×

លោក​ ​ធឿន​ ​វុទ្ធី​ ​ម្ចាស់​ជ័យ​លា​ភី​ឆ្នើម​ក្នុង​ការ​តែង​និពន្ធ​សៀវភៅ​ប្រលោមលោក​អ​បិយ​ជំនឿ​

NEWS 2 years ago
 
 

            ពន្លក​អ្នកនិពន្ធ​សេ​ណារី​យ៉ូ​ជំនាន់​ថ្មី​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​កាន់តែ​កើន​ឡើង​ជាបន្តបន្ទាប់​ដែល​កំពុងតែ​ឆ្លុះបញ្ចាំង​ពី​ធនធាន​សំខាន់​ៗ​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ ​ក៏ដូចជា​បង្ហាញ​អំពី​ទំនោរ​តាក់តែងដោយ​ឡែក​របស់​អ្នកនិពន្ធ​ម្នាក់ៗ​ផង​ដែរ​។​ ​ខណៈ​ដែល​អ្នកនិពន្ធ​សេ​ណារី​យ៉ូ​ដទៃ​កំពុងតែ​មមាញឹក​ជាមួយនឹង​ការ​តែង​និពន្ធ​ប្រលោមលោក​បែប​មនោសញ្ចេតនា​និង​អប់រំ​ជាដើម​ ​អ្នកនិពន្ធ​សេ​ណារី​យ៉ូ​វ័យក្មេង​មួយ​រូប​មកពី​ខេត្ត​បន្ទាយ​មានជ័យ​បែរជា​ចាប់ចិត្ត​ប្រតិ​ព័ទ្ធ​ទៅលើ​អាជីព​និពន្ធ​ប្រលោមលោក​បែប​អ​បិយ​ជំនឿ​ឬ​ភ័យរន្ធត់​ទៅវិញ​។​

            លោក​ ​ធឿន​ ​វុទ្ធី​ ​ជា​អតីត​និស្សិត​បាន​បញ្ចប់​ការសិក្សា​លើ​មុខជំនាញ​គ្រូបង្រៀន​ក​ម្រិ​ត​មូលដ្ឋាន​ពី​វិទ្យាស្ថាន​គរុ​កោ​សល្យ​នៃ​ខេត្ត​បាត់​ដំបង​ ​ដោយ​បច្ចុប្បន្ន​កំពុង​បន្ត​ការសិក្សា​របស់​ខ្លួន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​លើ​ឯកទេស​ជី​វ​វិទ្យា​នៅ​សាកលវិទ្យាល័យ​ ​ខេមរៈ​ ​និង​ជា​អ្នកនិពន្ធ​សេ​ណារី​យ៉ូ​ប្រលោមលោក​អ​បិយ​ជំនឿ​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៨​ ​មក​ម្ល៉េះ​។​ ​តាម​ការ​រៀបរាប់​របស់​អ្នកនិពន្ធ​វ័យ​២​៦​ឆ្នាំ​ ​លោក​បាន​ចាប់ផ្តើម​អាជីព​និពន្ធ​ដោយ​កើត​ចេញពី​ការ​ស្រឡាញ់​ ​និង​មាន​ទេពកោសល្យ​ខ្លះ​ៗ​ទាក់ទង​នឹង​ជំនាញ​មួយ​នេះ​ ​ដែល​ជំរុញ​ឲ្យ​លោក​ចាប់ផ្តើម​បើក​ទំព័រ​និពន្ធ​សៀវភៅ​ដំបូង​របស់​ខ្លួន​មួយ​ក្រោម​ចំណងជើង​ ​«​យប់​ថ្ងៃ​ព្រហស្បតិ៍​»​ ​។​ ​អំឡុង​ពេល​និពន្ធ​សៀវភៅ​ជា​ស្នាដៃ​ដំបូង​ ​លោក​បាន​ជួបប្រទះ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​ស្ទើរតែ​ធ្វើឲ្យ​លោក​បោះបង់​ការ​ប្រឡូក​ក្នុង​អាជីព​និពន្ធ​នេះ​ទៅ​ហើយ​ ​ដោយសារ​លោក​ពុំទាន់​យល់ច្បាស់​ពី​គន្លឹះ​គោល​ ​និង​សិល្ប៍​តែង​និពន្ធ​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយទៀត​ឲ្យ​មាន​អត្ថន័យ​ ​និង​ភាព​ស៊ី​ជម្រៅ​។​ ​យ៉ាងណាមិញ​ ​ជាមួយ​សេចក្តីព្យាយាម​និង​ចិត្ត​មានះ​ក្នុង​ការ​សម្រេច​គោលដៅ​ ​បាន​រុញច្រាន​ឲ្យ​អ្នកនិពន្ធ​វ័យក្មេង​រូប​នេះ​បន្ត​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ខាន​តែ​បាន​ ​ដោយ​ជ្រើសរើស​ការ​អាន​សៀវភៅ​ផ្សេងៗ​ដើម្បី​បណ្តុះ​គំនិត​ក្នុង​ការ​តែង​និពន្ធ​រហូតដល់​បាន​បោះពុម្ពផ្សាយ​សៀវភៅ​ជា​ផ្លូវការ​។​ អ្នកនិពន្ធ​ ​វុទ្ធី​ ​ក៏បាន​រំឭក​អំពី​អតីតកាល​របស់​ខ្លួន​ផង​ដែរ​ថា​ ​នៅ​ក្នុង​ឆ្នាំ​២​០​១​៩​ ​និង​ ​ឆ្នាំ​២​០​២​០​ ​លោក​បាន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​តែង​និពន្ធ​ពានរង្វាន់​ព្រះនាង​ឥ​ន្រ្ទ​ទេវី​ ​រៀបចំ​ដោយ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ដោយមាន​ការចូលរួម​ពី​អ្នកនិពន្ធ​ជាច្រើន​រូប​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​។​

            ​ក្នុង​នោះ​បេ​ក្ខ​និពន្ធ​ខ្លះ​បាន​បង្ហាញ​ស្នាដៃ​ជា​ប្រភេទ​ប្រលោមលោក​រវើរវាយ​ ​ខ្លះ​ប្រលោមលោក​មនោសញ្ចេតនា​ ​រីឯ​ខ្លះទៀត​ប្រលោមលោក​បែប​អប់រំ​ជាដើម​។​ ​ជា​លទ្ធផល​ ​អ្នកនិពន្ធ​វ័យក្មេង​រូប​នេះ​ទទួល​បាន​ជ័យ​លា​ភី​លេខ​៣​ ​ជាមួយ​រឿង​ចំណងជើង​ ​«​គ្រូ​កាច​»​ ​ក្នុង​ឆ្នាំ​ ​២​០​១​៩​ ​និង​នៅ​ក្នុង​ឆ្នាំ​២​០​២​០​ ​លោក​ទទួល​បាន​ជ័យ​លា​ភី​លេខ​២​ ​ជាមួយ​រឿង​ចំណងជើង​ ​«​ប​ណ្ណ​សរសើរ​»​ ​។​ ​ការ​ទទួល​បាន​ជ័យ​លា​ភី​នៅ​មិន​គ្រប់គ្រាន់​សម្រាប់​វុទ្ធី​នោះ​ទេ​ ​ពោល​លោក​បាន​បន្ត​ដុះ​ខាត់​សមត្ថភាព​បន្ថែម​ទៀត​តាមរយៈ​ការ​បង្កើត​ស្នាដៃ​និពន្ធ​បន្តបន្ទាប់​ ​រហូត​បាន​ចេញផ្សាយ​ទាំង​សៀវភៅ​ប្រលោមលោក​បែប​រន្ធត់​ ​និង​បែប​មនោសញ្ចេតនា​សរុប​មកដល់​បច្ចុប្បន្ន​ប្រមាណ​១​៣​ ​ចំណងជើង​។​ ​ជាអាទិ៍​ ​ស្នាដៃ​សៀវភៅ​ប្រលោមលោក​រន្ធត់​រួម​មាន​ ​«​យប់​ថ្ងៃ​ព្រហស្បតិ៍​»​, ​«​អារក្ស​ខ្មៅ​»​, ​«​អារក្ស​ខ្មៅ​-​បណ្ដាសា​»​, ​«​អតីត​កូន​លោកម្ចាស់​»​, ​«​បងប្អូន​ភ្លោះ​»​, ​«​អារក្ស​ខ្មៅ​-​បំណុល​ឈាម​»​, ​«​រាជ​ទាយាទ​»​, ​«​ស្នាម​វិញ្ញាណ​»​, ​«​មហន្តរាយ​សាវ​័​ក​»​ ​និង​ ​«​អ្នកណា​អ្នកបន្ទាប់​»​។​ ​ចំណែក​ឯ​ប្រភេទ​ប្រលោមលោក​មនោសញ្ចេតនា​មាន​ដូចជា​៖​ ​«​ទេពច្យុត​ក្លែងក្លាយ​»​, ​«​ទឹកភ្នែក​ក្រោម​ភ្លៀងរលឹម​»​, ​«​ចុងក្រោយ​ខ្ញុំ​ជា​អ្នក​ចាកចេញ​»​ ​រួម​ទាំង​រឿង​ដែល​លោក​គ្រោង​នឹង​ធ្វើការ​បោះពុម្ពផ្សាយ​បន្ទាប់​មាន​ចំណងជើង​ថា​«​ស្លាកស្នាម​អនុ​ស្សា​»​។​ ​ដោយឡែក​ ​រឿង​ខ្លី​ៗ​មួយ​ចំនួន​ទៀត​ជា​ប្រភេទ​រឿង​រន្ធត់​ក៏​ត្រូវ​បាន​ចែកចាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ (​Face​book​’s ​Page​)​របស់​លោក​ ​ដូចជា​៖​ ​«​សំណែន​មនុស្ស​»​, ​«​ស្នាម​អត្តឃាត​»​, ​«​ក្រឡាន​ប្រៃ​»​, ​«​ឃាតកម្ម​នៅ​មណ្ឌលគិរី​»​ ​និង​រឿង​«​សម្បថ​»​ជាដើម​។​

​            ស្រប​ទៅ​នឹង​សន្ទុះ​អ្នកនិពន្ធ​ ​និង​ការ​ផលិត​សៀវភៅ​មានការ​កើន​ឡើង​បែប​នេះ​ ​ប្រជាជន​កម្ពុជា​ ​ជាពិសេស​ ​យុវវ័យ​ ​ក៏​ហាក់​មាន​ការចាប់អារម្មណ៍​ ​និង​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ ​ដោយ​ចូលរួម​ជាវ​ស្នាដៃ​របស់​អ្នកនិពន្ធ​ក្នុងស្រុក​ ​និង​ជួយ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ​។​ ​លោក​ ​វុទ្ធី​ ​ក៏មាន​ជា​សារ​ផ្តាំផ្ញើ​ទៅកាន់​ប្អូន​ៗ​ដែល​មានបំណង​ចង់​ចាប់​អាជីព​ជា​អ្នកនិពន្ធ​ ​គួរគប្បី​អាន​សៀវភៅ​ឲ្យបាន​ច្រើន​ប្រភេទ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​និង​ត្រូវ​រៀន​ស្វែងយល់​ពី​សិល្ប៍​វិធី​និពន្ធ​នៅ​ក្នុង​ស្នាដៃ​ទាំងនោះ​ ​ព្រោះ​អ្នកនិពន្ធ​ម្នាក់ៗ​សុទ្ធ​សឹង​មាន​រស​និយម​ផ្សេងៗ​គ្នា​ ​សំខាន់​គំនិត​ថ្មីៗ​ដែល​អាច​ច្បិច​មក​អភិ​ឌ្ឍ​សម្រាប់​ស្នាដៃ​បន្ទាប់​៕

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS