×

វាចា​នៃ​សមិទ្ធ​ករ​ជុំវិញ​បេសកកម្ម​ផលិតភាព​យន្ត​កំប្លែង​បែប​អប់រំ​ ​«​លោកគ្រូ​ប្រពន្ធ​ល្អ​»​

NEWS one year ago
 
 

           ​លោក​ ​ឆាយ​ ​បូរ៉ា​ ​ជា​ចាងហ្វាង​ផលិតកម្ម​ ​ដើមត្នោត​ ​ដែល​មហាជន​ស្គាល់​ថា​ជា​អ្នកដឹកនាំ​រឿង​ ​«​ឃ្លាត​ទៅ​សែន​ឆ្ងាយ​»​ ​ជា​ភាពយន្ត​សោកនាដកម្ម​មហា​ក​ម្សត់​ដក់ជាប់​ក្នុង​ចិត្ត​ទស្សនិកជន​ខ្មែរ​តាំងពី​១​០​ឆ្នាំមុន​។​ ​ជាមួយ​វណ្ណកម្ម​ភាពយន្ត​ថ្មី​របស់​លោក​ ​ដែល​កំពុង​ដាក់​បញ្ចាំង​នៅ​តាម​បណ្តា​រោងភាពយន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​អ្នកដឹកនាំ​រឿង​ឆ្នើម​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ពី​មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ​រូប​នេះ​បាន​ផ្តល់​បទសម្ភាសន៍​អំពី​អនុ​ស្សា​វ​រី​យ៍​នៃ​ការ​ថតកុន​នេះ​កាលពី​២​ឆ្នាំមុន​ ​និង​ទ​ស្សនៈ​របស់​លោក​ពីក្រោយ​គម្រោង​ផលិត​នេះ​។​

          ចំណុច​ពិសេស​បំផុត​ដែល​ពញ្ញាក់​អារម្មណ៍​ទស្សនិកជន​គ្រប់រូប​ចំពោះ​ស្នាដៃ​រឿង​ ​«​លោកគ្រូ​ប្រពន្ធ​ល្អ​»​ ​ច្បាស់ជា​វត្តមាន​សម្តែង​របស់​កំពូល​សិល្បករ​អាយ៉ៃ​ប្រចាំ​ប្រទេស​ ​ព្រហ្ម​ ​ម៉ា​ញ​ ​ក្នុង​តួអង្គ​ជា​គ្រូបង្រៀន​អក្សរ​សា​ស្រ្ត​ខ្មែរ​ថ្នាក់​ ​វិទ្យាល័យ​ឈ្មោះ​ ​«​គ្រូ​ធី​»​។​ ​ពាក់ព័ន្ធ​នឹង​មូលហេតុ​ជ្រើសរើស​ចាប់​ផ្គូផ្គង​តួ​តារា​អាយ៉ៃ​ ​ព្រហ្ម​ ​ម៉ា​ញ​ ​ជាមួយ​ ​តារា​កំប្លែង​ជើងចាស់​ ​គ្រ​ត​ ​ជា​តួ​សំខាន់​ក្នុង​រឿង​នោះ​ ​អ្នកដឹកនាំ​ ​ឆាយ​ ​បូរ៉ា​ ​បាន​បកស្រាយ​យ៉ាង​ច្បាស់​ថា​ “ ​ទីមួយ​ ​គាត់​មាន​ប្រជាប្រិយភាព​ក្នុងចំណោម​ប្រជាពលរដ្ឋ​យើង​។​ ​ទីពីរ​ ​អាយុ​គាត់​សមនឹង​តួអង្គ​ហ្នឹង​ដែរ​។​ ​ទីបី​ ​អាជីព​របស់​គាត់​ជា​អ្នក​អាយ៉ៃ​ ​មានន័យ​ថា​ ​ជា​អ្នក​អក្សរ​សា​ស្រ្ត ​ជា​អ្នក​អក្សរ​សិល្ប៍ ​ល្អ​ស័ក្តិសម​។​ ​បុគ្គលិកលក្ខណៈ​ទាំងប៉ុន្មាន​ចំណុច​ហ្នឹងហើយ​ដែល​ធ្វើឲ្យ​យើង​សម្រេច​យក​គាត់​ ” ​។

