×

បូ​ ​សំណាង​ ​កីឡាករ​ជម្រើស​ជាតិ​អត្តពលកម្ម​

NEWS one year ago
 
 

           កីឡា​ការិនី​អត្តពលកម្ម​ ​កញ្ញា​ ​បូ​ ​សំណាង​ ​ទទួល​បាន​មេដាយ​បេះដូង​ពី​មជ្ឈដ្ឋាន​ជាតិ​ ​និង​អន្តរជាតិ​ ​ដោយសារតែ​ការ​ព្យាយាម​តស៊ូ​មិន​បោះបង់​រត់​ចម្ងាយ​ក្រោម​តំណក់ទឹកភ្លៀង​ ​ដែល​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​លើ​សារ​ព័ត៌មាន​ធំ​ៗ​លំដាប់​ពិភពលោក​ ​រួម​ទាំង​គេហទំព័រ​ផ្លូវការ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​​​ដែរ​ ​កីឡា​ការិនី​រូប​នេះ​ ​ក៏បាន​ទទួល​ពានរង្វាន់​កិត្តិយស​ (32n​d​ ​SEA​ ​Game​s ​Inspiration​’ ​Award​s) ​ពីសា​រ​ព័ត៌មាន​ ​T​ruo​i​ ​T​r​e​ ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​វៀតណាម​ទៀត​ផង​។​ ​មួយវិញទៀត​ ​កញ្ញា​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា​ជា​អត្តពលិក​ខ្មែរ​មួយ​រូប​ ​ដែល​មានស្មារតី​កីឡា​ ​និង​ការទទួលខុសត្រូវ​ខ្ពស់​ ​ដោយ​មិន​បោះបង់​ការ​ប្រកួត​ពាក់កណ្ដាល​ទី​ឡើយ​ ​ទោះបី​ជួប​ឧ​សគ្គ​យ៉ាងណាក៏ដោយ​។​ ​បច្ចុប្បន្ន​ ​សំណាង​ ​កំពុងតែ​ជាប់​ត្រៀម​ខ្លួន​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣​៣​ ​ដែល​នឹង​ប្រារព្ធ​នៅ​ប្រទេស​ថៃ​ ​ក្នុង​ឆ្នាំ​២​០​២​៥​ ​ខាងមុខនេះ​ផង​ដែរ​។​

           កញ្ញា​ពិតជា​មាន​មោទកភាព​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយ​ជា​កីឡាករ​អត្តពលកម្ម​មួយ​រូប​របស់​ប្រទេស​កម្ពុជា​។​ ​ចំណុច​ដែល​ធ្វើឲ្យ​កញ្ញា​មាន​មោទកភាព​បំផុត​សម្រាប់​អាជីព​នេះ​គឺ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​។​ ​ជាក់ស្ដែង​ ​ដូចជា​ការ​ប្រកួត​ស៊ី​ហ្គេ​ម​កាលពី​ថ្មីៗ​នេះ​ ​ដោយ​កញ្ញា​បាន​និយាយ​ថា​ “​នៅ​គ្រានោះ​ ​ពេល​ភ្លៀង​មក​ ​ផ្លូវ​មានការ​រអិល​ ​ពេល​រត់​ពិបាក​ទប់​ជំហរ​ ​ហើយ​ទឹកភ្លៀង​ក៏​ហូរ​ចូល​ភ្នែក​ទៀត​ ​ដែល​ធ្វើឱ្យ​ពិបាក​មើលផ្លូវ​ជា​ខ្លាំង​ ​ប៉ុន្តែ​ដោយសារតែ​ឆន្ទៈ​មួយ​បាន​លេច​មក​​​ថា​ ​ខ្ញុំ​ជា​កីឡា​ជម្រើស​ជាតិ​ ​ខ្ញុំ​ត្រូវតែ​បន្ត​ទៅមុខ​ដើម្បី​ជាតិ​របស់​ខ្ញុំ​។​ ​ឆន្ទៈ​មួយ​នេះ​ហើយ​ ​ដែល​ធ្វើឱ្យ​​ខ្ញុំ​មាន​កម្លាំងចិត្ត​ជា​ខ្លាំង​ក្នុង​ការ​រត់ទៅ​មុខ​បន្ត​ ​រហូត​ទៅដល់​ទិសដៅ​។​” ​ដ្បិត​រត់​ចម្ងាយ​ ​ជា​ប្រភេទ​កីឡា​ដែល​មិនសូវ​មាន​ការចាប់អារម្មណ៍​ឬ​ការ​គាំទ្រ​ពីសំណាក់​ពល​រដ្ឋកម្ពុជា​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​ជា​ប្រភេទ​កីឡា​ដែល​មាន​ឥទ្ធិពល​មួយ​ក្នុង​វិ​ស័​យ​កីឡា​នៅ​លើឆាកអន្តរជាតិ​។​ ​ជាក់ស្តែង​ដូចជា​ ​ការប្រកួតកីឡា​អូ​ឡាំ​ពិ​ក​ ​ស៊ី​ហ្គេ​ម​ ​និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ជាដើម​។​

           តើ​កញ្ញា​មាន​អារម្មណ៍​យ៉ាងណា​ដែរ​បន្ទាប់​ពី​ការ​ប្រកួត​ស៊ី​ហ្គេ​ម​កន្លងមក​នេះ​? ​កីឡា​ការិនី​រត់​ចម្ងាយ​ ​បូ​ ​សំណាង​ ​បាន​ឆ្លើយ​ទាំង​មិន​ស្ទាក់ស្ទើរ​ថា​ “​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់​នៅពេលដែល​ឃើញ​ពុក​ម៉ែ​បងប្អូន​ធ្វើការ​គាំទ្រ​នាងខ្ញុំ​ ​មិនថា​នៅ​ទីលាន​ផ្ទាល់​ ​តាម​ទូរទស្សន៍​ ​ឬ​តាម​បណ្ដាញ​សង្គម​នោះ​ទេ​ ​ពួកគាត់​បាន​ទះដៃ​ ​និង​ស្រែក​ហ៊ោ​ឱ្យ​​ខ្ញុំ​ ​ដែល​នេះ​ជា​កម្លាំងចិត្ត​មួយ​ធ្វើឱ្យ​​ខ្ញុំ​ខំប្រឹង​ស៊ូ​រត់​រហូតដល់​ទី​ ​ទោះបី​ខ្ញុំ​ដឹងខ្លួន​ឯង​ច្បាស់​ណាស់​ថា​ចាញ់​គេ​ក៏ដោយ​។​ ​ខណៈ​ដែល​ភ្លៀង​ដ៏​ខ្លាំង​នៅ​ពេល​នោះ​ ​គឺ​មិនមែន​ជា​ឧបស​គ្គ​បញ្ឈប់​ខ្ញុំ​ក្នុង​ការ​សម្រេច​គោលដៅ​នៃ​ការ​ប្រកួត​នៅ​គ្រានោះ​ឡើយ​”​។​ ​កញ្ញា​ ​បាន​បកស្រាយ​បន្ថែម​ថា​ “​ខ្ញុំ​បន្ត​រត់​កាត់​ក្រោម​តំណក់ទឹកភ្លៀង​ ​ទោះបីជា​ដឹងខ្លួន​​យ៉ាង​ច្បាស់​ថា​នឹងចាញ់​គូប្រកួត​ក៏​ខ្ញុំ​មិនព្រម​បោះបង់​ដែរ​ ​ក៏​ព្រោះតែ​ខ្ញុំ​ជា​កីឡា​ការិនី​តំណាង​ឱ្យប្រទេស​ ​និង​ប្រជាជន​កម្ពុជា​ទាំងមូល​។​ ​ដូច្នេះ​ខ្ញុំ​ត្រូវតែ​ខំ​តស៊ូ​រត់​បន្ត​ទៅមុខ​ទៀត​ ​ដោយ​មិន​រាថយ​ឡើយ​”​។​ ​សំណាង​បន្ត​និយាយ​ដូច្នេះ​ “​ក្នុងនាម​ខ្ញុំ​ជា​អត្តពលិក​ខ្មែរ​មួយ​រូប​ ​ទោះ​ខ្ញុំ​ជួប​ឧបសគ្គ​ ​ឬ​មាន​បញ្ហា​អ្វី​ក៏ដោយ​ ​ក៏​ខ្ញុំ​ត្រូវតែ​បន្ត​ទៅមុខ​ ​ដោយពេល​នោះ​ខ្ញុំ​លែង​គិត​រឿង​ចាញ់​ ​ឬ​ឈ្នះ​ហើយ​! ​ខ្ញុំ​គិតតែ​បន្ត​រត់​ឱ្យ​​សម្រេច​គោលដៅ​ ​៥​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​”​។​

           រំ​ព្ញ​ក​អំពី​ជីវប្រវត្តិ​របស់​កីឡា​ការិនី​ខាងលើ​ ​កញ្ញា​គឺជា​កូន​ទី​៣​ក្នុងចំណោម​បងប្អូន​៤​នាក់​ ​នៃ​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​មិនសូវ​ធូរធារ​ ​ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​សាលា​ ​សង្កាត់​ពងទឹក​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​។​ ​ជាក់ស្ដែង​ ​កញ្ញា​មិន​មាន​ជាប់​ឈាមជ័រ​ជា​អ្នកកីឡា​នោះ​ទេ​ ​ក៏ប៉ុន្តែ​ដោយ​មានទំនុក​ចិត្ត​ ​និង​មាន​ចិត្តស្រឡាញ់​ទៅលើ​វិ​ស័​យ​កីឡា​រត់​ចម្ងាយ​ ​កញ្ញា​ក៏​ស​ម្រេ​ច​ចិត្ត​ចូល​ហ្វឹកហាត់​ ​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៦​ ​មក​ម្លេះ​។​ ​សំណាង​ ​បាន​បន្ថែម​ថា​ “​ខ្ញុំ​ប្រឡូក​វិ​ស័​យ​កីឡា​នេះ​ ​ក្នុង​វ័យ​១​២​ឆ្នាំ​។​ ​ដំបូង​ខ្ញុំ​គ្រាន់តែ​ហាត់​នៅ​សាលារៀន​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ដោយសារតែ​ខ្ញុំ​ធ្វើ​បាន​លទ្ធផល​ល្អ​ជាច្រើន​ ​ទើប​ខ្ញុំ​មានឈ្មោះ​ចូលរួម​ការ​ប្រកួត​នានា​រហូត​ជាប់​ជ័យ​លា​ភី​បាន​ឡើង​ទៅ​ប្រកួត​ជា​កីឡា​អូ​ឡាំ​ពិ​ក​”​។​

           ចំពោះ​កម្មវិធី​ស៊ី​ហ្គេ​ម​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​កន្លងមក​នេះ​ ​កីឡា​ការិនី​ ​បូ​ ​សំណាង​ ​សូម​លើកទឹកចិត្ត​ដល់​កីឡាករ​ ​កីឡា​ការិនី​ទាំងអស់​ដែល​មិនបាន​ចូលរួម​ប្រកួត​ “​សូម​កុំ​បាក់ទឹកចិត្ត​ ​ទោះ​យើង​មិនបាន​ចូលរួម​ប្រកួត​ក៏ដោយ ​ក៏​យើង​មានឈ្មោះ​ថា​ជា​កីឡាករ​នៃ​ប្រទេស​របស់យើង​ដែរ​។​ ​មួយវិញទៀត​ ​យើង​ត្រូវ​ខំប្រឹង​ព្យាយាម​ហ្វឹកហាត់​បន្ត​ទៀត​ ​ដើម្បី​ប្រទេសជាតិ​យើង​ ​និង​ប្រជាជន​១​៦​លាន​នាក់​ផង​ដែរ​”៕​

Article by NI CHANNIKA


SUGGESTIONS