នៅពេលនិយាយដល់ភ្នំតាម៉ៅ ប្រជាពលរដ្ឋខ្មែរភាគច្រើននឹកដល់សូនសត្វ ឬ ការអភិរក្សសត្វព្រៃមុនគេព្រោះទីនេះត្រូវបានរៀបចំជាសួនសត្វដ៏ធំជាងគេប្រចាំប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៥ ដែលមានឈ្មោះជាផ្លូវការថា «ឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃ» (Phnom Tamao Zoological Garden And Wildlife Rescue Centre)។ តាមការពិត ក្រៅពីតែទីតាំងសួនសត្វ ភ្នំតាម៉ៅមានបង្កប់នូវសក្តានុពលទេសចរណ៍ធម្មជាតិនិងទេសចរណ៍វប្បធម៌ចម្រុះជាច្រើនដែលភ្ញៀវទេសចរអាចឆៀងទៅទស្សនាលើសពីដំណើរកម្សាន្តសព្វមួយដង។
ភ្នំតាម៉ៅជារមណីយដ្ឋានដែលមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងសួនសត្វ។ តំបន់នេះមានផ្ទៃដីរហូតដល់ ១២០០ ហិកតា ដែលគេឲ្យឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ១២០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី ៧០ហិចតានេះ រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន់ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំចំនួនពីរ ដែលមានប្រាសាទបុរាណ គឺ ប្រាសាទភ្នំតាម៉ៅ ស្ថិតនៅលើកំពូលភ្នំតាម៉ៅ និង ប្រាសាទថ្មដុះ ស្ថិតនៅលើកំពូលភ្នំថ្មដុះ។ភ្នំទាំងពីរនេះស្ថិតនៅទន្ទឹមគ្នា មានគម្លាតមិនឆ្ងាយពីគ្នានោះទេគឺប្រមាណ៣០០ម៉ែត្រពីគ្នាប៉ុណ្ណោះ ក្នុងភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
យោងតាមការបកស្រាយរបស់លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយករងបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាសាទទាំងពីរនេះត្រូវបានកសាងឡើងក្នុងសម័យកាលតែមួយ គឺសតវត្សរ៍ទី១១ នៃសម័យអង្គរ។ ប្រាសាទភ្នំតាម៉ៅសង់នៅលើកូនភ្នំធម្មជាតិ កម្ពស់ប្រហែល៤០ម៉ែត្រ បែរមុខទៅទិសខាងជើង នៅសល់តែជញ្ជាំងខាងកើតនិងខាងជើងបន្តិចតែប៉ុណ្ណោះ ព្រមទាំងសំណល់ផ្តែរពីរផ្ទាំងនិងសសរពេជ្រ ក្រៅពីនេះ បែកបាក់អស់រលីងហើយដោយ សារការទម្លាក់គ្រាប់បែកកាលពីសម័យសង្រ្គាម។ តាមការអះអាងរបស់លោក ពេជ ឌឿង មន្រ្តីការិយាល័យវប្បធម៌និងវិចិត្រសិល្បៈស្រុកបាទី ប្រាសាទនេះមានទំហំ ៧.៥ម៉ែត្រ គុណនឹង ៧.៥ម៉ែត្រ។ នៅលើភ្នំតាម៉ៅនេះដែរ ក៏មានវត្តអារាមពុទ្ធសាសនាដែលបច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន១០អង្គ ហើយជាទីប្រជុំពុទ្ធបរិស័ទជិតឆ្ងាយនារដូវបុណ្យទាន ដូចជា ភ្ជុំបិណ្ឌ ជាដើម។ វត្តនេះជាវត្តមានវ័យចំណាស់គួរសមដែលមានប្រវត្តិកសាងនិងរុះរើព្រះវិហារជាច្រើនលើកមកហើយ ក្នុងឆ្នាំ ១៩៥៧, ឆ្នាំ ១៩៨៤ និងឆ្នាំ ១៩៩៧។
