×

លម្ហែ​កាយ​ក្រោម​ជំនោរ​និទាឃរដូវ​នា​មាត់ទឹក​អម​ដោយ​ទេសភាព​ជើងភ្នំ​

TRAVEL & LIVING 2 years ago
 
 

            ​ខេត្ត​កំពង់ស្ពឺ​ស្ថិតនៅ​តំបន់​វាលទំនាប​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ ​ដែល​ពីមុន​មក​គេ​ចាត់​ទុក​ ​ថា​ជា​ខេត្ត​សម្រាប់​ឆ្លងកាត់​ ​ព្រោះ​មិនសូវ​សម្បូរ​កន្លែង​រមណីយដ្ឋាន​ទេសចរណ៍​ប៉ុន្មាន​ទេ​ ​ក្រៅតែ​ពី​ឧទ្យាន​ ​ជាតិ​គិរីរម្យ​ ​រមណីយដ្ឋាន​អំពែ​ភ្នំ​ ​និង​យូរៗម្តង​មាន​អ្នក​ធ្វើដំណើរ​ហួស​ទៅលេង​ដល់​តេ​ទឹកពុះ​នៃ​តំបន់​ ​ជើងភ្នំ​ក្នុងស្រុក​ឱ​រ៉ា​ល់​ដ៏​សែន​ស្ងាត់​ដាច់សង្វែង​។​ ​ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល​អស់ទៅហើយ​ក្រោយ​ស្រុកទេស​ ​ទទួល​បានសុខ​សន្តិភាព​និង​មានការ​អភិវឌ្ឍ​ប្រសើរ​ជាង​មុន​។​ ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​ខេត្ត​ភាគ​និ​រត​មួយ​ ​នេះ​ក៏​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​។​

            ​រមណីយដ្ឋាន​ដំបូង​ដែល​យើង​បាន​ទៅដល់​នោះ​គឺ​សួន​លំនៅ​ដ្ឋា​ន​ម៉ុង​ប្ញទ្ធី​សែន​ជ័យ​ ​ឬ​ហៅ​សាមញ្ញ​ ​តាម​អ្នកស្រុក​ថា​ ​សួនសត្វ​ម៉ុង​ប្ញទ្ធី​។​ ​កន្លែង​នេះ​ជា​រមណីយដ្ឋាន​ដែល​ទើប​បើក​ដំណើរការ​ថ្មី​ប៉ុន្មាន​ឆ្នាំ​ចុង​ ​ក្រោយនេះ​ទេ​ ​ព្រោះ​ទីនេះ​ទើប​ក្លាយ​ជា​តំបន់​វិនិយោគ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​លាតសន្ធឹង​គ្របដណ្តប់​ ​តំបន់​ភ្នំ​សែន​ដី​ ​ភាគ​ខាងជើងឆៀងខាងកើត​ទីរួមខេត្ត​។​ ​យើង​បាន​ឈប់​សម្រាក​ទទួលទាន​អាហារ​ពេល​ ​ព្រឹក​នៅ​ហាង​មួយ​ហួស​អូរ​ដឹ​ម​បន្តិច​ដែល​ល្បី​ថា​មាន​បាយ​មាន់​ស្រែ​ឆ្ងាញ់​ ​ហើយក៏​បន្ត​ដំណើរ​បត់​តាម​ ​ចំហៀង​ផ្សារ​ថ្នល់ទទឹង​ ​ឬ​ផ្លូវជាតិ​លេខ​៤​១​ ​ឆ្ពោះទៅ​កាន់​ផ្សារ​អង្គ​មេត្រី​ ​រួចហើយ​បត់​តាមផ្លូវ​ជាប់​ផ្សារ​ចូល​ ​ក្នុង​ប្រមាណ​៥​គីឡូម៉ែត្រ​។​ ​គ្រាន់តែ​ជិះ​ហួស​សាលាឃុំ​រលាំង​គ្រើល​ទៅមុខ​តែ​មួយភ្លែត​ ​មាន​កា​រ៉ា​ស​សាំង​មួយ​នៅ​ឆ្វេងដៃ​ ​យើង​ឃើញ​មានផ្លូវ​បត់​ចូល​រមណីយដ្ឋាន​ដែល​មាន​ផ្ទះ​អ្នកស្រុក​រស់នៅ​យ៉ាង​ធូរធារ​ជាប់​ ​ហូរហែ​អម​សងខាង​។​ ​ចំណាយ​ប្រាក់​ថ្លៃ​សំបុត្រ​ត្រឹមតែ​១​៥​០​០​០​រៀល​ ​យើង​អាច​ដើរមើល​គេហដ្ឋាន​ក្នុង​ ​បុរី​លម្ហែ​កាយ​ជាប់​ជើងភ្នំ​ជាច្រើន​ខ្នង​ ​អម​ដោយ​ទេសភាព​ស្រះ​ស្តុក​ទឹក​ដ៏​ធំ​ស្រស់​ស្អាត​ដែល​ស្ថិតនៅ​មិន​ ​ឆ្ងាយ​ពី​គ្នា​នោះ​ទេ​។​ ​យើង​បាន​ជិះរថយន្ត​ឡើង​តាមផ្លូវ​ជម្រាល​ភ្នំ​មើលឃើញ​ទេសភាព​តំបន់​ទំនាប​ពីលើ​ ​កំពូលភ្នំ​គួរ​ជាទី​រម​នា​។​ ​ជាពិសេស​ ​ទីនោះ​មាន​សួនសត្វ​ដែល​សត្វ​ភាគច្រើន​ជាអំណោយ​ពី​សប្បុរស​ជន​ ​ក្នុង​នោះ​មាន​ដូចជា​ ​សត្វ​ខ្លាដំបង​ ​ខ្លាត្រី​ ​ស្វា​ព្រាម​ ​កាំប្រមា​ ​សំពោច​ ​អូ​ទ្រី​ស​ ​ក្ងោក​ ​មាន់ព្រៃ​ ​ប្រវឹក​ -​ល​- ​ដែល​លោកអ្នក​អាច​ដើរ​ទស្សនា​យ៉ាង​សប្បាយរីករាយ​។​ ​នៅ​មាន​សំណង់​តូច​ធំ​ជាច្រើន​ទៀត​ ​ដែល​ខ្លះ​ ​ធ្វើ​រួច​ ​ខ្លះ​កំពុង​នៅ​សាងសង់​នៅឡើយ​ ​ដើម្បី​ទាក់​ទាញចិត្ត​ទេសចរ​ជិត​ឆ្ងាយ​ឲ្យ​មក​ទស្សនា​កាន់តែ​ច្រើន​។​

            ​ទម្រាំ​យើង​ចេញពី​សំរោង​ទង​ទៅដល់​ច្បារ​មន​ដែល​ជា​ទីរួមខេត្ត​ទ្រនិច​នាឡិកា​ចង្អុល​ម៉ោង​ជិត​១​ ​រសៀល​ទៅ​ហើយ​ ​ទើប​ធ្វើឲ្យ​យើង​ត្រូវ​ប្រញាប់ប្រញាល់​ស្វែងរក​កន្លែង​សម្រាក​ទទួលទាន​បាយថ្ងៃត្រង់​ ​ដែល​ស្ថិតនៅ​ជិត​នោះ​បំផុត​ ​ខុស​ពី​គម្រោង​ដែល​យើង​គិត​គ្រោងទុក​ថា​នឹង​ទៅ​បាយ​នៅ​ខ្នង​ទំនប់​តា​សាល​ ​ដែល​ឆ្ងាយ​ពី​ទីរួមខេត្ត​ប្រហែល​៦​០​-​៧​០​គីឡូម៉ែត្រ​ទៅមុខ​ទៀត​។​ ​ចំពោះ​ទំនប់​តា​សាល​ដែល​ជាគោល​ដៅ​ ​សំខាន់​ទីពីរ​នៃ​ថ្ងៃ​ទីមួយ​ ​យើង​បាន​ទៅដល់​ខ្ទង់​ម៉ោង​២​រសៀល​ទៅ​ហើយ​។​ ​ផ្លូវ​ពី​រង្វង់​មូល​កន្ទួត​ ​ទី​រួម​ស្រុក​ ​ឱ​រ៉ា​ល់​ទៅមុខ​កាត់តាម​តេ​ទឹកពុះ​រាង​រលាក់​ ​និង​ហុយ​បន្តិច​ ​តែ​ជា​សំណាងល្អ​ដែរ​ត្រង់ថា​ ​ទោះបីជា​អាកាស​ ​ធាតុ​ក្តៅ​ ​តែ​ទៅដល់​ទំនប់​តា​សាល​ឬ​ទំនប់​ឥណ្ឌា​ ​ទេសភាព​ទឹក​នៅ​ទីនោះ​នៅតែ​ស្រស់​ស្អាត​ ​មិន​រីងស្ងួត​ ​សោះកក្រោះ​នោះ​ទេ​ ​គ្រាន់តែ​ទឹក​រាង​ស្រក​ជាង​រដូវវស្សា​។​ ​នៅកណ្តាល​ផ្ទៃ​អាង​ទំនប់​ដ៏​ធំ​មហិមា​ ​មានកូន​ ​កោះ​ធម្មជាតិ​តូច​មួយ​អម​ដោយ​ទេសភាព​ភ្នំ​ព័ទ្ធជុំវិញ​មើលទៅ​ដូច​គំនូរ​មួយ​ផ្ទាំង​អ៊ីចឹង​។​

            ​ឈ្វក់​វង្វេង​នឹង​មន្ត​ស្នេហ៍​ទំនប់​តា​សាល​មិនទាន់​អស់ចិត្ត​ផង​ ​យើង​ក៏​ត្រូវ​ចេញ​មក​ក្រៅ​តាមផ្លូវ​ ​ដដែល​វិញ​ដើម្បី​ទៅកាន់​រមណីយដ្ឋាន​តូច​ៗ​ដែល​អ្នកស្រុក​ទីនោះ​និយម​ទៅលេង​ ​ឬ​ ​ទៅ​ថតរូប​ក​ម្សាន្ត ​ចំនួន​ពីរ​ទីតាំង​ទៀត​ដែល​ស្ថិត​តាម​បណ្តោយ​ដងស្ទឹង​ព្រែកត្នោត​នៃ​ស្រុក​ឱ​រ៉ា​ល់​ដូចគ្នា​។​ ​ទីមួយ​ឈ្មោះថា​ ​អន្លង់​ភេ​តា​ពយ​ ​ដែល​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ស្ពឺ​កំពុង​សិក្សាត្រៀម​រៀបចំ​ឲ្យ​ក្លាយ​ជា​រមណីយដ្ឋាន​ ​ទេសចរណ៍​ថ្មី​ប្រចាំ​តំបន់​នេះ​។​ ​អន្លង់​ភេ​តា​ពយ​មាន​ចម្ងាយ​ប្រហែល​៤​គីឡូម៉ែត្រ​ពី​ផ្លូវ​ធំ​ ​បត់​តាមផ្លូវ​ដី​ ​ជិត​ផ្លូវចូល​ទំនប់​តា​សាល​ ​តែ​ជិត​ជាង​បន្តិច​ ​ឆ្ពោះ​តម្រង់​ទៅកាន់​មាត់​ស្ទឹង​ដែល​មាន​ព្រៃ​ដុះ​ជិត​សឹងតែ​ ​មើលមិនឃើញ​ពី​ចម្ងាយ​។​ ​បរិយាកាស​ទីនោះ​រាង​ស្ងាត់​ ​តែ​មិន​ស្ងាត់ជ្រងំ​ពេក​នោះ​ទេ​ ​ព្រោះ​ស្ទឹង​នោះ​ក៏​ជា​ផ្លូវ​ដែល​អ្នកភូមិ​ឆ្លងកាត់​ប្រចាំថ្ងៃ​ដែរ​ ​ហើយ​មាន​លក្ខណៈ​អំណោយផល​ល្អ​ ​ដោយសារ​មាន​ទឹកហូរ​ ​ខ្មួលខ្មាញ់​បង្កើត​ជា​ទឹកជួរ​ ​តែ​មិន​ហូរ​លឿន​ខ្លាំង​ ​ល្មម​អាច​ដើរ​ឆ្លង​ទៅមក​បាន​ ​និង​ ​ងាយស្រួល​ក្នុង​ការ​ ​ងូតទឹក​លេង​បាន​សូម្បីតែ​កូនក្មេង​។​ ​ទេសចរ​ក៏​អាច​ឈប់​រថយន្ត​នៅក្បែរ​មាត់ទឹក​រក​កន្លែង​សមរម្យ​ណា​ ​មួយ​សម្រាប់​អង្គុយ​ទទួលទាន​អាហារ​ពិ​ក​និ​ក​ក្នុង​បរិយាកាស​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ពិតៗ​។

            ​កន្លែង​ចុងក្រោយ​បន្ទាប់ពី​នោះ​ ​គឺ​ ​រមណីយដ្ឋាន​អន្លង់​ឬស្សី​ ​ដែល​បាន​ក្លាយ​ជា​តំបន់​ទាក់ទាញ​ ​សម្រាប់​អ្នកស្រុក​អ្នកភូមិ​ជិត​ៗ​នោះ​មក​ក​ម្សាន្ត​សប្បាយ​ក្នុង​ថ្ងៃ​ចុង​ស​ប្តាហ៍ ​និង​ថ្ងៃឈប់​សម្រាក​នានា​។​ ​រមណីយដ្ឋាន​នេះ​ស្ថិតនៅ​ជិត​ទីប្រជុំជន​កន្ទួត​ជាង​រមណីយដ្ឋាន​ពីរ​ខាងលើ​ ​ងាយស្រួល​រក​ ​មាន​ចម្ងាយ​តែ​ ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ផ្លូវ​ស្រុក​។​ ​វា​ជា​ដំណាក់​មួយ​នៃ​ស្ទឹង​ព្រែកត្នោត​ដែល​មានផ្លូវ​ទឹក​ហូ​របត់បែន​ ​និង​មាន​សណ្ឋានដី​ច្រាំង​ស្អាត​ប្លែក​ ​ដែល​មួយ​ផ្នែក​ជា​ជម្រាល​ឆ្នេរ​ងាយស្រួល​ក្រាលកន្ទេល​អង្គុយ​សម្រាក​ ​លម្ហែ​ជួបជុំគ្នា​ ​ហើយ​មួយផ្នែកទៀត​មាន​ទស្សនីយភាព​ជា​ច្រាំងចោត​ ​មាន​សណ្ឋាន​ដូច​ដី​ដុះ​សក្បុស​​ងើប​ផុត​ពី​ផ្ទៃ​ទឹក​អម​ដោយ​សម្រស់​ព្រៃ​មាត់ទឹក​ស្អាត​គាប់​ភ្នែក​ដែល​មាន​ដើមឈើ​បញ្ឈរ​ខ្លួន​ត្រង់​ចង្អុល​ទៅ​អាកាស​ ​មិន​ដឹង​ថា​រុក្ខជាតិ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​ ​តែ​មើលទៅ​ស្រដៀង​ព្រៃ​ចម្ការ​គ​ ​ល្អ​សម្រាប់​ជា​ទីតាំង​ ​បោះជំរំ​ ​ហើយ​ថែមទាំង​មាន​ឆ្នេរខ្សាច់​សស្គុស​អាច​ដើរ​លម្ហែ​ ​និង​រៀបចំ​បង្កើត​កម្មវិធី​ក​ម្សាន្ត​ផ្សេងៗ​បាន​ ​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​ជាទីបំផុត​។​