          “​លោកគ្រូ​ ​ព្រហ្ម​ ​ម៉ា​ញ​ ​គាត់​ខាន​ថតកុន​យូ​រហើយ​ ​ហើយ​គាត់​ជា​អ្នក​អាយ៉ៃ​។​ ​យើង​គិត​ពី​ផល​លំបាក​ដែរ​ ​តែ​ផ្ទុយទៅវិញ​ ​វា​មិនអីទេ​! ​គាត់​សហការ​ជាមួយ​យើង​បាន​ល្អ​ ​។​ ​គាត់​លះបង់​ពេលវេលា​និង​ព្យាយាម​ទន្ទេញ​អត្ថបទ​[…]” ​លោក​បាន​បញ្ជាក់​បន្ថែម​។​ ​លោក​បាន​អះអាង​ថា​ ​តារា​ជើងចាស់​រូប​នេះ​បាន​យោគយល់​និង​ជួយ​សហការ​ជាមួយ​សិល្បករ​ក្មេង​ជំនាន់​ក្រោយ​បាន​ល្អ​ដោយ​មិន​មាន​បញ្ហា​ធំដុំ​ប៉ះពាល់​ចំពោះ​ដំណើរការ​ថត​ភាពយន្ត​នេះ​ឡើយ​ ​ទោះបីជា​មាន​ ​គ​ម្លា​ត​បទពិសោធន៍​ក្នុង​វិ​ស​័​យ​សិល្បៈ​ខុសគ្នា​ច្រើន​ក៏ដោយ​ ​ដោយសារ​តួ​សម្តែង​នីមួយៗ​បាន​ព្យាយាម​យកចិត្តទុកដាក់​ចំពោះ​តួអង្គ​ដែល​ខ្លួន​ត្រូវ​សម្តែង​ប្រៀប​ដូចជា​ក្រុម​គ្រួសារ​តែមួយ​ពិតៗ​។​ “ ​តួ​ចាស់ៗ​គាត់​ធ្វើ​បាន​ល្អ​ ​មាន​រអាក់រអួល​បន្តិចបន្តួច​ ​ដោយសារ​ប៉ា​រ៉ូ​ល​ (​Parole​) ​ខ្លះ​រាង​វែង​ ​ធ្វើឲ្យ​គាត់​ភ្លេច​។​ ​យើង​ព្យាយាម​ចំណាយ​ពេលវេលា​ច្រើន​ឲ្យ​គាត់​ហ្វឹកហាត់​ ​។​ ​ចំណែក​តួ​ថ្មីៗ​ ​មានការ​ឆ្គាំឆ្គង​ខ្លះ​ ​តែ​ឆ្លងតាម​ការ​ព្យាយាម​របស់​គាត់​ ​គាត់​ធ្វើល្អ​បាន​ច្រើន​! ” ​។​

          ​ដោយឡែក​ ​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​របស់​រូបលោក​ដែល​ជា​អ្នកដឹកនាំ​និង​ក្រុម​ការងារ​ថត​ទាំងមូល​ ​គឺ​កត្តា​ពេលវេលា​ ​និង​ ​ហិរញ្ញវត្ថុ​។​ ​លោក​បាន​លើកឡើង​ថា​ “​យើង​ថត​ក្នុង​អំឡុង​ពេល​កូ​វី​ដ​ ​ហើយ​ទុន​វិនិយោគ​យើង​វា​តិច​ ​យើង​ត្រូវ​សន្សំសំចៃ​ ​យើង​ត្រូវ​ប្រិតប្រៀង​! ​កាលវិភាគ​យើង​ថត​២​៤​ថ្ងៃ​ ​មក​ថត​ត្រឹម​១​៨​ថ្ងៃ​ ​ដែល​យើង​ត្រូវ​ខំធ្វើ​ទាំងថ្ងៃទាំងយប់​! ​យើង​ត្រូវ​ពន្លឿន​កាលវិភាគ​របស់យើង​ ​ព្រោះ​បើ​យើង​ពន្យារ​ ​យើង​គិតថា​ កូ​វី​ដ​កាន់តែ​កើន​ឡើង​កាល​ហ្នឹង​(​២​០​២​០​)​។​ […] ​យើង​ថត​ចប់​បានតែ​៣​-​៤​ថ្ងៃ​ ​បិទ​ប្រទេស​! ” ​។​

