×

ជោ ​ស្រី​ណា​ង​ ​ម្ចាស់​ពានរង្វាន់​លេខ​១​ ​ផ្នែក​តែង​និពន្ធ​នៃ​ទិវា​ជាតិ​អំណាន​ឆ្នាំ​២​០​២​២​

NEWS 3 months ago
 
 

            កញ្ញា​ ជោ ​ស្រី​ណា​ង​ ​ជា​សិស្ស​ថ្នាក់ទី១​២​A​ ​នៃ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ពងទឹក​ ​ឃុំ​ពងទឹក​ ​ស្រុក​រំដួល​ ​ខេត្ត​ស្វាយរៀង​ ​បាន​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​ផ្នែក​តែង​និពន្ធ​ចំណាត់ថ្នាក់​លេខ​១​ ​ក្នុង​កម្មវិធី​ទិវា​ជាតិ​ ​អំណាន​លើក​ទី​៧​ ​ក្រោម​ប្រធាន​បទ​ ​«​អំណាន​ជួយ​លើក​ក​ម្ពស់​គុណភាព​ជីវិត​ក្នុង​សង្គម​ឌី​ជី​ថល​»​ ​គួរឲ្យ​ ​មាន​មោទកភាព​បំផុត​ ​ជា​កា​របើក​ទំព័រ​ប្រវត្តិ​សា​ស្រ្ត​ដំបូងបង្អស់​សម្រាប់​ខេត្ត​ស្វាយរៀង​ទាំងមូល​។​

            ​ស្ថិត​ក្នុង​ទឹកដី​ភូមិ​ត្រពាំង​ផ្អាវ​ ​ឃុំ​ពងទឹក​ ​ស្រុក​រំដួល​ ​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ ​យុវតី​ ជោ ​ស្រី​ណា​ង​ ​បាន​ផ្តល់​បទសម្ភាសន៍​ថា​ ​ក្នុង​ឆ្នាំ​សិក្សា​២​០​២​១​-​២​០​២​២​ ​ដែល​ជា​ឆ្នាំ​ត្រូវ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​នេះ​ ​នាង​ក៏​មិនបាន​ដឹងមុន​ថា​នាង​ត្រូវ​បាន​ជ្រើសរើស​ឲ្យទៅ​ចូលរួម​ប្រឡង​រហូតដល់​ថ្នាក់​ខេត្ត​និង​បន្ត​ដល់​ថ្នាក់​ជាតិ​ដែរ​។​ ​នេះ​ជា​ការ​ជំរុញលើកទឹកចិត្ត​ពី​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​មិត្តភក្តិ​ដែល​បាន​សម្លឹង​មើលឃើញ​នូវ​ទេពកោសល្យ​របស់​នាង​ក្នុង​ជំនាញ​អក្សរ​សា​ស្រ្ត​ខ្មែរ​ ​។​ ​ការ​ត្រៀម​ប្រឡង​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​មាន​គ​ម្លា​ត​ខ្លី​មែនទែន​សម្រាប់​ឲ្យ​នាង​បាន​ត្រៀម​ខ្លួន​បត់បែន​តាម​។​ ​ដំបូង​ ​នាង​ត្រូវ​ប្រឡង​ជម្រើស​ថ្នាក់​សាលា​ចំនួន​ពីរដង​ទើប​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ប្រឡង​ជម្រុះ​ថ្នាក់​ស្រុក​និង​ថ្នាក់​ខេត្ត​។​ ​ក្នុង​ជុំ​ជម្រុះ​ថ្នាក់​ខេត្ត​កម្មវិធី​ត្រៀម​រយៈពេល​១​ខែ​ត្រូវ​បាន​កែប្រែ​កម្មវិធី​មក​នៅ​ត្រឹម​មួយ​ស​ប្តាហ៍​ប៉ុណ្ណោះ​សម្រាប់​បេក្ខជន​ដែល​ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ភិតភ័យ​ ​តែ​នាង​បាន​ខំ​ប្រមូលអារម្មណ៍​ធ្វើ​វា​រហូត​បាន​សម្រេច​។​

            មកដល់​ដំណាក់​បន្ទាប់​ដែល​ជា​វគ្គ​ជម្រុះ​ទូទាំង​ប្រទេស​ ​នាង​បាន​បញ្ជាក់​ថា​ ​តាមពិត​ទៅ​ ​នាង​ត្រូវ​ឡើង​មក​ភ្នំពេញ​ដើម្បី​ប្រឡង​ទេ​ ​ប៉ុន្តែ​ដោយសារ​វិបត្តិ​កូ​វី​ដ​១​៩​ ​បេក្ខជន​មកពី​គ្រប់​ខេត្ត​-​រាជធានី​ទាំងអស់​ត្រូវ​ក្រសួង​តម្រូវ​ឲ្យ​ប្រឡង​តាម​ប្រព័ន្ធ​កម្មវិធី​ ​Zoo​m​ ​ជំនួស​វិញ​។​ ​នាង​ត្រូវ​ប្រឡងប្រជែង​ជាមួយ​បេក្ខជន​-​បេ​ក្ខ​នារី​ពូកែ​ៗ​ជាច្រើន​រូប​មកពី​១​០​ខេត្ត​-​រាជធានី​ទូទាំង​ប្រទេស​។​ ​ក្នុង​ដំណាក់កាល​ដែល​នាង​បានជា​ប់​វគ្គ​ជម្រុះ​១​០​នាក់​ចុងក្រោយ​នេះឯង​ដែល​ហាក់បីដូចជា​សម្ពាធ​ធ្ងន់​មួយ​សម្រាប់​នាង​ ​ព្រោះ​អ្នក​ទាំងអស់គ្នា​រំពឹង​ទុក​ថា​នាង​ត្រូវតែ​ជាប់​ដើម្បី​ជា​មុខមាត់​សាលា​ក៏ដូចជា​ខេត្ត​ទាំងមូល​។​ ​ទម្រាំតែ​បាន​ជោគជ័យ​ ​នាង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​ស្វ័យ​សិក្សា​ហ្វឹកហាត់​សរសេរ​និង​ទទួលការ​យកចិត្តទុកដាក់​កែតម្រូវ​ពីសំណាក់​គ្រូ​ទៅលើ​អត្ថន័យ​ ​អត្ថរូប​ ​និង​អត្ថរស​ ​ព្រមទាំង​អក្ខរាវិរុទ្ធ​ ​និង​ការប្រើប្រាស់​ពាក្យពេចន៍​កុំឲ្យ​ច្រំដែល​។​

            កំណាព្យ​ជ័យ​លា​ភី​នោះ​តែង​ជា​បទពាក្យប្រាំពីរ​ ​ក្រោម​ប្រធាន​បទ​ដែល​ក្រសួង​បាន​កំណត់​ ​ហើយដែល​នាង​ធ្លាប់​បាន​ហ្វឹកហាត់​កន្លងមក​តាំងពី​នៅ​សាលា​ម្ល៉េះ​។​ ​កំណាព្យ​ផ្តាច់ព្រ័ត្រ​មាន​១​៣​វគ្គ​ ​ដែល​មាន​ចំនួន​វគ្គ​ដូច​នឹង​កំណាព្យ​ដែល​នាងសរ​សេរ​ជាប់​ជ័យ​លា​ភី​ថ្នាក់​ខេត្ត​ដែរ​តែ​មាន​អត្ថន័យ​ខុសគ្នា​មិនមែន​ជា​កំណាព្យ​ដដែល​ឡើយ​។​ ​កំណាព្យ​១​៣​វគ្គ​នេះ​បែង​ចែកជាបីផ្នែក​សំខាន់​ៗ​ ​គឺ​ ​សេចក្តី​ផ្តើម​និយាយ​អំពី​មត៌ក​កំណាព្យ​ដែល​បន្សល់ទុក​ពី​ដូនតា​ខ្មែរ​។​ ​តួ​សេចក្តី​និយាយ​អំពី​ផលប្រយោជន៍​នៃ​កំណាព្យ​និង​ការ​អភិវឌ្ឍ​បែប​ឌី​ជី​ថល​ក្នុង​បរិ​បទ​សង្គម​ខ្មែរ​ (​ឧ​ទា​: ​ការប្រើប្រាស់​បណ្តាញ​សង្គម​ក្នុង​ការអប់រំ​) ​និង​សេចក្តី​បញ្ចប់​និយាយ​អំពី​ភារកិច្ច​របស់​កូនខ្មែរ​ជំនាន់​ក្រោយ​ក្នុង​ការចូលរួម​ចំណែក​អភិ​រក្ស​និង​លើកស្ទួយ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​ក៏​នាង​ជួប​បញ្ហា​លំបាក​ខ្លះ​ៗ​ចៀស​មិន​ផុត​ដូចជា​ ​ទីមួយ​ ​នាង​មាន​អារម្មណ៍​ភ័យ​ ​និង​ទីពីរ​ ​ពិបាក​រកនឹក​ពាក្យ​សរសេរ​។​

            ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​ ​១​ ​ទទួល​បាន​ប្រកាសនីយបត្រ​សរសើរ​ពី​ក្រសួង​ ​១​សន្លឹក​ ​ពានរង្វាន់​ ​១​គ្រឿង​ ​សៀវភៅ​និពន្ធ​ដោយ​ ​ឯកឧត្តម​បណ្ឌិត្យសភា​ចារ្យ ​ហ​ង់ ​ជួនណា​រ៉ុ​ន​ ​២​ក្បាល​ ​ទឹកប្រាក់​ ​៦​លាន​រៀល​ ​និង​ ​វត្ថុ​អនុ​ស្សា​វ​រី​យ៍​មួយ​ចំនួន​ទៀត​ ​ជាពិសេស​គឺ​ ​ការ​ស្ញើ​ច​សរសើរ​និង​ស្នាម​ញញឹម​ពី​មនុស្ស​ជុំវិញ​ខ្លួន​។​

            ម្ចាស់​ពានរង្វាន់​ខាងលើ​បាន​ពន្យល់​ថា​ ​ការចូលរួម​ប្រកួត​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្សានុសិស្ស​ ​ព្រោះ​វា​ជួយ​ធ្វើឲ្យ​យើង​មាន​ភាព​ក្លាហាន​ ​ស្គាល់​មិត្តភក្តិ​ថ្មីៗ​ ​ទទួល​បាន​បទពិសោធន៍​និង​មតិ​រិះគន់​កែ​លម្អ​ ​ព្រមទាំង​ជួយ​លើក​កេរ្តិ៍ឈ្មោះ​ដល់​សាលា​និង​ខេត្ត​របស់យើង​។​ ​នាង​សូម​ផ្តាំផ្ញើ​ឲ្យ​សិស្ស​ទាំងឡាយ​ចូលរួម​ប្រឡង​ដើម្បី​បញ្ចេញ​សមត្ថភាព​ហើយ​ត្រូវតែ​អាន​ឲ្យបាន​ច្រើន​ដើម្បី​មានគំនិត​ច្រើន​ក្នុង​ការ​សរសេរ​។​ ​ចំពោះ​គោលដៅ​ទៅ​ថ្ងៃ​អនាគត​ ​បន្ទាប់ពី​ប្រឡងជាប់​ថ្នាក់ទី១​២​ ​នាង​មានបំណង​សិក្សា​បន្ត​លើ​ជំនាញ​អក្សរ​សា​ស្រ្ត​ខ្មែរ​ដើម្បី​ក្លាយ​ជា​គ្រូបង្រៀន​ដូច​ក្តី​ស្រមៃ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS