×

គួយ​ ​កុលបុត្រ​ ​សិស្ស​វិទ្យាល័យ​ខេត្ត​បាត់​ដំបង​ដំបូង​ដែល​ប្រឡងជាប់​សញ្ញាបត្រ​ភាសាបារាំង​ក​ម្រិ​ត​ខ្ពស់​ ​D​A​L​F​ C1

NEWS 2 years ago
 
 

            ខេត្ត​បាត់​ដំបង​ជា​ទឹកដី​ពិសិដ្ឋ​ដែល​សម្បូរ​ដោយ​ធនធានមនុស្ស​ស្ទើរគ្រប់​ផ្នែក​តាំងពី​ជំនាន់​មុន​រហូតមកដល់​បច្ចុប្បន្ននេះ​។​ជាក់ស្តែង​ ​កាលពី​ចុងខែ​មេសា​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​-​ខេត្ត​បាត់​ដំបង​(​Inst​it​u​t​ ​f​r​an​ç​a​i​s ​d​u ​Cam​bo​d​g​e​ – ​Bat​t​am​bang​) ​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​អំពី​ជោគជ័យ​ជា​ប្រវត្តិ​សា​ស្រ្ត​របស់​យុ​វ​សិស្ស​ ​គួយ​ ​កុលបុត្រ​ ​ដែល​សិក្សា​ភាសាបារាំង​នៅ​ទីនោះ​និង​បាន​ប្រឡងជាប់​សញ្ញាបត្រ​អន្តរជាតិ​ ​ភាសាបារាំង​ក​ម្រិ​ត​ខ្ពស់​ ​D​A​L​F​ C1 ​គួរឲ្យ​មាន​មោ​ទក​ ​ភាព​ក្រៃលែង​សម្រាប់​ខេត្ត​បាត់​ដំបង​ទាំងមូល​ក៏ដូចជា​តំណាង​ឲ្យ​រលក​ថ្មី​នៃ​ធនធានមនុស្ស​ក្នុង​ប្រទេស​ផ្នែក​ភាសាបារាំង​ផង​ដែរ​។​ ​ដើម្បី​ជា​ការចូលរួម​ចំណែក​អប​អរសាទរ​ចំពោះ​លទ្ធផល​សិក្សា​របស់​យុវជន​ឆ្នើម​រូប​នេះ​ ​ក្រុម​ការងារ​សូវ​រី​ន​បាន​បង្កើត​កិច្ច​សម្ភាសន៍​តាម​តេឡេក្រាម​ជាមួយ​ម្ចាស់​សញ្ញាបត្រ​ដោយ​ផ្ទាល់​ពី​ក្រុង​បាត់​ដំបង​ដូច​ខាងក្រោម​ ​៖​

            គួយ​ ​កុលបុត្រ​ ​មាន​អាយុ​១​៨​ឆ្នាំ​ ​ជា​សិស្ស​ថ្នាក់​ពីរ​ភាសា​នៃ​វិទ្យាល័យ​ព្រះ​មុនីវង្ស​ ​ក្រុង​បាត់​ដំបង​ ​ដែល​ទើប​ប្រឡង​សញ្ញា​ ​ប​ត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ (​បាក់ឌុប​) ​ឆ្នាំ​សិក្សា​ ​២​០​២​០​-​២​០​២​១​ ​និង​ជា​សិស្ស​នៃ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​-​ខេត្ត​បាត់​ដំបង​។​ ​គាត់​បាន​ចាប់ផ្តើម​សិក្សា​ភាសាបារាំង​តាំងពី​ឆ្នាំ​ ​២​០​១​៤​ ​ម្ល៉េះ​ ​ដោយសារ​គាត់​មាន​ចិត្តស្រឡាញ់​ភាសា​-​វប្បធម៌​បារាំង​ ​ក៏ដូចជា​សម្លឹង​ឃើញ​នូវ​ឱកាស​ការងារ​នា​ពេល​អនាគត​ ​ស្របតាម​ក្តី​ស្រមៃ​ផ្ទាល់ខ្លួន​ចង់​ក្លាយ​ជា​គ្រូពេទ្យ​ ​គួបផ្សំ​នឹង​ការ​ជំរុញលើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ​ផង​ (​មាន​ឪពុក​បង្កើត​ជា​គ្រូបង្រៀន​ ​និង​​ម្តាយ​ជា​មេផ្ទះ​)​។​

            ងាក​មក​ការ​ប្រឡង​សញ្ញាបត្រ​ ​D​A​L​F​ C1 ​ដែល​ទើប​ទទួល​បាន​ជោគជ័យ​នេះ​វិញ​ ​កុលបុត្រ​បាន​ពន្យល់​ថា​ ​D​A​L​F​ C1 ​មានឈ្មោះ​ពេញជា​ភាសាបារាំង​ថា​ ​Dip​l​ô​me​ ​A​p​pro​fond​i​ ​d​e​ ​l​a​ ​L​an​g​u​e​ ​F​r​an​ç​a​i​s​e​ C1​ដែល​មាន​ក​ម្រិ​ត​ខ្ពស់​ជាង​ ​D​ELF​ ​មានឈ្មោះ​ពេញជា​ភាសាបារាំង​ថា​ ​Dip​l​ô​me​ ​d​'​E​t​u​d​e​s ​e​n ​L​an​g​u​e​ ​F​r​an​ç​a​i​s​e​ ​សុទ្ធសឹងតែ​ជា​ការ​ប្រឡង​ភាសាបារាំង​លក្ខណៈ​សាកល​ទទួលស្គាល់​ដោយ​ក្រសួងអប់រំជាតិ​បារាំង​និង​មាន​សុពលភាព​មួយ​ជីវិត​ដែល​អាច​​​យកទៅ​ប្រើប្រាស់​ក្នុង​ការសិក្សា​និង​ការងារ​នៅ​តាម​ ​បណ្តា​ប្រទេស​និយាយ​ភាសាបារាំង​។​ ​D​ELF​ ​ចែកចេញជា​ក​ម្រិ​ត​មូលដ្ឋាន​ ​A​1, ​A​2 ​និង​​ក​ម្រិ​ត​មធ្យម​ B1, B2​។​ ​រីឯ​ ​D​A​L​F​ ​ចែកចេញជា​ C1 ​និង​ C2​។​ ​គាត់​បាន​បន្ថែម​ថា​ ​តាម​ការយល់​ដឹង​របស់​គាត់​ពីមុន​មក​ ​ជាទូទៅ​ប្រសិនបើ​មាន​ត្រឹម​សញ្ញាបត្រ​ B2 ​គេ​អាច​​​យក​សញ្ជាតិ​បារាំង​ ​អម​ជាមួយ​ឯកសារ​ចាំបាច់​ផ្សេងៗ​ទៀត​ ​ហើយក៏​អាចប​ន្ត​ការសិក្សា​នៅ​ទីនោះ​អាស្រ័យ​លើ​ជំនាញ​ដែលគេ​ជ្រើសរើស​បាន​។​ ​ដោយឡែក​ ​សម្រាប់​ជំនាញ​វេជ្ជ​សា​ស្រ្ត ​គេ​តម្រូវ​ឲ្យ​មាន​សញ្ញាបត្រ​ភាសាបារាំង​ក​ម្រិ​ត​ ​D​A​L​F​ C1 ​ជា​អប្បបរមា​។​

            ​ការ​ប្រឡងជាប់​នេះ​មិនមែន​ជា​ការ​ត្រៀម​រយៈពេល​ខ្លី​នោះ​ទេ​ ​ព្រោះ​ ​D​A​L​F​ C1 ​ជា​ការ​ប្រឡង​ស្តង់​ដារ​ពិបាក​ដែល​បេក្ខជន​កម្ពុជា​មិន​ច្រើន​ទេ​អាច​សម្រេច​ជោគជ័យ​បាន​។​ “​និយាយត្រង់​មុនដំបូង​ ​ពេល​ប្រឡង​ខ្ញុំ​គិតថា​អត់​ជាប់​ទេ​ ​ព្រោះ​ n​i​v​e​a​u (​ក​ម្រិ​ត​) ​ហ្នឹង​ពិបាក​ខ្លាំង​មែនទែន​! ​ដូច​គ្រូ​នៅ​បាត់​ដំបង​អី​ ​គឺ​អត់​ងាយ​មាន​អ្នកណា​ជាប់​ទេ​។​ ​គ្រូ​ខ្លះ​ក៏​គាត់​អត់​ប្រឡង​ផង​ព្រោះ​ពិបាក​ខ្លាំង​! ” ​កុលបុត្រ​បាន​បញ្ជាក់​។​ យុ​វ​សិស្ស​រូប​នេះ​បាន​បន្ត​ថា​ ​ចំពោះ​រូបគេ​ ​ភាគច្រើន​បាន​ធ្វើ​ស្វ័យ​សិក្សាត្រៀម​ប្រឡង​តាមរយៈ​ការ​ទិញ​សៀវភៅ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​មក​អាន​និង​ហ្វឹកហាត់​ធ្វើ​ដោយខ្លួនឯង​ ​ព្រម​ជាមួយ​វិធី​សា​ស្រ្ត​អនុវត្តន៍​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ជាក់ស្តែង​ ​ដូចជា​ ​មើល​ភាពយន្ត​ ​ស្តាប់​ត​ន្រ្តី ​ស្តាប់វិទ្យុ​ ​និង​ ​អាន​កាសែត​បារាំង​ ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ភាសា​ឲ្យ​ស្ទាត់ជំនាញ​ដូច​ជន​ជាតិបារាំង​មែនទែន​។​

            ​វិញ្ញាសា​ប្រឡង​នេះ​មាន​៤​មុខ​គឺ​ ​ជំនាញ​ស្តាប់​ ​អាន​ ​សរសេរ​ ​និង​និយាយ​។​ ​វិញ្ញាសា​ផ្ទាល់មាត់​ត្រូវធ្វើ​ក្នុង​ថ្ងៃ​ដោយឡែក​ផ្សេង​ពី​វិញ្ញាសាសរសេរ​ ​ក្នុងរយៈពេល​សរុប​ ​១​ម៉ោង​ ​៣​០​នាទី​ (​សិក្សា​អត្ថបទ​ ​១​ម៉ោង​ ​និង​ ​ឡើង​និយាយ​សំយោគ​អត្ថបទ​និង​ដេញដោល​មតិ​ ​៣​០​ ​នាទី​) ​។​ ​ចំពោះ​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​គាត់​មាន​អារម្មណ៍​ថា​ធ្វើ​វិញ្ញាសា​ផ្ទាល់មាត់​បាន​ល្អ​​​ជាងគេ​ ​ខណៈ​ដែល​វិញ្ញាសា​ដែល​ពិបាក​ជាងគេ​សម្រាប់​គាត់​ ​គឺ​ ​វិញ្ញាសា​សំណេរ​ ​ដោយសារ​ប្រធាន​បទ​ដែល​ចេញ​នោះ​ពិបាក​។​ ​ប៉ុន្តែ​ ​លទ្ធផល​ចេញ​មក​ជាក់ស្តែង​ ​គឺ​ធ្វើ​បាន​ល្អជា​រួម​ស្ទើរគ្រប់​វិញ្ញាសា​ទាំងអស់​។​ ​ក្រោយ​ប្រឡងជាប់​ជាស្ថាពរ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​នោះ​ ​យុវជន​វ័យក្មេង​រូប​នេះ​ទទួល​បាន​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពីសំណាក់​សាលា​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​មិត្តភក្តិ​របស់​គេ​ថែមទៀត​ផង​។​

            ​ចុះ​អ្វី​ទៅជា​បេសកកម្ម​បន្ទាប់​របស់​បេក្ខជន​ជ័យ​លា​ភី​នេះ​? ​យុវជន​ ​គួយ​ ​កុលបុត្រ​ ​បាន​បង្ហើប​ថា​ ​គេ​នៅតែ​បន្ត​រក្សា​គោលជំហរ​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត​ដែល​ជា​បំណង​តាំងពីតូច​មក​ ​ហើយ​តាមរយៈ​ជោគជ័យ​ប្រឡង​នេះ​ ​រូបគេ​មានឱកាស​ទៅ​បន្ត​ការសិក្សា​ជំនាញ​នេះ​នៅ​ឯ​សាកលវិទ្យាល័យ​វេជ្ជ​សា​ស្រ្ត​ដ៏​ល្បី​ជា​អន្តរជាតិ​មួយ​របស់​រដ្ឋ​បារាំង​ឈ្មោះ​ ​Uni​v​e​r​sit​é ​d​e​ ​V​e​r​sail​l​e​s ​Saint​-Qu​e​n​tin​-​e​n-​Y​v​e​line​s ​ស្ថិត​ក្នុង​តំបន់​ ​V​e​r​sail​l​e​s ​ជាយក្រុង​នៃ​រដ្ឋធានី​ប៉ា​រី​ស​ ​ប្រទេស​បារាំង​។​ ​មុននឹង​បញ្ចប់​ ​ក្នុងនាម​ជា​បេក្ខជន​ដែល​មាន​បទពិសោធន៍​ប្រឡង​បាន​ជោគជ័យ​ ​កុលបុត្រ​បាន​ផ្តែផ្តាំ​ឲ្យ​យុវជន​ដទៃទៀត​ដែល​មានបំណង​ប្រឡង​សញ្ញាបត្រ​ខាងលើ​គប្បី​ចំណាយ​ពេល​ផ្តោត​លើ​វេយ្យាករណ៍​និង​វាក្យសព្ទ​ជា​ភាសាបារាំង​ឲ្យបាន​ច្រើន​ ​និង​ព្យាយាម​និយាយ​ភាសាបារាំង​ឲ្យ​ស្ទាត់​ជា​ទម្លាប់​ជាប្រចាំ​កុំបីខាន​ទើប​ភាគរយ​ប្រឡងជាប់​ខ្ពស់​ជាង​ការ​ត្រៀម​រយៈពេល​ខ្លី​ដើម្បី​តែ​ប្រឡង​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS