×

ហ៊ួន​ ​ចាន់​ដារ៉ា​ ​ជ័យ​លា​ភី​លេខ​១​ ​ផ្នែក​ឆុងកាហ្វេ​ថ្នាក់​ជាតិ​ ​២​០​២​២​

NEWS 2 months ago
 
 

           ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រីក​ចម្រើន​ក្នុង​វិ​ស័​យ​អាជីវកម្ម​ហាង​កាហ្វេ​ស្ទើរ​ទូទាំង​ប្រទេស​នោះ​ ​កម្មវិធី​ប្រកួតប្រជែង​ឆុងកាហ្វេ​ថ្នាក់​ជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ឬ​ ​«​Cam​bo​d​i​a​ ​National​ B​arista​ ​Championship​»​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ដែល​មាន​ទេពកោសល្យ​ឆុង​ ​កាហ្វេ​ឆ្នើម​ថ្នាក់​ជាតិ​ ​ក៏ដូចជា​ចូលរួម​លើក​ក​ម្ពស់វិ​ស​័​យ​នេះ​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ប្រកួតប្រជែង​រីក​ចម្រើន​ទៅមុខ​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​។​ ​ដោយឡែក​សម្រាប់​ ​ឆ្នាំ​២​០​២​២​នេះ​ ​លទ្ធផល​កម្មវិធី​ប្រកួតប្រជែង​ខាងលើ​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​ហើយ​ជ័យ​លា​ភី​លេខ​១​ត្រូវ​បាន​ធ្លាក់​ទៅលើ​យុវជន​ក្នុងស្រុក​មួយ​រូប​គឺ​ ​លោក​ ហ៊ួ​ន​ ​ចាន់​ដារ៉ា​ (​H​uon C​h​an​ ​D​ar​a​)​។​ ​តើ​លោក​ជា​នរណា​?​ហើយ​មាន​បទពិសោធន៍​យ៉ាងដូចម្តេច​ខ្លះ​ទើប​ឈាន​មក​ដណ្តើម​បាន​ពាន​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ​មួយ​នេះ​?

          ជួប​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​សូវ​រី​ន​ ​យុវជន​ ហ៊ួ​ន​ ​ចាន់​ដារ៉ា​ ​បាន​រំ​ព្ញ​កថា​ ​លោក​ចាប់ផ្តើម​ប្រឡូក​វិ​ស​័​យ​ឆុង​ ​កាហ្វេ​នេះ​តាមរយៈ​បទពិសោធន៍​ការងារ​ដំបូង​ជា​អ្នក​រត់​តុ​និង​ឆុងតែ​-​កាហ្វេ​(​ប្រភេទ​កាហ្វេ​កិន​ស្រាប់​)​ប្រចាំ​បានីយដ្ឋាន​នៃ​សណ្ឋាគារ​មួយ​កន្លែង​។​ ​ក្នុង​អំឡុង​ឆ្នាំ​២​០​១​៦​ ​លោក​រក​ឃើញ​ថា​ខ្លួនឯង​ស្រឡាញ់​ការងារ​នេះ​ខ្លាំង​មែនទែន​ ​ដោយសារតែ​លោក​ជក់ចិត្ត​នឹង​បរិយាកាស​ហាង​កាហ្វេ​ដែល​ជាទូទៅ​មាន​លក្ខណៈ​សេវាកម្ម​ស្និទ្ធស្នាល​ជាង​សេវាកម្ម​ភោជនីយដ្ឋាន​ដំណាលគ្នា​នឹង​យីហោ​កាហ្វេ​ល្បី​ៗ​ជាច្រើន​ដែល​ចាប់ផ្តើម​មាន​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​ស្រុក​យើង​ ​តួយ៉ាង​ ​G​l​or​i​a​ J​e​an​’s ​និង​ ​Star​buck​s ​ជាដើម​។​ ​ព្រឹត្តិការណ៍​សំខាន់​នៃ​ជីវិត​ការងារ​របស់​លោក​ដែល​បណ្តាលឲ្យ​លោក​ចាប់អារម្មណ៍​នឹង​កម្មវិធី​ប្រឡង​ឆុងកាហ្វេ​នោះ​គឺ​ក្នុង​អំឡុង​ឆ្នាំ​ ​២​០​១​៧​ ​ក្រោយពេល​ដែល​លោក​កំពុង​បម្រើ​ការងារ​នៅ​ហាង​កាហ្វេ​នោះ​ជិត​មួយ​ឆ្នាំ​ ​មាន​អ្នកឯកទេស​លីង​កាហ្វេ​ដែល​ជា​បេក្ខជន​ជ័យ​លា​ភី​មួយ​រូប​នៃ​កម្មវិធី​នោះ​បាន​លើកឡើង​លោក​អំពី​ការប្រកួតប្រជែង​ឆុងកាហ្វេ​ជាលើកដំបូង​ ​ហើយ​លោក​បាន​ចាប់អារម្មណ៍​អំពី​រឿង​នេះ​ជា​ខ្លាំង​ ​ព្រោះ​លោក​ចង់​ដឹង​ចង់​ឮ​ ​និង​ចង់​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​បន្ថែម​លើ​ការងារ​ប្រចាំថ្ងៃ​ដែល​មានស្រាប់​។​

          តាមរយៈ​ការ​ស្គាល់​អ្នកជំនាញ​ផ្នែក​កាហ្វេ​និង​ឱកាស​ចូល​ទៅ​មើល​គេ​ប្រកួត​ផង​នោះ​ ​លោក​កាន់តែ​ចង់​ក្លាយ​ជា​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ពាក់ព័ន្ធ​នឹង​ការ​ឆុងកាហ្វេ​។​ ​មុន​ពេល​ក្លាយ​ជា​ជ័យ​លា​ភី​កម្មវិធី​ ​«​Cam​bo​d​i​a​ ​National​ B​arista​ ​Championship​»​ ​នេះ​ ​លោក​ក៏​ធ្លាប់​ទទួល​ជ័យ​ជម្នះ​ក្នុង​កម្មវិធី​ ​«​Cam​bo ​Brewer​ ​Battle​»​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​រួច​ទៅ​ហើយ​។​ ​បទពិសោធន៍​នៃ​ការ​ប្រឡង​មុន​ៗ​ ​គួបផ្សំ​នឹង​ការ​ព្យាយាម​សង្កេត​រៀនសូត្រ​ចំណុច​ខ្លាំង​ពី​អ្នកជំនាញ​រៀមច្បង​នានា​បាន​ដុសខាត់​សមត្ថភាព​របស់​លោក​ឲ្យ​កាន់តែ​ល្អ​​​ជាង​មុន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​ចូល​មកដល់​ការ​ប្រកួត​កម្មវិធី​ប្រចាំ​ឆ្នាំនេះ​វិញ​ ​លោក​ក៏បាន​ចំណាយ​ពេល​ស្វែងយល់​លម្អិត​ពី​វា​ថា​តើ​គណៈកម្មការ​ចង់​បានអ្វី​ ​និង​ហ្វឹកហាត់​ដោយខ្លួនឯង​យ៉ាងហោចណាស់​ក៏​មួយ​ឆ្នាំមុន​ដែរ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ជ័យ​លា​ភី​ឆុងកាហ្វេ​មិនមែន​សំដៅ​ដល់តែ​ការ​ឆុងកាហ្វេ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ជាងគេ​នោះ​ទេ​ ​តែ​មាន​ចំណុច​រ​ង្វា​យ​តម្លៃ​ជាច្រើន​ដែល​បេក្ខជន​ត្រូវ​យកចិត្តទុកដាក់​ ​ជាអាទិ៍​រួម​មាន​ ​ការ​មិន​ខ្ជះខ្ជាយ​វត្ថុធាតុដើម​ ​បច្ចេកទេស​ឆុង​ ​និង​ ​គំនិត​ច្នៃ​ប្រតិដ្ឋ​បង្កើត​ថ្មី​ ​ជាដើម​។​

          ​ការ​ប្រឡង​ត្រូវ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ស្វិតស្វាញ​តាម​ស្តង់​ដារ​កម្មវិធី​កំណត់​ក្នុងរយៈពេល​២​ខែ​ ​ដែល​ត្រូវ​បាន​កាត់សេចក្តី​ដោយ​គណៈកម្មការ​ពីរ​ប្រភេទ​គឺ​ ​SENSORY​ ​JUDGE​ (​ដាក់​ពិន្ទុ​លើ​រសជាតិ​និង​សេវាកម្ម​) ​និង​ ​TECHNICAL​ ​JUDGE​ (​ដាក់​ពិន្ទុ​លើ​បច្ចេកទេស​)​។​ ​បេក្ខជន​ចូលរួម​ត្រូវ​បាន​ជម្រុះ​ពី​ជាង​៤​០​នាក់​ ​មក​១​២​នាក់​ ​រហូតដល់​៦​នាក់​ចុងក្រោយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ហើយ​បេក្ខជន​ជ័យ​លា​ភី​លេខ​១​ ​លេខ​២​ ​និង​ ​លេខ​៣​ ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្អែកលើ​លំដាប់​ពិន្ទុ​នៃ​បេក្ខជន​៦​នាក់​ចុងក្រោយ​នោះ​ឯង​។​ ​រីឯ​ចំណុច​ខ្លាំង​របស់​លោក​គឺ​ ​លោក​បាន​សិក្សា​ច្បាស់លាស់​ជាទីបំផុត​អំពី​ប្រភព​ដើម​នៃ​គ្រាប់​កាហ្វេ​ ​ដែល​លោក​បាន​ប្រមូល​ទិន្នន័យ​ពី​កសិករ​សហគមន៍​ផ្ទាល់​ ​ពោល​គឺ​ ​ជា​ប្រភេទ​គ្រាប់​កាហ្វេ​បេះ​សម្រាំង​ដោយដៃ​ (​Hand​-​pick​e​d​) ​ជា​លក្ខណៈ​គ្រួសារ​​​ដែល​មានគុណ​ភាព​ខ្ពស់​ជាង​កាហ្វេ​ដែល​ប្រមូល​ផល​លក្ខណៈ​អាជីវកម្ម​/​ក​សិ-​ឧស្សាហកម្ម​។​ ​នេះ​ជា​ចំណុច​ដែល​គណៈកម្មការ​ស្ញើ​ច​សរសើរ​និង​ឲ្យ​តម្លៃ​ខ្ពស់​ ​ព្រោះ​កាហ្វេ​ដែល​មានគុណ​ភាព​ ​គឺ​ ​៧​០​% ​អាស្រ័យ​លើ​ថ្វីដៃ​របស់​ប្រជាកសិករ​ដែល​ជា​អ្នក​ដាំ​ដុះ​និង​ប្រមូល​ផល​មុននឹង​យកមក​លីង​និង​ឆុង​ក្លាយ​ជា​ផលិតផល​សម្រេច​។​ ​មួយវិញទៀត​ ​ដោយសារ​លោក​ធ្លាប់​ឆ្លងកាត់​ការ​ហ្វឹកហាត់​ច្រើន​ ​លោក​ក៏​យកឈ្នះ​បេក្ខជន​ដទៃ​ត្រង់​ភាព​វៃ​ឆ្លាត​បត់បែន​ចេះ​ដោះស្រាយបញ្ហា​ក្នុង​ដំណើរការ​នៃ​ការ​ឆុងកាហ្វេ​។​ ​ម្ចាស់​ជ័យ​លា​ភី​បាន​បង្ហាញ​អារម្មណ៍​ចំពោះ​ការ​ប្រកួត​លើក​នេះ​ថា​ ​ជា​រួម​លោក​ពេញចិត្ត​សមត្ថភាព​ផ្ទាល់ខ្លួន​ក្នុង​ពេល​ប្រកួត​ខ្ពស់​រហូត​៩​០​ភាគរយ​ ​ព្រោះ​លោក​អាច​បង្កើន​សមត្ថភាព​ក្នុង​វគ្គ​ចុងក្រោយ​រហូតដល់​១​០​០​ពិន្ទុ​លើស​ពិន្ទុ​កាលពី​វគ្គ​មុន​នោះ​។​

          ​ជាចុងក្រោយ​ ​ជ័យ​លា​ភី​លេខ​១​រូប​នេះ​បាន​បង្ហើប​អំពី​គោលបំណង​របស់​ខ្លួន​ក្នុង​វិ​ស័យ​នេះ​ថា​ ​លោក​ចង់​ក្លាយ​ជា​និមិត្តរូប​ដើម្បី​លើកទឹកចិត្ត​និង​ជួយ​បណ្តុះបណ្តាល​អ្នក​ឆុងកាហ្វេ​ជំនាន់​ក្រោយៗ​ដែល​មានបំណង​ចូលរួម​ប្រកួត​កម្មវិធី​បែប​នេះ​។​ ​ខុស​ពី​អ្នក​ស្នេហា​កាហ្វេ​ភាគច្រើន​ដែល​មាន​ក្តី​ស្រមៃ​ចង់បើ​ក​អាជីវកម្ម​ហាង​កាហ្វេ​ផ្ទាល់ខ្លួន​ ​លោក​ ​ដារ៉ា​ ​ចង់​ចំណាយ​ពេលធ្វើការ​ឆុង​ដោយ​ផ្ទាល់​ដើម្បី​ពន្លូត​សមត្ថភាព​ជំនាញ​នេះ​ ​ជាជាង​ធ្វើជា​ថៅកែ​គ្រប់គ្រង​អង្គុយ​ចាំ​មើល​បុគ្គលិក​ធ្វើ​។​ ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​នៅ​ថ្ងៃ​អនាគត​ ​ប្រទេស​កម្ពុជា​យើង​នឹង​មាន​សមាគម​កាហ្វេ​ (​Coffee​ ​Association​) ​ដើម្បី​ជំរុញ​វិ​ស័យ​នេះ​ឲ្យ​មាន​ធនធានមនុស្ស​ឈាន​ទៅ​ដណ្តើម​ជើងឯក​ឆុងកាហ្វេ​លំដាប់​ពិភពលោក​ (​World​ B​arista​ ​Champion​) ​ដូច​ប្រទេស​ដទៃទៀត​។​ ​ដោយឡែក​ ​សម្រាប់​បេក្ខជន​វិញ​ ​ត្រូវ​មាន​ភាព​ក្លាហាន​ចូលរួម​ប្រកួត​ដើម្បី​ដឹង​សមត្ថភាព​ពិត​របស់​ខ្លួន​ហើយ​នាំមក​នូវ​គុណ​តម្លៃ​ជូន​ប្រទេសជាតិ​ខ្លួន​និង​ជា​មោទកភាព​សម្រាប់​ក្រុម​ការងារ​រៀបចំ​កម្មវិធី​ទាំងមូល​ផង​ដែរ​៕​


SUGGESTIONS