ផលិតផល Acthive ជាម៉ាកយីហោសម្លៀកបំពាក់កីឡាដែលជាស្នាដៃរបស់កូនខ្មែរជំនាន់ថ្មីពិតប្រាកដត្រូវបានបង្កើតឡើងដោយយុវជនខ្មែរវ័យ២៤ឆ្នាំម្នាក់ឈ្មោះ លី ហ្សេឌីន (Zedine Ly) ក្នុងគោលបំណងឈានឆ្ពោះទៅជួយប្រជាជនកម្ពុជាឲ្យបានសម្រេចនូវគោលបំណងផ្នែកកីឡានិងសុខភាពរបស់ខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ដែល ផ្តល់ប្រសិទ្ធភាពនិងផាសុកភាពល្អបំផុត។ ពាក្យស្លោករបស់ផលិតផលនេះគឺ «Be The Inspiration» (ជាកត្តាជំរុញទឹកចិត្ត) ពីព្រោះស្ថាបនិកមានក្តីស្រមៃចង់ឲ្យអ្នកនិយមកីឡាគ្រប់រូបហ៊ានតស៊ូឈោងចាប់សុបិនរបស់ខ្លួន ហើយក្លាយជានិមិត្តរូបជំរុញទឹកចិត្តមនុស្សជុំវិញខ្លួនផងដែរ។
“ទឹកចិត្តស្រឡាញ់ផ្នែកនេះរបស់ពួកយើងបានចាប់ផ្តើមចេញពីការស្រឡាញ់សុខភាពនិងហាត់ប្រាណរក្សារាង ព្រមជាមួយសហគមន៍ដែលគាំទ្រនៅជុំវិញវិស័យកីឡា។ តាមរយៈឈុតកីឡាដែលកាត់តម្រូវសម្រាំងពិសេសសម្រាប់អ្នកប្រើប្រាស់គ្រប់រូបក្នុងកម្រិតគុណភាពខ្ពស់បំផុតក្នុងចំណោមឈុតកីឡាបែបនេះ។ ម៉ាក Acthive ត្រូវបានធានាថានឹងផ្តល់ជូនលោកអ្នកនូវផលិតផលដែលមិនត្រឹមតែសមស្របតាមតម្រូវការផ្នែកកីឡារបស់លោកអ្នកនោះទេ តែក៏មានម៉ូដរស់រវើកគួរឲ្យទាក់ទាញទៀតផង ” ស្ថាបនិកយីហោបានលើកឡើង។
លោកបញ្ជាក់ថា ផលិតផលខាងលើត្រូវបានផលិតឡើងដោយផ្សារភ្ជាប់ទៅនឹងគុណតម្លៃស្នូលចំនួន៥ចំណុច គឺ ទីមួយ ផ្តល់មធ្យោបាយឲ្យគ្រប់គ្នាឲ្យទទួលបាននូវការជំរុញទឹកចិត្តបង្កើតការផ្លាស់ប្តូរបែបវិជ្ជមានទៅកាន់អ្នកដទៃនិងពិភពលោកទាំងមូល។ ទីពីរ ជួយបង្កើតសហគមន៍និងគ្រួសារអ្នកស្រឡាញ់សុខភាពរាងកាយពោរពេញដោយមោទកភាពដែលបានចូលរួមចំណែកចំពោះវិស័យសុខភាព ។ ទីបីបង្ហាញពីការផ្លាស់ប្តូរនិងនាវានុវត្តន៍សម្លឹងឆ្ពោះទៅរកវិធីសាស្រ្តថ្មីៗដើម្បីលូតលាស់។ ទីបួន ព្យាយាមធ្វើឲ្យផលិតផលលើសពីការរំពឹងទុករបស់អតិថិជនប្រកបដោយទំនួលខុសត្រូវគ្រប់ដំណាក់កាល និងទីប្រាំជំរុញឲ្យគ្រប់គ្នាក្លាយជាកំណែប្រែកាន់តែប្រសើរសម្រាប់ខ្លួនឯង។
បច្ចុប្បន្ន ឈុតខឡេកហ្សិនដែលម៉ាកយីហោនេះកំពុងបញ្ចេញលក់នៅលើទីផ្សារ រួមមាន អាវយឺត the Apex Performance Tees និង អាវវាលក្លៀក Dynamic Tank top សម្រាប់បុរស ព្រមទាំង អាវខើច Performance crop សម្រាប់ស្រ្តី។ លក្ខណៈពិសេសរបស់សម្លៀកបំពាក់ទាំងនេះគឺ ពាក់ទៅមិនតឹងពេក ហើយថែមទាំងមានសមត្ថភាពបឺតញើសបានយ៉ាងរហ័សថែមទៀត។ លើសពីនេះ វាត្រូវបានផលិតចេញពីបន្សំសាច់ក្រណាត់ដែលជួយធ្វើឲ្យអ្នកពាក់មានអារម្មណ៍ថារលោងស្រួលពាក់មែនទែន ហើយធ្វើឲ្យរូបរាងរបស់អ្នកកាន់តែស្រស់ស្អាតលេចធ្លោនៅពេលកំពុងហាត់ប្រាណ។ រីឯពណ៌សម្លៀកបំពាក់ទាំងអស់នេះត្រូវបានទទួលការបំផុសគំនិតចេញពីពណ៌ដើមនៃធម្មជាតិ។
“ខ្ញុំមានបទពិសោធន៍ល្អក្នុងផ្នែកឌីហ្សាញពីជំនាញស្ថាបត្យកម្ម។ ដូចនេះ ការឌីហ្សាញហ្វេហ្សិនមិនជាពិបាកណាស់ណានោះទេ។ពួកយើងជ្រើសរើសសម្រាំងពណ៌និងបន្សំសាច់ក្រណាត់ដោយផ្ទាល់ដៃ ដើម្បីឲ្យសមស្របទៅ នឹងផាសុកភាពនិងម៉ូដរបស់ផលិតផល ” លោក លី ហ្សេឌីន បានបន្ថែម។
សព្វថ្ងៃ ផលិតផលម៉ាកយីហោខាងលើកំពុងមានដំណើរការលក់នៅលើទីផ្សារអនឡាញ ដោយផ្តោតសំខាន់លើប្រព័ន្ធបណ្តាញសង្គម និងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនតែប៉ុណ្ណោះ។ លោកអ្នកអាចស្វែងរកព័ត៌មានលម្អិតអំពីផលិតផលនីមួយៗ នៅលើគេហទំព័រផ្ទាល់តែម្តង ដែលមានភ្ជាប់រូបភាពច្បាស់ៗសម្រាប់អតិថិជនងាយស្រួលពិនិត្យមើលម៉ូដផលិតផលមុននឹងសម្រេចចិត្តជាវផងដែរ។
“គោលដៅរបស់យើងខ្ញុំគឺផ្តល់ជូននូវសម្លៀកបំពាក់កីឡា (Activewear) ដែលមានគុណភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា និងក្លាយជានិមិត្តរូបកីឡានិងសុខភាពឈានមុខ ព្រមទាំងដើម្បីពាំនាំមកនូវសម្លៀកបំពាក់កាត់តម្រូវបំពេញបំណងអតិថិជនប្រកបដោយផាសុកភាពនិងសោភ័ណភាពដែលជាជំនួយដ៏ប្រសើរដល់អ្នកស្លៀកពាក់ក្នុងសកម្មភាពហាត់កីឡារបស់ពួកគេ” ស្ថាបនិកបានសង្កត់ធ្ងន់ ។
អំពីជីវប្រវត្តិស្ថាបនិក លោក លី ហ្សេឌីន កើតឆ្នាំ១៩៩៩ ហើយបានចំណាយវ័យកុមារភាពភាគច្រើននៅក្នុងប្រទេសកម្ពុជា មុននឹងចេញទៅបន្តការសិក្សានៅសកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី។ កាលពីនៅក្មេង លោកបានចាប់ផ្តើមសង្កេតអំពីរាងកាយដែលលើសទម្ងន់របស់ខ្លួន។ នៅពេលចម្រើនវ័យ១៥ឆ្នាំ លោកបានសម្រេចចិត្តចាប់ផ្តើមហ្វឹកហាត់ក្នុងក្លឹបកីឡា ហើយការចំណាយពេលផ្តោតលើកីឡារបស់លោកក៏កាន់តែច្រើននិងរីកចម្រើនរហូតឈានដល់ចាប់ផ្តើមអាជីវកម្មទាក់ទងនឹងកីឡាដូចសព្វថ្ងៃ៕
Article by SRIN SOKMEAN