“Kayas Cafe” ហាងកាហ្វេថ្មីបែបផ្ទះកញ្ចក់ទើបរះឡើងនៅតំបន់បឹងកេងកង១
NEWS 3 years ago306 Social Space គឺជាទីតាំងសហគមន៍បង្កើតថ្មីមួយស្ថិតនៅតំបន់បឹងកេងកង១នៃរាជធានីភ្នំពេញ ទីនេះប្រជុំទៅដោយហាងសម្លៀកបំពាក់នាំចូលម៉ាកយីហោល្បីៗ កន្លែងទទួលច្នៃម៉ូដ ហាងសាឡន និងហាងកាហ្វេជាដើម។ ដោយឡែក ហាងកាហ្វេដែលបើកដំណើរការមុនគេនៃសហគមន៍ ហាក់កំពុងទាក់ទាញភ្ញៀវចេញចូលព្រឹកថ្ងៃល្ងាចមិនចេះដាច់។ សំកាំងស្របនឹងដងវិថី៣០៦ អគារពណ៌សរាងច្រឡឹងស្រឡះរចនាបែបទំនើប មកជាមួយផ្ទាំងកញ្ចក់ឆ្លុះទិដ្ឋភាពខាងក្នុងអាចឲ្យយើងសម្គាល់ដឹងយ៉ាងច្បាស់ថាទីនេះគឺជាហាងកាហ្វេ ដោយនៅខាងមុខក៏មានភ្ជាប់មកជាមួយស្លាកយីហោ «Kayas» ផងនោះ។
មើលពីក្រៅទាក់ភ្នែកមធ្យមដល់បោះជំហានមកដល់ខាងក្នុង ការរៀបចំមើលទៅស្រឡះភ្នែក ពោលទាំងការប្រើពណ៌ ការប្រើភ្លើង ក៏ដូចជាការតុបតែងកន្លែងអង្គុយផ្តល់នូវអារម្មណ៍សម្រាកស្រស់ស្រាយ។ ឡើងទៅជាន់ខាងលើកាន់តែត្រជាក់ចិត្តមួយកម្រិតទៀត ដោយពិតានត្រូវបានធ្វើឡើងខ្ពស់ផុត ចំណែកជញ្ជាំងសុទ្ធសឹងកញ្ចក់អនុញ្ញាតឲ្យយើងបានអង្គុយទស្សនាទិដ្ឋភាពខាងក្រៅពេញភ្នែកតែម្តង។ តាមការឲ្យដឹងពីម្ចាស់ហាង Kayas Cafe ទើបតែបើកដំណើរការសាកល្បងកាលពីដើមខែតុលាប៉ុណ្ណោះ តែបើនិយាយពីសន្ទុះគាំទ្រគឺមានភ្ញៀវចេញចូលហូរហែមិនចេះដាច់ឡើយ ដែលសំខាន់ទៀតនោះបើកមិនទាន់បានប៉ុន្មានផងមានអ្នកចង់សុំទិញហ្វ្រេនឆាយ (Franchise) បាត់ទៅហើយ។
កញ្ញា សន ស៊ីថាបូទុម្ព ជាស្ថាបនិកនៃហាងកាហ្វេ Kayas បានបង្កើតហាងនេះឡើងចេញពីការស្រឡាញ់ បន្ទាប់ពីកញ្ញាបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក។ កញ្ញាបានសិក្សាអំពីគ្រាប់កាហ្វេ និងការរក្សាទុក អំឡុងរៀននៅសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិក កញ្ញាបានឆ្លៀតធ្វើការនៅហាងកាហ្វេរហូតត្រូវបានគេផ្តល់ឱកាសឲ្យក្លាយជាអ្នកគ្រប់គ្រង។ លើសពីធ្វើការដើម្បីប្រាក់ កញ្ញាបានឆ្លៀតស្វែងយល់អំពីរបៀបនៃការធ្វើអាជីវកម្មរបស់គេមិនថាការរៀបចំហាង ការគ្រប់គ្រងបុគ្គលិក ក៏ដូចជាសេវាកម្មផ្សេងៗដើម្បីទុកជាទុនគំនិតបង្កើតអាជីវកម្មរបស់ខ្លួន។ ដោយសារតែបទពិសោធន៍ និងការស្រឡាញ់នេះហើយ ទើបធ្វើឲ្យនិស្សិតកូនខ្មែររូបនេះប្តេជ្ញាចិត្តយ៉ាងច្បាស់ថា មុខរបរដែលខ្លួននឹងបើកដំបូងគេពេលមកដល់កម្ពុជាគឺហាងកាហ្វេនេះឯង។ “ពេលបើកអ្វីដែលខ្ញុំចូលចិត្ត ខ្ញុំនឹងដាក់ចិត្តដាក់កាយលើវា ព្រោះពេលធ្វើអ្វីដែលយើងចូលចិត្តភាគច្រើននឹងជោគជ័យ មិនថាយូរឬឆាប់ បើយើងសប្បាយចិត្តនឹងធ្វើវា ខ្ញុំជឿថាវានឹងអាចទៅមុខបាន។” កញ្ញា សន ស៊ីថាបូទុម្ព លើកឡើង។
