×

៧​ ​ចំណុច​សំខាន់​ៗ​ដែលអាណាព្យាបាល​គ្រប់រូប​គួរគប្បី​ឈ្វេងយល់​ពី​ការថែទាំ​សុខភាព​កូន​ៗ​

TRAVEL & LIVING one year ago
 
 

           ​បើ​ក្រឡេក​ទៅ​ខាង​ប៉ែក​អឺរ៉ុប​អាកាសធាតុ​កំពុង​ស្ថិតនៅ​ក្នុង​រដូវ​ត្រជាក់​ ​ហើយ​ខ្លះទៀត​ក៏​ធ្លាក់ទឹកកក​ ​តែ​បើ​ក្រឡេក​មក​ប្រទេស​កម្ពុជា​យើង​វិញ​ ​ទោះ​មិន​ធ្លាក់ទឹកកក​ក៏​ពិតមែន​ ​តែ​អាកាសធាតុ​ហាក់​ចុះ​ត្រជាក់​ធ្លាក់​ខ្យល់​ដែល​ងាយ​បង្ក​បញ្ហា​សុខភាព​ ​ជាពិសេស​ ​គឺ​ក្មេងៗ​តូច​តែម្តង​។​ ​ដូច្នេះ​ ​ដើម្បី​ថែទាំ​សុខភាព​កូន​តូច​របស់​អ្នកឲ្យ​នៅតែ​រឹង​មាំ​ ​និង​សុខភាព​ល្អ​ប្រពៃ​ ​អ្នកម្តាយ​គ្រប់រូប​គួរ​ស្វែងយល់​ក៏ដូចជា​យល់​ដឹង​ពី​វិធីការ​ពារ​ដូច​ខាងក្រោម​៖​

          •​ទម្លាប់​សាមញ្ញ​ៗ​ប្រចាំថ្ងៃ​៖​ ​ក្នុង​រដូវ​ត្រជាក់​នេះ​មាន​ទម្លាប់​សាមញ្ញ​មួយ​ចំនួន​ដែល​អ្នក​គួរ​ផ្លាស់ប្តូរ​ ​និង​ទម្លាប់​ឲ្យ​កូន​ៗ​ជា​ទីស្រឡាញ់​របស់​អ្នកធ្វើ​ជា​ប្រចាំថ្ងៃ​ដើម្បី​ជៀសវាង​ជំងឺ​ផ្តាសាយ​ឬ​ជំងឺ​ផ្សេងៗ​។​ ​ទម្លាប់​លាងដៃ​ជាមួយ​សាប៊ូ​បន្ទាប់ពី​ក្អក​ឬ​កណ្តាស់​ ​និង​មុន​ពេល​ទទួលទាន​អាហារ​ជាដើម​។​ ​បន្ថែម​លើស​ពី​នេះ​ ​កុំ​បណ្តោយឲ្យ​កូន​នៅ​ខាងក្រៅ​ផ្ទះ​យូរ​ ​និង​ញឹកញាប់​ពេក​។​ ​គួរគប្បី​នាំ​ពួកគេ​លេងល្បែង​ក​ម្សាន្ត​ក្មេងៗ​នៅ​ខាងក្នុង​ផ្ទះ​ជាមួយ​សកម្មភាព​បង្កើន​ប្រាជ្ញា​ផ្សេងៗ​ដូចជា​ ​គូររូប​ ​រាប់​លេខ​ ​ផ្គុំ​រូប​ ​ជាដើម​។​ ​ជៀសវាង​ការ​លេង​ទូរស័ព្ទ​ ​និង​មើល​ទូរទស្សន៍​ច្រើនពេក​។​

          •​ការ​ជ្រើសរើស​ប្រភេទ​ស​ម្លៀ​ក​បំពាក់​៖​ ​វា​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​រក្សា​ភាព​កក់ក្តៅ​ដោយ​ការ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​ ​និង​គ្រឿង​ប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ​ ​ដែល​នឹង​ធ្វើឲ្យ​អ្នក​ ​និង​កូន​ៗ​មាន​ភាព​កក់ក្តៅ​ក្នុង​អំឡុង​ពេល​ចុះ​ត្រជាក់​នេះ​។​ ​កុមារ​មិន​អាច​ទ្រាំ​នឹង​ភាព​ត្រជាក់​បាន​យូរ​ដូចជា​មនុស្ស​ពេញវ័យ​នោះ​ទេ​ ​ដូច្នេះ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្លៀកពាក់​ឲ្យបាន​ជិត​ ​និង​ក្រាស់​ជាង​មនុស្ស​ធំ​ ​រួម​ជាមួយនឹង​កា​រពាក់​ស្រោមដៃ​ ​ស្រោមជើង​ ​កន្សែង​ ​ក៏ដូចជា​មួក​ ​មិនថា​ចេញទៅ​ខាងក្រៅ​ឬ​នៅក្នុងផ្ទះ​។

          •ការ​ប្រើ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​៖​ ទោះបី​ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់​ ​ស្បែក​របស់​កូនក្មេង​ក៏​ត្រូវការ​ការ​ផ្តល់​សំណើម​ដើម្បី​ការពារ​ស្បែក​ស្ងួត​ ​និង​ប្រេះ​ដូច​មនុស្ស​ធំ​ដែរ​។​ ​ជ្រើសរើស​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃណាមួយ​សម្រាប់​កូន​ដែល​ជា​ប្រភេទ​ឡេ​មិន​មាន​ជាតិ​កាត់​ ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ ​ដោយ​លាប​ថ្នមៗ​ទៅលើ​ស្បែក​មិនថា​ពេល​ចេញក្រៅ​ ​ឬ​នៅក្នុងផ្ទះ​ឡើយ​។

          •ការ​ផ្តល់​អាហារូបត្ថម្ភ​៖​ ​ត្រូវ​ប្រាកដ​ថា​កូន​ៗ​របស់​អ្នកទទួល​បាន​របប​អាហារ​ដែល​សម្បូរ​ ​វីតាមីន​ ​សារធាតុ​រ៉ែ​ ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​រាងកាយ​ត្រូវការ​ប្រចាំថ្ងៃ​។​ ​សារធាតុ​ទាំងនេះ​មាន​សារៈសំខាន់​ដែល​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​។​ ​ផ្តល់ឲ្យ​កូន​របស់​អ្នក​នូវ​អាហារ​ដែល​សម្បូរ​វីតាមីន​ C ​ដូចជា​ផ្លែក្រូច​ ​ប៉េងប៉ោះ​ ​ឪឡឹក​ ​ល្ហុង​ ​បន្លែ​បៃតង​ ​និង​អាហារ​សម្បូរ​ជាតិទឹក​ដូចជា​ ​ខ្ទឹមបារាំង​ ​ផ្កា​ខាត់ណា​ខៀវ​ ​ផ្កា​ខាត់ណា​ស​ ​ជីរអង្កាម​ ​ខ្ញី​ ​និង​បន្លែ​ជា​ច្រើនមុខ​ទៀត​។​ ​សម្រាប់​អាហារ​ពេលព្រឹក​អាច​បន្ថែម​គ្រាប់​ធញ្ញជាតិ​ដូចជា​ ​គ្រាប់ស្វាយ​ចន្ទី​ ​គ្រាប់​អា​ល់ម៉ុ​ន​ ​និង​គ្រាប់​រីករាយ​ជាដើម​ ​ដែល​ទាំងនេះ​សុទ្ធ​សឹង​ជា​ប្រភព​សម្បូរទៅដោយ​ជីវជាតិ​។​ ​ការ​ឲ្យ​កូន​ញុំា​ទឹកឃ្មុំ​នៅ​ពេលយប់​ជាប្រចាំ​ ​ក៏​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ ​និង​រក្សា​ក​ម្តៅ​ក្នុង​ខ្លួន​ផង​ដែរ​។​

          •​រក្សា​ជាតិទឹក​៖​ ​ទោះ​រាងកាយ​មិនបាន​បញ្ចេញ​សកម្មភាព​ឬ​មិន​មាន​ញើស​ ​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់​និង​ស្ងួត​បែប​នេះ​សារពាង្គ​កាយ​ក៏​ពិតជា​ត្រូវការ​ជាតិទឹក​ផង​ដែរ​។​ ​ជំរុញ​កូន​ឲ្យ​ផឹកទឹក​ឲ្យបាន​ច្រើន​ ​ជាពិសេស​ទឹកក្តៅ​ឧណ្ហ​ៗ​ ​តែ​ក្តៅ​ៗ​ ​ឬ​ទឹកដោះគោ​ ​ព្រោះ​ពួកគេ​ងាយ​នឹង​បាត់បង់​ជាតិទឹក​នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់​ជាង​មនុស្ស​ពេញវ័យ​។​

          •​លើកទឹកចិត្ត​ឲ្យ​កូន​ៗ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​៖​ ​ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ​ឲ្យ​រឹង​មាំ​ ​និង​ជួយការ​ពារ​ពី​ជំងឺ​ផ្តាសាយ​ ​និង​ជំងឺ​ផ្សេងៗ​ទៀត​។​ ​ដូច្នេះ​គួរ​ជំរុញ​ឲ្យ​ពួកគេ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​ ​ដោយ​ជ្រើសរើស​កីឡា​ណា​ដែល​ពួកគេ​ចូលចិត្ត​ ​ដូចជា​ការរត់ប្រណាំង​ ​ការ​លេង​បាល់​ ​ឬ​លេង​លោតអន្ទាក់​ជាដើម​។​ ​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​កុមារ​មាន​ភាព​ស្វាហាប់​ ​រហ័សរហួន​ ​និង​អាច​កាត់បន្ថយ​ភាព​ត្រជាក់​បាន​ខ្លះ​ដែរ​។​

          •​ទម្លាប់​នៃ​ការ​គេង​៖​ ​ការ​គេង​មិនបាន​គ្រប់គ្រាន់​អាច​ផ្តល់​ផល​អវិជ្ជមាន​ជាច្រើន​ចំពោះ​រាងកាយ​ ​ជាពិសេស​ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​។​ ​គួរ​ទម្លាប់​ឲ្យ​កុមារ​គេង​៨​ម៉ោង​ក្នុង​១​ថ្ងៃ​ជាប្រចាំ​។​ ​មួយវិញទៀត​ ​ទម្លាប់​ឲ្យ​កូន​ៗ​ក្រោក​ពីព្រលឹម​ឲ្យបាន​ទៀងទាត់​ ​ហើយ​នាំ​ពួកគេ​មក​ធ្វើ​លំ​ហាត់ប្រាណ​ងាយ​ៗ​ដូចជា​៖​ ​ការ​រត់​ ​ឬ​ការ​ក​ម្តៅ​សាច់ដុំ​តាមរយៈ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ ​មិនថា​ថ្ងៃ​ដែល​ត្រូវ​ទៅ​សាលារៀន​ ​ឬ​ថ្ងៃឈប់​សម្រាក​នោះ​ឡើយ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS