×

លោក​ ហូ ​ហេង​ ​កីឡាករ​កា​រ៉ា​តេ​ជម្រើស​ជាតិ​កម្ពុជា​

NEWS one year ago
 
 

            កា​រ៉ា​តេ ​គឺជា​ក្បាច់​គុន​មួយ​ប្រភេទ​ដែល​មាន​ដើមកំណើត​នៅ​ប្រទេស​ជប៉ុន​ ​ជា​ក្បាច់​គុន​ប្រយុទ្ធ​ដោយដៃទទេ​ ​ប្រយុទ្ធ​ដោយ​មិន​ប្រើ​អាវុធ​ ​ហើយ​ចំណុច​ពិសេស​ ​និង​សំខាន់​នោះ​គឺ​ ​ចាប់ផ្តើម​ដោយ​ការគោរព​ ​និង​បញ្ចប់​ដោយ​ការគោរព​ដូចគ្នា​។​ ​ថ្ងៃនេះ​ផង​ដែរ​ ​សូវ​រី​ន​ ​បាន​ធ្វើ​កិច្ច​ជំនួប​ជាមួយ​កីឡាករ​ខ្មែរ​មួយ​រូប​ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ការប្រកួតកីឡា​កា​រ៉ា​តេ ​មក​បង្ហើប​អំពី​ការ​ហ្វឹកហាត់​ ​ការ​ត្រៀម​ខ្លួន​ ​ក៏ដូចជា​ការ​ប្តេជា្ញ​ចិត្ត​ ​ក្នុង​ការប្រកួតកីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣​២​នា​ពេល​ខាងមុខនេះ​ផង​ដែរ​។​

            ​លោក​ ហូ ​ហេង​ ​អាយុ​ ​២​៨​ឆ្នាំ​ ​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពង់ធំ​។​ ​បើ​និយាយ​ពី​ដំណើរ​ដើមទង​ដែល​បាន​ក្លាយ​ខ្លួន​ជា​កីឡាករ​ជម្រើស​ជាតិ​កា​រ៉ា​តេ​វិញ​ ​លោក​បាន​រំលឹក​ឡើង​ថា​ “​កាល​នៅ​រៀន​ថ្នាក់​វិទ្យាល័យ​ ​អំឡុង​ឆ្នាំ​២​០​១​២​ ​ខ្ញុំ​បាន​ចូល​ហ្វឹកហាត់​កា​រ៉ា​តេ ​នៅ​ក្លឹប​មួយ​ដែល​មានឈ្មោះ​ថា​ ​មន្ទីរ​ស្ថាបនា​ខ្សាច់​កណ្តាល​។​ ​ដោយ​មានចិត្ត​ស្រលាញ់​កីឡា​កា​រ៉ា​តេ ​និង​ការ​តាំងចិត្ត​យ៉ាង​មុតមាំ​ ​ធ្វើឲ្យ​ខ្ញុំ​បាន​ខិតខំ​ហ្វឹកហាត់​រហូត​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​។​ ​រហូតដល់​ឆ្នាំ​២​០​១​៩​ ​ខ្ញុំ​បាន​ដាក់ពាក្យ​ប្រកួតប្រជែង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ទូទាំង​ប្រទេស​ ​ហើយ​ខ្ញុំ​បានជា​ប់​ចំណាត់ថ្នាក់​លេខ​១​ ​និង​ទទួល​បាន​មេដាយ​មាស​។​ ​ក្រោយមក​សហ​ពន្ធ​កា​រ៉ា​តេ​កម្ពុជា​បាន​ជ្រើសរើស​ឲ្យ​ខ្ញុំ​ចូល​មក​ក្រុម​ជម្រើស​ជាតិ​តាំងពី​ពេល​នោះ​មក​។​” ​ក្រោយ​ចូល​ជា​កីឡាករ​ជម្រើស​ជាតិ​ជា​ផ្លូវការ​ ​កន្លងមក​កីឡាករ​ ហូ ​ហេង​ ​ក៏​ធ្លាប់​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ធំ​ៗ​ជាច្រើន​ដង​ដូចជា​ ​ការ​ប្រកួត​ ​SEA​ ​Game​s ​ការ​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន​ ​ប្រទេស​វៀតណាម​ ​ឥណ្ឌូ​នេ​ស៊ី​ ​កាហ្សាស្តង់​ប្រទេស​អូ​បេ​គី​ស្ថាន​ ​និង​ការ​ប្រកួត​ចុងក្រោយ​គឺ​ ​កីឡា​ជាតិ​លើក​ទី​៣​ ​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​មេដាយ​មាស​ចំនួន​២​គ្រឿង​ផង​ដែរ​។​

            ​ងាក​មក​ជ​ជីកសួរ​អំពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​ការ​ប្រកួត​ ​SEA​ ​Game​s ​ដែល​នឹង​ខិតចូល​មកដល់​នា​ពេល​ខាងមុខនេះ​វិញ​ ​លោក​បាន​ប្រាប់​ថា​ ​បច្ចុប្បន្ន​គឺ​លោក​កំពុង​បោះជំរំ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​ម្ចាស់​ក្បាច់​គុន​កា​រ៉ា​តេ​នេះ​តែម្តង​។​ ​ហើយ​ការ​ហ្វឹកហាត់​នៅ​ជប៉ុន​នេះ​ដែរ​ ​គឺជា​លើក​ទី​២​ហើយ​ ដែ​លលើក​ទី​១​មាន​រយៈពេល​៣​ខែ​ (​ខែ​មិថុនា​ ​ដល់​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​) ​ហើយ​លើក​ទី​២​នេះ​ក៏មាន​រយៈពេល​៣​ខែ​ដែរ​(​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​ដល់​ថ្ងៃ​ទី​០​១​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​)​។​ ​បើ​និយាយ​ពី​ការ​ហ្វឹកហាត់​វិញ​ ​ច្បាស់​ណាស់​ថា​វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ដើម្បី​ពង្រឹង​សមត្ថភាព​ “​ចំពោះ​ការ​ហ្វឹកហាត់​វិញ​ ​ក្នុងមួយថ្ងៃ​ខ្ញុំ​ខិតខំ​ហ្វឹកហាត់​ណាស់​ ​ថ្ងៃ​ខ្លះ​ហាត់​រហូតដល់​ទៅ​៨​ម៉ោង​ ​ទៅ​៩​ម៉ោង​។​ ​ចំណែក​ឯ​ការលំបាក​ក៏មាន​ដែរ​ ​ហើយ​ទាមទារ​ឲ្យ​មានការ​អត់ធ្មត់​ខ្ពស់​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​នៅតែ​ជម្នះ​ ​និង​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​អោយ​កាន់តែ​ខ្លាំង​ជាង​មុខ​ទៀត​។​” ​កីឡាករ​កា​រ៉ា​តេ ហូ ​ហេង​ ​បាន​លើកឡើង​។​

            ​ចំពោះ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ពេល​ខាងមុខនេះ​ ​កីឡាករ​កា​រ៉ា​តេ​លោក​ ហូ ​ហេង​ ​ក៏​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ ​និង​ឆ្លេីយ​ទាំង​មិន​ស្ទាក់​ថា “​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​យក​មេដាយ​ជូន​ជាតិ​ ​ខ្ញុំ​ប្តេជ្ញា​ចិត្តនឹង​ខិតខំ​ហ្វឹកហាត់​ ​និង​ព្យាយាម​ធ្វើឲ្យ​បាន​ល្អ​បំផុត​ ​ខំ​ឲ្យអស់​ពី​សមត្ថភាព​ ​ព្រោះ​នេះ​ជាគោល​ដៅ​ធំ​សម្រាប់​ខ្ញុំ​រួម​ទាំង​ជនរួមជាតិ​យើង​ផង​ដែរ​។​ ​ហើយ​ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​កីឡាករ​ ​កីឡា​ការិនី​កម្ពុជា​យើង​ដែល​ត្រៀម​នឹង​ចូលរួម​ប្រកួត​ដូចគ្នា​ថា​ ​យើង​ត្រូវ​ព្យាយាម​ទាំងអស់គ្នា​ ​ហើយ​តាំងចិត្ត​ឲ្យបាន​ខ្ពស់​ ​ជាពិសេស​នោះ​គឺ​ត្រូវ​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​ ​ព្រោះ​បើ​យើង​មាន​ទាំង​កម្លាំងចិត្ត​ ​និង​កម្លាំង​កាយ​ ​យើង​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​”​៕​

Article by SOUNG SOKSAN

Image Courtesy: ហូ ហេង


SUGGESTIONS