×

ប៊​ន​នឹម​ ​មី​លី​យ៉ា​ ​បេ​ក្ខ​នារី​ជ័យ​លា​ភី​អាហារូបករណ៍​ទស្សន​កម្មវិធី​សិល្បៈ​ពី​ C​L​A​

NEWS 2 years ago
 
 

           កាលពី​ចុងខែ​មិថុនា​កន្លងទៅ​ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អម​តៈ (​Cambodian​ ​Living​ ​Art​s) ​មានការ​បង្ហោះ​ណែ​នាំឲ្យ​សាធារណជន​បាន​ស្គាល់​មុខ​យុវតី​ ប៊​ន​នឹម​ ​មី​លី​យ៉ា​ ​ដែល​ត្រូវ​បាន​ឧទ្ទេសនាម​ថា​ជា​អ្នកទទួល​បាន​អាហារូបករណ៍​ទស្សន​កម្មវិធី​សិល្បៈ​ម្នាក់​ក្នុងចំណោម​បី​នាក់​ ​ហើយដែល​មាន​តួនាទី​សំខាន់​ក្នុង​ការរៀបចំ​និង​រចនា​កម្មវិធី​រដូវ​វប្បធម៌​ក្នុង​ឆ្នាំ​២​០​២​៣​ (​Cultural​ ​Season​ 2023)​។​ ​តើ​បេ​ក្ខ​នារី​ជ័យ​លា​ភី​រូប​នេះ​មាន​ប្រវត្តិ​ការងារ​យ៉ាងដូចម្តេច​ខ្លះ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​សិល្បៈ​វប្បធម៌​? ​ហើយ​នាង​មាន​បេសកកម្ម​ការងារ​អ្វីខ្លះ​ ​និង​មាន​ចក្ខុវិស័យ​ចំពោះ​ការ​គ្រប់គ្រង​ដឹកនាំ​កម្មវិធី​សិល្បៈ​នៅ​កម្ពុជា​យ៉ាងដូចម្តេច​? ​ជាពិសេស​ ​តើ​នាង​បាន​រៀនសូត្រ​អំពី​មេរៀន​ល្អ​ៗ​អ្វីខ្លះ​ពី​កម្មវិធី​អាហារូបករណ៍​ខាងលើ​?

           ក្នុង​តួនាទី​បច្ចុប្បន្ន​ជា​អ្នក​សម្របសម្រួល​កម្មវិធី​ផ្លាស់ប្តូរ​សិល្បៈ​និង​វប្បធម៌​នៃ​មូលនិធិ​ជប៉ុន​ ​ការិយាល័យ​ ​ទំនាក់ទំនង​ភ្នំពេញ​ ​កញ្ញា​ ប៊​ន​នឹម​ ​មី​លី​យ៉ា​ ​ធ្លាប់​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នកតំណាង​ប្រចាំ​តំបន់​សម្រាប់​ ​Mekong​ ​Cultural​ ​Hub​ ​មាន​ទីតាំងនៅ​តៃ​វ៉ាន់​ ​ដែល​ជា​អង្គការ​បងប្អូនបង្កើត​របស់​សិល្បៈ​ខ្មែរ​អម​តៈ ​ក្នុង​អំឡុង​ឆ្នាំ​ ​២​០​១​៩​-​២​០​២​០​។​ ​ក្រោយមក​ ​ក្នុង​ឆ្នាំ​ ​២​០​២​០​-​២​០​២​១​ ​កញ្ញា​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​សម្របសម្រួល​កម្មវិធី​ ​t​h​e​ ​Living​ ​Art​s ​Fellow​ ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អម​តៈ​ដែល​ជា​កម្មវិធី​អភិវឌ្ឍន៍​វិជ្ជាជីវៈ​សម្រាប់​សិល្បករ​និង​អ្នកគ្រប់គ្រង​សិល្បៈ​។​ ​ដោយឡែក​ ​ក្នុង​ឆ្នាំ​ ​២​០​២​២​-​២​០​២​៣​ ​នេះ​ ​កញ្ញា​ត្រូវ​បាន​ជ្រើសតាំង​ជា​អ្នក​សម្របសម្រួល​កម្មវិធី​គទានុរក្ស​នៃ​អង្គការ​ដដែល​នេះ​ដើម្បី​អភិវឌ្ឍ​ជំនាញ​និង​បទពិសោធន៍​របស់​អ្នក​រៀបចំ​កម្មវិធី​ជំនាន់​ថ្មី​និង​អ្នក​ដែល​មាន​សក្តានុពល​នៅ​ក្នុង​វិ​ស័​យ​សិល្បៈ​ដែល​ផ្តោត​សំខាន់​លើ​អ្នកប្រតិបត្តិ​សិល្បៈ​ទស្សនីយភាព​។​

           “​ក្នុងនាម​ជា​អ្នក​សម្របសម្រួល​កម្មវិធី​ផ្លាស់ប្តូរ​សិល្បៈ​វប្បធម៌​ ​កម្មវិធី​នេះ​ពិតជា​មានប្រយោជន៍​ណាស់​ចំពោះ​ការងារ​វិជ្ជាជីវៈ​របស់​ខ្ញុំ​ក្នុង​ការរចនា​កម្មវិធី​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​ក្បោះក្បាយ​ ​និង​ ​មាន​ប្រសិទ្ធ​ភាព​។​ ​ការ​រំពឹង​ទុក​របស់​ខ្ញុំ​នៅ​ពេល​ជាប់​ដំបូង​គឺ​ ​ខ្ញុំ​ជឿជាក់​ថា​ ​កម្មវិធី​នេះ​នឹង​ជួយ​ផ្តល់​គន្លឹះ​ ​ចំណេះ​ដឹង​ ​និង​បទពិសោធន៍​ដើម្បី​ពង្រឹង​ការងារ​គ្រប់គ្រង​សិល្បៈ​របស់​ខ្ញុំ​[…]” ​ជ័យ​លា​ភី​អាហារូបករណ៍​បាន​សម្តែង​ចំណាប់អារម្មណ៍​។​

           ​កញ្ញា​បាន​ពន្យល់​បន្ថែម​ថា​ ​កម្មវិធី​អាហារូបករណ៍​នេះ​មាន​រយៈពេល​មួយ​ឆ្នាំ​ ​២​០​២​២​-​២​០​២​៣​។​ ​វា​ត្រូវ​បាន​បែងចែក​ជា​បួន​ផ្នែក​សំខាន់​ៗ​ ​រួម​មាន​ ​ការសិក្សា​បទពិសោធន៍​ (​Ex​per​i​e​n​t​i​a​l​ ​Learning​), ​កិច្ចពិភាក្សា​ផ្ទាល់​(​Exposure​), ​ចំណេះ​ពី​បណ្តាញ​គទានុរក្ស​ជំនាញ​ (​In​put​s ​from​ ​Experienced​ ​Curator​i​a​l​ ​Network​s) ​និង​ ​សេចក្តីសន្និដ្ឋាន​និង​ការ​ចែករំលែក​ (​Reflection​ & ​Sharing​) ​។​ ​ក្នុងចំណោម​នោះ​ ​ចំណុច​សំខាន់​ៗ​ដែល​កញ្ញា​បាន​រៀនសូត្រ​ពី​កម្មវិធី​ក្នុង​អំឡុង​ពេល​ចុះ​ទស្សន​កិច្ចសិក្សា​ទៅកាន់​ប្រទេស​ថៃ​គឺ​កញ្ញា​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​អ្នកឯកទេស​ដែល​ចែករំលែក​ចំណេះ​ដឹង​ ​បទពិសោធន៍​ ​កត្តា​ជំរុញ​ទឹកចិត្ត​ ​និង​វិធី​សា​ស្រ្ត​ទាក់ទង​នឹង​សង្វាក់​ផលិតកម្ម​ការងារ​ ​បញ្ហា​ប្រឈម​ ​ការ​ជ្រើសរើស​ប្រធាន​បទ​កម្មវិធី​ ​និង​អត្ថប្រយោជន៍​នៃ​ការចូលរួម​របស់​សហគមន៍​ក្នុង​ការ​ថែរក្សា​វប្បធម៌​ ​។​ល​។​
“​វា​ជា​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​ចាប់តាំង​ពី​ខ្ញុំ​បាន​ចូលរួម​កម្មវិធី​នេះ​។​ ​វា​បើកចំហ​ផ្នត់គំនិត​ថ្មី​អំពី​ការងារ​គ្រប់គ្រង​សិល្បៈ​។​ ​វា​ផ្តល់ឲ្យ​ខ្ញុំ​នូវ​គ​ម្លា​ត​សម្រាប់​ឆ្លុះបញ្ចាំង​ពី​ការងារ​របស់​ខ្ញុំ​ម្តងទៀត​ ​និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​ដើម្បី​បង្កើត​កម្មវិធី​ដែល​មាន​ឥទ្ធិពល​ដល់​ទស្សនិកជន​។​ ​វា​ផ្លាស់ប្តូរ​របៀប​ដែល​ខ្ញុំ​មើល​ទៅកាន់​សិល្បៈ [...] ” ​កញ្ញា​បាន​បង្ហាញ​ពី​ជោគជ័យ​ក្រោយពេល​បាន​ចូលរួម​កម្មវិធី​។​

