×

៥​ចំណុច​ដើម្បី​ស្លៀកពាក់​ការពារ​កូន​តូច​ៗ​នៅ​រដូវភ្លៀង​

TRAVEL & LIVING 2 years ago
 
 

           ​យើង​ដឹង​ហើយ​ថា​នៅ​ក្នុង​រដូវវស្សា​អាកាសធាតុ​ប្រែប្រួល​ជួន​ក្តៅ​ជួន​ភ្លៀង​រៀងរាល់ថ្ងៃ​មិន​ទៀង​ឡើយ​។​ ​មជ្ឈដ្ឋាន​ពោរពេញ​ទៅ​ដោយ​សំណើម​ ​ជា​ប្រភព​ប្រមូលផ្តុំ​ទៅ​ដោយ​ពពួក​មេរោគ​ ​បាក់តេរី​ ​និង​សត្វ​មូស​ ​ដែល​បង្ក​បញ្ហា​ចំពោះ​សុខភាព​ ​ជាពិសេស​កូន​តូច​ៗ​ងាយ​ប្រឈម​តែម្តង​។​ ​ដើម្បី​ប្រាកដ​ថា​កូន​របស់​អ្នក​អាច​ធន់​នឹង​បរិយាកាស​បែប​នេះ​ ​អ្នកម្តាយ​គ្រប់រូប​គួរគប្បី​ការពារ​ពួកគេ​តាមរយៈ​ការ​ស្លៀកពាក់​ឲ្យបាន​ត្រឹមត្រូវតាម​ចំណុច​សំខាន់​ៗ​ខាងក្រោម​៖​

1.​ស​ម្លៀ​ក​បំពាក់​៖​ ​គួរ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​ណា​ដែល​រលុង​ៗ​ ​និង​ស្រាល​សម្រាប់​ពួកគេ​។​ ​ការ​ស្លៀកពាក់​បែប​នេះ​ធ្វើឲ្យ​ក្មេង​តូច​មិន​មាន​អារម្មណ៍​ធុញថប់​ ​មាន​សេរីភាព​នៅ​ពេល​បញ្ចេញ​សកម្មភាព​លេង​ ​និង​មាន​ផាសុកភាព​ផង​ដែរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​ណា​ដែល​មាន​សាច់ក្រណាត់​ឆាប់​ស្ងួត​ ​ដើម្បី​ងាយស្រួល​បោក​គក់​ ​និង​ហួត​រហ័ស​ពេល​ត្រូវ​ទឹក​ដោយចៃដន្យ​។​

2.​ស្លៀកពាក់​ពណ៌​ស្រាល​ឬ​ភ្លឺ​៖​ ​វាក៏ជា​ចំណុច​មួយ​សំខាន់​ផង​ដែរ​ក្នុង​ការ​ជ្រើសរើស​ពណ៌​ស​ម្លៀ​ក​បំពាក់​ឲ្យ​កូន​តូច​ៗ​របស់​អ្នក​។​ ​ស្លៀកពាក់​ពួកគេ​ជាមួយ​ខោអាវ​ពណ៌​ស្រាល​ៗ​ភ្លឺ​ៗ​ ​ព្រោះ​ពណ៌​ទាំងនេះ​មិនសូវ​ទាក់ទាញ​សត្វ​មូស​មក​ជិត​ឬ​ខាំ​ពួកគេ​ឡើយ​ ​ដែល​ផ្ទុយ​ស្រឡះ​ពី​ពណ៌​ខ្មៅ​ឬ​ពណ៌​ស្រអាប់​ដែល​សត្វ​មូស​ចូលចិត្ត​បំផុត​។

3.​ស្បែកជើង​៖​ ​ស្បែកជើង​ជ័រ​ក​វែង​គឺជា​ជម្រើស​ល្អ​បំផុត​ ​ព្រោះ​វា​ជួយការ​ពារ​ការ​ជ្រាប​ទឹក​ឬ​ជើង​ប្រឡាក់​ពេល​រត់​លេង​ ​ម្យ៉ាង​វា​អាច​ជា​ស្ទី​ល​តុប​តែងខ្លួន​ឡូយ​មួយ​បែប​ផង​ដែរ​។​ ​ជៀសវាង​ប្រើ​ស្បែកជើង​ស្បែក​ ​ដោយសារ​វា​មិន​ធន់​នឹង​ទឹក​ ​ងាយ​ខូចខាត​ប្រើប្រាស់​មិនបាន​យូរ​។​

4.​អាវ​ក្រៅ​៖​ ​ដូចដឹងស្រាប់​កូនក្មេង​មិនសូវ​​ធន់​នឹង​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ដូច​មនុស្ស​ពេញវ័យ​ឡើយ​ ​ពួកគេ​ត្រូវការ​អាវ​ក្រៅ​បន្ថែម​ ​ដើម្បី​កាត់បន្ថយ​ភាព​ត្រជាក់​នៃ​សំណើម​។​ ​ហេតុ​ដូចនេះ​គួរ​មាន​អាវ​ក្រៅ​បន្ថែម​សម្រាប់​កូន​តូច​ ​និង​ប្រើ​សម្រាប់​ពេល​ចាំបាច់​ ​មិនថា​នៅផ្ទះ​ឬ​ពេល​ចេញទៅ​ខាងក្រៅ​នោះ​ទេ​។​

5.​គ្រឿង​តុបតែង​លម្អ​បន្ថែម​៖​ ​ត្រឹម​ស​ម្លៀ​ក​បំពាក់​គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​សម្រាប់​ក្មេង​តូច​នៅ​រដូវ​នេះ​។​ ​គួរ​មាន​ស្រោមជើង​ ​និង​ក្រ​ម៉ា​រុំ​ ​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​បន្ថែម​ទៀត​ដល់​ពួកគេ​ក្នុង​ករណី​អាកាសធាតុ​ចុះ​ត្រជាក់​លើស​សព្វដង​។​

​          ជា​ការពិត​ណាស់​នៅ​ពេល​អាកាសធាតុ​ប្រែប្រួល​ ​ការ​ស្លៀកពាក់​ឲ្យ​កូន​ៗ​ក៏​ត្រូវ​ផ្លាស់ប្តូរ​ទៅតាម​នោះ​ដែរ​។​ ​លើស​ពី​ការ​ស្លៀកពាក់​ ​យើង​ក៏​ត្រូវ​យកចិត្តទុកដាក់​ទន្ទឹមគ្នា​នឹង​របប​អាហារ​ដោយ​ឲ្យ​ពួកគេ​ទទួលទាន​អាហារ​ក្តៅ​ៗ​បន្លែ​ផ្លែឈើ​សម្បូរ ទៅ ដោយ​សារជាតិ​ចិញ្ចឹម​ ​រួម​ទាំង​ការរស់នៅ​ស្អាត​ ​ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​ ​ជាពិសេស​ ​ជំងឺ​គ្រុនផ្តាសាយ​ ​និង​ជំងឺគ្រុនឈាម​ដ៏​ពេញ​និយម​នៅ​រដូវ​នេះ​តែម្តង​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN
 


SUGGESTIONS