យុវជន សុត សេរី ជាមួយបេសកកម្មដ៏សំខាន់ក្នុងការរចនាសៀវភៅ «The First Royal Apsara»
NEWS one year agoភាពជោគជ័យនៃគម្រោងបោះពុម្ពផ្សាយសៀវភៅមួយក្បាលក្រោមចំណងជើងថា «THE FIRST ROYAL APSARA» ឬ តួអប្សរាព្រះរាជទ្រព្យដំបូង ជាភាសាខ្មែរ ដែលជាស្នាដៃនិពន្ធរបស់ឯកឧត្តម ហ្ស៊ូលីអូ អា.ហ្សេដ្រេស៍ (Julio A. Jeldres) ជីវប្រវត្តិវិទូនិងជាទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ បានលេចរូបរាងឡើងក្រោមវត្តមានចូលរួមពីសំណាក់អ្នកនិពន្ធ សែរាជវង្ស សាស្រ្តាចារ្យរបាំបុរាណ អ្នកសារព័ត៌មានខ្មែរ និងបរទេស ព្រមទាំងភ្ញៀវកិត្តិយសមកពីច្រើនស្ថាប័នក្នុងបរិយាកាសយ៉ាងសោមនស្សរីករាយចំពោះសមិទ្ធផលស្តីពីព្រះជីវប្រវត្តិលម្អិតរបស់នាដវដ្តីឯក សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលទ្រង់បានបូជាព្រះជន្មចំពោះបុព្វហេតុសិល្បៈ និងបេតិកភណ្ឌជាតិខ្មែរនិងបានធ្វើឲ្យរបាំព្រះរាជទ្រព្យល្បីសុសសាយរហូតបានចុះក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិដោយយូនេស្កូ កាលពីទ្រង់នៅមានព្រះជន្ម។
ក្រៅពីស្នាដៃស្រាវជ្រាវនិងរៀបរៀងយ៉ាងល្អិតល្អន់របស់អ្នកនិពន្ធ សៀវភៅនេះត្រូវបានទទួលស្គាល់ថាមានការរចនាក្របមុខនិងទំព័រខាងក្នុងយ៉ាងស្រស់ស្អាតសមស្របតាមកម្រិតស្តង់ដារ ជាចំណាប់អារម្មណ៍សំខាន់មួយផ្នែកទៀតពីសំណាក់អ្នកអានទាំងឡាយ។ លោក សុត សេរី និងក្រុមការងារ ស្ថាបនិកទំព័រហ្វេសប៊ុក«Soben» ដែលធ្លាប់ទទួលការគាំទ្រពីអ្នកប្រើប្រាស់បណ្តាញសង្គមកន្លងមករួចមកហើយ ជាធនធានមិនអាចខ្វះបានក្នុងការងារឌីហ្សាញនៃគម្រោងសៀវភៅដ៏ធំខាងលើនេះ។
Image Courtesy: JULIO A. JELDRES
ALL RIGHTS RESERVED
“ខ្ញុំចាំបានថាមានអតិថិជនដែលជាមិត្តរបស់ខ្ញុំម្នាក់ដែលចង់ណែនាំខ្ញុំពីគម្រោងដែលគាត់ជឿជាក់ថាខ្ញុំនឹងស្រឡាញ់។ គម្រោងនោះលេចមកជាសៀវភៅ «The First Royal Apsara»។ ខ្ញុំធ្លាប់បានទស្សនាខ្លះៗនិងផ្តល់តម្លៃយ៉ាងវិសេសវិសាលចំពោះរបាំព្រះរាជទ្រព្យនិងព្រះរាជកិច្ចរបស់សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ហើយខ្ញុំបានកត់ត្រាផែនការ និងគំនិតសម្រាប់គម្រោងផ្ទាល់ខ្លួននៅពេលអនាគតស្តីពីរឿងរ៉ាវទាំងនោះ។ ដូចនេះ នៅពេលពួកគាត់ទាក់ទងមករកខ្ញុំអំពីសៀវភៅនេះជាលើកដំបូង ខ្ញុំដឹងថាវានឹងក្លាយជារឿងគួរឲ្យរំភើបរីករាយខ្លាំងណាស់សម្រាប់ខ្ញុំ” លោក សុត សេរី អ្នករចនាសៀវភៅ បានរំព្ញក។
លោកបានពន្យល់អំពីឥទ្ធិពលនៃចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដែលជាកម្លាំងចលករដ៏ខ្លាំងក្លាចំពោះការប្រឡូកគម្រោងការងារពាក់ព័ន្ធវិស័យរបាំព្រះរាជទ្រព្យខ្មែរថា តាមរយៈបទពិសោធន៍នៃការទស្សនាទស្សនីយភាពរបាំបុរាណទាំងតាមប្រព័ន្ធអ៊ីនធឺណេតនិងការសម្តែងផ្ទាល់ លោកមានការជក់ចិត្តចំពោះរបាំជាពិសេស រឿង «នាងវឌ្ឍនាទេវី» ដែលជារបាំបកស្រាយពីរឿង «Pysche» ទេវកថាបុរាណជនជាតិក្រិកហើយត្រូវបានដំឡើងដោយស្ថាព្រះហស្ថសម្តេចព្រះរាជបុត្រីព្រះរៀមដោយផ្ទាល់។ លោកបានកត់សម្គាល់លើបន្សំដ៏ល្អឥតខ្ចោះរវាងកាយវិការដ៏ប្រពៃគ្រប់ក្បាច់និងគ្រឿងសម្លៀកបំពាក់តុបតែងកាយតួអង្គនីមួយៗ ព្រមទាំងបទចម្រៀងដែលច្រៀងរៀបរាប់អំពីដំណើររឿង ដែលសុទ្ធសឹងតែជួយបង្កើនថាមពលផ្លូវចិត្តរបស់លោកក្នុងការបង្កើតស្នាដៃសិល្បៈដំបូងផ្សារភ្ជាប់នឹងរបាំព្រះរាជទ្រព្យ ហើយក្លាយជាអត្តសញ្ញាណសិល្បៈមួយបែបរបស់លោកជាប់ក្នុងក្រសែភ្នែករបស់អ្នកគាំទ្រទាំងឡាយរហូតមក។
Image Courtesy: JULIO A. JELDRES
ALL RIGHTS RESERVED
ងាកមកបេសកកម្មដំណើរការការរចនានេះវិញ លោកបានបញ្ជាក់ថា សៀវភៅនេះត្រូវបានបញ្ចប់ទាំងស្រុងក្នុងអំឡុងពេលប្រមាណ៤ខែ ចាប់តាំងពីដំណាក់កាលណាត់ជួបដំបូងរហូតដល់ដំណាក់កាលផ្ញើឯកសារចុងក្រោយបញ្ចូលទៅក្នុងរោងពុម្ព។ លោកបានចំណាយពេលច្រើនក្នុងគម្រោងស្រាវជ្រាវ ប៉ុន្តែដូចដែលបានរៀបរាប់ខាងលើថា លោកធ្លាប់ចំណាយពេលស្រាវជ្រាវពីវាសម្រាប់គម្រោងផ្ទាល់ខ្លួនរួចខ្លះៗហើយ ទើបពេលវេលាគម្រោងលើកនេះត្រូវបានសន្សំសំចៃបានច្រើន។ គម្រោងរចនាទាំងមូលត្រូវបានបែងចែកជាពីរចំណែក។ ចំពោះលោក ទំនួលខុសត្រូវគឺដឹកនាំផ្នែកសិល្បៈ ផ្នែកគំនូរ (Illustration) និង រចនា ទំព័រ។ រីឯសមាជិកម្នាក់ទៀតដែលជាមិត្តរបស់លោកឈ្មោះ ខៀវ សុវណ្ណរស្មី ហៅ Aris Khiev មានតួនាទីជួយប្រតិបត្តិផ្នែកខ្លះនៃការងារទាំងនោះនិងពន្លឿនដំណាក់កាលឲ្យកាន់តែឆាប់រហ័សដើម្បីផ្ញើជូនអតិថិជន។
លោក សុត សេរី (ស្តាំ) និង លោក ខៀវ សុវណ្ណរស្មី ហៅ Aris Khiev (ឆ្វេង)
“ផ្នែកដែលពិបាកជាងគេបំផុតនោះគឺ ការឌីហ្សាញសៀវភៅនេះជាមួយទ្រង់ទ្រាយទំហំរូបថត ពណ៌ (Color tone) និងរូបថតដែលបែកទំហំភីកសែលជាច្រើនប្រភេទខុសៗគ្នា។ពួកយើងចាំបាច់ត្រូវកែសម្រួលរូបនីមួយៗ ហើយនិងបន្ថែមស៊ុមរូបថតបែបបុរាណ (vintage) ដើម្បីរក្សាឲ្យបាននូវស្ថេរភាពនៃស្ទីល (style) និងអារម្មណ៍ (mood) សម្រាប់អ្នកអាន ចាប់ពីទំព័រដំបូងរហូតដល់ចុងបញ្ចប់” លោកបានបន្ថែម។
Image Courtesy: JULIO A. JELDRES
ALL RIGHTS RESERVED
តាមរយៈគេហទំព័រទស្សនាវដ្តីសូវរីន អ្នករចនាសៀវភៅអាជីពខាងលើ សូមថ្លែងអំណរគុណចំពោះអតិថិជនក្រុមការងារផលិតសៀវភៅខាងលើដែលបានផ្តល់ទំនុកចិត្តមកលើរូបលោកចំពោះគម្រោងមួយនេះហើយបើកចិត្តទូលាយចំពោះគំនិតនិងការសើ្នសុំផ្សេងៗរបស់លោក។ ទន្ទឹមនឹងនេះ ឆ្លៀតក្នុងឱកាសនេះ លោកក៏ចង់អរគុណចំពោះមិត្តរបស់លោកដែលបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តយ៉ាងច្រើនជួយសម្រួលឲ្យគម្រោងនេះបានសម្រេចជោគជ័យ។ “ […] សៀវភៅនេះត្រូវបានបង្កើតឡើងដើម្បីរំព្ញកព្រះជន្មនិងស្នាព្រះហស្ថរបស់សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានយាងសោយព្រះពិរាល័យកន្លងទៅហើយ ហើយខ្ញុំក៏សង្ឃឹមថាអ្នកគ្រប់រូបដែលគ្រោងនឹងរៀនសូត្រពីសៀវភៅនេះនឹងរីករាយនឹងវាខ្លាំងបំផុតដូចខ្ញុំដែរ”។
Article by SRIN SOKMEAN