×

​«​ម្លប់​ស្នាយ​ស្រី​ឈូក​»​ ​គោលដៅ​អាហារ​ថ្ងៃត្រង់​ថ្មី​សម្រាប់​ទេសចរ​ខេត្ត​កំពង់ចាម​

TRAVEL & LIVING one year ago
 
 
          ​ប្រសិនបើ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ធ្វើដំណើរ​ក​ម្សាន្ត​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ចាម​ហើយ​ប្រាថ្នា​ស្វែងរក​កន្លែង​ឈប់​សម្រាក​ទទួលទាន​អាហារ​ថ្ងៃត្រង់​បែប​ជនបទ​ ​មិនមែន​ជា​ហាង​ទំនើប​បិទ​កញ្ចក់​ជិត​នោះ​ ​«​ម្លប់​ស្នាយ​ស្រី​ឈូក​»​ ​នឹង​ក្លាយ​ជា​ជម្រើស​ដ៏​ប្រសើរ​ក្នុង​ការពិចារណា​សម្រាប់​ពួកគេ​ជាក់​ជាមិនខាន​ដ្បិតអី​ភោជនីយដ្ឋាន​លាក់ខ្លួន​មួយ​នេះ​ស្ថិតនៅ​ជាយក្រុង​កំពង់ចាម​តែម្តង​ហើយក៏​មិន​នៅ​ឆ្ងាយ​ពី​ផ្លូវជាតិ​ដែល​លោក​អ្នកដំណើរ​ឆ្លងកាត់​ប៉ុន្មាន​ដែរ​។
 
 
          ​ចេញពី​ស្គន់​បន្ត​ដំណើរ​ទៅមុខ​រហូតដល់​ផ្លូវចូល​រមណីយដ្ឋាន​វប្បធម៌​-​ប្រវត្តិ​សា​ស្រ្ត ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ ​នៃ​ទឹកដី​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់ចាម​ ​ខ្ទង់​៤​០​គីឡូម៉ែត្រ​ ​យើង​ក៏​ចង់​ណែ​នាំឲ្យ​ប្រិយ​មិត្ត​អ្នកអាន​បាន​ស្គាល់​អាហារដ្ឋាន​មាន​ទីធ្លា​ធំ​ថ្មី​ស្រស់​ស្អាត​មួយ​កន្លែង​លាក់ខ្លួន​ក្បែរ​ជើងភ្នំ​ស្រី​ដែល​ទេសចរ​ពី​ចម្ងាយ​មិនទាន់​ស្គាល់​ទូលំទូលាយ​នៅឡើយ​មានឈ្មោះ​ថា​ ​«​ម្លប់​ស្នាយ​ស្រី​ឈូក​»​ ​មាន​អាសយដ្ឋាន​ស្ថិតនៅ​ភូមិ​ស្រឡៅ​ ​ឃុំ​អំពិល​ ​ស្រុក​កំពង់​សៀម​ (​ខាងកើត​ភ្នំ​ស្រី​ ​ច្រក​ចូល​ទល់មុខ​ស្ថា​នី​យ៍​សាំង​ ​So​k​i​me​x) ​។​
​អាហារដ្ឋាន​បម្រើ​ម្ហូប​បែប​ស្រុកស្រែ​ជួបជុំ​លក្ខណៈ​គ្រួសារ​មួយ​នេះ​មាន​ទីធ្លា​ធំ​ទូលាយ​ប្រៀប​ដូចជា​រី​សត​លម្ហែ​ជើងភ្នំ​ដែល​មាន​សួន​ផ្កា​ ​ច្បារ​ដំណាំ​ ​ស្រះ​ទឹក​ ​និង​ប្លង់​ទេសភាព​សម្រាប់​ថតរូប​មិន​ចេះ​ខ្វះ​សម្រាប់​អ្នកដំណើរ​គ្រប់រូប​។​ ​ជាមួយនឹង​ជម្រើស​ម្ហូប​ឈ្ងុយឆ្ងាញ់​ជាង​៣​០​មុខ​ ​ដូចជា​ ​មាន់​ដុត​ ​ត្រី​ប្រមា​ ​ត្រី​អាំង​ ​អន្ទង់អាំង​ ​សាច់គោ​ងៀត​ ​ពោះ​គោ​ទឹក​ប្រហុក​ ​ភ្លា​ត្រី​ ​ទឹកគ្រឿង​ ​ឃ្មុំ​អាំង​ ​បុក​កំពឹស​ ​ឡាប​ ​បុក​ក្តាម​ ​ម្ជូរ​គ្រឿង​ ​និង​បបរមាន់​ ​ព្រមទាំង​ម្ហូប​ជា​ច្រើនមុខ​ទៀត​ប្លែក​មាត់​សម្រាប់​អ្នក​ទីក្រុង​ទូទៅ​។​ ​ក្រៅពី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដ៏​ឆ្ងាញ់​មួយ​ពេល​ ​ភ្ញៀវ​នៅ​អាច​ចំណាយ​ពេល​ជិះសេះ​ក​ម្សាន្ត​ក្នុង​បរិវេណ​នេះ​យ៉ាង​សប្បាយរីករាយ​ឬ​ថតរូប​លេង​ជាមួយ​សេះ​ដ៏​គួរឲ្យ​ស្រឡាញ់​ទុកជា​អនុ​ស្សា​វ​រី​យ៍​។​
 
 
          ​បរិយាកាស​ហាង​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ជាពិសេស​សម្រស់​ភ្នំ​ស្រី​ដ៏​ត្រកាល​ដែល​មើលឃើញ​នៅ​ជិតបង្កើយ​ផង​នោះ​ ​ភ្ញៀវ​គ្រប់​ក្រុម​គ្រួសារ​​​ដែល​មកដល់​មុខជា​ពេញចិត្ត​នូវ​សេវាកម្ម​ម្ហូបអាហារ​ប្រចាំ​ហាង​ជាក់​ជាមិនខាន​។​ ​ហាង​ក៏មាន​ត​ន្រ្តី​បុរាណ​និង​សម័យ​ប្រគំ​ផ្ទាល់​សម្រាប់​កំដរ​បរិយាកាស​ភោជនាហារ​របស់​លោកអ្នក​ថែមទៀត​ផង​។​
Article by SRINSOKMEAN

SUGGESTIONS