×

មីន​ជី​ន​ ​ពិធី​ការិនី​វ័យក្មេង​ពហុ​ភាសា​ពេញដោយ​សមត្ថភាព​ ​និង​វោហារ​សព្ទ​

NEWS one year ago
 
 

           ​នៅក្នុងចំណោម​ពិធី​ករ​វ័យក្មេង​ ​យុវវ័យ​ភាគច្រើន​ប្រហែលជា​បាន​ស្គាល់​រួចមក​ហើយ​នូវ​ ​កញ្ញា​ ​មីន​ជី​ន​ ​ដែល​ជាពិធី​ការិនី​មួយ​រូប​មាន​ប្រជាប្រិយភាព​ ​និង​មាន​ទី​ផ្សារ​ក្នុង​កម្មវិធី​ផ្លូវការ​ធំ​ៗ​ ​ជាពិសេស​កញ្ញា​មាន​ភាព​លេចធ្លោ​មិនចាញ់​រៀមច្បង​ប៉ុន្មាន​ឡើយ​។​ ​ជា​ការពិត​ ​មីន​ជី​ន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាពិធី​ការិនី​វ័យក្មេង​ដែល​មាន​ទេពកោសល្យ​ក្នុង​ការប្រើប្រាស់​ភាសា​អង់គ្លេស​ ​និង​ភាសា​ចិន​បាន​យ៉ាង​ស្ទាត់ជំនាញ​។​

           ​មីន​ជី​ន​ ​ឬ​មានឈ្មោះ​ពិត​ថា​ ​ជាវ​ ​ម៉េង​គីម​ ​កញ្ញា​មាន​បងប្អូន​៣​នាក់​ (​ស្រី​២​ប្រុស​១​) ​កញ្ញា​ជា​កូនច្បង​ក្នុង​គ្រួសារ​។​ ​កញ្ញា​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សា​ស្រ្ត ​និង​វិទ្យា​សា​ស្រ្ត​សេដ្ឋកិច្ច​។​ ​បើ​និយាយ​ពី​ដំណើរ​ដើមទង​មុន​ពេល​បោះជំហាន​ក្លាយ​ជាពិធី​ការិនី​ ​មីន​ជី​ន​បាន​រំលឹក​យ៉ាង​ដូច្នោះ​ថា​ ​កាលពី​ឆ្នាំ​២​០​១​៤​ ​កញ្ញា​បាន​ប្រឡងជាប់​ក្នុង​កម្មវិធី​ ​«​ស្ពាន​ភាសា​ចិន​»​ ​ទទួល​បាន​ជ័យ​លោ​ភីក្នុងចំណោមអ្នកខ្លាំងជួរមុខ ​ហើយ​ត្រូវ​បាន​ស្ថានទូត​ចិន​ ​និង​វិទ្យាស្ថាន​ខុងជឺ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បញ្ជូន​កញ្ញា​ឲ្យ​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​នៅ​ឆាក​អន្តរជាតិ​ដែល​មាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ ​ដែល​ក្នុង​កម្មវិធី​នោះ​មាន​អ្នកចូលរួម​ប្រកួត​រហូតដល់​ទៅ​១​៣​៤​នាក់​។​ ​ជា​លទ្ធផល​មីន​ជី​ន​ ​ទទួល​បាន​ទទួល​ពាន​ ​និង​ជាប់​ជា​តំណែង​លំដាប់​រង​ទី​១​ ​ដែល​តាំងពី​ពេល​នោះ​មក​ធ្វើឲ្យ​គេ​ចាប់ផ្តើម​ស្គាល់​កញ្ញា​ជា​បណ្តើរៗ​។​

           ​“​វីដេអូ​ដែល​ខ្ញុំ​បាន​សម្តែង​នៅ​ចិន​ ​ពេល​នោះ​មានការ​ចែករំលែក​ត​ៗ​គ្នា​ជាច្រើន​ ​រហូតដល់​ទូរទស្សន៍​ ​M​Y​ ​T​V​ ​បាន​អញ្ជើញ​ខ្ញុំ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ ​និង​សម្តែង​នៅ​ក្នុង​កម្មវិធី​ ​«​អូ​ឡាឡា​»​ ​ក្រោយមក​ទស្សនិកជន​ចាប់ផ្តើម​ស្គាល់​ខ្ញុំ​ ​ហើយ​ខាង​ ​M​Y​ ​T​V​ ​ក៏​ហៅ​ខ្ញុំ​ទៅ​ម្តងទៀត​ផង​ដែរ​។​” ​មីន​ជី​ន​បាន​រៀបរាប់​ហើយ​បន្ត​ទៀត​ថា​ “​ចៃដន់​ពេល​នោះ​បុស្តិ៍​ខ្សែកាប​គេ​រើស​ពិធី​ការិនី​ហើយ​មាន​រៀមច្បង​ម្នាក់​គាត់​បាន​ទំនាក់ទំនង​ឲ្យ​ខ្ញុំ​ចូល​សម្ភាសន៍​ ​ខ្ញុំ​ក៏​សម្ភាសន៍​ជាប់​ ​ហើយ​ចាប់ផ្តើម​ធ្វើជា​ពិធី​ការិនី​ផ្លូវការ​តាំងពី​ពេល​នោះ​មក​។​”

           ​​បោះជំហាន​ជា​ពន្លក​ថ្មី​លើ​អាជីព​ពិធី​ការិនី​ ​កញ្ញា​រំលឹក​ថា​ ​កាល​ធ្វើជា​ពិធី​ការិនី​ពីរបី​ឆ្នាំ​ដំបូង​ ​កញ្ញា​មិនបាន​ចេញមុខ​នោះ​ទេ​ ​គឺ​គេ​ឲ្យ​និយាយ​តែ​នៅ​ក្រោយ​ឆាក​ប៉ុណ្ណោះ​ ​ដោយហេតុ​មិនទាន់​មាន​បទពិសោធន៍​ច្រើន​ ​ហើយក៏​នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ផង​ដែរ​។​ ​យ៉ាងណាក្តី​ ​ការ​ព្យាយាម​ព្រម​ជាមួយ​ក្តី​សង្ឃឹម​បាន​ធ្វើឲ្យ​ពិធី​ការិនី​សម្តី​រួសរាយ​រូប​នេះ​ចេះតែ​វិវឌ្ឍ​ខ្លួន​ពី​មួយ​ក​ម្រិ​តទៅ​មួយ​ក​ម្រិ​ត​ទៀត​ ​រហូត​ទទួល​បាន​ប្រជាប្រិយភាព​ ​និង​បាន​បង្ហាញខ្លួន​ជាពិធី​ការិនី​ក្នុង​កម្មវិធី​ផ្លូវការ​ធំ​ៗ​ដូចជា​ ​កម្មវិធី​របស់​​​ក្រសួង​ ​និង​កម្មវិធី​ស្ថានទូត​ចិន​ជាដើម​។​ ​មីន​ជី​ន​ ​លើកឡើង​ថា​ “​ការងារ​ជាពិធី​ការិនី​នេះ​ ​អាកប្បកិរិយា​ ​ការ​និយាយ​ស្តី​គ្រប់​ម៉ាត់​គឺ​ពិតជា​សំខាន់​ ​ព្រោះ​ពាក្យ​ខ្លះ​យើង​និយាយ​បែប​ផ្លូវការ​ខុស​ពី​ការប្រើប្រាស់​ប្រចាំថ្ងៃ​។​”

           ​​អាជីព​ជាពិធី​ក​រអា​ច​មើលទៅ​មិន​ងាយស្រួល​ប៉ុន្មាន​ឡើយ​ ​តែ​បើ​តាម​បទពិសោធន៍​ឆ្លងកាត់​ ​មីន​ជី​ន​លើកឡើង​យ៉ាង​ដូច្នេះ​ “​ការ​ចាប់​យក​អាជីព​នេះ​វា​មិន​មានផល​លំបាក​អ្វី​ច្រើន​សម្រាប់​ខ្ញុំ​ទេ​ ​ព្រោះ​ខ្ញុំ​ធ្លាប់​ជា​គ្រូបង្រៀន​ភាសា​ចិន​មួយ​រូប​ផង​ដែរ​ ​ដូច្នេះ​ការ​បង្រៀន​នៅចំពោះមុខ​សិស្ស​ជាច្រើន​បាន​ធ្វើឲ្យ​ខ្ញុំ​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់​ ​មិន​ខុស​ពី​ការ​ធ្វើជា​ពិធី​ការិនី​ឈ​រលើ​ឆាក​និយាយ​នៅមុខ​ទស្សនិកជន​ឡើយ​។​ ​តែ​យ៉ាងណា​មានរឿង​មួយ​ដែល​ខ្ញុំ​តែង​ជួប​គឺ​គេ​យល់​ច្រឡំ​ថា​ខ្ញុំ​ជា​អ្នក​បកប្រែ​ទៅវិញ​ ​ព្រោះ​កម្មវិធី​ភាគច្រើន​ខ្ញុំ​ប្រើប្រាស់​ជា​ភាសា​ចិន​ ​និង​អង់គ្លេស​ ​ទើប​ឱកាស​ធ្វើជា​ពិធី​ករ​ភាគច្រើន​ខ្ញុំ​ធ្វើ​តែឯង​ ​និង​កម្មវិធី​តម្រូវ​ឲ្យ​និយាយ​ភាសាបរទេស​ផង​ ​និង​និយាយ​ជា​ភាសាខ្មែរ​ផង​។​”

           ​​ជ​ជីកសួរ​អំពី​របៀប​នៃ​ការ​ធ្វើការ​សម្រាប់​កម្មវិធី​ ​មីន​ជី​ន​ថា​អ្វី​ដែល​សំខាន់​កញ្ញា​ត្រូវ​ដឹង​អំពី​ព័ត៌មាន​លម្អិត​របស់​កម្មវិធី​ឲ្យ​ច្បាស់ជា​មុន​ ​រួម​ទាំង​របៀបវារៈ​ (​Agenda​ ​scrip​) ​ការ​ស្លៀកពាក់​ឲ្យ​ស្រប​ទៅ​នឹង​កម្មវិធី​ ​ជាពិសេស​ក៏​ត្រូវ​ដឹង​ទៅតាម​ប្រភេទ​ភ្ញៀវ​ដែល​ចូលរួម​ ​ដើម្បី​ត្រៀម​ឲ្យ​ច្បាស់​ថា​ ​គួរ​និយាយ​ស្តី​បែប​ណា​ទើប​សមរម្យ​សម្រាប់​ពួកគាត់​។​
​វ័យ​ទើប​២​៥​ឆ្នាំ​ ​ប្រឡូក​ការងារ​កម្មវិធី​ច្រើន​រាប់មិនអស់​ ​កញ្ញា​បាន​និយាយ​ទាំង​ញញឹម​យ៉ាង​ដូច្នេះ​ “​ខ្ញុំ​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នៅ​ពេលនេះ​ ​ហើយ​ខ្ញុំ​នៅតែ​មានចិត្តចង់​រៀនសូត្រ​បន្ថែម​ពី​វិ​ស័​យ​នេះ​ផង​ដែរ​។​ ​ខ្ញុំ​តែងតែ​រៀនសូត្រ​តាម​រៀមច្បង​ជាច្រើន​រូប​នូវ​ចំណុច​ល្អ​ៗ​ដែល​ពួកគាត់​មាន​។​”

           ​​តាមរយៈ​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​មីន​ជី​ន​ ​បាន​ចែករំលែក​ថា​ “ ​មិនថា​អ្នក​ចង់​ធ្វើអ្វី​ក៏ដោយ​បើ​រៀន​ភាសា​ត្រូវតែ​រៀន​ឲ្យ​ចេះ​ ​កុំ​រៀន​តែ​តាម​សៀវភៅ​ ​តែ​ក៏​ត្រូវ​រៀន​អនុវត្ត​ផង​ដែរ​ ​ហើយ​បើ​ចង់​ប្រឡង​អ្វី​គឺ​ត្រូវតែ​សាកល្បង​ ​កុំ​ខ្លាច​ ​ព្រោះ​ឱកាស​មិនមែន​ចេះតែ​មាន​នោះ​ទេ​ ​ត្រូវ​ក្លាហាន​ ​ហ៊ាន​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន​ ​និង​ឈោង​ចាប់​ក្តី​ស្រមៃ​”​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS