លោក ធឿន វុទ្ធី ម្ចាស់ជ័យលាភីឆ្នើមក្នុងការតែងនិពន្ធសៀវភៅប្រលោមលោកអបិយជំនឿ
NEWS 12 months agoពន្លកអ្នកនិពន្ធសេណារីយ៉ូជំនាន់ថ្មីនៅក្នុងសង្គមខ្មែរបច្ចុប្បន្នកាន់តែកើនឡើងជាបន្តបន្ទាប់ដែលកំពុងតែឆ្លុះបញ្ចាំងពីធនធានសំខាន់ៗពោរពេញទៅដោយសមត្ថភាព ក៏ដូចជាបង្ហាញអំពីទំនោរតាក់តែងដោយឡែករបស់អ្នកនិពន្ធម្នាក់ៗផងដែរ។ ខណៈដែលអ្នកនិពន្ធសេណារីយ៉ូដទៃកំពុងតែមមាញឹកជាមួយនឹងការតែងនិពន្ធប្រលោមលោកបែបមនោសញ្ចេតនានិងអប់រំជាដើម អ្នកនិពន្ធសេណារីយ៉ូវ័យក្មេងមួយរូបមកពីខេត្តបន្ទាយមានជ័យបែរជាចាប់ចិត្តប្រតិព័ទ្ធទៅលើអាជីពនិពន្ធប្រលោមលោកបែបអបិយជំនឿឬភ័យរន្ធត់ទៅវិញ។
លោក ធឿន វុទ្ធី ជាអតីតនិស្សិតបានបញ្ចប់ការសិក្សាលើមុខជំនាញគ្រូបង្រៀនកម្រិតមូលដ្ឋានពីវិទ្យាស្ថានគរុកោសល្យនៃខេត្តបាត់ដំបង ដោយបច្ចុប្បន្នកំពុងបន្តការសិក្សារបស់ខ្លួនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើឯកទេសជីវវិទ្យានៅសាកលវិទ្យាល័យ ខេមរៈ និងជាអ្នកនិពន្ធសេណារីយ៉ូប្រលោមលោកអបិយជំនឿចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ តាមការរៀបរាប់របស់អ្នកនិពន្ធវ័យ២៦ឆ្នាំ លោកបានចាប់ផ្តើមអាជីពនិពន្ធដោយកើតចេញពីការស្រឡាញ់ និងមានទេពកោសល្យខ្លះៗទាក់ទងនឹងជំនាញមួយនេះ ដែលជំរុញឲ្យលោកចាប់ផ្តើមបើកទំព័រនិពន្ធសៀវភៅដំបូងរបស់ខ្លួនមួយក្រោមចំណងជើង «យប់ថ្ងៃព្រហស្បតិ៍» ។ អំឡុងពេលនិពន្ធសៀវភៅជាស្នាដៃដំបូង លោកបានជួបប្រទះនូវបញ្ហាមួយចំនួនដែលស្ទើរតែធ្វើឲ្យលោកបោះបង់ការប្រឡូកក្នុងអាជីពនិពន្ធនេះទៅហើយ ដោយសារលោកពុំទាន់យល់ច្បាស់ពីគន្លឹះគោល និងសិល្ប៍តែងនិពន្ធពីប្រយោគមួយទៅប្រយោគមួយទៀតឲ្យមានអត្ថន័យ និងភាពស៊ីជម្រៅ។ យ៉ាងណាមិញ ជាមួយសេចក្តីព្យាយាមនិងចិត្តមានះក្នុងការសម្រេចគោលដៅ បានរុញច្រានឲ្យអ្នកនិពន្ធវ័យក្មេងរូបនេះបន្តស្វែងរកដំណោះស្រាយឲ្យខានតែបាន ដោយជ្រើសរើសការអានសៀវភៅផ្សេងៗដើម្បីបណ្តុះគំនិតក្នុងការតែងនិពន្ធរហូតដល់បានបោះពុម្ពផ្សាយសៀវភៅជាផ្លូវការ។ អ្នកនិពន្ធ វុទ្ធី ក៏បានរំឭកអំពីអតីតកាលរបស់ខ្លួនផងដែរថា នៅក្នុងឆ្នាំ២០១៩ និង ឆ្នាំ២០២០ លោកបានចូលរួមកម្មវិធីប្រកួតប្រជែងតែងនិពន្ធពានរង្វាន់ព្រះនាងឥន្រ្ទទេវី រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីអ្នកនិពន្ធជាច្រើនរូបមកពីមជ្ឈដ្ឋានផ្សេងៗគ្នា។
ក្នុងនោះបេក្ខនិពន្ធខ្លះបានបង្ហាញស្នាដៃជាប្រភេទប្រលោមលោករវើរវាយ ខ្លះប្រលោមលោកមនោសញ្ចេតនា រីឯខ្លះទៀតប្រលោមលោកបែបអប់រំជាដើម។ ជាលទ្ធផល អ្នកនិពន្ធវ័យក្មេងរូបនេះទទួលបានជ័យលាភីលេខ៣ ជាមួយរឿងចំណងជើង «គ្រូកាច» ក្នុងឆ្នាំ ២០១៩ និងនៅក្នុងឆ្នាំ២០២០ លោកទទួលបានជ័យលាភីលេខ២ ជាមួយរឿងចំណងជើង «បណ្ណសរសើរ» ។ ការទទួលបានជ័យលាភីនៅមិនគ្រប់គ្រាន់សម្រាប់វុទ្ធីនោះទេ ពោលលោកបានបន្តដុះខាត់សមត្ថភាពបន្ថែមទៀតតាមរយៈការបង្កើតស្នាដៃនិពន្ធបន្តបន្ទាប់ រហូតបានចេញផ្សាយទាំងសៀវភៅប្រលោមលោកបែបរន្ធត់ និងបែបមនោសញ្ចេតនាសរុបមកដល់បច្ចុប្បន្នប្រមាណ១៣ ចំណងជើង។ ជាអាទិ៍ ស្នាដៃសៀវភៅប្រលោមលោករន្ធត់រួមមាន «យប់ថ្ងៃព្រហស្បតិ៍», «អារក្សខ្មៅ», «អារក្សខ្មៅ-បណ្ដាសា», «អតីតកូនលោកម្ចាស់», «បងប្អូនភ្លោះ», «អារក្សខ្មៅ-បំណុលឈាម», «រាជទាយាទ», «ស្នាមវិញ្ញាណ», «មហន្តរាយសាវ័ក» និង «អ្នកណាអ្នកបន្ទាប់»។ ចំណែកឯប្រភេទប្រលោមលោកមនោសញ្ចេតនាមានដូចជា៖ «ទេពច្យុតក្លែងក្លាយ», «ទឹកភ្នែកក្រោមភ្លៀងរលឹម», «ចុងក្រោយខ្ញុំជាអ្នកចាកចេញ» រួមទាំងរឿងដែលលោកគ្រោងនឹងធ្វើការបោះពុម្ពផ្សាយបន្ទាប់មានចំណងជើងថា«ស្លាកស្នាមអនុស្សា»។ ដោយឡែក រឿងខ្លីៗមួយចំនួនទៀតជាប្រភេទរឿងរន្ធត់ក៏ត្រូវបានចែកចាយនៅលើទំព័រហ្វេសប៊ុក (Facebook’s Page)របស់លោក ដូចជា៖ «សំណែនមនុស្ស», «ស្នាមអត្តឃាត», «ក្រឡានប្រៃ», «ឃាតកម្មនៅមណ្ឌលគិរី» និងរឿង«សម្បថ»ជាដើម។
ស្របទៅនឹងសន្ទុះអ្នកនិពន្ធ និងការផលិតសៀវភៅមានការកើនឡើងបែបនេះ ប្រជាជនកម្ពុជា ជាពិសេស យុវវ័យ ក៏ហាក់មានការចាប់អារម្មណ៍ និងចូលរួមគាំទ្រយ៉ាងពេញទំហឹង ដោយចូលរួមជាវស្នាដៃរបស់អ្នកនិពន្ធក្នុងស្រុក និងជួយផ្សព្វផ្សាយនៅលើបណ្ដាញសង្គមយ៉ាងគគ្រឹកគគ្រេងផងដែរ។ លោក វុទ្ធី ក៏មានជាសារផ្តាំផ្ញើទៅកាន់ប្អូនៗដែលមានបំណងចង់ចាប់អាជីពជាអ្នកនិពន្ធ គួរគប្បីអានសៀវភៅឲ្យបានច្រើនប្រភេទតាមដែលអាចធ្វើទៅបាន និងត្រូវរៀនស្វែងយល់ពីសិល្ប៍វិធីនិពន្ធនៅក្នុងស្នាដៃទាំងនោះ ព្រោះអ្នកនិពន្ធម្នាក់ៗសុទ្ធសឹងមានរសនិយមផ្សេងៗគ្នា សំខាន់គំនិតថ្មីៗដែលអាចច្បិចមកអភិឌ្ឍសម្រាប់ស្នាដៃបន្ទាប់៕
Article by PAN SIVLY