×

ស៊ុប​៤ប្រភេទ​សម្រិត​សម្រាំង​សម្រាប់​អាកាសធាតុ​វស្សានរដូវ

TRAVEL & LIVING 9 months ago
 
 

            ផ្គរលាន់​គ្រឹមៗ​ ​ព្រះ​ពិរុណ​ហាក់​បង្អុរ​យ៉ាង​ជោកជាំ​ស្ទើរតែ​រាល់ថ្ងៃ​នា​វស្សានរដូវ​នេះ​។​ ​អាកាសធាតុ​ប្រែប្រួល​នៅ​រដូវ​នេះ​ ​ងាយ​នឹង​ធ្វើឱ្យយើង​ប្រឈម​ជំងឺ​ផ្សេងៗ​ ​ជាពិសេស​ជំងឺ​ផ្តាសាយ​តែម្តង​។​ ​ការ​ទទួលទាន​អាហារ​ក្តៅ​ៗ​ដូចជា​ស៊ុប​ត្រឹមតែ​មួយ​កូនចាន​ ​ពិតជា​ជំនួយ​សុខភាព​យើង​ឱ្យប្រសើរ​ឡើង​ ​វា​ជួយ​ពង្រឹង​កំហាប់​អង្គធាតុ​រាវ​ក្នុង​រាងកាយ​ ​កាត់បន្ថយ​ការ​តឹងច្រមុះ​ ​តាមរយៈ​ការ​បង្កើន​ក​ម្តៅ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ដង្ហើម​ ​និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​បាក់តេរី​។​ ​ពិតប្រាកដ​ណាស់​ ​ដើម្បី​ពង្រឹង​សុខភាព​រឹង​មាំ​នៅ​អំឡុង​រដូវភ្លៀង​នេះ​ ​សូវ​រី​ន​ ​សូម​លើកយក​វិធី​ធ្វើ​ស៊ុប​ពិសេស​ៗ​ចំនួន​៤​មុខ​ ​សុទ្ធ​សឹង​ជា​ស៊ុប​ក​ម្តៅ​រាងកាយ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​។​

ស៊ុប​ស្ពៃក្តោប​ស្វាយ​

            គ្រឿងផ្សំ​៖​ ខ្ទឹមបារាំង​ ​មួយ​ចំហៀង​, ខ្ទឹមស​ ​២​កំពឹស​, ខ្ទឹមក្រហម​ ​១​មើម​, ម្ទេសប្លោក​ ​១​០​០​ក្រាម​, គ្រាប់​វុ​ល​ណាត់​ (​Walnut​) ​បន្តិច​, ប្រេង​អូ​លីវ​ ​១ស្លាបព្រា​បាយ​, អំបិល​ ​និង​ម្រេច​ ​បន្តិច​, ជីរវ៉ាន់ស៊ុយ​ (​Parsley​) ​បន្តិច​, ទឹកខ្មេះ​ផ្លែ​ប៉ោម​ ​១​ស្លាបព្រា​កាហ្វេ​, ទឹកស៊ុប​មាន់​ ​៥​០​០​មី​លី​លីត្រ​។

            របៀប​ធ្វើ​៖​ ​ដំបូង​ត្រូវ​ដាក់​ដាំ​ខ្ទះ​ឱ្យ​ក្តៅ​បន្តិច​ ​ចាក់​ប្រេង​អូ​លីវ​ចូល​ ​ខ្ទឹមបារាំង​ ​ខ្ទឹមស​ ​ខ្ទឹមក្រហម​ ​និង​ម្ទេសប្លោក​ឆា​បញ្ចូល​គ្នា​រហូត​មាន​ក្លិន​ឈ្ងុយ​។​ ​បន្ទាប់មក​ដាក់​ស្ពៃក្តោប​ ​អំបិល​ ​ម្រេច​ ​និង​ទឹកខ្មេះ​ចូល​ ​ច​ម្អិ​ន​រហូតដល់​ស្ពៃក្តោប​ទន់​ល្អ​ ​សឹម​ចាក់​ស៊ុប​មាន់​ ​និង​ទឹកដោះគោ​ស្រស់​ចូល​ទុក​រហូតដល់​ពុះ​ ​ភ្លក់មើល​រសជាតិ​ល្មម​ ​រួច​ដាក់ចុះ​។​ ​ចុងក្រោយ​ត្រូវ​យក​ស៊ុប​នោះ​ទៅ​ចាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ ​ហើយ​ត្រូវ​ក្រឡុក​ឱ្យ​​ម៉ដ្ត​ល្អ​ទៅជា​ល្បាយ​តែមួយ​ ​បន្ថែម​គ្រាប់​វុ​ល​ណាត់​តាមចំណូលចិត្ត​ ​និង​រោយ​ជីរវ៉ាន់ស៊ុយ​ពីលើ​ជាការស្រេច​។​

            ​ស៊ុប​នុយ​ឆ្អឹងជំនីរ​

            ​គ្រឿងផ្សំ​៖​ ឆ្អឹងជំនីរ​ជ្រូក​ ​៣​៥​០​ក្រាម​, នុយ​ ​១​៥​០​ក្រាម​, ខ្ទឹមស​ ​៣​កំពឹស​, ការ៉ុត​ ​១​មើម​, ខ្ទឹមបារាំង​ ​១​ផ្លែ​ (​ហាន់​ល្អិត​ៗ​), ម្ទេសប្លោក​ ​១​ផ្លែ​ (​ហាន់​ល្អិត​ៗ​), ប៉េង​បោះ​ ​២​ផ្លែ​ (​ហាន់​ល្អិត​ៗ​), ស​ណ្តែ​ក​បៃតង​ ​៥​០​ក្រាម​, ស្លឹក​បេ​ (​Bay​ ​leaf​) ​២​សន្លឹក​, ម្រេច​ ​បន្តិច​, ដុំ​ស៊ុប​មាន់​ ​១​​ដុំ, អំបិល​ ​១​ស្លាបព្រា​កាហ្វេ​, ម្សៅស៊ុប​ ​២​ស្លាបព្រា​កាហ្វេ​, ស្ករស​ ​កន្លះ​ស្លាបព្រា​បាយ​, ស្លឹកខ្ទឹម​ ​តាមចំណូលចិត្ត​។​

            ​វិធី​ធ្វើ​៖​ ជំហាន​ដំបូង​ត្រូវ​ដាក់​ដាំទឹក​ក្នុង​ឆ្នាំង​ធំ​មួយ​រហូតដល់​ទឹកពុះ​ ​សឹម​ដាក់​ឆ្អឹងជំនីរ​ជ្រូក​ ​ខ្ទឹមស​ ខ្ទឹ​បារាំង​ ​ការ៉ុត​ ​អំបិល​ ​ម្សៅស៊ុប​ ​ស្ករស​ ​ដុំ​ស៊ុប​មាន់​ ​និង​ម្រេច​ចូល​ ​ទុកឱ្យ​ពុះ​ម្តងទៀត​។​ ​ជំហាន​បន្ទាប់​ត្រូវ​ដាក់​ប៉េង​បោះ​ ​ម្ទេសប្លោក​ ​ស​ណ្តែ​ក​បៃតង​ ​និង​ស្លឹក​បេ​ចូល​ ​ច​ម្អិ​ន​ទុក​ប្រហែល​១​០​នាទី​ទៅ​១​៥​នាទី​។​ ​ក្រោយមក​ទៀត​ ​ត្រូវ​ដាក់​នុយ​ចូល​ច​ម្អិ​ន​រហូតដល់​នុយ​ឆ្អិន​ឡើង​ទន់​ល្អ​។​ ​ចុងក្រោយ​ភ្លក់​រសជាតិ​តាមចំណូលចិត្ត​ ​និង​រោយ​ស្លឹកខ្ទឹម​ពីលើ​ជាការស្រេច​។​

ស៊ុប​ពោត​កិន​

            ​គ្រឿងផ្សំ​៖​ ​ពោតក្រហម​ ​២​ផ្លែ​ (​ប្រឡេះ​យក​តែ​គ្រាប់​), ប្រេង​អូ​លីវ​ ​២​ស្លាបព្រា​បាយ​, ខ្ទឹមស​ ​២​កំពឹស​, ខ្ទឹមបារាំង​ ​១​មើម​, ដំឡូងបារាំង​ ​១​មើម​, ជីរវ៉ាន់ស៊ុយ​ ​បន្តិច​, ទឹកស៊ុប​មាន់​ ​១​លីត្រ​, ម្សៅស៊ុប​ ​១​ស្លាបព្រា​កាហ្វេ​, ស្ករស​ ​១​ស្លាប​កាហ្វេ​, ដុំ​ស៊ុប​មាន់​ ​១​ដុំ​, គ្រី​ម​ ​៤​ស្លាបព្រា​បាយ​។​

            ​វិធី​ធ្វើ​៖​ ចាប់ផ្តើម​ដោយ​ដាក់​ដាំ​ខ្ទះ​ដាក់ប្រេង​អូ​លីវ​ចូល​ ​រួច​ដាក់​ខ្ទឹមស​ ​លីង​រហូតដល់​ឈ្ងុយ​។​ ​បន្ទាប់មក​ទៀត​ចាក់ទឹក​ស៊ុប​មាន់​ចូល​ ​ដំឡូងបារាំង​ពោតក្រហម​ ​ម្សៅស៊ុប​ ​ស្ករស​ ​និង​ដុំ​ស៊ុប​មាន់​ចូល​ ​ទុក​រហូតដល់​ពុះ​។​ ​នៅ​ពេល​បន្លែ​ឆ្អិន​ ​និង​ទន់​ល្អ​ហើយ​ ​ត្រូវ​ចាក់​គ្រី​ម​ចូល​ ​ភ្លក់មើល​រសជាតិ​តាមចំណូលចិត្ត​ ​រួច​ដាក់ចុះ​។​ ​ជាចុងក្រោយ​យក​ស៊ុប​នោះ​ទៅ​ក្រឡុក​នឹង​ម៉ាស៊ីន​ក្រឡុក​ឱ្យម៉ដ្ត​ល្អ​ទៅជា​ល្បាយ​តែមួយ​ ​រួច​ដួស​ដាក់​ចាន​រោយ​ជីរវ៉ាន់ស៊ុយ​ពីលើ​ជាការស្រេច​។​

ស៊ុប​គ្រី​ម​សាច់​មាន់​

            ​គ្រឿងផ្សំ​៖​ ​ទ្រូង​មាន់​ ​៣​០​០​ក្រាម​, ប្រេង​អូ​លីវ​ ​២​ស្លាបព្រា​បាយ​, ខ្ទឹមបារាំង​ ​មួយ​ចំហៀង​ (​ហាន់​ល្អិត​ៗ​), ដើម​ឃិនឆាយ​ ​១​ដើម​ (​ហាន់​ល្អិត​ៗ​), ការ៉ុត​ ​១​មើម​ (​ហាន់​ល្អិត​ៗ​), ម្ទេស​ហា​វ៉ៃ ​មួយ​ចំហៀង​ (​ហាន់​ល្អិត​ៗ​), ពោត​លឿង​ ​៥​ស្លាបព្រា​បាយ​, ដំឡូងបារាំង​ ​២​៥​០​ក្រាម​ (​ស្ងោរ​ហើយ​យកទៅ​កិន​ឱ្យ​ម៉ដ្ត​), ស​ណ្តែ​ក​បៃតង​ ​៥​ស្លាបព្រា​បាយ​, ម្សៅស៊ុប​ ​១​ស្លាបព្រា​កាហ្វេ​, ដុំ​ស៊ុប​មាន់​ ​១​ដុំ​, ស្ករស​ ​១​ស្លាបព្រា​កាហ្វេ​, គ្រី​ម​ទឹកដោះគោ​ ​១៥០​មី​លី​លីត្រ​, ទឹកស៊ុប​មាន់​ ​៥​០​០​មី​លី​លីត្រ​​។

            ​វិធី​ធ្វើ​៖​ ដំបូង​ត្រូវ​ដាក់​ដាំ​ឆ្នាំង​ឱ្យ​ក្តៅ​បន្តិច​ រួ​ចចាក់​ប្រេង​ចូល​ ​សឹម​ដាក់​សាច់​មាន់​ ​ខ្ទឹមបារាំង​ ​ការ៉ុត​ ​ពោត​ ​ម្ទេស​ហា​វ៉ៃ ​និង​ស​ណ្តែ​ក​ខៀវ​ ​ម្សៅស៊ុប​ ​ដុំ​ស៊ុប​មាន់​ ​ស្ករស​ ​ឆា​បញ្ចូល​គ្នា​រហូតដល់​ឆ្អិន​ល្អ​។​ ​បន្ទាប់មក​ត្រូវ​ចាក់ទឹក​ស៊ុប​មាន់​ ​ដំឡូង​កិន​ ​និង​គ្រី​ម​ចូល​រម្ងាស់​ប្រហែល​៥​នាទី​ ​រួច​ភ្លក់​រសជាតិ​តាមចំណូលចិត្ត​៕​

Article by SOUNG SOKSAN


SUGGESTIONS