×

វិចិត្រករ​ ​ហម​ ​រិទ្ធ​ ​បង្កើត​ស្នាដៃ​គំនូរ​បង្កប់​អត្ថន័យ​ពី​ខ្សែ​ជីវិត​ដ៏​ក​ម្សត់

NEWS 2 years ago
 
 

           គំនូរ​ ​គឺជា​រូបភាព​ ​ក្បាច់រចនា​ ​ដែល​កើត​ចេញពី​ការ​គូរ​ ​ជា​សិល្បៈ​ចេញពី​គំនិត​ច្នៃ​ប្រតិដ្ឋ​ ​និង​ការស្រមើស្រមៃ​របស់​អ្នក​គូរ​។​ ​ក្នុង​ការ​បង្កើត​គំនូរ​ ​ជាទូទៅ​វិចិត្រករ​តែង​រិះរក​ ​និង​បង្កើត​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ ​ក៏ដូចជា​ផ្សារភ្ជាប់​រឿងរ៉ាវ​ទៅតាម​បទពិសោធន៍​ជីវិត​ជាក់ស្តែង​។​ ​ដោយឡែក​ពី​វិចិត្រករ​ដទៃ​ ​វិចិត្រករ​មួយ​រូប​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពត​បាន​បង្កើត​សិល្បៈគំនូរ​មួយ​បែប​ប្រកបដោយ​ភាព​ប្លែកភ្នែក​ ​ដោយគូ​រ​បញ្ចូលជាមួយ​រូប​សត្វ​ ​និង​ផ្កា​ផ្សេងៗ​ដូចជា​ ​ផ្កាឈូក​ ​ខ្យង​ ​និង​សត្វ​គោ​ជាដើម​។​ ​តាម​ការ​ជំនួប​ផ្ទាល់​ជាមួយ​ក្រុម​ការងារ​ ​សូវ​រី​ន​ ​វិចិត្រករ​រូប​នេះ​បង្ហើប​ថា​ ​គំនូរ​ប្រតិដ្ឋ​យ៉ាង​ដូច្នេះ​គឺ​វា​ទាក់ទិន​នឹង​ដំណើរ​ដើមទង​នៃ​ខ្សែ​ជីវិត​របស់​លោក​ ​ហើយ​លោក​ក៏បាន​បរិយាយ​ក្បោះក្បាយ​ដូច​ខាងក្រោម​៖​

          ​លោក​ ​ហម​ ​រិទ្ធ​ ​មាន​វ័យ​ ​៣​៦​ឆ្នាំ​ ​គឺជា​វិចិត្រករ​ឯករាជ្យ​ ​និង​ជា​សិល្បករ​មាន​ស្នាដៃ​លេចធ្លោ​មួយ​រូប​នៅ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​ ​ទម្រាំ​បាន​ដូច​សព្វថ្ងៃ​ ​លោក​បាន​ហែលឆ្លង​ឧបសគ្គ​ ​និង​ការ​ពុះពារ​ជាច្រើន​តាំងតែពី​វ័យក្មេង​។​ ​លោក​បាន​រំឭក​ថា​ ​គ្រា​ធំធាត់​ជា​ក្មេង​ស្រុកស្រែ​ចម្ការ​ ​រាល់​ពេល​មាន​ជាងគំនូរ​មក​គូរ​នៅ​តាម​វត្តអារាម​ ​លោក​តែងតែ​ឆ្លៀត​ទៅ​លបមើល​ជានិច្ច​។​ ​ហាក់​មាននិស្ស័យនឹង​សិល្បៈគំនូរ​ ​រាល់​ពេល​ចេញពី​រៀន​ទៅ​ឃ្វាលគោ​ ​កុមារ​សម្បុរ​ស្រអែម​ម្នាក់​នេះ​តែង​គូររូប​លេង​នៅ​លើ​ ​ដី​ ​និង​គូរ​ឆូត​ដើមឈើ​ជា​ញឹកញយ​។​ ​ដោយមាន​ចិត្តស្រឡាញ់​គំនូរ​កាន់តែ​ខ្លាំង​ឡើង​ ​កុមារា​ ​ហម​ ​រិទ្ធ​ ​បាន​សម្រេច​ចិត្ត​សុំ​អ្នកម្តាយ​ទៅ​រៀន​ជំនាញ​គំនូរ​ ​តែ​ផ្ទុយ​មកវិញ​អ្នកម្តាយ​មិន​យល់ស្រប​នឹង​ការ​ស្នើសុំ​នេះ​ឡើយ​ ​ដោយហេតុ​យល់ថា​អាជីព​គំនូរ​មិន​អាច​ឈោង​ចាប់​អ្វី​ច្រើន​ក្រៅតែ​ពី​ការងារ​គូរ​នៅ​តាម​វត្ត​ដូចដែល​ឃើញ​ប៉ុណ្ណោះ​។​

