អ្នកនាង ខ្ចៅ ទូច ស្រ្តីវិចិត្រករអាជីពវ័យ៤០ឆ្នាំ មកពីក្រុងបាត់ដំបង ដែលនិយមប្រើពណ៌ខៀវជានិមិត្តរូបសិល្បៈផ្ទាល់ខ្លួន និងជាម្ចាស់ស្នាដៃសិល្បៈសម្រាប់កម្មវិធី CIFF ឆ្នាំកន្លងទៅ ទើបតែទទួលបានសមិទ្ធផលការងារថ្មីចុងក្រោយដ៏ត្រចះត្រចង់មួយបន្ថែមទៀត គឺ ពានរង្វាន់មាស ឬ «Gold Prize»ពីកម្មវិធីប្រកួតប្រជែងស្នាដៃសិល្បៈគំនូរវ៉ាយខេនវ៉ាស់កម្ពុជា ប្រចាំឆ្នាំ២០២២ ឬ White Canvas Cambodia 2022 (សម្រាប់លក្ខខណ្ឌមនុស្សពេញវ័យ) ប្រារព្ធធ្វើឡើងនៅទីរួមខេត្តបាត់ដំបងកាលពីចុងឆ្នាំគួរជាទីមោទកភាពក្រៃលែង។
យោងតាមការផ្សាយជាផ្លូវការនៅលើទំព័រហ្វេសប៊ុកនៃកម្មវិធី White Canvas Cambodia ស្នាដៃគំនូររបស់សិល្បការិនី ខ្ចៅ ទូច ដែលជាប់ជ័យលាភីពានរង្វាន់ខាងលើមានចំណងជើងថា «ស្រ្តី-Women»។ អត្ថន័យនៅពីក្រោយផ្ទាំងគំនូរដ៏ស្រស់ឆើតឆើយមួយផ្ទាំងនេះគឺ “គំនូរនេះមានចំណងជើងថា «ស្រ្តី»។ ខ្ញុំគូរដើម្បីជូនស្រ្តីដែលមានបញ្ហាផ្លូវចិត្ត ហើយខ្ញុំសង្ឃឹមពួកគេនឹងមានដំណោះស្រាយដោះស្រាយនូវរាល់បញ្ហាដែលគាត់ជួបប្រទះដើម្បីបច្ចុប្បន្ននិងអនាគតរបស់ពួកគាត់ ” ម្ចាស់ស្នាដៃបានបកស្រាយ។ គាត់បានបន្ថែមថា លក្ខណៈពិសេសនៃគំនូរនេះគឺបង្រៀនមនុស្សស្រីឲ្យគិតវិជ្ជមាន និងចេះរៀនសូត្រពីអ្វីដែលពួកគេបានជួបប្រទះជាក់ស្តែងពីជីវិតរស់នៅពិត។
Image Courtesy : White Canvas Cambodia
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលវិចិត្រករ ខ្ចៅ ទូច ចូលរួមប្រកួតក្នុងកម្មវិធីមួយនេះ។ គិតមកដល់ឆ្នាំ២០២២ នេះ វាជាឱកាសលើកទីបីហើយសម្រាប់រូបគាត់ ចំនួនបីឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ២០២០មក។ អ្នកនាងបានគូររូបជាច្រើនមុននឹងសម្រេចចិត្តជ្រើសរើសគំនូរមួយផ្ទាំងនេះដើម្បីចូលរួមប្រកួត ដោយសារអ្នកនាងគិតថា អ្នកនាងជាស្រ្តីមួយរូបស្រាប់ ហើយយល់ដឹងពីបញ្ហារបស់ស្រ្តីភេទ ជាពិសេសក្នុងតួនាទីជាម្តាយ។
“វាជាឱកាសរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តនៅពេលជាប់ តែទោះបីជាមិនជាប់ ក៏ខ្ញុំនៅតែសប្បាយចិត្តដែលបានចូលរួម ព្រោះគេមិនប្រកាន់ពីអាយុ។ ធម្មតានៅពេលប្រកួត យើងតែងតែមានក្តីរំពឹងខ្លះហើយ តែចំណុចដែលធំជាងការរំពឹងថាជាប់នោះគឺឱកាសចូលរួម” ម្ចាស់ពានរង្វាន់បានសម្តែងចំណាប់អារម្មណ៍។ រង្វាន់ជ័យលាភីដែលទទួលបានរួមមាន វិញ្ញាបនបត្រជ័យលាភី១សន្លឹក ពានរង្វាន់១គ្រឿង និងថវិកាចំនួន ១ពាន់ដុល្លារ។
Image Courtesy : White Canvas Cambodia
បន្ទាប់ពីជាប់ជ័យលាភីដ៏ធំនេះ ក្រុមការងាររៀបចំកម្មវិធី វ៉ាយខេនវ៉ាស់កម្ពុជា ទើបតែបានផ្តល់កិត្តិយសអញ្ជើញសិល្បការិនីម្ចាស់ពានរូបនេះឲ្យចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសិក្ខាសាលាសិល្បៈ ស្តីពី “ការច្នៃប្រឌិតជាមួយភាពស្រមើស្រមៃផ្ទាល់ខ្លួន: ការចែករំលែកគូរប៊ិចខៀវនៅលើក្រដាស” នៅទីតាំងផ្សារទំនើបអ៊ីអនមានជ័យ កាលពីថ្ងៃទី០៥ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ បច្ចុប្បន្ន អ្នកនាងនៅតែបន្តសកម្មភាពគូរគំនូរបន្ថែម និងចំណាយពេលទៅលើគម្រោងរៀបចំសួនច្បារពណ៌បៃតងផ្ទាល់ខ្លួន ព្រោះធម្មជាតិអាចជួយជំរុញគំនិតវិជ្ជមានជាច្រើនសម្រាប់ការបង្កើតស្នាដៃសិល្បៈ៕
Article by SRIN SOKMEAN