«វេហាកាហ្វេ» ជានិមិត្តរូបហាងកាហ្វេផ្សារភ្ជាប់នឹងបរិយាកាសធម្មជាតិល្បីដាច់គេប្រចាំខេត្តកំពត។ ទីនេះជាហាងកាហ្វេលើកំពូលភ្នំដ៏ថ្មីសន្លាងដែលកំពុងពេញនិយមបំផុតពីសំណាក់មិត្តយុវវ័យ ស្ថិតនៅចន្លោះក្រុងកំពតនិងក្រុងកែប ក្នុងភូមិសាស្រ្តឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីទៅដល់ទីនោះ ទេសចរត្រូវ ធ្វើដំណើរចូលតាមក្លោងទ្វារវត្តកំពង់នង់ តាមផ្លូវទៅកាន់រមណីយដ្ឋានទំនប់ប្រទាក់ក្រឡា ក្នុងចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីផ្លូវជាតិលេខ៣៣ (កំពត-កែប)។
លោក ជួន បូរិទ្ធ វ័យ ៣២ឆ្នាំ ជាស្ថាបនិក និងអ្នកគ្រប់គ្រង «វេហាកាហ្វេ» បានលើកឡើងថា លោកមានស្រុកកំណើតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ លោកបានបញ្ជាក់អំពីមូលហេតុដែលជំរុញទឹកចិត្តរបស់លោកឲ្យបង្កើតហាងនេះឡើងថា «បានជាខ្ញុំចាប់អារម្មណ៍ចំពោះការបើកដំណើរការហាងកាហ្វេនេះព្រោះតែខ្ញុំស្រលាញ់ហាងកាហ្វេបែបធម្មជាតិៗ ហើយកែច្នៃបន្តិចដើម្បីទាក់ទាញភ្ញៀវទេសចរ»។
លោកបានបន្ថែមទៀតថា «ខ្ញុំស្គាល់ទីតាំងនេះដោយចៃដន្យដោយឃើញទីតាំងនេះមានសក្ដានុពលខ្ញុំក៏សំរេចចិត្តបើកហាងកាហ្វេនៅទីនេះ។ សម្រាប់ការរៀបចំ គឺយើងសិក្សា (គំនិតឌីហ្សាញ) ច្រើនកន្លែងក្នុងប្រទេសនិងក្រៅប្រទេសដើម្បីយកមកកែច្នៃឲ្យសមនឹងទីតាំងរបស់យើង»។ ការរៀបចំត្រូវចំណាយពេលប្រមាណជាងកន្លះឆ្នាំ ហើយត្រូវបានបើកទ្វារដំណើរការល្បីនៅលើបណ្តាញសង្គមក្នុងអំឡុងខែកក្កដា-សីហាឆ្នាំនេះ។ ចំណុចដែលពិបាកជាងគេនោះគឺ ការដឹកជញ្ជូនសម្ភារសំណង់មកសាងសង់ហាងលើកំពូលភ្នំផ្ទាល់តែម្តង ព្រោះពីមុនមក ភ្នំនេះមិនមានផ្លូវដើរឡើងស្រួលដូចបច្ចុប្បន្ននោះទេ។ ឯការស្ថាបនាទៀតសោតក៏ជួបឧសគ្គដែលត្រូវ ជម្នះច្រើនដែរ តួយ៉ាង សណ្ឋានដីក្រហមសម្បូរថ្មក្រួស ពិបាកដាំស្មៅលម្អ ជាដើម ទម្រាំមានសោភ័ណភាពអាចទាក់ទាញទេសចរច្រើនដូចសព្វថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ន ភ្ញៀវអាចថ្មើជើងឡើងឬជិះម៉ូតូ-រថយន្តឡើងដល់លើតែម្តងក៏បាន។
លក្ខណៈពិសេសគឺត្រង់ថា នៅទីនោះ ភ្ញៀវអាចអង្គុយទទួលកាហ្វេ ឬភេសជ្ជៈផ្សេងៗ និងអាហារជាច្រើនប្រភេទ ព្រមទាំងគយគន់ទេសភាពទំនប់ល្ហល្ហេវពីលើកំពូលភ្នំ គយគន់ថ្ងៃរះចែងចាំងរំលេចលើទំនប់ប្រទាក់ក្រឡា។ រីឯពេលល្ងាចនិងពេលយប់ ភ្ញៀវទេសចរអាចគយគន់ថ្ងៃលិចនិងទិដ្ឋភាពរាត្រីកាលមានភ្លើងភ្លឺផ្លេកពីក្រុងកំពតដែលស្ថិតនៅខាងលិច ដ៏ស្រស់ស្អាតមិនងាយបានឃើញថែមទៀតផង។ លើសពីនេះ ភ្ញៀវអាចស្នាក់នៅក្នុងតង់ធំទំនើបលាក់ខ្លួនលើជ្រលងភ្នំធម្មជាតិ និងទទួលទានអាហារពេលល្ងាចជប់លៀងលក្ខណៈគ្រួសារប្រកបដោយឯកជនភាព ជាទីបំផុត។
តាមរយៈការគ្រប់គ្រងលក់ជាប្រចាំថ្ងៃ លោកបានឲ្យដឹងថា ជាទូទៅ ភ្ញៀវនិយមកុម្ម៉ង់កាហ្វេឡាតេ តែបៃតងនិងផាសិនសូដាជាងគេ។ ដោយឡែកចំពោះម្ហូប ម្ហូបដែលលក់ដាច់ជាងគេរួមមាន សាំងវិច និងមីស្ប៉ៃហ្គាទី (Spaghetti)។ លោកបានបង្ហើបថា«ចំពោះផែនការអនាគត វេហាកាហ្វេនឹងព្យាយាមបង្កើតអ្វីដែលប្លែកៗបន្ថែមដោយធ្វើយ៉ាងណាឲ្យកន្លែងខ្ញុំក្លាយជាកន្លែងមួយអាចឲ្យភ្ញៀវមកដល់ គាត់មានអារម្មណ៍ស្រស់ស្រាយជាមួយនឹងធម្មជាតិ»៕
Article by SRIN SOKMEAN
លោក ជួន បូរិទ្ធ