នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ស្ថិតនៅវិចិត្រសាល «សាលសិល្បៈ» បានរៀបចំការដាក់តាំងពិព័រណ៍រូបថតចំនួន ១៥ សន្លឹកដែលជាស្នាដៃរបស់សិល្បករ លឿម ឡន មកពីខេត្តបាត់ដំបង។ ពីរូបថតមួយសន្លឹកទៅមួយសន្លឹកនោះ គេសង្កេតឃើញថាវិចិត្រកររូបនេះបានប្រើប្រាស់ទឹកកកជំនួសដោយការប្រើប្រាស់ផ្ទាំងក្រណាត់ ដើម្បីបង្កើតបានជារូបថតគំនូរសិល្បៈដ៏គួរឲ្យចាប់អារម្មណ៍ និងប្លែកភ្នែកផងដែរ។ ជាក់ស្តែង សិល្បករបានឲ្យដឹងថាការប្រើប្រាស់ទឹកថ្នាំនេះត្រូវចំណាយរយៈពេល ៦ម៉ោង ទៅ ៨ម៉ោង ដែលត្រូវការដាក់វាឲ្យស្ងួតដោយខ្យល់អាកាសធម្មជាតិ ដើម្បីធ្វើឲ្យផ្ទាំងទឹកកកដែលបានប្រើទឹកថ្នាំនោះលេចចេញជារូបរាង។ យ៉ាងណាមិញ សិល្បករ លឿម ឡន បានបង្ហាញថា «រូបថតដែលខ្ញុំបានដាក់តាំងពិព័រណ៍នេះគឺជាការបង្ហាញពីការចងចាំរបស់ខ្ញុំ។ ដំបូងនោះ ខ្ញុំមានសំណួរមួយចំនួនដែលទាក់ទងនឹងធម្មជាតិដូចជា៖ តើយើងជានរណា? តើយើងកើតមកពីធាតុផ្សំអ្វីខ្លះ? ហេតុដូច្នេះ ខ្ញុំចាប់ផ្តើមធ្វើវាឡើង ដើម្បីស្វែងរកដំណោះស្រាយដែលអាចឆ្លុះបញ្ចាំងពីអ្វីទាំងអស់នោះ។»
ជាចុងក្រោយ សិល្បករមកពីខេត្តបាត់ដំបងរូបនេះក៏បានត្រៀមនឹងបង្ហាញស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ដែលទាក់ទងនឹងស្នាដៃរបស់ខ្លួន ដើម្បីជាការចែករំលែកបទពិសោធន៍ទាក់ទងនឹងជីវភាពរស់នៅរបស់ខ្លួនតាមរយៈសិល្បៈគំនូរទឹកកក និងចំណេះជំនាញផ្សេងៗសម្រាប់សិស្សប្អូនជំនាន់ក្រោយ។ គួរបញ្ជាក់ផងដែរថា លោកអ្នកក៏អាចចូលទស្សនាការដាក់តាំងគំនូររូបថតដែលជាស្នាដៃរបស់លោក លឿម ឡន ដោយឥតគិតថ្លៃ ស្ថិតនៅសាលសិល្បៈ (The Gallerist) ជារៀងរាល់ថ្ងៃអង្គារ រហូតដល់ថ្ងៃអាទិត្យ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៧ល្ងាច៕
Article by PAN SIVLY