ជាមួយការបង្កើត Kayas ស្ថាបនិកាវ័យ ២៦ ឆ្នាំក៏ធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យម្ហូបអាហារ និងកាហ្វេនៅកម្ពុជាផងដែរ ជាក់ស្តែងហាងកាហ្វេនេះបានសម្រិតសម្រាំងរសជាតិមិនត្រឹមតែភេសជ្ជៈប៉ុណ្ណោះទេ សូម្បីម្ហូបអាហារក៏សម្រាំងរសជាតិល្អិតល្អន់ប្រកបដោយគុណភាពផងដែរ។ ចំពោះរសជាតិកាហ្វេ ស្ថាបនិកបានសិក្សាពីចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា ដោយស្វែងរកចំណុចកណ្តាលមួយហើយបង្កើតអ្វីដែលជារសជាតិថ្មីប្រចាំហាង។ រសជាតិកាហ្វេត្រូវបានផ្សំឡើងដោយខ្លួនឯង រីឯគ្រាប់កាហ្វេត្រូវបាននាំចូលពីប្រទេសកូឡុំប៊ី និងប្រទេសជិតខាង។ តាមរយៈការបានក្រេបបានភ្លក្សផ្ទាល់ពីក្រុមការងារសូវរីនឃើញថារសជាតិពិតជាប្លែកមែនពិត បើប្រិយមិត្តបានទៅគួរកុំរំលងកាហ្វេជា Signature ប្រចាំហាងដូចជា Kayas Coffee, Kayas Cafe និង Yuzu Soda ជាដើម។ ក្រៅពីកាហ្វេក្តៅត្រជាក់ និងក្រឡុក ទីនេះក៏មានជាប្រភេទភេសជ្ជៈផ្លែឈើក្រឡុក សូដា និងតែផ្លែឈើច្រើនជម្រើសញុំាទៅឈ្ងុយត្រជាក់ចិត្តស្រស់ស្រាយ។
ជាមួយមុខម្ហូបប្រមាណ៣០មុខ ទីនេះមានបម្រើអាហារព្រឹកថ្ងៃល្ងាច ដូចជាម្ហូបអាស៊ីរួមមាន បាយ គុយទាវ និងមីជាដើម ឯម្ហូបអឺរ៉ុបរួមមាន នំប៉័ង សុំាងវិច សាលាដ American Breakfast ថែមទាំងមានបង្អែម នំខេក ជាពិសេសនំ Pancake ឆ្ងាញ់ជាប់ចិត្តតែម្តង។ ស្ថាបនិកខាងលើលើកឡើងទៀតថា ហាងកាហ្វេ Kayas បានផ្តោតបង្កើតមុខម្ហូប និងភេសជ្ជៈដែលគិតគូរពីសុខភាព ដូចជាគ្រីមដាក់ភេសជ្ជៈធ្វើដោយខ្លួនឯង មីធ្វើដោយខ្លួនឯង សូម្បីគ្រឿងផ្សំមួយចំនួនក៏ធ្វើឡើងដោយខ្លួនឯង។ ការធ្វើដូច្នេះស្ថាបនិកថា អាចចំណាយតិច អាចដឹងពីប្រភពច្បាស់លាស់ និងមានសុវត្ថិភាពក្នុងការទទួលទាន។ “គ្រប់មុខម្ហូបទាំងអស់មិនចេះតែចម្អិនទៅឲ្យតែបានៗហើយដាក់លក់ទេ ខ្ញុំក៏ញុំាខ្លួនឯងដែរ ដូច្នេះយើងចង់បានអ្វីដែលល្អគិតគូរពីគុណភាពចម្បង។” ស្ថាបនិកា សន ស៊ីថាបូទុម្ព បញ្ជាក់។
ទីតាំងទូលាយអំណោយផល ភេសជ្ជៈ និងម្ហូបអាហារក៏ត្រូវមាត់ ទទួលទានក្នុងបរិយាកាសមើលទៅលាយចម្រុះបែប ផ្ទះកញ្ចក់បន្តិច បែបជាន់ដំបូលបន្តិច បែបស្រឡះបន្តិច បែប Modern night បន្តិច ពិតជាត្រជាក់ចិត្តស្រស់ស្រាយមិនចង់ឃ្លាតទៅណាឆ្ងាយសូម្បីមួយវិនាទី។ អាចថាជាកន្លែងសម្រាប់មកអង្គុយលម្ហែ កន្លែងមកបំពេញការងារក្រៅម៉ោង ឬជួបជុំជជែកដើម្បីចែករំលែកអ្វីថ្មីៗក៏ដូចជាបង្កើតភាពស្និទ្ធស្នាល។
Kayas Cafe បើកទទួលរៀងរាល់ថ្ងៃចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៨យប់។ ដោយសារទីតាំងទីនេះបង្កើតឡើងជាសហគមន៍ ដូច្នេះក្រៅពីអង្គុយលម្ហែនៅហាងកាហ្វេ ប្រិយមិត្តក៏អាចដើរមើលហាងលក់សម្លៀកបំពាក់ កន្លែងច្នៃម៉ូដ និងតុបតែងសម្រស់នៅហាងសាឡនផងដែរ៕
Article by SOUNG SOKSAN