×

«​ស្រាទំពាំងបាយជូរ​ព្រៃ​»​ ​ភេសជ្ជៈ​កូនខ្មែរ​ចម្រាញ់​ពី​ផ្លែ​ព្រៃ​ធម្មជាតិ​ពី​ជួរ​ភ្នំដងរែក​

NEWS one year ago
 
 

​          លោកអ្នក​ច្បាស់ជា​ធ្លាប់ស្គាល់​ឬ​បាន​ភ្លក់​រសជាតិ​ស្រាទំពាំងបាយជូរ​នាំចូល​ពី​បរទេស​ដែល​អាច​​​រក​បាន​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​ ​ឬ​ ​ហាង​ស្រា​នានា​ ​ហើយក៏​ដឹង​ដែរ​ថា​ស្រាទំពាំងបាយជូរ​មិន​ត្រឹមតែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នោះ​ទេ​ ​ថែមទាំង​មាន​គុណសម្បត្តិ​ចំពោះ​សុខភាព​ទៀត​ផង​។​ ​ដោយឡែក​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ​ ​ក្រៅពី​ស្រាទំពាំងបាយជូរ​បា​ណ​ន់ ​ឯ​ខេត្ត​បាត់​ដំបង​ ​បច្ចុប្បន្ន​ក៏មាន​វត្តមាន​ស្រា​ផ្លែឈើ​ព្រៃ​ម្យ៉ាង​ ​គឺ​ ​«​ស្រាទំពាំងបាយជូរ​ព្រៃ​ធម្មជាតិ​»​ ​ដែល​ចម្រាញ់​ពី​វត្ថុធាតុដើម​ក្នុងស្រុក​ពី​ធម្មជាតិ​ឯ​ខេត្ត​ព្រះវិហារ​ ​ភាគ​ខាងជើង​ប្រទេស​។​

          ​លោក​ ​ឡុង​ តេ​ក​ ​ម្ចាស់​អាជីវកម្ម​ ​«​ស្រាទំពាំងបាយជូរ​ព្រៃ​ធម្មជាតិ​»​ ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ ​សូវ​រី​ន​ថា​ផលិតផល​ស្រាទំពាំងបាយជូរ​ព្រៃ​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ដំ​ណើ​កា​រលក់​ជាលើកដំបូង​កាលពី​៣​ឆ្នាំ​ ​មុន​។​ ​ចំពោះ​មូលហេតុ​ដែល​ជំរុញ​ទឹកចិត្ត​លោក​ឲ្យ​ចង់​ច្នៃ​ទំពាំងបាយជូរ​ព្រៃ​ធ្វើជា​ស្រា​ ​លោក​បាន​អះអាង​ថា​ ​ដោយសារតែ​ម្តាយបង្កើត​របស់​លោក​ធ្លាប់​រស់នៅ​ប្រទេស​បារាំង​ ​ហើយ​ធ្លាប់​បម្រើ​ការងារ​នៅកន្លែង​ផលិត​ស្រាក្រហម​បារាំង​ផ្ទាល់​តែម្តង​ទើប​គ្រួសារ​លោក​ចេះ​ក្បួន​ផលិត​ស្រា​ហើយ​សាកល្បង​បិត​ស្រាទំពាំងបាយជូរ​ព្រៃ​បែប​នេះ​លក់​នៅ​លើ​ទី​ផ្សារ​។​ “​វត្ថុធាតុដើម​គឺ​ទំពាំងបាយជូរ​ព្រៃ​ ​ដុះ​នៅ​ក្នុង​ព្រៃ​តាម​ជួរ​ភ្នំដងរែក​ ​ព្រំដែន​កម្ពុជា​-​ថៃ​ ​ដែល​លោក​បាន​ទទួល​ទិញ​ពី​ជនជាតិ​ភាគ​កួយ​ដែល​រស់នៅ​តំបន់​នោះ​យកមក​ធ្វើ​ស្រាទំពាំងបាយជូរ​នេះ​” ​លោក​បាន​បញ្ជាក់​។​ ​លោក​បាន​បន្ត​ថា​ ​ការ​ផលិត​ស្រា​វា​មាន​ច្រើន​ដំណាក់កាល​ ​ទាក់ទង​នឹង​បច្ចេកទេស​និង​អនាម័យ​ ​និង​ត្រូវ​បន្ទុំ​ស្រា​ទាល់តែ​គ្រប់​អាយុ​វា​ទើប​យកមក​ទ​ទូល​ទាន​ឬ​លក់​លើ​ទី​ផ្សារ​បាន​។​ ​ទោះ​យ៉ាងណា​ ​ក៏​វា​នៅ​ជា​ប្រភេទ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ ​ផលិត​ដោយដៃ​ ​មិនទាន់​ក្លាយ​ជា​សិប្បកម្ម​មាន​រោងចក្រ​ធំដុំ​បំពាក់​ដោយ​ម៉ាស៊ីន​ ​ផលិត​ទំនើប​នៅឡើយ​ទេ​។

Image Courtesy of ស្រាទំពាំងបាយជូរព្រៃធម្មជាតិ

          ​សព្វថ្ងៃនេះ​ ​ផលិតផល​សុរា​ខាងលើ​មិនទាន់​បែង​ចែកលក់​តាម​ដេប៉ូ​ឬ​ហាង​ស្រា​ណា​នៅឡើយ​ទេ​ ​គឺ​មានតែ​អ្នក​ស្គាល់​ទិញ​ទ​ទូល​ទាន​ត​ៗ​គ្នា​ ​និង​លក់​លក្ខណៈ​អន​ឡា​ញ​តែប៉ុណ្ណោះ​។​ ​ជាចុងក្រោយ​ ​ម្ចាស់​អាជីវកម្ម​ ​«​ស្រាទំពាំងបាយជូរ​ព្រៃ​ធម្មជាតិ​»​ ​នេះ​បាន​បង្ហើប​ថា​ ​លោក​​​មាន​គម្រោង​ចង់​អភិវឌ្ឍ​អាជីវកម្ម​នេះ​ឲ្យ​កាន់តែ​រីក​ចម្រើន​និង​មានការ​ទទួលស្គាល់​ទូលំទូលាយ​នៅ​ពេល​ខាងមុខ​ ​ប្រសិនបើ​មាន​បងប្អូន​ខ្មែរយើង​គាំទ្រ​បន្ត​កាន់តែ​ច្រើន​ថែមទៀត​។​

          ​យោង​តាម​ឯកសារ​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បុរាណ​នៃ​ក្រសួងសុខាភិបាល​ ​ទំពាំងបាយជូរ​ព្រៃ​ ​ឬ​ យឺ​ង​ជែ​ម​ (​ភាសា​ជនជាតិ​កា​វ៉ែត​) ​មានឈ្មោះ​ជា​វិទ្យា​សា​ស្រ្ត​ថា​ ​Am​p​e​l​oc​i​s​sus​ ​Ar​a​c​h​no​idea​ ​គឺជា​ប្រភេទ​រុក្ខជាតិ​វល្លិ​ដុះ​ក្នុង​តំបន់​ព្រៃស្រោង​ ​និង​ព្រៃរបោះ​ ​ក្នុង​អាកាសធាតុ​ក្តៅ​ហើយ​សើម​។​ ​រុក្ខជាតិ​នេះ​មាន​ផ្លែ​តាម​រដូវ​កាល​គឺ​សម្បូរ​ចន្លោះ​ខែ​មិថុនា​-​កក្កដា​ក្នុង​រដូវវស្សា​។​ ​ផ្លែ​របស់​វា​មាន​រសជាតិ​ជូរអែម​ ​ពេល​បរិភោគ​រាង​រមាស់​ក​ ​តែ​អាច​ច្នៃ​ធ្វើជា​ស្រា​ទទួល​បាន​។​ ​ក្រៅពី​នេះ​ ​គេ​អាច​​​យក​ផ្នែក​មើម​និង​ដើម​ធ្វើជា​ឱសថ​ព្យាបាល​កប​នឹង​បញ្ចុះ​នោម​ ប្ញ​ស​ដូង​បាត​ ​និង​កាមរោគ​ ​ជាដើម​។​

          ​ចំពោះ​រាល់​ច​ម្ងល់​បន្ថែម​ ​ឬ​ចង់​ជាវ​សាកល្បង​ ​លោកអ្នក​អាច​ទាក់ទង​តាមរយៈ​លេខទូរសព្ទ​ ​០​៨​៨​ ​៣​០​៣​ ​៥​៣​៣​៣​ ​ឬ​ ​០​១​២​ ​៣​៥​១​ ​៣​៨​០​។​ ​គួរ​បញ្ជាក់​ថា​ ​ស្រា​នេះ​មាន​តម្លៃ​១​៥​ដុល្លារ​/​លីត្រ​ ​ឬ​៧​០​ដុល្លារ​/​ធុង​។​

Article by SRINSOKMEAN


SUGGESTIONS