           បច្ចុប្បន្ន​ ​បេសកកម្ម​ដែល​កញ្ញា​កំពុង​បន្ត​នោះ​គឺ​ ​ទីមួយ​ផ្តល់​ឱកាស​ឬ​វេទិកា​ដែល​មាន​សា​រៈ​ប្រយោជន៍​ចំពោះ​សហគមន៍​នៃ​សិល្បៈ​ខ្មែរ​ដើម្បី​ធ្វើឲ្យ​សិល្បករ​ប្រើប្រាស់​ញាណ​របស់​ពួកគេ​បង្ហាញ​ពី​សិល្បៈ​ឲ្យបាន​ពេញទំហឹង​ ​និង​ធានា​សម្រាប់​ពួកគេ​ឲ្យ​ទទួល​បាន​ជីវភាព​សមស្រប​ពី​ស្នាដៃ​ការងារ​របស់​ពួកគេ​ឲ្យ​ដូច​ការងារ​ដទៃ​ដែរ​។​ ​ទីពីរ​ ​គឺ​ ​ផ្តល់​ឱកាស​ឲ្យ​មហាជន​ ​ជាពិសេស​អ្នក​រស់នៅ​ជនបទ​ ​បាន​ទទួលយក​បទពិសោធន៍​និង​ចូលរួម​ជាមួយ​សិល្បៈ ​និង​ ​ព្រឹត្តិការណ៍​សិល្បៈ​។​ ​ទីបី​ ​គឺ​ ​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​តភ្ជាប់​ជាមួយ​សិល្បៈ ​និង​ការអប់រំ​ស្តីពី​សិល្បៈ​។​ ​រីឯ​ចក្ខុវិស័យ​ ​កញ្ញា​សម្លឹង​ឃើញ​ថា​ សិល្បៈ​មាន​ថាមពល​ក្នុង​ការ​តម្រង់​អនាគត​និង​សមត្ថភាព​បង្កើត​គ​ម្លា​ត​ឲ្យ​មនុស្ស​គិត​ ​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្សដទៃ​និង​បញ្ហា​សង្គម​នានា​។​ ​វាក​៏​ជួយ​បង្កើន​សោភ័ណ​ភាព​ទៅដល់​អ្វី​គ្រប់បែបយ៉ាង​នៅ​ក្នុង​ជីវិត​របស់យើង​ទាំងអស់គ្នា​។​

           ជាចុងក្រោយ​ ​អ្នកជំនាញ​គ្រប់គ្រង​សិល្បៈ​រូប​នេះ​បាន​ផ្ញើ​សារ​ទៅកាន់​អ្នកដាក់ពាក្យ​អាហារូបករណ៍​សិល្បៈ​ជំនាន់​ក្រោយៗ​ឲ្យ​បង្កើន​ជំនឿ​ជាក់​លើ​ខ្លួនឯង​ក្នុង​ការស្វែងរក​ឱកាស​ដើម្បី​ទទួលយក​បទពិសោធន៍​ថ្មីៗ​ “​កុំ​ភ័យខ្លាច​ក្នុង​ការ​ចែករំលែក​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់​រៀន​ ​ឬ​ ​ចូល​ប្រឡូក​ឲ្យសោះ​! ​សូម​ស្មោះត្រង់​ចំពោះខ្លួន​ឯង​ហើយ​ចែករំលែក​ចក្ខុវិស័យ​របស់​អ្នក​ទៅកាន់​អ្នកដទៃ​។​ ​ទោះ​តិច​ឬ​ច្រើន​ ​អ្នក​ទាំងនោះ​នឹង​ចែករំលែក​ឱកាស​ដែល​អ្នក​អាច​ចូលរួម​ ​ឆ្លើយតប​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​អ្នក​ជាមិនខាន​” ​៕​

Article by SRIN SOKMEAN


SUGGESTIONS