នៅទិសពាយ័ព្យនៃភ្នំតាម៉ៅ គឺជាទីតាំងភ្នំថ្មដុះដែលមានប្រាសាទថ្មដុះនៅខាងលើ។ ប្រាសាទតូចសង់អំពីឥដ្ឋតាន់ក្រហមនេះ ប្រហែលជាស្ថិតនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (អាចឈានបន្តចូលដល់រជ្ជកាលព្រះឧទ័យទិត្យវរ្ម័នទី២) សម្រាប់ឧទ្ទិសចំពោះលទ្ធិព្រហ្មណ៍សាសនា។ កាលពីដើម ប្រាសាទនេះមានទំហំ ៧.៥ម៉ែត្រ គុណនឹង ៧.៥ម៉ែត្រ កម្ពស់១៣ម៉ែត្រ តែសព្វថ្ងៃ នៅសល់កម្ពស់ប្រហែល៧ម៉ែត្រ ព្រោះប្រាសាទនេះបានបាក់បែកអស់មួយចំនួនធំទៅហើយ តែទោះយ៉ាងណា វាមានលក្ខណៈពិសេសខុសប្លែកពីប្រាសាទភ្នំតាម៉ៅ និងបណ្តាប្រាសាទនានាត្រង់ថាមានថ្មភ្នំដុះនៅខាងក្នុងចំកណ្តាលប្រាសាទនេះតែម្ដងដែលត្រូវបានចាត់ទុកថាជាលិង្គធម្មជាតិ តំណាងសិវលិង្គ។
ក្រៅពីប្រាសាទទាំងពីរ ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលស្នេហាធម្មជាតិចូលចិត្តការផ្សងព្រេងដើរឡើងភ្នំដែលមានទេសភាពព្រៃព្រឹក្សាស្រស់បំព្រងអាចពិចារណាជម្រើសឡើងភ្នំមួយទៀតដែលស្ថិតនៅប៉ែកខាងត្បូង ក្នុងបរិវេណតំបន់សួនសត្វភ្នំតាម៉ៅ គឺ ភ្នំផ្តៅពន់។ ថ្វីដ្បិតតែផ្លូវឡើងភ្នំផ្តៅពន់ស្ថិតនៅរាងលាក់កំបាំងបន្តិចពីភ្នែកទេសចរពីចម្ងាយ តែភ្នំនេះជាទីកន្លែងពេញនិយមសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះជាពិសេសក្នុងរដូវបុណ្យទានជាតិធំៗ ដោយសារនៅលើកំពូលភ្នំនេះ មានអាស្រមលោកតាពេជ្រមុន្នី ដែលអ្នកស្រុកជិតខាងមានជំនឿចាត់ទុកថាជាបារមីស័ក្តិសិទ្ធិជាងគេប្រចាំតំបន់នេះ ហើយតែងតែនាំគ្នាទាំងគ្រួសារៗឡើងមកអុជធូបបែរបន់សុំលាភសក្ការៈ និង សេចក្តីសុខចម្រើនជារៀងរាល់ឆ្នាំមិនដែលខាន។
ដោយឡែកចំពោះសួនសត្វ ក្រៅពីការដើរទស្សនាសត្វព្រៃធម្មតា លោកអ្នកក៏អាចសាកល្បងបទពិសោធន៍ជិះរថយន្តទស្សនាជីវិតសត្វព្រៃចេញរកស៊ីពិតៗក្នុងពេលរាត្រីដែលលោកអ្នកមិនដែលបានឃើញ ជាមួយនឹងសេវាកម្ម មគ្គុទ្ទេសក៍ទេសចរណ៍ជំនាញដែលរៀបចំដោយមជ្ឈមណ្ឌលសួនសត្វផ្ទាល់តែម្តង។ ភ្ញៀវបរទេសជាច្រើនពេញចិត្តនឹងទេសចរណ៍ប្រភេទនេះណាស់ព្រោះពួកគេមានអារម្មណ៍ជិតស្និទ្ធជាមួយពិភពសត្វព្រៃធម្មជាតិ។ គួរបញ្ជាក់ថា កញ្ចប់ទស្សនកិច្ចខាងលើមានរួមបញ្ចូលថ្លៃសេវាកម្មហូបចុក ស្នាក់នៅ និងការគូរគំនូរលើអាវដោយសត្វដំរីទៀតផង។ ប្រាក់ចំណូលទាំងអស់នឹងបានចូលទៅដល់សួនសត្វសម្រាប់ថ្លៃចំណាយអភិរក្សសត្វព្រៃនៅទីនោះផ្ទាល់តែម្តង។ ជាងនេះទៅទៀត នៅថ្ងៃចុងសប្តាហ៍និងរដូវបុណ្យទាននានា មានការរៀបចំកម្មវិធីសម្តែងកម្សាន្តសប្បាយផ្សេងៗ ដូចជា ការសម្តែងដោយសត្វដំរីឈ្មោះឡាក់គី កម្មវិធីជិះកង់ធ្លាក់ទឹក និង ការលេងល្បែងរបាំប្រជាប្រិយផ្សេងៗយ៉ាងសប្បាយ រីករាយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅក៏មានរៀបចំបន្ថែមជាកូនហាងកាហ្វេបែបផ្សារភ្ជាប់នឹងធម្មជាតិដ៏ស្រស់ស្អាតឈ្មោះថា កាហ្វេខ្លាដំបង (Tiger Coffee)។ តើលោកអ្នកធ្លាប់ចូលភ្លក់ហើយឬនៅ?
Article by SRIN SOKMEAN