          ​យ៉ាងណាមិញ​ ​ការ​បដិសេធ​មិន​អាច​ក្លាយ​ជា​រនាំង​រារាំង​ក្តី​ស្រមៃ​របស់​ក្មេង​តូច​មហិច្ឆតា​ធំ​រូប​នេះ​ឡើយ​។​ ​មកដល់​ឆ្នាំ​ ​២​០​០​០​ ​ខណៈ​ថ្ងៃមួយ​នៅ​ក្នុង​ភូមិ​មាន​គ្រោះ​ទឹកជំនន់​ ​ម្យ៉ាង​ដោយ​ឃើញ​ថា​គ្រួសារ​មាន​ជីវភាព​លំបាក​ផង​នោះ​ ​កុមារ​ ​ហម​ ​រិទ្ធ​ ​បាន​សម្រេច​ចិត្ត​​ចាកចេញ​ពី​ស្រុកកំណើត​ ​ទៅ​សម្ងំ​ស្នាក់​នៅ​ឯ​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​កន្លែងនៅ​ក្នុង​ខេត្ត​សៀមរាប​។​ ​ជីវិត​រសាត់​ឆ្ងាយ​ពី​គ្រួសារ​ ​ទោះ​ជួប​ការលំបាក​ ​និង​ខ្វះខាត​ប៉ុន្មាន​ ​កុមារ​រឹង​មាំ​ម្នាក់​នេះ​ ​នៅតែ​មិន​ត្អូញត្អែរ​ ​សំខាន់​មិន​បោះបង់​នូវ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ឡើយ​ ​ពោល​រាល់​ពេលទំនេរ​ពី​ការងារ​ ​និង​ការសិក្សា​ ​តែងតែ​ឆ្លៀត​រៀន​គូររូប​ដោយខ្លួនឯង​ជានិច្ច​។​ ​ជា​សំណាងល្អ​ផង​នោះ​ ​គាប់​ជួន​មាន​ភ្ញៀវ​មកលេង​ឃើញ​រូប​ស្អាត​ៗ​ ​ពួកគេ​ក៏បាន​លើកទឹកចិត្ត​ ​និង​ជួយ​ទិញ​គ្រាន់​បាន​ប្រាក់​ខ្លះ​យកទៅ​ទិញ​សម្ភារ​សម្រាប់​គូរ​គំនូរ​បន្ត​។​

          ចម្រើន​វ័យ​មកដល់​ឆ្នាំ​២​០​០​៨​ ​ហម​ ​រិទ្ធ​ ​បាន​ចាប់ផ្តើម​អាជីព​ជា​អ្នក​គូរ​គំនូរ​ពេញលេញ​ ​តែ​ទន្ទឹមគ្នា​នោះ​លោក​ក៏​ជួប​ផល​លំបាក​ផង​ដែរ​។​ “​កាលនោះ​ខ្ញុំ​គូររូប​លក់​នៅ​ប្រាសាទ​បាយ័ន​ ​គូរ​បណ្តើរ​ ​លក់​បណ្តើរ​ ​មិន​មាន​ជា​តូប​សម្រាប់​ដាក់​លក់​នោះ​ទេ​។​ ​ជួន​មាន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទិញ​ ​ជួន​គ្មាន​ ​ថ្ងៃ​ខ្លះ​លក់​មិន​ដាច់​សោះ​ក៏មាន​។​ ​ពេលខ្លះ​លក់​មិនបាន​ប៉ុន្មាន​ផង​ ​ខាង​អាជ្ញាធរ​ក៏​ឲ្យ​រើចេញ​ ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ប្រាសាទ​។​” ​លោក​ ​ហម​ ​រិទ្ធ​ ​និយាយ​។​

          ​ក៏​ព្រោះតែ​ដំណើរ​ជីវិត​ក​ម្សត់​ជូរចត់​បែប​នេះ​ហើយ​ ​ទើប​រាល់​គំនូរ​របស់​ ​វិចិត្រករ​ ​ហម​ ​រិទ្ធ​ ​តែង​គូរ​មាន​​​រូប​ផ្កា​ ​និង​រូប​សត្វ​ផ្សេងៗ​ដូចជា​ ​ផ្កាឈូក​ ​ខ្យង​ ​គោ​ ​និង​ថែម​ដោយ​ពន្លឺ​។​ “​ផ្កាឈូក​ ​ជា​ផ្កា​ដ៏​ស្រស់​ស្អាត​ ​និង​បរិសុទ្ធ​ ​ទោះ​វា​ដុះ​ចេញពី​ភក់​ ​តែ​វាក៏ខំប្រឹង​លូតលាស់​បាន​។​ ​គោ​ ​ជា​សត្វ​ដែល​ខិតខំ​ធ្វើការ​ ​ដែល​នេះ​គឺជា​ការ​រំលឹក​អនុ​ស្សា​វ​រី​យ៍​កាលពី​វ័យ​កុមារ​របស់​ខ្ញុំ​។​ ​ឯ​សត្វ​ខ្យង​ ​ទោះបី​វា​ដើ​រយឺត​បន្តិច​ពិតមែន​ ​ប៉ុន្តែ​វា​នៅតែ​ដើរទៅ​មុខ​ជានិច្ច​។​ ​ចំពោះ​ពន្លឺ​វិញ​គឺ​វា​ប្រៀបបានទៅ​នឹង​ក្តី​សង្ឃឹម​។​ ​ទាំងនេះ​សុទ្ធ​សឹង​ជា​ការ​បង្កប់​អត្ថន័យ​នៃ​រសជាតិ​ជីវិត​របស់​ខ្ញុំ​ ​ទោះបី​ខ្ញុំ​ដើ​រយឺត​ដូចជា​សត្វ​ខ្យង​ ​ជួប​ឧបសគ្គ​ដូចជា​ផ្កាឈូក​លាស់​ ​តែ​ខ្ញុំ​ព្យាយាម​ធ្វើការ​ដូចជា​គោ​ ​ហើយ​ខ្ញុំ​នៅតែ​មាន​សង្ឃឹម​។​” ​លោក​ ​ហម​ ​រិទ្ធ​ ​ពន្យល់​លម្អិត​។​

          ​ជា​សិល្បករ​ដែល​រៀន​គំនូរ​ចេះ​ដោយខ្លួនឯង​ ​តាំងពី​ឆ្នាំ​ ​២​០​១​៨​ ​មក​លោក​បាន​ចូលរួម​បង្ហាញ​ស្នាដៃ​ជាមួយ​ក្រុម​សិល្បករ​ដទៃ​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​ជាច្រើន​ ​ក្នុង​នោះ​កម្មវិធី​សំខាន់​ៗ​រួម​មាន​ ​ពិព័រណ៍​«​Art​ ​Will​ ​Save​ ​t​h​e​ ​World​»​ ​និង​«​International​ ​Water​color​ ​Society​»​ ​នៅ​ឯ​វិចិត្រសាល​ ​L​y​L​y​ ​ខេត្ត​សៀមរាប​, ​ពិព័រណ៍​ ​«​Hope​ on ​t​h​e​ ​Horizon​»​ ​នៅ​ ​F​t​ ​Gallery​ ​រា​ធានី​ភ្នំពេញ​ ​និង​ ​ព្រឹត្តិការណ៍​ពិព័រណ៍​សិល្បៈគំនូរ​ធំបំផុត​នៅ​កម្ពុជា​ ​«​Mural​ ​for​ ​Cam​bo​d​i​a​ ​Festival​»​។​ ​លើស​ពី​នេះ​តាំងពី​ឆ្នាំ​ ​២​០​១​៩​ ​លោក​បាន​ចូលរួម​ជាមួយ​ស្ទូ​ឌី​យ៉ូ ​Open​ ​Studio​ ​Cam​bo​d​i​a​ ​ក្នុងនាម​ជា​សិល្បករ​សហការ​ផង​ដែរ​។​

          ​បច្ចុប្បន្ន​ ​លោក​បាន​កំពុង​ធ្វើ​គម្រោង​ផ្ទាល់ខ្លួន​មួយ​ ​ដើម្បី​ត្រៀម​ចេញ​ជា​ពិព័រណ៍​ទោល​សម្រាប់​ខែ​ឧសភា​នេះ​តែម្តង​។​ ​ដោយឡែក​គោលបំណង​ទៅ​ថ្ងៃមុខ​ ​លោក​ចង់បើ​ក​ជា​វិចិត្រសាល​ ​និង​មាន​ជា​ស្ទូឌីយូ​ផ្ទាល់ខ្លួន​ផង​ដែរ​។​ ​តាមរយៈ​បទសម្ភាសន៍​ ​លោក​ក៏មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ដែរ​ថា​ “​ខ្ញុំ​ចង់ឲ្យ​យុវជន​យើង​ស្រលាញ់​សិល្បៈគំនូរ​ឲ្យបាន​ច្រើន​ ​ព្រោះ​គំនូរ​ជា​សិល្បៈ​មួយ​ដែល​អាច​ធ្វើឲ្យ​អ្នកមើល​មាន​អារម្មណ៍​ធូរស្រាល​ពី​ភាព​តានតឹង​”​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS