«Endless 24hr Café» នាំមកនៅបទពិសោធន៍នៃបែបផែនការទទួលទានកាហ្វេ លក្ខណៈស្ដង់ដាមួយពិតប្រាកដ
TRAVEL & LIVING one year agoអាជីវកម្មហាងកាហ្វេនាពេលបច្ចុប្បន្ន យើងសម្គាល់ឃើញថាមានការកើនឡើងយ៉ាងគគ្រឹកគគ្រេងក្នុងនោះមានទាំងហ្វ្រែនឆាយពីបរទេស និងខ្លះទៀតបានបង្កើតឡើងដោយសហគ្រិនវ័យក្មេងក្នុងស្រុកជាច្រើនដែលកំពុងតែរីកស្គុសស្គាយដូចផ្កាជាពិសេសគឺនៅរាជធានីភ្នំពេញតែម្ដង។ ទោះបីជាយ៉ាងណា ការជ្រើសរើសហាងកាហ្វេដែលសក្តិសមនឹងតម្រូវការនៃរសជាតិនិយមផ្ទាល់ខ្លួនរបស់អ្នកពិតជាវិញ្ញាសាមួយដែលអ្នកត្រូវធ្វើការសម្រេចចិត្ត។ សម្រាប់អ្នកដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ មិនសូវមានសម្លេងយានយន្តលាន់រំពងរំខានអារម្មណ៍នោះ ផ្សារភ្ជាប់នឹងធម្មជាតិខៀវស្រងាត់ ដើមឈើបែកមែកសាខាចោលជាម្លប់ត្រឈឹងត្រឈៃ លោកអ្នកពិតជាមិនខកបំណងឡើយចំពោះវត្តមានរបស់ហាងកាហ្វេមួយដែលបើកដំណើរការរយៈពេល២៤ម៉ោងជារៀងរាល់ថ្ងៃ។
បើអ្នកធ្វើដំណើរទៅកាន់ផ្លូវលេខ ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ពីសៀវម៉ៃរាត្រីទៅប្រហែល១០០ម៉ែត្រខាងស្ដាំដៃអ្នកនឹងប្រទះឃើញហាងកាហ្វេមួយកន្លែងដែលមានការរៀបចំលក្ខណៈបែបខ្លាសសិក (Classic) បុរាណពាក់កណ្ដាល និងសម័យពាក់កណ្ដាល។ រចនាប័ទ្មនៅក្នុងហាងប្រើទៅដោយឈើធម្មជាតិជាមួយនឹងប្រភេទឥតការ៉ូដែលមានម៉ូដដូចកាលពីជំនាន់មុន របៀបស្ទាយទសវត្សរ៍ទី៦០។ ចំពោះទីធ្លាខាងក្រៅ មានការរៀបចំបែបធម្មជាតិដោយមានតុអង្គុយក្រោមដើមឈើ។ ដូច្នេះចំពោះភ្ញៀវដែលគាត់មិនចង់អង្គុយនៅក្នុងម៉ាស៊ីនត្រជាក់ គាត់អាចអង្គុយនៅខាងក្រៅដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិវិញម្ដង។ Endless បកជាភាសាខ្មែរប្រែថា “និរន្តរភាព” ដែលជាភាពយូរអង្វែង ដោយមិនថាពេលព្រឹក ថ្ងៃ រសៀល កណ្តាលយប់ ឬទៀបភ្លឺនោះទេគឺថា Endless Café បើកដំណើរការរៀងរហូតមិនមានការបិទទ្វារឡើយ។
តើមានអ្វីខ្លះប្លែកខុសពីហាងកាហ្វេទូទៅ? ពិតជាមាន! ម្ចាស់ហាងបានអះអាងថា “ជាទូទៅហាងកាហ្វេនីមួយៗមិនសូវមានភាពខុសគ្នាប៉ុន្មានទេ ប៉ុន្តែវាអាចខុសគ្នាក្នុងកត្តាមួយចំនួនដូចជារូបមន្តគ្រឿងផ្សំរបស់ភេសជ្ជៈ ឬម្ហូបអាហារ និងពេលវេលាក្នុងការបើកដំណើរការផងដែរ។ ជាពិសេសនោះ ភេសជ្ជៈល្បីល្បាញប្រចាំត្រកូលរបស់ហាងគឺ រសជាតិកាហ្វេទាំង៧មុខមានដូចជា BORAN CAFÉ, DAMNOK COFFEE, COFFEE N’CREAM, JASMINE N’CREAM, MATCHA N’CREAM, HONEY KING LEMONADE និង CAFÉ OREO ដែលមានឱជារសឈ្ងុយឆ្ងាញ់ជាប់មាត់ដោយសារអាថ៌កំបាំងរូបមន្តដែលមិនអាចបង្ហើបបាន។ ភ្ញៀវដែលមកទីនេះនិយមកុម្ម៉ង់ភេសជ្ជៈទាំង៧មុខនេះទទួលទានជាមួយអាហារដូចជា ស្ប៉ាហ្គេតទីតុំយុំា ស្ប៉ាហ្គេតទីសណ្ដែកដី ស្ប៉ាហ្គេតទីបូឡូញេស និងស្ប៉ាហ្គេតទីឆាក្ដៅ។
Endless 24hr Café-Coffee & Bakery នាំមកនៅបទពិសោធន៍នៃបែបផែនការទទួលទានកាហ្វេ លក្ខណៈស្ដង់ដាមួយពិតប្រាកដ ហើយវានឹងចូលរួមក្នុងការលើកស្ទួយរបៀបរស់នៅរបស់ប្រជាជនក្នុងតំបន់ឱ្យកាន់តែស៊ីវិល័យ។ ទំព័រទីមួយនៃ Endless Café គឺចាប់ផ្ដើមបើកឡើងដោយសារឥទ្ធិពលនៃភាពលំបាក និងការតស៊ូរបស់លោកអ្នក។ ការស្វែងរកទីតាំងមួយសមស្របសម្រាប់ការជួបជុំពិភាក្សាការងារ ឬជជែកកម្សាន្តដែលមិនមានការកំណត់ម៉ោងក្នុងការបិទដំណើរការនោះឡើយ។ គួរបញ្ជាក់ថា នៅ Endless Café មិនត្រឹមតែមានលក់ភេសជ្ជៈជាមួយម្ហូបអាហារប៉ុណ្ណោះទេ តែនៅទីនោះក៏មានលក់គ្រាប់កាហ្វេដែលជាផលិតផលរបស់ខេត្តមណ្ឌលគិរី ដោយសិប្បកម្មខ្លួនឯងផ្ទាល់តែម្ដង៕
Article by NI CHANNIKA