×

កាហ្វេ​ជ្រុង​ស្រែ​-​ទេសភាព​ស្រែ​ក្នុង​ក្រុង​

TRAVEL & LIVING 2 years ago
 
 

           ​កាហ្វេ​ជ្រុង​ស្រែ​ ​ឬ​ ​by​ ​Square​ ​Coffee​ & ​Tea​ ​ជា​គំនិត​ច្នៃ​ប្រតិដ្ឋ​បង្កើត​ហាង​កាហ្វេ​ដែល​មាន​បរិ​យា​ ​កាស​ថ្មី​មួយ​បែប​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ខុស​ពី​ហាង​កាហ្វេ​ក្នុងស្រុក​ផ្សេងៗ​ដែល​លោកអ្នក​ធ្លាប់ទៅ​នា​ពេល​កន្លងមក​។​ ​ហាង​កាហ្វេ​ថ្មី​ចុងក្រោយបង្អស់​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​មាន​ ​សង្កាត់​ក្រាំង​ធ្នង់​ ​ខណ្ឌ​សែន​សុខ​ ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​។​ ​ថ្វី​ដ្បិតតែ​វា​មាន​ចម្ងាយ​រាង​ឆ្ងាយ​បន្តិច​ពី​កណ្តាល​ក្រុង​ ​តែ​វា​ជា​ទីតាំង​សម្រាក​ក​ម្សាន្ត​លេចធ្លោ​ជាងគេ​ប្រចាំ​តំបន់​នោះ​ ​ហើយ​ស័ក្តិសម​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ឈូក​វ៉ា​ ​តាំង​កសាង​ ​ក្រាំង​ធ្នង់​ ​ពោធិ៍​ចិន​តុង​ ​និង​តំបន់​ក្បែរ​ៗ​ជុំវិញ​នោះ​។​

          ​ដើម្បី​ធ្វើដំណើរ​ទៅដល់​ទីនោះ​ ​យើង​ត្រូវ​ជិះ​ចេញពី​ក្រុង​ទៅដល់​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង​ ​បត់​ស្តាំ​តាមផ្លូវ​105K ទៅត្រង់​ រហូតដល់​ផ្លូវ​រថភ្លើង​ជិត​វត្ត​តាំង​កសាង​ខាងត្បូង​ទើប​បត់ឆ្វេង​ប្រមាណ​ជាង​១​គីឡូ​ ​ម៉ែត្រ​។​ ​បន្ទាប់មក​ ​លោកអ្នក​ត្រូវ​បត់​ស្តាំ​ដៃ​ត្រង់​ចំណុច​ផ្លូវលំ​ចូល​ទៅកាន់​ភោជនីយដ្ឋាន​កញ្ចុះ​លំហែ​ចិត្ត​និង​ ឌឹលេ​ក​។​ ​ពេល​ទៅដល់​ស្រះ​ដែល​នៅ​ខាងស្តាំ​ដៃ​ ​លោកអ្នក​នឹង​ឃើញ​ទីតាំង​កាហ្វេ​ជ្រុង​ស្រែ​នៅ​ម្ខាង​ផ្លូវ​ខាងឆ្វេង​ដៃ​របស់​លោកអ្នក​ជាមិនខាន​។​ ​កាហ្វេ​ជ្រុង​ស្រែ​មិនមែន​ជា​ស្រែ​ធម្មជាតិ​នោះ​ទេ​ ​តែ​វា​ជា​ស្រែ​សិប្បនិម្មិត​ប្រតិដ្ឋ​ឡើង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ជិត​ឆ្ងាយ​ឲ្យ​មក​ទស្សនា​ ​ស្ថិតនៅ​លើ​ទីតាំង​វាល​ដី​ឡូត៍​មួយ​កន្លែង​ហ៊ុមព័ទ្ធ​ដោយ​ភោជនីយដ្ឋាន​បែប​ជាយក្រុង​និង​លំនៅ​ទូទៅ​របស់​ប្រជាពលរដ្ឋ​។​

          ​តើ​អ្នកដំណើរ​អាច​ធ្វើអ្វី​បាន​ខ្លះ​នៅ​ទីនោះ​? ​ដំបូង​ ​លោកអ្នក​ត្រូវ​ចំណាយ​ប្រាក់​១​ម៉ឺន​រៀល​ដើម្បី​ទិញ​ ​សំបុត្រ​ចូល​នៅ​ច្រក​ទ្វារ​ចូល​ខាងមុខ​។​ ​សំបុត្រ​តម្លៃ​១​ម៉ឺន​រៀល​នេះ​អាច​ប្រើ​ជា​គូ​ប៉ុង​ (​Coup​on) ​ដើម្បី​ប្តូរ​ជា​ ​ភេសជ្ជៈ​បាន​មួយ​កែវ​ក្នុង​ភ្ញៀវ​ម្នាក់​។​ ​ជម្រើស​ភេសជ្ជៈ​មាន​មិន​ច្រើន​ទេ​ ​តែ​សុទ្ធសឹងតែ​ជា​ភេសជ្ជៈ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទូទៅ​ ​រួម​មាន​ ​កាហ្វេ​ទឹកដោះគោ​ ​តែ​ក្រូចឆ្មារ​ ​ស៊ី​រ៉ូ​ទឹកដោះគោឆៅ​ ​ស៊ី​រ៉ូ​ក្រូចឆ្មារ​ ​និង​ ​ដូង​ត្រជាក់​ ​ដែល​ភ្ញៀវ​អាច​ទៅ​យក​នៅ​តៀម​កាហ្វេ​ប្រក់​ស្បូវ​ដ៏​តូច​ច្រឡឹង​កណ្តាលវាល​ស្រែ​នោះ​។​ ​ភ្ញៀវ​អាច​អង្គុយ​សម្រាក​លេង​យកខ្យល់អាកាស​អម​ដោយ​សេវាកម្ម​W​IF​I​ឥត​គិតថ្លៃ​។​ ​ក្រៅពី​តៀម​កាហ្វេ​នោះ​ ​នៅ​មាន​ស្ពាន​ឈើ​ដ៏​ស្រស់​ស្អាត​ពត់​ពេន​ខ្លួន​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ដើរ​ថតរូប​លេង​យ៉ាង​សប្បាយរីករាយ​មិន​ចេះ​ជិន ណាយ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ភ្ញៀវ​ក៏​អាចប​ន្ត​ដំណើរ​ទៅ​ជិះទូក​កៃ​យ៉ា​ក់​លេង​ក្នុង​ប្រឡាយ​ទឹក​ព័ទ្ធជុំវិញ​វាលស្រែ​គួរ​ជាទី​មនោ​រម្យ​។​

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ហាង​នេះ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់ម៉ោង​៧​យប់​។​ ​ប្រសិនបើ​លោកអ្នក​ទៅលេង​ក្នុង​អំឡុង​ខែ​មេសា​នេះ​ពិតជា​ល្អណាស់​ព្រោះស្រូវ​ទើប​តែ​ចាប់ផ្តើម​ដុះ​ពេញ​ស្រែ​ថ្មីៗ​នេះ​ដែរ​ ​ថតរូប​ពិតជា​ឃើញ​ស្អាត​តែម្តង​!

Article by SRIN SOKMEAN


SUGGESTIONS