×

​អាហារសម្រន់​ជំនាន់​ថ្មី​ល្បី​ប្រចាំ​ទីរួមខេត្ត​កំពង់ស្ពឺ​

TRAVEL & LIVING 2 years ago
 
 

          នៅ​ពេល​ទៅដល់​ខេត្ត​ណាមួយ​ ​លោកអ្នក​ច្បាស់ជា​ចង់​ទិញ​អ្វីមួយ​ផ្ញើ​អ្នកផ្ទះ​ ​ឬ​រក​ចំណីចំណុក​ប្លែកៗ​ប្រចាំ​តំបន់​គ្រាន់​បាន​ទទួលទាន​តាមផ្លូវ​ធ្វើដំណើរ​។​ ​តាមរយៈ​ផ្នត់គំនិត​នេះ​យុវតី​វ័យក្មេង​មួយ​រូប​បាន​សម្រេច​ ​ចិត្ត​បង្កើត​ហាង​កាហ្វេ​ទាន់សម័យ​មួយ​ដើម្បី​បំពេញ​កំណើន​តម្រូវ​ការ​អ្នកដំណើរ​ជិត​ឆ្ងាយ​ដែល​ឆ្លងកាត់​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ឬ​ក្រុង​ច្បារ​មន​។​ ​ហាង​កាហ្វេ​ដែល​បើក​ថ្មី​នេះ​មានឈ្មោះ​ថា​ ​June​ ​Ca​f​é ​by​ J​e​nn​a​ ​ហៅ​កាត់​ថា ​«​ជូន​ ​កាហ្វេ​»​ស្ថិតនៅ​គល់​ស្ពាន​រកា​ធំ​ ​ត្រង់​ចំណុច​រង្វង់​មូល​ផ្លែត្នោត​​ដែល​ជា​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​ថ្មី​ប្រចាំ​ខេត្ត​តែម្តង​។​

          ​ក្រៅពី​ជា​ហាង​កាហ្វេ​ដែ​លលក់​កាហ្វេ​ ​និង​ភេសជ្ជៈ​ផ្សេងៗ​ធម្មតា​ហាង​នេះ​មាន​ផលិតផល​សំខាន់​ប្រចាំ​ហាង​គឺ​ ​ទឹកកក​ឈូស​ជំនាន់​ថ្មី​ ​និង​ចេក​អាំង​ខ្ទិះ​ល្បី​ប្រចាំ​ហាង​ ​ដែល​អតិថិជន​ក្នុង​តំបន់​ ​និង​អ្នក​ធ្វើដំណើរ​កាត់​តែងតែ​មក​ស្វែងរក​នៅ​ទីនេះ​ជា​ញឹកញាប់​។​ កញ្ញា ចំរេីន​ ច័ន្ទភារុណ ម្ចាស់​ហាង​បាន​បញ្ជាក់​ថា​ ​ថ្វី​ដ្បិតតែ​ចេក​អាំង​ ​និង​ទឹកកក​ឈូស​ជា​អាហារសម្រន់​បែប​ប្រពៃណី​នៅ​ក្នុង​សង្គម​ខ្មែរយើង​ជា​យូរណាស់​មក​ហើយក៏​ដោយ​តែ​ក៏​នៅតែ​ទទួលការ​គាំទ្រ​ពី​អតិថិជន​ ​ជាពិសេស​នៅពេលដែល​អាហារ​ទាំងពីរ​នេះ​ត្រូវ​បាន​កែច្នៃ​បន្ថែម​រសជាតិ​ឲ្យ​កាន់តែ​ទាន់សម័យ​និង​មាន​រសជាតិ​ទ្វេ​ដងលើ​ស​រសជាតិ​ដើម​ដែល​អ្នកស្រុក​ធ្លាប់​ហូប​ពីមុន​មក​។​

          “​អ្នកស្រុក​អ្នកភូមិ​ ​គាត់​ស្រួល​ញ៉ាំ ​ព្រោះ​ជា​របស់​គាត់​ធ្លាប់​ញ៉ាំ​ពីមុន​ៗ​មក​ដែល​មានតែ​គេ​លាប​ទឹក​អំបិល​ធម្មតា​ ​តែ​ឥឡូវ​យើង​មាន​លក់​អ៊ីចឹង​ទៅ​ ​ចាស់ៗ​ក៏​ហូប​បាន​ ​ព្រោះ​ចេក​យើង​ជា​ចេក​ខ្មែរ​។​ ​ប្រសិនបើ​ ​កន្លែង​មួយ​ចំនួន​ ​ពិបាក​រក​ចេក​ ​គេ​ប្រើ​ចេក​ធម្មតា​ (ចេក​នាំចូល) ​អត់​ប្រើ​ចេក​ខ្មែរ​ ​ចាស់ៗ​អត់​សូវ​ហ៊ាន​ហូប​” ​កញ្ញា​បាន​ពន្យល់​ពី​មូលហេតុ​ដែល​នាំឲ្យ​ទទួលការ​គាំទ្រ​នៅ​លើ​ទី​ផ្សារ​។​

          ​បើ​និយាយ​ពី​ចេក​អាំង​ខ្ទិះ​ ​ចេក​ដែល​ជា​គ្រឿងផ្សំ​សំខាន់​ត្រូវ​បាន​សម្រិតសម្រាំង​យក​តែ​ចេក​ខ្មែរ​សុទ្ធ​ ​សាធ​។​ ​លក្ខណៈ​សម្គាល់​នោះ​គឺ​ ​ចេក​មាន​​​រូបរាង​មូល​ល្អ​ ​មិន​ស្រួច​ស្តួច​ចុង​។​ ​ចេក​ខ្មែរ​នោះ​ទៀតសោត​គឺ​សម្រាំង​យក​តែ​ចេក​ណា​ដែល​សាច់​ទន់​ ​តែ​សំបក​នៅ​ខៀវ​មិន​ទុំជោរ​ ​ស​ម្តិ​ល​ឲ្យអស់​ជ័រ​ ​ស្ងួត​សាច់​ល្អ​ ​ហើយ​សង្កត់​ឲ្យ​ទាល់តែ​ចេញ​សាច់​ពណ៌​លឿង​ ​អាំង​ទៅ​ផ្អែម​ដូច​ចេក​ក្រមួន​។​ ​ផ្ទុយទៅវិញ​ ​បើ​យក​ចេក​ប្រទេសជិតខាង​មក​ធ្វើ​ ​នោះ​នឹង​មាន​សភាព​រឹង​ក្រោយ​ពី​សង្កត់​មិន​លើស​ពី​២​០​នាទី​ទេ​ ​មិន​ទន់​ឆ្ងាញ់​ដូច​ចេក​ខ្មែរ​នោះ​ទេ​។​

          ​ចំពោះ​ទឹកកក​ឈូស​វិញ​ ​ហាង​នេះ​ប្រើ​រូបមន្ត​ប្លែក​ពិសេស​ខុស​ពី​កន្លែង​ដទៃ​ត្រង់​ ​ដាក់​ទឹក​ក​នៅ​បាត​ខាងក្រោម​ ​ហើយ​គ្រឿងផ្សំ​ផ្សេងទៀត​ដាក់​គ្រប​ពី​ខាងលើ​វិញ​ ​ដើម្បីកុំឲ្យ​នៅពេលដែល​យើង​ក្រ​ទទួលទាន​ ​ទឹកកក​នឹង​រលាយ​បណ្តាលឲ្យ​បាត់បង់​រសជាតិ​បង្អែម​។​ ​ទឹកកក​ឈូស​ជំនាន់​ថ្មី​នេះ​ប្រើ​តែ​កសិផល​ធម្មជាតិ​ ​ប្រភេទ​ស​ណ្តែ​ក​និង​ដំឡូង​ក្នុងស្រុក​ ​ពោល​គឺ​មានតែ​ស​ណ្តែ​ក​ក្រហម​ ​ដំឡូង​ស​ ​ដំឡូងជ្វា​ក្រហម​ ​និង​ស្វាយ​ ​ហើយ​ចំពោះ​ទឹក​ស្ករ​ ​ប្រើ​តែ​ខ្ទិះ​សុទ្ធ​ ​មិន​ប្រើ​ទឹក​ ​ធ្វើឲ្យ​មាន​រសជាតិ​ខាប់​ចូលជាតិ​ផ្អែម​មុត​ឆ្ងាញ់​។​ ​អ្វី​ដែល​រឹត​តែ​ពិសេស​ទៀត​នោះ​ ​គឺ​បង្អែម​នេះ​ប្រើ​សាច់ដូង​ដុត​ដ៏​សែន​ឈ្ងុយឆ្ងាញ់​ជំនួស​សាច់ដូង​ខ្ចី​ធម្មតា​ដែល​លោកអ្នក​ធ្លាប់​សាកល្បង​នៅ​ទីតាំង​ផ្សេងៗ​កន្លងមក​។​ ​សរុប​មក​ ​គ្រឿងគ្រៅ​សឹងតែ​ទាំងអស់​គឺជា​ផលិតផល​ក្នុងស្រុក​ ​ហើយ​ធ្វើ​ដោយដៃ​ខ្លួនឯង​ ​តួយ៉ាង​ស​ណ្តែ​ក​ក្រហម​យកមក​ស្ងោរ​ជំនួស​ការ​ប្រើស​ណ្តែ​ក​កំប៉ុង​លក់​នៅ​ឯ​ផ្សារ​។​

