×

វិចិត្រករ​បារាំង​ល្បីឈ្មោះ​ ​T​h​éo ​V​all​i​e​r ​រៀបចំ​បើក​សហ​ពិព័រណ៍​ដំបូង​ក្រោយ​កូ​វី​ដ​ក្រោម​ប្រធាន​បទ​ “​ប្រសព្វ​: ​ក្រុងភ្នំពេញ​”

NEWS 2 months ago
 
 

           ​អ្នក​ប្រហែលជា​ធ្លាប់​ឮ​ពី​ពិព័រណ៍​គំនូរ​ ​ឬ​ ​ពិព័រណ៍​រូបថត​ក្រោម​ប្រធាន​បទ​ផ្សេងៗ​ច្រើន​ស្ទើរ​រាប់មិនអស់​ទៅ​ហើយ​មើលទៅ​! ​ប៉ុន្តែ​លើក​នេះ​ពិតជា​ប្លែក​ជាង​សព្វ​មួយដង​ ​ព្រោះ​មាន​ជន​ជាតិបារាំង​ម្នាក់​ដែល​បាន​មក​រស់នៅ​និង​ធ្វើការ​នៅ​ក្នុង​ក្រុងភ្នំពេញ​អស់​រយៈពេល​១​៥​ឆ្នាំ​មក​ហើយ​ហើយ​បាន​ប្រើ​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​គាត់​ផ្ទាល់​ដើម្បី​បង្កើត​គំនូរ​ពិសេស​ម្យ៉ាង​នៅ​លើ​បន្ទះ​ដែក​ដែល​ប្រើ​ធម្មជាតិ​នៃ​ច្រែះស៊ីដែក​នោះ​ឯង​រំលេច​ឆ្លុះ​ចេញ​ជា​ស្រទាប់​រូបភាព​បែប​សិល្បៈ​គួរឲ្យ​ស្ញើ​ច​សរសើរ​។​ ​ស្នាដៃ​ថ្មីៗ​របស់​លោក​នឹង​ត្រូវ​បាន​ដាក់​តាំង​ពិព័រណ៍​ជា​សាធារណៈ​ឲ្យ​មហាជន​ទាំងឡាយ​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ​រយៈពេល​១​ខែ​នៅ​ក្នុង​ក្រុងភ្នំពេញ​ ​នៅ​ឯ​សណ្ឋាគារ​ ​Plantation​ ​Urban​ ​Resort​ & S​p​a​ ​ចាប់ពី​ម៉ោង​៦​ល្ងាច​ ​ថ្ងៃសុក្រ​ ​ទី​២​៤​ ​ខែ​មិថុនា​ ​ខាងមុខនេះ​។​

           ​វិចិត្រករ​បារាំង​ដែល​គ្រោង​នឹង​រៀបចំ​សម្ពោធន៍​ពិព័រណ៍​ស្នាដៃ​សិល្បៈ​នៅ​ថ្ងៃសុក្រ​ខាងមុខនេះ​ត្រូវ​បាន​ក្រុម​វិចិត្រករ​និង​អ្នក​ស្រឡាញ់​សិល្បៈគំនូរ​ស្គាល់​ថា​ ​លោក​ តេ​អូ​ ​វ៉ា​លី​យេ​រ​ (​T​h​éo ​V​all​i​e​r) ​ដែល​មាន​ប្រវត្តិ​ស្នាដៃ​ការងារ​ ​តាំង​ពិព័រណ៍​មិន​តិច​ជាង​១​០​លើក​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៧​។​ ​ពិព័រណ៍​ថ្មី​នេះ​មាន​ចំណងជើង​ ​ជា​ផ្លូវការ​ថា​ ​Convergence​ ​ឬ​ ​ភាសាខ្មែរ​ថា​ ​«​ប្រសព្វ​: ​ក្រុងភ្នំពេញ​»​ ​ដែល​សំដៅ​លើ​ការ​បង្ហាញ​ស្នាដៃ​សិល្បៈ​រួមគ្នា​ ​រវាង​សិល្បករ​ ​ជន​ជាតិបារាំង​ពីរ​ជាលើកដំបូង​ (​រួម​ជាមួយ​សិល្បករ​ម្នាក់ទៀត​គឺ​លោក​ ​G​r​ego​r​y​ ​Go​s​e​l​in​ ​ដែល​ជា​ ​មិត្តភក្តិ​របស់​លោក​)​។​ ​ប្រធាន​បទ​នៃ​ពិព័រណ៍​មួយ​នេះ​គឺ​ផ្ទាំង​គំនូរ​របស់​លោក​បង្ហាញ​ពី​ទិដ្ឋភាព​តាមផ្លូវ​នៃ​ក្រុង​ភ្នំ​ ​ពេញ​ ​ខណៈ​ដែល​ស្នាដៃ​របស់​មិត្តភក្តិ​លោក​ម្នាក់ទៀត​ជា​ប្រភេទ​សិល្បៈ​ដំឡើង​រូបភាព​ (​Installation​) ​ធ្វើ​ពី​ដែក​ ​ដូចគ្នា​ ​ដែល​ផ្តោត​លើ​ប្រភេទ​សត្វល្អិត​ដែល​មាន​ក្នុង​ក្រុងភ្នំពេញ​។​ ​វត្ថុ​សិល្បៈ​សរុប​សម្រាប់​តាំង​ពិព័រណ៍​រួម​នេះ​មាន​ប្រមាណ​២​០​ស្នាដៃ​ ​បើ​តាម​ការ​អះអាង​របស់​លោក​ តេ​អូ​ ​វ៉ា​លី​យេ​រ​ ​។​

           ​ហេតុអ្វីបានជា​វិចិត្រករ​ខាងលើ​ចង់​សហការ​និង​មិត្តភក្តិ​បង្កើត​ពិព័រណ៍​នេះ​ឡើង​? ​លោក​បាន​ឆ្លើយតប​ថា​ ​ពេលនេះ​ជា​ឱកាសល្អ​សម្រាប់​សិល្បករ​ចាប់ផ្តើម​ការងារ​តាំង​ពិព័រណ៍​របស់​ខ្លួន​ឡើងវិញ​ក្រោយ​ការ​ផ្អាក​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​ដ​១​៩​ ​ហើយ​លោក​​​មានបំណង​ចង់​បំពេញ​វិចិត្រសាល​នៃ​ទីតាំង​សណ្ឋាគារ​ ​Plantation​ ​ឲ្យ​ស្រស់​ស្អាត​ទាក់ទាញ​ជាមួយនឹង​ស្នាដៃ​សិល្បៈ​ដ៏​រស់រវើក​ដែល​លោក​និង​មិត្តភក្តិ​បាន​ខិតខំ​ចាប់​ ​ដៃ​គ្នា​សហការ​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ​អស់ពី​កម្លាំង​កាយ​ចិត្ត​។​ ​ចំពោះ​ប្រធាន​បទ​ដែល​ជ្រើសរើស​នេះ​គឺ​ ​លោក​យល់ថា​មកពី​លោក​ចូលចិត្ត​ផ្តិត​យក​រូបភាព​បែប​សិល្បៈ​ទីក្រុង​ (​urban​ ​art​) ​ឬ​ ​ទស្សនីយភាព​តាមផ្លូវ​ (​street​ ​scene​) ​ហើយ​លោក​ក៏បាន​ធ្វើការងារ​ច្រើន​ផ្ទាល់​នៅ​តាម​ដង​ផ្លូវ​នានា​នៅ​ទីក្រុង​នេះ​។​ “ ​ខ្ញុំ​ចូលចិត្ត​អគារ​ចាស់ៗ​នៅ​ ​ភ្នំពេញ​ដូចជា​ ​ម្តុំ​ផ្សារ​អូរ​ប្ញស្សី ​និង​ផ្សារ​ធំ​ថ្មី​ ​ហើយ​ខ្ញុំ​ចូលចិត្ត​រូបភាព​ចលនា​សកម្មភាព​ប្រជាជន​នៅ​ជុំវិញ​អ​គា​រទាំង​ ​នោះ​។​ ​វា​បង្ហាញ​ពី​ចក្ខុវិស័យ​- ​អ្វី​ដែល​ធ្វើឲ្យ​យើង​ទទួល​ឥទ្ធិពល​ពី​វា​ជា​ប្រចាំថ្ងៃ​” ​លោក​បាន​បញ្ជាក់​។​

           ​លោក​ចង់​ពន្យល់​ប្រាប់​ថា​ ​ស្នាដៃ​គំនូរ​របស់​លោក​មិនមែន​ជា​ប្រភេទ​គំនូរ​ដោយ​ប្រើ​ពណ៌​ចម្រុះ​ដូច​គំនូរ​ ​ទូទៅ​នោះ​ទេ​ ​តែ​វា​កើត​ចេញពី​ការ​បំ​លែង​ជាច្រើន​ដំណាក់កាល​ ​រាប់​ចាប់តាំង​តាំងពី​ថតរូប​ ​រៀបចំ​ឯកសារ​រូប​ ​កាត់​បន្ទះ​ដែក​ ​គូរ​ទឹក​ថ្នាំ​ពណ៌​ស​សុទ្ធ​ ​បាញ់​ទឹក​បង្កើត​សំណើម​ ​រហូតដល់​ច្រែះស៊ីដែក​ជា​ស្រទាប់​ៗ​ ​បង្កើត​បានជា​ផ្ទាំង​គំនូរ​សម្រេច​ដែល​មាន​ពណ៌​ឆ្លុះ​ចេញទៅ​តាម​ធម្មជាតិ​នៃ​ប្រតិកម្ម​ច្រែះ​។​ ​លោក​ត្រូវ​ចំណាយ​ពេល​១​ខែ​ ​មិនសូវ​បាន​ទំនេរដៃ​នោះ​ទេ​ដើម្បី​ត្រៀម​រូបភាព​ទាំងនេះ​សម្រាប់​តាំង​ពិព័រណ៍​។​ ​លោក​សង្ឃឹម​ថា​ ​នឹង​មាន​ភ្ញៀវ​ច្រើន​កុះករ​ ​ចូល​មក​គាំទ្រ​ទស្សនា​ពិព័រណ៍​ដ៏​សម្រិតសម្រាំង​មួយ​នេះ​។​ ​ជាចុងក្រោយ​ ​លោក​​​មានប្រសាសន៍ថា​ “​ខ្ញុំ​ចង់​ផ្តល់​ឥទ្ធិពល​កម្លាំងចិត្ត​ដល់​អ្នក​ជំនាន់​ក្រោយ​។ ​(​ស្នាដៃ​សិល្បៈ​របស់​ខ្ញុំ​) ​វា​ច្រើនលើស​ពី​ពាក្យ​ថា​ការងារ​! ​វា​ជា​ចំណង់​ដែល​ត្រូវតែ​ធ្វើ​ ​ត្រូវតែ​បង្កើត​!” ។

សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីចូលអានព័ត៌មានលម្អិតអំពីកម្មវិធី៖ h​t​t​p​s://​f​b.​me​/​e​/1​E​knkN​g​l​v​

Article by SRIN SOKMEAN


SUGGESTIONS