ឈុតសម្លៀកបំពាក់កែច្នៃពីកាកសំណល់ពីទន្លេដោយអ្នកច្នៃម៉ូដវ័យក្មេងនៃ Remade-Cambodia
NEWS one year agoសម្លៀកបំពាក់ដ៏ស្រស់ស្អាតមួយឈុតនេះមិនមែនធ្វើពីក្រណាត់ធម្មតាទិញពីផ្សារទូទៅនោះទេ ប៉ុន្តែវាកើតចេញពីគំនិតច្នៃប្រតិដ្ឋក្នុងការកែច្នៃបន្សំកាកសំណល់កើបពីទន្លេមកធ្វើជាក្រណាត់កាត់សម្លៀកបំពាក់ដ៏ប៉ិនប្រសប់របស់យុវអ្នកច្នៃម៉ូដក្នុងស្រុកយើងមួយរូប។ តើអ្នកច្នៃម៉ូដម្ចាស់ស្នាដៃសិល្បៈនេះគឺជានរណា?
ស្នាដៃឌីហ្សាញឈុតដែលគ្រងដោយកញ្ញា សំ ថារ័ត្ន កីឡាការិនីនិងជាតារាសម្តែងភាពយន្តបែបក្បាច់គុន ក្នុងឱកាសពិធីបើកសម្ពោធន៍ភាពយន្តឯកសាររឿង “គុនល្បុក្កតោរស់ឡើងវិញ” ឬ «Surviving Bokator» កាលពីចុងខែ ឧសភា កន្លងទៅ ដោយអ្នកច្នៃម៉ូដម្នាក់កំពុងរះកំពុងវិស័យឌីហ្សាញក្នុងស្រុកបច្ចុប្បន្ន យុវជន ប៉ាន់ ម៉េងហួរ (Menghour Pan)។ ការច្នៃម៉ូដមួយនេះ ដើមឡើយគឺសម្រាប់ជាផ្នែកមួយនៃកម្មវិធីព្រឹត្តិការណ៍បង្ហាញម៉ូដ Earth Day 2023 ក្រោមប្រធានបទ “Usher in a New Wave of Sustainability” (អ្នកនាំផ្លូវទៅកាន់រលកថ្មីនៃនិរន្តរភាព) ។
ក្រុមការងារគម្រោងច្នៃម៉ូដដើម្បីនិរន្តរភាព «Re-Made in Cambodia» (កែច្នៃឡើងវិញនៅកម្ពុជា) បានថ្លែងប្រាប់សូវរីនថា ឈុតទាំងមូលនេះត្រូបានផលិតឡើងពីកាកសំណល់ក្រណាត់ដែលប្រមូលចេញពីទន្លេនៅស្រុកខ្មែរយើង។ ការប្រមូលនេះត្រូវបានធ្វើឡើងដោយស្ថាប័នដៃគូសហការឈ្មោះ River-Ocean Cleanup និង everwave ហើយកាកសំណល់នោះត្រូវបានពួកគេយកទៅរៀបចំបែងចែកនៅឯមជ្ឈមណ្ឌល Zero Waste Center របស់ពួកគេ។
“ដំណើរការនេះធ្វើឲ្យយើងបានឃើញអ្វីដែលអាចប្រើប្រាស់បាន និងអ្វីដែលត្រូវការសម្រាប់កែច្នៃធ្វើជាអ្វីបានផ្សេងទៀត។ ពួកយើងសង្ឃឹមថា នឹងផ្តល់ពន្លឺទៅលើបញ្ហានេះ ហើយយើងកំពុងប្រើប្រាស់សិល្បៈនិងហ្វេហ្សិនជាដំណោះស្រាយ។ វាអាចជួយឲ្យយើងបានផ្សព្វផ្សាយទេពកោសល្យរបស់អ្នកក្នុងស្រុក ព្រោះពួកគេពិតជាមានសមត្ថភាពដ៏អស្ចារ្យ ហើយពួកគេក៏ខ្វាយខ្វល់ពីបរិស្ថានដែរ។ ដូច្នេះ យើងផ្តល់ឲ្យពួកគេនូវវេទិកាដើម្បីប្រើប្រាស់ជំនាញរបស់ពួកគេនិយាយចេញនូវអ្វីដែលជាបញ្ហាសម្រាប់ពួកគេ ” ក្រុមការងារដដែលបានបញ្ជាក់៕