          ​មិន​ត្រឹមតែ​មានគុណ​តម្លៃ​ផ្នែក​រសជាតិ​ប៉ុណ្ណោះ​ទេ​ ​ការកំណត់​តម្លៃ​សមរម្យ​ក៏​ជា​កត្តា​ទាក់ទាញ​អតិថិជន​របស់​ហាង​នេះ​ដែរ​។​ ​ចេក​អាំង​ខ្ទិះដូង​ ​មួយ​ចង្កាក់​ត្រឹមតែ​៣​០​០​០​រៀល​ប៉ុណ្ណោះ​ ​ហើយក៏​មាន​ជម្រើស​ចេក​អាំង​ខ្ទិះ​កាត់​ដាក់​ប្រអប់​ពិសេស​ថែមទៀត​ផង​។​ ​ឯ​ ​ទឹកកក​ឈូស​មួយ​កែវ​ធំ​ (អា​ចចែក​គ្នា​ញ៉ាំ​បាន​ ​២​-​៣​នាក់) ​មាន​តម្លៃ​ត្រឹមតែ​ ​៥​០​០​០​ ​រៀល​ប៉ុណ្ណោះ​។​ ​ត្រង់​ចំណុច​តម្លៃ​នេះ​ ​កញ្ញា​បាន​បកស្រាយ​ថា​ ​ធ្លាប់​មាន​អតិថិជន​មួយ​ចំនួន​តូច​ដែល​យល់ថា​តម្លៃ​នេះ​រាង​ថ្លៃ​សម្រាប់​ទឹកកក​ឈូស​ប៉ុន្តែ​មតិ​នេះ​ត្រូវ​រសាយ​ទៅវិញ​នៅ​ពេល​ពួកគាត់​បានឃើញ​ផលិតផល​ជាក់ស្តែង​ ​គឺ​មាន​បរិមាណ​ច្រើន​ ​ហូប​ម្នាក់ឯង​ស្ទើរតែ​មិន​អស់​។​

          ​ផលិតផល​ទាំងពីរ​ខាងលើ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​កើន​ឡើង​ជាលំដាប់​។​ ​ជាឧទាហរណ៍​ ​ទឹកកក​ឈូស​ដែល​ទើប​ចាប់ផ្តើម​លក់​ត្រឹមតែ​២​-​៣​ខែ​នេះ​ ​លក់ដាច់​រហូតដល់​ជាង​១​០​០​កែវ​ក្នុង​ថ្ងៃ​លក់​ផ្លូវការ​ជាលើកដំបូង​។​ ​ទោះបីជា​ថ្ងៃ​ធម្មតា​ ​មិនមែន​ថ្ងៃបុណ្យ​ទាន​ធំ​ៗ​ ​ក៏​អាច​លក់​បាន​ប្រមាណ​៧​០​កែវ​ជាមធ្យម​។​ ​រីឯ​ចេក​អាំង​ ​អាច​លក់​បាន​ ​១០០​-​២០០​​ក្នុងមួយថ្ងៃ​។​ ​អតិថិជន​ដែល​គាំទ្រ​កន្លងមក​គឺ​មាន​មកពី​គ្រប់​បណ្តា​ស្រុក​ទាំង​៨​នៃ​ខេត្ត​កំពង់ស្ពឺ​ ​ហើយ​កញ្ញា​ក៏​អាច​ទទួលការ​កុម្ម៉ង់​សម្រាប់​អតិថិជន​រស់នៅ​ទីក្រុង​និង​តាម​បណ្តា​ខេត្ត​ ​ផ្សេងៗ​ដែល​ចង់​សាកល្បង​ផង​ដែរ​ដោយ​ធានា​ថា​មាន​វិធី​សា​ស្រ្ត​វេច​ខ្ចប់​មិន​ឲ្យ​បាត់បង់​នូវ​គុណភាព​រសជាតិ​របស់​វា​ឡើយ​។​ ​កញ្ញា​គ្រោង​នឹង​បង្កើន​ផលិតផល​អាហារសម្រន់​បែប​ច្នៃ​ប្រតិដ្ឋ​មួយ​មុខ​ទៀត​បន្ទាប់ពីនេះ​ ​ហើយក៏​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ​កាន់តែ​ខ្លាំង​ដែរ​ព្រោះ​ទីតាំង​នេះ​ជា​ផ្លូវ​ទេសចរ​ឆ្លងកាត់​មានសក្តា​ នុ​ពល​ទាក់ទាញ​ច្រើន​៕​

Article by SRIN SOKMEAN


SUGGESTIONS