          ​សេចក្តីព្យាយាម​គួបផ្សំ​នឹង​ភាព​វៃ​ឆ្លាត​បត់បែន​តាម​កាលៈទេសៈ​របស់​ក្រុម​ផលិតភាព​យន្ត​នេះ​ជំរុញ​ឲ្យ​គម្រោង​ភាពយន្ត​រស​និយម​បែបថ្មី​ប្លែក​មួយ​នេះ​ទទួល​បាន​ជោគជ័យ​។​ ​ក្នុងចំណោម​ឈុត​នៃ​ភាពយន្ត​រយៈពេល​ ​១​ម៉ោង​ ​និង​ ​៤​៧​នា​ទីនេះ​ ​លោក​ ​ឆាយ​ ​បូរ៉ា​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​ ​លោក​ពេញចិត្ត​ចំពោះ​ឈុត​ជិះ​តាម​វិមានឯករាជ្យ​និង​ស្ពាន​ជ្រោយ​ចង្វា​រ​ ​ដែល​មាន​បង្ហោះ​ដ្រូ​ន​ផ្តិត​យក​ទេសភាព​ស្រស់​ស្អាត​នៃ​ក្រុងភ្នំពេញ​ ​និង​ឈុត​សិស្ស​ដឹង​ខុស​ក្រាបសំពះ​សុំខមាទោស​ចំពោះ​លោកគ្រូ​។​ ​ឈុត​នេះ​ដែរ​ក៏​ជា​ឈុត​ពិបាក​ថត​ជាងគេ​ក្នុងចំណោម​ឈុត​ពិបាក​ៗ​ជាច្រើន​ទៀត​ដូចជា​ ​ឈុត​សិស្ស​ចំនួន​ច្រើន​នៅ​សាលា​ ​ដែល​ពិបាក​ក្នុង​ការ​គ្រប់គ្រង​សកម្មភាព​តួអង្គ​ក្នុង​អំឡុង​ពេល​ដឹកនាំ​ ​ឈុត​តួអង្គ​ជិះ​ម៉ូតូ​បុក​ហ្វូង​មនុស្ស​ ​និង​ឈុត​គ្រូ​ធី​ជិះ​ម៉ូតូ​តាមផ្លូវ​ ​ដែល​ត្រូវ​ថត​ក្នុង​ទី​សាធារណៈ​ពោរពេញ​ដោយ​ចរាចរណ៍​ ​ដែល​សុទ្ធសឹងតែ​ជា​អនុ​ស្សា​វ​រី​យ៍​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​លោក​មកដល់​បច្ចុប្បន្ន​។​
​ខ្លឹមសារ​នៃ​ភាពយន្ត​នេះ​ផ្តោត​សំខាន់​លើ​ទឹកចិត្ត​គ្រូ​ចំពោះ​សិស្ស​និង​មេ​គ្រួសារ​ចំពោះ​បុត្រ​ធីតា​ក្នុង​បន្ទុក​ ​ដូច​ករណី​តួអង្គ​គ្រូ​ធី​ដែល​បាន​លះបង់​រហូត​ជាង​៤​ទសវត្សរ៍​ក្នុង​វិ​ស​័​យ​អប់រំ​ ​ព្រមទាំង​សុខចិត្ត​ទទួលខុសត្រូវ​ចំពោះ​អនាគត​គ្រួសារ​មិន​ឲ្យ​ប្រពន្ធកូន​ពិបាក​ជំនួស​ខ្លួន​ឡើយ​។​ ​គោលបំណង​មួយទៀត​ ​គឺ​ ​ចង់ឲ្យ​សិស្ស​ដឹងគុណ​គ្រូ​ “ ​យើង​ចង់​ ​កសាង​ទម្លាប់​ហ្នឹង​ ​ឲ្យ​សិស្ស​ចេះ​គោរព​គ្រូ​ ​មិន​ចាំបាច់​ដល់​សំពះ​ក្រាប​ដល់​បាតជើង​ទេ​ ​តែ​យ៉ាងហោចណាស់​ក៏​រឿង​នេះ​ជា​សក្ខីភាព​បង្ហាញ​ពី​ការគោរព​ដល់​គ្រូ​ដែល​ផ្តល់​ចំណេះ​ឲ្យ​ ” ​។​ ​ភាពយន្ត​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ថា​អាជីព​គ្រូបង្រៀន​ទោះ​មិន​មាន​ជីវភាព​ស្តុកស្តម្ភ​ ​តែ​ក៏​អាច​ធ្វើឲ្យ​គ្រួសារ​មាន​សុភមង្គល​ ​រីករាយ​បែប​សាមញ្ញ​ៗ​ ​ដែល​គ្រួសារ​អ្នកមានទ្រព្យ​ខ្លះ​ពុំ​មាន​ស្មើ​ផ្ទឹម​បាន​ឡើយ​។​ ​រឿង​នេះ​ក៏​បង្កប់​នូវ​សារ​ដាស់តឿន​យុវជន​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​ទៅលើ​បញ្ហា​អក្សរ​សា​ស្រ្ត​ដែល​តំណាង​ឲ្យ​ព្រលឹង​វប្បធម៌​ជាតិ​ ​ស្តែង​ឡើង​តាមរយៈ​វត្តមាន​តួ​សំខាន់​ដែល​ជា​គ្រូ​មុខវិជ្ជា​អក្សរ​សា​ស្រ្ត​ខ្មែរ​។​

          ​អ្នកដឹកនាំ​រឿង​បាន​បង្ហើប​ប្រាប់​សូវ​រី​ន​ថា​ ​ក្រោយ​ពី​បញ្ចាំង​បាន​រយៈពេល​១​ស​ប្តាហ៍​រួចមក​ ​ភាពយន្ត​នេះ​ទទួលការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ ​ដែល​ទទួល​បានការ​វាយ​តម្លៃ​ 7/10- 8/10 ​ជា​អប្បបរមា​ ​និង​ 9/10 ​ឬ​ 10/10 ​ជា​អតិបរមា​។​ ​ចំពោះ​គម្រោង​បន្ទាប់​ ​លោក​នឹង​ពាំ​នាំ​យក​ភាពយន្ត​នេះ​ទៅ​បញ្ចាំង​តាម​បណ្តា​ខេត្ត​នានា​ ​ហើយនឹង​រៀបចំ​ព្រឹត្តិការណ៍​កម្មវិធី​ឲ្យ​គ្រូបង្រៀន​និង​មនុស្ស​វ័យ​ចំណាស់​បាន​ទស្សនា​ដោយ​ឥត​គិតថ្លៃ​ទៀត​ផង​៕​

Article by SRIN SOKMEAN


SUGGESTIONS