខ្មៅ​តំណាង​ភាព​ដិតដាម​ខ្លាំង​នៃ​ក្តី​ស្រឡាញ់​ ​អម​តៈ​អស់មួយជីវិត​របស់​អ្នកម្តាយ​។​ ​ពណ៌​ស​តំណាង​បេះដូង​បរិសុទ្ធ​ស្មោះសរ​ប​ស់ស្រ្តី​មេផ្ទះ​ចំពោះ​សមាជិក​គ្រួសារ​ទាំងអស់​។​

            ​គុណ​តម្លៃ​របស់​អតិថិជន​ដែល​បាន​ប្រើប្រាស់​កាបូប​របស់​សិប្បកម្ម​កី​មាស​គឺ​បាន​ចូល​រួមចំណែក​ ​ជួយ​ផ្តល់​ប្រាក់ចំណូល​ដល់​ស្ត្រី​តម្បាញ​តាម​ជនបទ​ឲ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​មើល​ថែរក្សា​និង​ផ្គត់ផ្គង់​កូនចៅ​និង​ក្រុម​គ្រួសារ​ ​ជាពិសេស​កូន​ៗ​អាច​មាន​ថវិកា​អាច​ទៅ​រៀន​ដើម្បី​ជួយ​ផ្តល់​ឱកាស​ឲ្យ​ក្មេងៗ​ទទួល​បាន​ចំណេះ​ដឹង​សម្រាប់​អភិវឌ្ឍន៍​ជីវិត​ពួកគាត់​ឲ្យ​រួចផុត​ពី​ភាព​ក្រីក្រ​និង​កង្វះ​ចំណេះ​ដឹង​។​ ​ទន្ទឹម​នឹង​នេះ​ ​វា​ជួយ​ផ្តល់​ការងារ​ដល់​ជន​ពិ​ការដែល​ជាជាង​ដេរ​នៅ​តាម​ផ្ទះ​អោយ​មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​និង​ការរស់នៅ​របស់​ពួកគាត់​ផង​ដែរ​ ​ព្រមទាំង​ជួយ​លើកស្ទួយ​ផលិតផល​ជាតិ​និង​ចូលរួម​អភិ​រក្ស​វប្បធម៌​តម្បាញ​ខ្មែរ​ឲ្យ​គង់វង្ស​ ​និង​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ឲ្យបាន​កាន់តែ​រីក​ចម្រើន​៕​

Article by SRINSOKMEAN


SUGGESTIONS