×

លោក​ ​ជួន​ ​បូ​រិទ្ធ​ ​ស្ថាបនិក​វេហា​កាហ្វេ​កំពុង​ផ្ទុះ​ល្បី​នៅ​ខេត្ត​កំពត​

NEWS one year ago
 
 

            «វេហា​កាហ្វេ»​ ​ជា​និមិត្តរូប​ហាង​កាហ្វេ​ផ្សារភ្ជាប់​នឹង​បរិយាកាស​ធម្មជាតិ​ល្បី​ដាច់គេ​ប្រចាំ​ខេត្ត​កំពត​។​ ​ទីនេះ​ជា​ហាង​កាហ្វេ​លើ​កំពូលភ្នំ​ដ៏​ថ្មីសន្លាង​ដែល​កំពុង​ពេញ​និយម​បំផុត​ពីសំណាក់​មិត្ត​យុវវ័យ​ ​ស្ថិត​នៅចន្លោះ​ក្រុង​កំពត​និង​ក្រុង​កែប​ ​ក្នុង​ភូមិ​សា​ស្រ្ត​ឃុំ​កូនសត្វ​ ​ស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​។​ ​ដើម្បី​ទៅដល់​ទីនោះ​ ​ទេសចរ​ត្រូវ​ ​ធ្វើដំណើរ​ចូល​តាម​ក្លោង​ទ្វារ​វត្ត​កំពង់​ន​ង់ ​តាមផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ទំនប់​ប្រទាក់​ក្រឡា​ ​ក្នុង​ចម្ងាយ​ប្រមាណ​ជាង​៦​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៣​៣​ (កំពត-កែប)។​

            លោក​ ​ជួន​ ​បូ​រិទ្ធ​ ​វ័យ​ ​៣​២​ឆ្នាំ​ ​ជា​ស្ថាបនិក​ ​និង​អ្នកគ្រប់គ្រង​ ​«វេហាកាហ្វេ»​ ​បាន​លើកឡើង​ថា​ ​លោក​​​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​សង្កែ​ ​ឃុំ​ត្រពាំង​សង្កែ​ ​ស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​។​ ​លោក​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​ជំរុញ​ទឹកចិត្ត​របស់​លោក​ឲ្យ​បង្កើត​ហាង​នេះ​ឡើង​ថា​ ​«​បានជា​ខ្ញុំ​ចាប់អារម្មណ៍​ចំពោះ​កា​របើក​ដំណើរការ​ហាង​កាហ្វេ​នេះ​ព្រោះតែ​ខ្ញុំ​ស្រលាញ់​ហាង​កាហ្វេ​បែប​ធម្មជាតិៗ​ ​ហើយ​កែច្នៃ​បន្តិច​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ»។​

​            លោក​បាន​បន្ថែម​ទៀត​ថា​ ​«​ខ្ញុំ​ស្គាល់​ទីតាំង​នេះ​ដោយចៃដន្យ​ដោយ​ឃើញ​ទីតាំង​នេះ​មាន​សក្ដានុពល​ខ្ញុំ​ក៏​សំរេចចិត្ត​បើក​ហាង​កាហ្វេ​នៅ​ទីនេះ។​ ​សម្រាប់​ការរៀបចំ​ ​គឺ​យើង​សិក្សា​ (គំនិត​ឌីហ្សាញ) ​ច្រើន​កន្លែង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ដើម្បី​យកមក​កែច្នៃ​ឲ្យ​សមនឹង​ទី​តាំងរបស់​យើង​»​។​ ​ការរៀបចំ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជាង​កន្លះ​ឆ្នាំ​ ​ហើយ​ត្រូវ​បាន​បើកទ្វារ​ដំណើរការ​ល្បី​នៅ​លើ​បណ្តាញ​សង្គម​ក្នុង​អំឡុង​ខែ​កក្កដា​-​សីហា​ឆ្នាំនេះ​។​ ចំណុច​ដែល​ពិបាក​ជាងគេ​នោះ​គឺ​ ​ការ​​​ដឹកជញ្ជូន​សម្ភារ​សំណង់​មក​សាងសង់​ហាង​លើ​កំពូលភ្នំ​ផ្ទាល់​តែម្តង​ ​ព្រោះ​ពីមុន​មក​ ​ភ្នំ​នេះ​មិន​មានផ្លូវ​ដើរ​ឡើង​ស្រួល​ដូច​បច្ចុប្បន្ន​នោះ​ទេ​។​ ​ឯ​ការស្ថាបនា​ទៀតសោត​ក៏​ជួប​ឧ​សគ្គ​ដែល​ត្រូវ​ ​ជម្នះ​ច្រើន​ដែរ​ ​តួយ៉ាង​ ​សណ្ឋានដី​ក្រហម​សម្បូរ​ថ្ម​ក្រួស​ ​ពិបាក​ដាំ​ស្មៅ​លម្អ​ ​ជាដើម​ ​ទម្រាំ​មាន​សោភ័ណ​ភាព​អាច​ទាក់ទាញ​ទេសចរ​ច្រើន​ដូច​សព្វថ្ងៃ។​ ​ប៉ុន្តែ​បច្ចុប្បន្ន​ ​ភ្ញៀវ​អាច​ថ្មើ​ជើង​ឡើង​ឬ​ជិះ​ម៉ូតូ​-​រថយន្ត​ឡើង​ដល់​លើ​តែម្តង​ក៏បាន។​

            លក្ខណៈ​ពិសេស​គឺ​ត្រង់ថា​ ​នៅ​ទីនោះ​ ​ភ្ញៀវ​អាច​អង្គុយ​ទទួល​កាហ្វេ​ ​ឬ​ភេសជ្ជៈ​ផ្សេងៗ​ ​និង​អាហារ​ជាច្រើន​ប្រភេទ​ ​ព្រមទាំង​គយគន់​ទេសភាព​ទំនប់​ល្ហល្ហេវ​ពីលើ​កំពូលភ្នំ​ ​គយគន់​ថ្ងៃរះ​ចែង​ចាំង​រំលេច​លើ​ទំនប់​ប្រទាក់​ក្រឡា​។​ ​រីឯ​ពេលល្ងាច​និង​ពេលយប់​ ​ភ្ញៀវ​ទេសចរ​អាច​គយគន់​ថ្ងៃលិច​និង​ទិដ្ឋភាព​រាត្រីកាល​មាន​ភ្លើង​ភ្លឺផ្លេក​ពី​ក្រុង​កំពត​ដែល​ស្ថិតនៅ​ខាងលិច​ ​ដ៏​ស្រស់​ស្អាត​មិន​ងាយ​បានឃើញ​ថែមទៀត​ផង​។​ ​លើស​ពី​នេះ​ ​ភ្ញៀវ​អាច​ស្នាក់​នៅ​ក្នុង​តង់​ធំ​ទំនើប​លាក់ខ្លួន​លើ​ជ្រលងភ្នំ​ធម្មជាតិ​ ​និង​ទទួលទាន​អាហារ​ពេលល្ងាច​ជប់លៀង​លក្ខណៈ​គ្រួសារ​ប្រកបដោយ​ឯកជន​ភាព​ ​ជាទីបំផុត។​

            តាមរយៈ​ការ​គ្រប់គ្រង​លក់​ជា​ប្រចាំថ្ងៃ​ ​លោក​បានឲ្យ​ដឹង​ថា​ ​ជាទូទៅ​ ​ភ្ញៀវ​និយម​កុម្ម៉ង់​កាហ្វេ​ឡាតេ ​តែ​បៃតង​និង​ផា​សិន​សូ​ដា​ជាងគេ​។​ ​ដោយឡែក​ចំពោះ​ម្ហូប​ ​ម្ហូប​ដែល​លក់ដាច់​ជាងគេ​រួម​មាន​ ​សាំង​វិច​ និង​មី​ស្ប៉ៃហ្គាទី (Spaghetti)។​ ​លោក​បាន​បង្ហើប​ថា​«​ចំពោះ​ផែនការ​អនាគត​ ​វេហា​កាហ្វេ​នឹង​ព្យាយាម​បង្កើត​អ្វី​ដែល​ប្លែកៗ​បន្ថែម​ដោយធ្វើ​យ៉ាងណា​ឲ្យ​កន្លែង​ខ្ញុំ​ក្លាយ​ជា​កន្លែង​មួយ​អាចឲ្យ​ភ្ញៀវ​មកដល់​ ​គាត់​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាមួយនឹង​ធម្មជាតិ»៕​

Article by SRIN SOKMEAN

លោក​ ​ជួន​ ​បូ​រិទ្ធ​


SUGGESTIONS