            ​ដងស្ទឹង​ព្រែកត្នោត​ពេល​រាត្រី​ហាក់​ស្ងប់ស្ងាត់​មិន​អ៊ូអរ​ដូច​នៅ​មាត់ទន្លេ​ក្រុងភ្នំពេញ​សោះ​ឡើយ​ ​តែ​ក៏មាន​ពន្លឺ​ភ្លើងអគ្គិសនី​តុបតែង​លម្អ​តាម​បណ្តា​យ​មាត់​ស្ទឹង​ ​ម្តុំ​សួនច្បារ​ផ្សារ​រាត្រី​​រង់ចាំ​​កំដរ​បំបាត់​ក្តី​អផ្សុក​របស់យើង​ដែរ​។​ ​ថ្ងៃ​បន្ទាប់​ទើប​យើង​បានឃើញ​សភាព​កកកុញ​នៃ​សកម្មភាព​លក់ដូរ​​របស់​អាជីវករ​ផ្សារ​កំពង់ស្ពឺ​ ​និង​តំបន់​ជុំវិញ​នោះ​។​ ​យើង​បាន​ចំណាយ​ពេល​សម្រាក​ប្រហែល​ពីរ​ម៉ោង​នៅ​ ​អាហារដ្ឋាន​ផ្ទះ​ម៉ែ​ប៉ុក​ប្ញស្សី ​ដែល​កំពុង​ពេញ​និយម​ពីសំណាក់​ភ្ញៀវ​ទេសចរ​ពី​ភ្នំពេញ​ ​និង​ ​ប្រជាជន​ខេត្ត​ ​កំពង់ស្ពឺ​ ​ដោយសារ​ទីនេះ​មាន​ការរៀបចំ​តុបតែង​ល្អ​ពិសេស​ខុសប្លែក​ពី​ភោជនីយដ្ឋាន​ ​និង​ ​រមណីយ​ ដ្ឋា​ន​ផ្សេងៗ​ទៀត​នៃ​ខេត្ត​កំពង់ស្ពឺ​ទាំងមូល​។​ ​នៅ​ពេល​យើង​ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​ ​១​៤​៣​ ​ឬ​ ​អ្នកស្រុក​ ​ហៅថា​ ​ផ្លូវ​ភ្នំ​ជាល​ ​ចេញពី​ទីរួមខេត្ត​ ​មកដល់​ចំណុច​ទំនប់​ភូមិ​បិ​ល​ ​ឃុំ​ស្គុះ​ ​យើង​នឹង​ឃើញ​ក្យូ​ស​ប្ញស្សី​តូច​ធំ​ ​ប្រក់​ស្បូវ​ជាច្រើន​រោង​បណ្តែត​ខ្លួន​លើ​ផ្ទៃ​ទឹក​ ​ខាងឆ្វេង​ដៃ​ ​ទាក់​ភ្នែក​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទៅមក​។​ ​យើង​អាច​និយាយ​បាន​ថា​ ​ទីនេះ​ជា​ឋានសួគ៌​ថតរូប​សម្រាប់​យុវវ័យ​ដែល​និយម​ថតរូប​ស៊ែ​ល​ហ្វី​បង្ហោះ​លើ​ ​បណ្តាញ​សង្គម​។​ ​បើ​និយាយ​ពី​ម្ហូប​ ​មាន​ម្ហូប​រហូតដល់​ជិត​៧​០​មុខ​រង់ចាំ​បម្រើ​សេវាកម្ម​ជូន​ក្រុម​គ្រួសារ​ ​លោកអ្នក​។​ ​ម្ហូប​ដែល​ភ្ញៀវ​និយម​កុម្ម៉ង់​នៅ​ទីនោះ​មាន​ដូចជា​ ​មាន់​ដុត​បន្លែស្រស់​ ​ម្ជូរ​ព្រៃ​ ​អន្ទង់​អប់​ត្រយូង​ ​ចេក​ ​និង​កន្ធាយ​ចំហុយ​ខ្ទឹមស​ ​ដ៏​មានឱជារស​ ​និង​ ​គុណភាព​សេវាកម្ម​ល្អ​រហ័ស​ទាន់ចិត្ត​។​ ​ទីនេះ​ចាប់​បើក​ ​ពី​ម៉ោង​១​០​ព្រឹក​រហូតដល់​ម៉ោង​១​១​យប់​ ​ហើយ​ជាទូទៅ​មាន​ភ្ញៀវ​អញ្ជើញ​មក​យ៉ាង​ច្រើន​កុះករ​រហូត​ពេល​ ​ខ្លះ​អស់​ក្យូ​ស​អង្គុយ​ក៏មាន​។​

            ​ចំណុច​ទាក់ទាញ​នោះ​គឺ​ ​រមណីយដ្ឋាន​នេះ​មាន​ផ្តល់​ជូន​នូវ​សេវាកម្ម​ទេសចរណ៍​ជាច្រើន​ ​ប្រភេទ​ ​ដូចជា​ ​ថតរូប​ទេសភាព​អម​ជាមួយ​ការ​តុបតែង​លម្អ​ផ្សេងៗ​នៅ​លើ​ផ្ទៃ​ទឹក​ ​ជិះ​ទា​បេ​ដា​ឡូ​ក​ម្សាន្ត ​សេវាកម្ម​ម្ហូប​អ​ហារ​និង​ភេសជ្ជៈ​យ៉ាង​សម្បូរ​បែប​ ​ទស្សនា​សួន​ផ្កា​ ​និង​ ​ជួល​ក្យូ​ស​អង្គុយ​លម្ហែ​។​ ​ទេសភាព​ ​ខ្យល់អាកាស​ជើងភ្នំ​ ​និង​ ​ចំហាយត្រជាក់​ពី​ផ្ទៃ​ទឹក​ធ្វើឲ្យ​យើង​ភ្លេច​អស់​នូវ​អារម្មណ៍​តប់ប្រមល់​ ​ហើយ​ហាក់​ ​បីដូច​ជា​ដក់​ចិត្ត​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​ទីនោះ​ឡើយ​ ​ថែមទាំង​ស្រមៃ​ថា​បាន​ទៅ​ទីនោះ​ម្តងទៀត​ជាមួយ​ក្រុម​ ​គ្រួសារ​នៅ​ពេល​ខាងមុខ​ទៀត​ផង​៕​

Article by SRIN SOKMEAN

សួន​លំនៅ​ដ្ឋា​ន​ម៉ុង​ប្ញទ្ធី​សែន​ជ័យ

ទំនប់​តា​សាល​ឬ​ទំនប់​ឥណ្ឌា​

អាហារដ្ឋានប៉ែប៉ុកឫស្សី

រមណីយដ្ឋានទំនប់ស្លា


SUGGESTIONS