ចាន់ បញ្ញា អ្នកគ្រប់គ្រងគម្រោងនៃ «ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតកម្ពុជាហ្វារ»
NEWS 3 years agoលោក ចាន់ បញ្ញា មានស្រុកកំណើតនៅខេត្តបាត់ដំបង។ លោកមានប្រវត្តិអតីតភាពជាសិស្សគំនូរនៅ សាលាហ្វារពន្លឺសិល្បៈតាំងពីឆ្នាំ២០០២ ហើយបានបញ្ចប់ការសិក្សាលើជំនាញសិល្បៈសូនរូបនៅទីនោះក្នុងឆ្នាំ២០០៨។ ក្រោយមក លោកក៏បានចាប់ផ្តើមធ្វើការប្រចាំស្ទូឌីយ៉ូគំនូរជីវចលដៃមួយពាន់របស់អង្គការហ្វារនេះ ព្រម ជាមួយការងារជាអ្នកថតវីដេអូឯករាជ្យ (Freelance Videogapher) មួយរូបផងដែរ។ នៅឆ្នាំ២០១២លោកបានទទួល អាហារូបករណ៍ទៅបន្តការសិក្សានៅសាលា Ecole Pivaut Nantes-Rennes នៅប្រទេសបារាំង អស់រយៈពេល៤ឆ្នាំ លើជំនាញសិល្បៈនិងគំនូរជីវចល។ ក្រោយបញ្ចប់ការសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ២០១៦ លោកបានចូលបម្រើ ការផ្នែក Animation and Motion Graphic ឲ្យក្រុមហ៊ុនមួយនៅទីក្រុងប៉ារីសមុននិងត្រឡប់មកកម្ពុជាវិញក្នុងអំឡុង ចុងឆ្នាំ២០១៧ ហើយក៏បានចាប់ផ្តើមការងារថ្មីជាមួយស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារកម្ពុជា។
លោកបានពន្យល់ប្រាប់សូវរីនថា ការងារចំបងរបស់ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតនេះគឺជាការផលិតវីដេអូគំនូរ ជីវចល ស្ពតអប់រំ ភាពយន្តខ្លី ភាពយន្តឯកសារ រីដេអូចម្រៀង ការថតរូប គំនូរសាច់រឿង និង ការរចនាផ្សេងៗ។ បុគ្គលិកភាគច្រើនជាអតីតសិស្សនិងសិល្បករដែលបានបញ្ចប់ការសិក្សាពីទីនោះផ្ទាល់។ ការងាររបស់ក្រុមលោក មានលក្ខណៈចម្រុះដែលបើកឱកាសឲ្យផលិតករឬសិល្បករទាំងអស់នៅទីនោះអាចបង្ហាញភាពច្នៃប្រតិដ្ឋផ្សេងៗ គ្នាតាមគម្រោងនីមួយៗ ហើយទាំងនេះជាជំនក់ចិត្តក្នុងការងាររបស់ផលិតករឬសិល្បករដែលធ្វើការនៅទីនោះ។ វាជាជីវិតការងារសិល្បៈដែលធ្វើឲ្យលោកមានមោទកភាពនិងមានអាម្មណ៍ថាទទួលបានជោគជ័យដ៏ធំមួយក្នុងឆាក ជីវិត។
ក្នុងតំណែងជាអ្នកគ្រប់គ្រងគម្រោងរបស់ស្ទូឌីយ៉ូ លោកបានអះអាងថា លោកពិតជាមានទំនួលខុសត្រូវ ច្រើនណាស់ចំពោះតួនាទីមួយនេះ។ ជាក់ស្តែង លោកត្រូវចូលរួមក្នុងកិច្ចការរៀបចំឯកសារសំណើ (Proposal) សម្រាប់ដេញថ្លៃលើគម្រោងថ្មីៗ។ លើសពីនេះទៅទៀត ជួនកាលលោកមានបន្ទុកក្នុងការសរសេរសាច់រឿងបង្កើត storyboard និងដឹកនាំក្រុមការងារទាំងមូលដើម្បីផលិតគម្រោងណាមួយ ព្រមទាំងការងារផ្សេងៗទៀតជាច្រើន មុខ។ ត្រង់ចំណុចអំពីភារកិច្ចការងារនេះ លោកបានបញ្ជាក់ថា ជាធម្មតា បុគ្គលិករបស់លោកនៅទីនោះគឺដូចគ្នា ត្រង់ចេះជំនាញច្រើនមុខដែលមានសមត្ថភាពអាចជួយលើគម្រោងផ្សេងៗខុសៗគ្នាបាន ហើយពួកគេម្នាក់ៗសុទ្ធ តែមានជំនាញមូលដ្ឋានក្នុងការគូរគំនូរ។ ដូចនេះ វាផ្តល់លក្ខណៈអំណោយផលល្អប្រសើរដែលជះឥទ្ធិពលវិជ្ជមាន ចំពោះការធ្វើការងារជាក្រុម ក៏ដូចជាងាយស្រួលសម្រាប់រូបលោកដែលជាអ្នកគ្រប់គ្រងលើដំណើរការប្រតិបត្តិការ គម្រោងទាំងមូលផងដែរ។ លោកចាត់ទុកថា ការធ្វើការបែបពហុជំនាញបែបនេះ គួបផ្សំនឹងសាមគ្គីភាពក្រុមក្នុង ការជួយកែលម្អមើលខុសត្រូវគ្នាទៅវិញទៅមកគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់រូបលោកអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនដើម្បីភាពរីកចម្រើននៃស្ថាប័ន។
ក្នុងរយៈពេលកន្លងមក ក្រោមការគ្រប់គ្រងដឹកនាំរបស់លោក ក្រុមការងារស្ទូឌីយ៉ូគំនិតច្នៃប្រឌិតរបស់ ហ្វារពន្លឺសិល្បៈបានសម្រេចនូវគម្រោងផលិតវីដេអូ ឬ គំនូរជីវចលជាច្រើនដែលភាគច្រើនផ្តោតលើការលើក កម្ពស់ការយល់ដឹងទាក់ទងនឹងបញ្ហាកាកសំណល់ប្លាស្ទិក ការធ្វើចំណាកស្រុក ពលកម្មកុមារ ការីករាលដាលនិងការការពារខ្លួនពីជំងឺកូវីដ១៩ ការរំលោភបំពានលើកុមារ សេវាកម្មជំនួយសង្គម កសិកម្ម និងនេសាទ។ល។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា “ វាសុទ្ធសឹងតែជាប្រធានបទដែលមានប្រយោជន៍សម្រាប់ជាចំណេះដឹងដល់មនុស្សក្នុងសង្គម និងការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន។ សម្រាប់ពួកយើងផ្ទាល់ក៏ដូចគ្នា ក្រៅពីការអភិវឌ្ឍលើជំនាញបច្ចេកទេស យើងក៏បានទទួលចំណេះដឹងបន្ថែមពីគម្រោងនីមួយៗផងដែរ”៕
Article by SRIN SOKMEAN
លោក ចាន់ បញ្ញា