×

អ្នកនាង​ ​ខេង​ ​ម៉ា​លី​ ​ម្ចាស់​សេវាកម្ម​ផ្ទះ​លម្ហែ​ចម្ការ​ព្រៃ​ ​«​Wild​ ​Farm​»​

NEWS 11 months ago
 
 

​ជី​ផា​ត​ជា​ឈ្មោះ​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ពេញ​និយម​លំដាប់​ជួរមុខ​ជា​យូរឆ្នាំ​មក​ហើយ​ប្រចាំ​ទឹកដី​ខេត្ត​កោះ​កុង​។​ ​ធ្វើដំណើរ​ពី​ភ្នំពេញ​ដល់​ផ្លូវបំបែក​ស្រែអំបិល​រួច​បន្ត​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​៨​និង​ផ្លូវបំបែក​ខាងស្តាំ​ដៃ​មុន​ទៅដល់​ស្ពាន​អណ្តូង​ទឹក​ ​ដែល​ជា​ផ្លូវដី​ក្រហម​ក្នុង​ចម្ងាយ​១​៧​គីឡូម៉ែត្រ​ទៀត​ ​នោះ​លោកអ្នក​នឹងបាន​ទៅដល់​កំពង់​ចម្លង​សហគមន៍​ជី​ផា​ត​។​ ​បន្ថែម​លើ​ផ្ទះ​ស្នាក់​សហគមន៍​ដែល​មាន​តាំងពី​ដើម​រៀងមក​ ​ផ្ទះ​បាំង​ហ្គា​ឡូ​បែប​រី​សត​ឯកជន​ជាច្រើន​កំពុង​រីក​ដុះដាល​ប្រដំ​ត្រសង​គ្នា​គួរឲ្យ​កត់​សម្គាល់​លើទឹក​ដី​ទេសចរណ៍​មួយ​នេះ​។​ ​អ្នកនាង​ ​ខេង​ ​ម៉ា​លី​ ​ជា​ស្ថាបនិក​សេវាកម្ម​ស្នាក់​នៅ​ដ៏​លេចធ្លោ​មួយ​ក្នុងចំណោម​សេវាកម្ម​ស្នាក់​នៅ​ជាច្រើន​ដែល​កំពុង​ពេញ​និយម​នៅ​ទីនោះ​សព្វថ្ងៃ​។​

           ​​ទី​ស​ម្នាក់​ឈ្មោះ​ ​«​ចម្ការ​ព្រៃ​»​ ​ជា​ភាសាខ្មែរ​ ​ឬ​ ​«​Wild​ ​Farm​»​ ​ជា​ភាសា​អង់គ្លេស​ ​គឺជា​ស្ថាន​នាម​អាជីវកម្ម​បែប​ទេសចរណ៍​ដែល​មាន​អាយុកាល​ទើបបាន​២​-​៣​ឆ្នាំ​ ​របស់​អ្នកនាង​ ​ខេង​ ​ម៉ា​លី​ ​ប៉ុន្តែ​ទទួល​បានការ​ពេញ​និយម​គាំទ្រ​យ៉ាង​ច្រើនឡើង​ៗ​ពីសំណាក់​ភ្ញៀវ​ទេសចរ​ពី​ចម្ងាយ​ ​ជាពិសេស​មិត្ត​យុវវ័យ​ក្នុងស្រុក​ដែល​តែង​និយម​ប្រើប្រាស់​បណ្តាញ​ ​សង្គម​ ​ឬ​ ​social​ ​media​ ​ដើម្បី​ស្វែងរក​ទីតាំង​លម្ហែ​កាយ​ថ្មីៗ​។​ ​«​ចម្ការ​ព្រៃ​»​ ​នេះ​ស្ថិតនៅ​លាក់ខ្លួន​ក្នុង​ចម្ការ​ផ្លែឈើ​ដ៏​ស្ងប់ស្ងាត់​មួយ​កន្លែង​ឈ្មោះ​«​ចម្ការ​មីង​ម៉ៅ​»​ ​រំលេច​ខ្លួន​ជាប់​ដង​ព្រែក​ជី​ផា​ត​នៃ​ឃុំ​ជី​ផា​ត​ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ត្រឹមតែ​ ​៥​-​៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​ស្នាក់​នៅ​សហគមន៍​ជី​ផា​ត​ឬ​ពី​ទីប្រជុំជន​ឃុំ​ជី​ផា​ត​។​

           ​​អ្នកនាង​ ​ខេង​ ​ម៉ា​លី​ ​ស្ថាបនិក​ ​«​ចម្ការ​ព្រៃ​»​ផ្ទាល់​ ​បាន​រំ​ព្ញ​ក​អំពី​ប្រវត្តិ​ការងារ​របស់​ខ្លួន​ថា​ ​ថ្វី​ដ្បិត​ថា​អ្នកនាង​មិនបាន​សិក្សា​ជំនាញ​ទេសចរណ៍​ពី​មហាវិទ្យាល័យ​ណាមួយ​ក៏​ពិតមែន​ ​តែ​អ្នកនាង​ក៏មាន​បទពិសោធន៍​ការងារ​មួយ​ចំនួន​ក្នុង​វិ​ស​័​យ​ទេសចរណ៍​នេះ​មុននឹង​ឈាន​មក​បើក​អាជីវកម្ម​ដោយខ្លួនឯង​នៅ​ជី​ផា​ត​នេះ​ “ ​ខ្ញុំ​ធ្លាប់​បម្រើ​ការ​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ធនធានមនុស្ស​និង​គណនេយ្យ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​។​ ​បន្ទាប់មក​ ​ក៏បាន​បើក​ហាង​កាហ្វេ​មួយ​ឈ្មោះ​ ​Wild​ ​Coffee​ ​ហើយ​ខ្ញុំ​ក៏បាន​ធ្វើការ​មួយរយៈពេល​ខ្លី​ឲ្យ​រី​សត​របស់​មិត្តភក្តិ​ខ្ញុំ​នៅ​ខេត្ត​កំពត​” ​។​

           ​​អ្នកនាង​បន្ត​ប្រាប់​សូវ​រី​ន​ថា​ ​ទីតាំង​ផ្តល់​សេវាកម្ម​ទេសចរណ៍​ដែល​អ្នកនាង​បាន​បង្កើត​ឡើង​នេះ​ស្ថិតនៅ​ភូមិ​ជាំ​ស្លា​ ​ឃុំ​ជី​ផា​ត​ ​ស្រុក​ថ្ម​បាំង​ ​ខេត្ត​កោះ​កុង​ ​មានផ្ទៃ​ដី​សរុប​ ​៣​២​៥​៣​០​ ​ម៉ែត្រការ៉េ​ ​ឬ​ជាង​ ​៣​ហិកតា​។​ ​ចំពោះ​មូលហេតុ​ដែល​ញ៉ាំង​ទឹកចិត្ត​ឲ្យ​បើក​អាជីវកម្ម​នេះ​ឡើង​មក​ ​អ្នកនាង​បាន​បញ្ជាក់​ថា​ ​គឺ​ដោយសារតែ​ការ​ស្រលាញ់​ចូលចិត្ត​នូវ​ការ​សម្រាក​លម្ហែ​បែប​ធម្មជាតិ​ដែល​ផ្ដល់​នូវ​អារម្មណ៍​ស្រស់ស្រាយ​ ​ស្ងប់​សុខ​ ​ហើយ​ធនធានធម្មជាតិ​នៅ​ទីនេះ​គឺ​មាន​លក្ខណៈ​អំណោយផល​ ​រួម​ទាំង​បរិយាកាស​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​ល្អណាស់​។​ “​កត្តា​មួយទៀត​គឺ​ចង់​បណ្ដុះ​នូវ​ទឹកចិត្ត​ស្រលាញ់​ធនធានធម្មជាតិ​និង​ផ្ដល់​ឱកាស​ការងារ​ដល់​សហគមន៍​ផង​ដែរ​។​ (​នៅ​ពេល​) ​អ្នកភូមិ​គាត់​មានការងារ​ធ្វើ​ត្រឹមត្រូវ​ ​អ៊ីចឹង​គាត់​(​ក៏​)​ឈប់​ចូលព្រៃ​ចាប់​សត្វ​ ​កាប់​ឈើ​ខុសច្បាប់​ ​ជាដើម​” ​ស្ថាបនិក​រូប​នេះ​បាន​អះអាងបន្ថែម​។​

           ​​ឆ្លើយតបនឹង​សំនួរ​ថា​តើ​អ្នកនាង​មាន​គម្រោង​អ្វីខ្លះ​សម្រាប់​អភិវឌ្ឍ​ទាក់ទាញ​ភ្ញៀវ​បន្ថែម​សម្រាប់​ថ្ងៃមុខ​ទៀត​បន្ទាប់ពី​មាន​កំណើន​ភ្ញៀវ​ទេសចរ​មក​ស្នាក់​ក​ម្សាន្ត​ច្រើន​បន្តបន្ទាប់​បែប​នេះ​? ​ម្ចាស់ផ្ទះ​លម្ហែ​ខាងលើ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​គាត់​គ្រោង​នឹង​បន្ថែម​នូវ​ការ​ដាំ​ដុះ​បន្លែបង្ការ​សរីរាង្គ​បែប​ធម្មជាតិ​ ​ព្រមទាំង​មាន​គម្រោង​រៀបចំ​ឲ្យ​មាន​ជា​ប្រភេទ​សកម្មភាព​ក​ម្សាន្ត​មួយ​ចំនួន​ទៀត​ដើម្បី​បំពេញ​តម្រូវ​ការ​ក​ម្សាន្ត​សប្បាយ​របស់​បណ្តា​ភ្ញៀវ​ទាំងឡាយ​ដែល​ធ្វើដំណើរ​មក​ស្នាក់​នៅ​ទីនេះ​នា​ពេល​អនាគត​ខាងមុខនេះ​។​

           ​​គួរ​បញ្ជាក់​ថា​ ​សព្វថ្ងៃ​ ​ផ្ទះ​លម្ហែ​ក្នុ​បរិវេណ​ចម្ការ​ជី​ផា​ត​របស់​អ្នកនាង​ ​ខេង​ ​ម៉ា​លី​ ​មាន​ផ្តល់​ជូន​នូវ​ប្រភេទ​សេវាកម្ម​ស្នាក់​នៅ​ជាច្រើន​ប្រភេទ​ ​រួម​មាន​ ​ប្រភេទ​ផ្ទះ​ដើមឈើ​ (​Jungle​ ​House​), ​ផ្ទះ​មាត់ទឹក​, ​ផ្ទះ​ធ្នង់​ (​T​non​g​ ​House​), ​ផ្ទះ​តា​អោន​ (​Jungle​ ​House​) ​និង​ការ​បោះតង់​។​ ​ភ្ញៀវ​ក៏​អាច​​​យក​តង់​មក​បោះ​ដោយខ្លួនឯង​បាន​ដែរ​។​ ​មួយវិញទៀត​ ​ទីនេះ​ក៏មាន​រៀបចំ​សេវាកម្ម​ម្ហូបអាហារ​តាម​ខេ​ច​ក្តី​ត្រូវការ​របស់​ភ្ញៀវ​ដោយ​តម្រូវ​ឲ្យ​ភ្ញៀវ​កុម្ម៉ង់​កក់​ទុកមុន​ដូច​សេវាកម្ម​ស្នាក់​នៅ​ដែរ​ ​ពោល​គឺ​មិន​ទទួល​ប្រភេទ​ភ្ញៀវ​ ​walk​-​in​ ​នោះ​ទេ​ (​បើក​បម្រើ​ចំពោះតែ​ភ្ញៀវ​កក់​)​។​ ​អ្វី​ដែល​គួរឲ្យ​កក់​ចំណាំ​បំផុត​នោះ​គឺ​ ​ទីនេះ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ប្រើប្រាស់​ឧបករណ៍​រំពង​សំឡេង​ខ្លាំង​និង​យក​គ្រឿងស្រវឹង​ចូល​នោះ​ទេ​។​ ​ចំពោះ​កាកសំណល់​នានា​ ​ភ្ញៀវ​ស្នាក់​នៅ​ត្រូវ​វេច​ខ្ចប់​ឲ្យបាន​ត្រឹមត្រូវ​ដើម្បី​ធានា​ឲ្យបាន​នូវ​និរន្តរភាព​បិ​រ​ស្ថាន​៕​

​ Article by SRIN SOKMEAN


SUGGESTIONS