អ្នកស្រី ជួង សោភា កែច្នៃពីវល្លិរពាក់ក្លាយជាកាបូប និងសម្ភារៈប្រើប្រាស់យ៉ាងស៊ីវិល័យ
NEWS one year agoបច្ចុប្បន្នយើងសង្កេតឃើញថា ការប្រើប្រាស់ផលិតផលធ្វើដោយដៃកាន់តែមានទីផ្សារពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះអាចបង្ហាញបានថាប្រជាជនខ្មែរងាកមកចាប់ផ្តើមផ្តល់តម្លៃទៅលើផលិតផលក្នុងស្រុកជាបន្តបន្ទាប់។ ជាក់ស្តែង ស្រ្តីខ្មែរមួយរូបបានបង្កើតសម្ភារៈប្រើប្រាស់ជាច្រើនដូចជា កាបូប កន្រ្តក ទ្រនាប់កែវ ទ្រនាប់ចាន ប្រអប់ក្រដាស ក៏ដូចជាសម្ភារៈមួយចំនួនទៀត ពីវល្លិរពាក់ យ៉ាងមានភាពច្នៃប្រតិដ្ឋ ដែលខុសពីមុនយើងឃើញវត្តមានសម្ភារៈដែលធ្វើពីរពាក់មាននៅតែក្នុងផ្ទះបាយដូចជា កញ្ជ្រែង រង្វេលឆ្នាំង ឬកន្ត្រកសម្រាមតែប៉ុណ្ណោះ។
អ្នកស្រី ជួង សោភា ជាសហគ្រិនស្រ្តីមានវ័យ៤២ឆ្នាំម្នាក់ ជាម្ចាស់អាជីវកម្មក្នុងស្រុកមួយមានឈ្មោះថា Mrs. Sophea ដែលលក់សម្ភារៈប្រើប្រាស់ដែលធ្វើដោយដៃយ៉ាងមានភាពប៉ិនប្រសប់។ អ្នកស្រីបានបង្ហើបឱ្យដឹងថា “កត្តាដែលជំរុញឱ្យខ្ញុំបង្កើតអាជីវកម្មនេះ គឺខ្ញុំធ្វើឡើងដោយចិត្តស្រលាញ់ និងការគោរព និងដឹងគុណដល់ដូនតាជំនាន់មុនដែលបានបន្សល់ទុកស្នាដៃដល់មនុស្សជំនាន់ក្រោយ ជាពិសេសគឺការនឹកដល់អ្នកម្តាយរបស់ខ្ញុំ គាត់ជាសិប្បករមួយរូបដែលបានត្បាញមួកស្លឹកត្នោត និងសម្ភារៈប្រើប្រាស់ផ្សេងៗកាលពីជំនាន់ប៉ុលពត។” ទន្ទឹមនឹងនេះ អ្នកស្រីក៏បានបន្តប្រាប់ឱ្យដឹងអំពីគោលបំណង គឺលោកស្រី ចង់ថែរក្សាស្នាដៃដូនតា ច្នៃប្រតិដ្ឋបន្ថែមទៅលើរបស់របស់ប្រើប្រាស់ ជំរុញ និងលើកទឹកចិត្តទៅដល់ប្រជាជនខ្មែរជួយគាំទ្រផលិតផលក្នុងស្រុក ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីកដែលជាការជួយដល់បរិស្ថានផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ជាចំណែកមួយដែលអាចជួយដល់ការកាត់បន្ថយការធ្វើចំណាកស្រុក ព្រោះទម្រាំតែសម្រេចបានជាសមិទ្ធផលមួយៗគឺត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ហើយក៏ត្រូវការកម្លាំងសិប្បករជាច្រើនអ្នកផងដែរ។
បើនិយាយពីដំណាក់កាលនៃការធ្វើវិញ អ្នកស្រីបានពន្យល់ថា ដំបូងបង្អស់គឺត្រូវទៅកាត់វល្លិរពាក់នៅក្នុងព្រៃ រួចទើបជ្រើសប្រភេទវល្លិនីមួយៗ និងត្រូវលួសបន្លាចេញ បន្ទាប់មកត្រូវយកមកហូតឱ្យស្អាត រហូតដល់ផ្នែកខាងក្នុងវល្លិ(បណ្តូល)។ ក្រោយមកទៀតយកវល្លិដែលបានហូតស្អាតទាំងនោះមកហាលថ្ងៃឱ្យស្ងួតពី៣០ទៅ៥០ភាគរយ ទើបយើងអាចយកមកត្បាញជាសម្ភារៈដែលយើងចង់បាន។ បន្ទាប់ពីនោះត្រូវលាបថ្នាំសម្លាប់សត្វល្អិត ទើបយកទៅហាលថ្ងៃឱ្យស្ងួត១០០ភាគរយតែម្តង។ ម្ចាស់អាជីវកម្មរូបនេះក៏បានបញ្ជាក់ដែរថា គ្រប់ផលិតផលទាំងអស់ដែលធ្វើរួច អ្នកស្រីនឹងសាកល្បងប្រើប្រាស់ដោយខ្លួនឯងផ្ទាល់ជាមុនសិន ប្រសិនបើគ្រប់យ៉ាងសមស្របដូចអ្វីដែលចង់បានហើយទើបអាចដាក់លក់លើទីផ្សារ។ ទាំងនេះហើយ ដែលមិនត្រឹមតែត្រូវការសិប្បករច្រើននាក់ប៉ុណ្ណោះទេ តែថែមទាំងត្រូវការទាំងពេលវេលា និងភាពអត់ធ្មត់ផងដែរ។
ជាមួយនឹងការធ្វើត្រូវបានឆ្លងកាត់ច្រើនដំណាក់កាល អមដោយការលម្អិតផ្ចិតផ្ចង់ទៅលើគ្រប់ផលិតផលនីមួយៗ ជាលទ្ធផល បានធ្វើឱ្យសម្ភារៈទាំងនោះលេចចេញជារូបរាងយ៉ាងស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ទាំង ក្បាច់ ម៉ូត គុណភាព ជាពិសេសធ្វើឱ្យមានអារម្មណ៍ចង់បានទៅប្រើប្រាស់នៅពេលបានចាប់កាន់សម្ភារៈទាំងនោះ។
តាមរយៈសូវរីន អ្នកស្រី ជួង សោភា ក៏មានពាក្យពេចន៍ផ្តាំផ្ញើដែរថា សូមឱ្យប្រជាជនខ្មែរជួយ និងបន្តគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនបន្តទៀត។ ការប្រើប្រាស់ផលិតផលដែលធ្វើដោយដៃ វាក៏អាចផ្តល់នូវបទពិសោធន៍ថ្មីៗទៅដល់អ្នកប្រើប្រាស់ ហើយក៏អាចផ្តល់ការងារមួយចំនួនដល់អ្នកភូមិក្នុងសហគមន៍ដែលអាចផ្គត់ផ្គង់ដល់ជីវភាពរបស់ពួកគាត់។ លើសពីនេះវាបានផ្តល់តម្លៃទៅលើធនធានក្នុងស្រុកដែលយើងមាន ហើយធនធានទាំងនោះទៀតសោតគឺយើងអាចកែច្នៃទៅជារបស់ប្រើប្រាស់បានច្រើនយ៉ាង និងមានភាពស្រស់ស្អាតមិនចាញ់របស់នាំចូលប៉ុន្មានទេ៕
Article by SOUNG SOKSAN